សហរដ្ឋអាមេរិក-ថៃ

អាមេរិក​ចង់​បញ្ចុះបញ្ចូល​ថៃ ឲ្យ​ដកខ្លួន ឃ្លាតឆ្ងាយ​ពី​កូរ៉េខាងជើង

រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ចាប់ដៃ​ជាមួយ​នាយករដ្ឋមន្រ្តី​ថៃ នៅ​ថ្ងៃ​អង្ការ​ទី​៨​សីហា ២០១៧
រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ចាប់ដៃ​ជាមួយ​នាយករដ្ឋមន្រ្តី​ថៃ នៅ​ថ្ងៃ​អង្ការ​ទី​៨​សីហា ២០១៧ ©REUTERS/Athit Perawongmetha

រដ្ឋមន្រ្តី​ការបរទេស​អាមេរិក លោក​រេច ធីល័រសុន នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ នៅក្នុង​បំណង បញ្ចុះបញ្ចូល​រដ្ឋាភិបាល​សឹក​ថៃ ឲ្យ​កាត់បន្ថយ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េខាងជើង។ ទស្សនកិច្ច​មួយ​ថ្ងៃ​នៅ​ទីក្រុង​បាងកក របស់​ប្រមុខការទូត​អាមេរិក ធ្វើឡើង នៅក្រោយ​ពេល​អាមេរិក​ទាមទារ​បាន​សម្រេច ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដាក់​ទណ្ឌកម្ម​លើក​ទី​៧ លើ​កូរ៉េខាងជើង។

ផ្សាយពាណិជ្ជកម្ម

ចាប់តាំង​ពី​យោធា​ធ្វើ​រដ្ឋប្រហារ ចូល​ដឹកនាំ​ប្រទេស​ថៃ នៅ​ឆ្នាំ ២០១៤ នេះ​ជា​លើក​ទី១ ដែល​មន្រ្តី​ជាន់ខ្ពស់​របស់​អាមេរិក ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ថៃ។ គោលដៅ​ចំបង​នៃ​ទស្សនកិច្ច​របស់​ប្រមុខការបរទេស​អាមេរិក​នៅ​ទីក្រុង​បាងកក គឺ​បញ្ចុះបញ្ចូល​ឲ្យ​រដ្ឋាភិបាល​សឹក​ថៃ ឈប់​ធ្វើ​ជំនួញ ពាណិជ្ជកម្ម តទៅទៀត​ជាមួយ​កូរ៉េខាងជើង។ កូរ៉េខាងជើង​ដែល​ទើប​រងការដាក់​ទណ្ឌកម្ម​លើកទី ៧ ពីក្រុមប្រឹក្សា​សន្តិសុខ អង្គការ​សហប្រជាជាតិ នៅក្រោយ ការបាញ់​សាកល្បង ជាលើក​ទី២ មីស៊ីល​បាលីស្ទីក​អន្តរទ្វីប​នៅ​ខែ​កក្កដា​កន្លងទៅ។ តាម​អាមេរិក ទណ្ឌកម្ម​សេដ្ឋកិច្ច លើកនេះ របស់​ក្រុមប្រឹក្សា​សន្តិសុខ នឹង​អាច​ធ្វើ​ឲ្យ​កូរ៉េខាងជើង ក្នុង​មួយឆ្នាំ បាត់បង់​ទឹកប្រាក់ ប្រមាណ ១ពាន់​លាន​ដុល្លារ។

 

រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​មាន​ហេតុផល​ដែល​ត្រូវ​ទៅ​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​ថៃ ក្នុង​រឿង​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង ព្រោះថា ថៃ​ដែល​ជាសម្ព័ន្ធមិត្ត​ចាស់ឆ្នាំ​របស់​អាមេរិក នៅ​តែ​បន្ត​មាន​ទំនាក់ទំនង ការទូត និង​ពាណិជ្ជកម្ម​ទូលំទូលាយ​ជាមួយ​របប​កុម្មុយនិស្ត​ព្យុងយ៉ាង។ Susan Thornton មន្រ្តី​ការទូត​អាមេរិក​ដែល​ធ្វើដំណើរ​អម លោក​រេច ធីល័រសុន បាន​និយាយ​ប្រាប់​អ្នកកាសែត នៅ​ថ្ងៃ​នេះ ថា អាមេរិក កំពុង​បារម្ភ​កាន់តែ​ខ្លាំង ដែល​ឃើញ ក្រុមហ៊ុន​នាំចេញ និង​នាំចូល របស់​កូរ៉េខាងជើង យក​ទីក្រុង​បាងកក​ធ្វើ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម នៅក្នុង​តំបន់។

 

តាម​ក្រសួង​ការបរទេស​ថៃ ការដោះដូរ​ពាណិជ្ជកម្ម​រវាង​ថៃ និង​កូរ៉េខាងជើង មាន​ចំនួន​ទឹកប្រាក់ ១២៦​លាន​ដុល្លារ នៅ​ឆ្នាំ ២០១៤ ពោល គឺ​កើនឡើង ៣ដង បើប្រៀបធៀប​នឹង​ឆ្នាំ ២០០៩។ ជាផ្លូវការ កូរ៉េខាងជើង នាំចេញ គ្រឿង​អគ្គិសនី និង​ផលិតផល​គីមី ទៅ​លក់​នៅ​ប្រទេស​ថៃ។ ផ្ទុយមកវិញ ថៃ នាំចេញ ស្ក ត្រី និង​កៅស៊ូ ទៅ​កូរ៉េខាងជើង។

 

តាម​មន្រ្តី​អាមេរិក នៅ​ប្រទេស​ថៃ លោក​រេច ធីល័រសុន​នឹង​បញ្ចុះបញ្ចូល​ឲ្យ​រដ្ឋាភិបាល​សឹក​ថៃ បិទ​ទ្វារ​ក្រុមហ៊ុន​កូរ៉េខាងជើង​ទាំងនោះ ក្នុង​គោលដៅ បិទខ្ទប់​ទាំងស្រុង ប្រភព​ចំណូល របស់​ក្រុង​ព្យុងយ៉ាង។ ដើម្បីចាប់​គាប បន្ថែម លើ​កូរ៉េខាងជើង សហរដ្ឋអាមេរិក​នឹង​ទាមទារ​ផងដែរ ឲ្យ​ទីក្រុង​បាងកក រឹតបន្តឹង លើ​ការផ្តល់​ទិដ្ឋាការ​ដល់​ជនជាតិ​កូរ៉េខាងជើង ដែល​រហូតមក​ដល់​នេះ មាន​លក្ខណៈ​ធូររលុង ពី​សំណាក់​អាជ្ញាធរ​ថៃ។ រឹតបន្តឹង​លើ​ជនជាតិ​កូរ៉េខាងជើង​ជាទូទៅ ប៉ុន្តែ លើកលែង ចំពោះ​ជនជាតិ​កូរ៉េខាងជើង ដែល​បាន​រត់ភៀសខ្លួន​ចេញពី របបផ្តាច់ការ​កូរ៉េខាងជើង។ នៅក្នុង​ន័យនេះ អាមេរិក​ប្រាថ្នា​ចង់​ឲ្យ​ក្រុង​បាងកក សណ្តោសប្រណី ដល់​ជនភៀសខ្លួន​កូរ៉េខាងជើង ដែល​បាន​ប្រើប្រាស់ ទឹកដី​ថៃ បន្ទាប់​ពី​ចិន ឬ​ម៉ាឡេស៊ី ​ជា​កន្លែង​ឆ្លងកាត់ សំដៅ​ប្រទេស​កូរ៉េខាងត្បូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI