កូរ៉េ​​ខាង​​ជើង​-អាមរិក-កូរ៉េខាងត្បូង​​​

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​អំពាវនាវ​នៅ​ថ្ងៃ​ចន្ទទី១៤សីហា​​ឲ្យអាមេរិក​និង​កូរ៉េ​ខាង​ជើង​​បញ្ឈប់​​សង្គ្រា​ម​​ពាក្យ​​សំដី​

មីស៊ីល​អន្តរទ្វីប ​(ICBM) Hwasong-14 ត្រូវ បានគេមើលឃើញក្នុងអំឡុងពេលនៃការបាញ់សាកល្បងលើកទី២របស់ព្យុងយ៉ាង  កាលពី ថ្ងៃទី ២៩ កក្កដា​ឆ្នាំ ២០១៧ ​
មីស៊ីល​អន្តរទ្វីប ​(ICBM) Hwasong-14 ត្រូវ បានគេមើលឃើញក្នុងអំឡុងពេលនៃការបាញ់សាកល្បងលើកទី២របស់ព្យុងយ៉ាង កាលពី ថ្ងៃទី ២៩ កក្កដា​ឆ្នាំ ២០១៧ ​ KCNA via Reuters

ប្រធានាធិបតី​​កូរ៉េ​​ខាង​​ត្បូង​​លោក Moon Jae-In ​នៅ​ថ្ងៃ​ចន្ទ​១៤​​សីហា​​ បាន​​អំពាវនាវ​​ឲ្យ​​ភាគី​​អាមេរិក​ ​​ប្រកាន់​ឥរិយាបថ​ស្ងប់ស្ងាត់​នៅ​ក្នុង​សង្គ្រាម​ពាក្យ​សំដី​​ជាមួយ​កូរ៉េ​ខាង​ជើង ដើម្បី​ចៀសវៀងកុំឲ្យ​មាន​​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ។

ផ្សាយពាណិជ្ជកម្ម

ភាព​តានតឹងរវាងអាមេរិកនិងកូរ៉េខាងជើង​ បាន​ផ្ទុះ​ឡើង​ដោយសារ​​កម្មវិធី​មីស៊ីល​បាលីស្ទីក​​និង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង និង​​​កាន់​តែ​ធ្លាក់​​ចុះ​ដុនដាប​​ខ្លាំង​ឡើងៗ ចាប់តាំង​ពី​ប្រធានាធិបតី​អាមេរិក​លោក Donal Trump បាន​ធ្វើការ​គំរាម​ទីក្រុង​ព្យុងយ៉ាង​ថា​​នឹង​​ធ្វើ​ឲ្យ​កូរ៉េ​ខាង​ជើង ប្រែ​ក្លាយ​ទៅ​ជា​ភ្លើង​និង​កំហឹង​។​

ជាការឆ្លើយតប​វិញ កូរ៉េ​ខាង​ជើង បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ ដោយ​បង្ហាញ​ពី​ផែនការ​យ៉ាង​លំអិត​មួយ​​របស់​ខ្លួន​​សម្រាប់​​​ការ​បាញ់​គ្រាប់​មីស៊ីល​ចំនួន​៤​ដើម​​ទៅ​​កាន់​​ក្បែរ​​ដែនដី​របស់​អាមេរិក​នៅ លើ​​កោះ​ Gam ​ក្នុង​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វីក។​

សង្គ្រាម​ពាក្យ​សំដី ​វាយប្រហារ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​អាមេរិក​និង​កូរ៉េ​ខាង​ជើង​នេះ​ បាន​​ធ្វើ​អោយ​សហគមន៍​អន្តរជាតិ​​និង​ប្រមុខ​ដឹកនាំ​បរទេស​ជា​ច្រើន​រួប ​ក្នុង​នោះ​ក៏​មាន​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង​ដែរ​នោះ​ មានការព្រួយបារម្ភយ៉ាងខ្លាំង​​​ ដោយ​លោក​​​​បាន​​អំពាវនាវផងដែរ ​ឲ្យ​ភាគី​ទាំង​ពីរ​ ​ប្រកាន់​នូវ ភាព​​​អំណត់អត់ធ្មត់​​។

ចំពោះ ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លោក​Moon ដែល​ជា​អ្នក​មាន​និន្នាការ​ឆ្វេង​កណ្តាល​និយម​និង​​ធ្លាប់​បាន​បញ្ជាក់​ពី​បំណង​​របស់​លោក​នៅ​ក្នុង​​កិច្ចចរចា​ជាមួយ​កូរ៉េ​ខាង​ជើង​នោះ  បាន​អំពាវនាវ​​សុំ​ឲ្យ​ទីក្រុង​ព្យុង យ៉ាង​​ បញ្ឈប់​​ជា​បន្ទាន់ ​រាល់​ការ ​បង្ក​ហេតុ​នានា​ក៏ព្រមទាំង​​សង្គ្រាម​ពាក្យ​សំដី ​ដែល ​ជា​កត្តា​មួយ ​រឹតតែ​ជម្រុញ​ឲ្យ​ស្ថានការណ៍​​ដែល​មាន​សភាព​អាក្រក់​​ស្រាប់​ហើយ​នោះនៅ​ក្នុងតំបន់​ កាន់តែ​ធ្លាក់​ចុះ​ដុនដាប​ថែម​ទៀត​។

មិនតែប៉ុណ្ណោះ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ថែម​ទាំង​បាន​អំពាវនាវ​ដោយ​ប្រយោល​ផង​ដែរ​​​ដល់​សហរដ្ឋអាមេរិក​ -អាមេរិក ​ដែល​ជា​សម្ព័ន្ធមិត្ត​គន្លិះ​របស់​ទីក្រុង​សេអ៊ូល​និង​ក៏​ជា​អ្នក​ធានា​រ៉ាប់រង​ដល់​សន្តិសុខ​ជាតិរបស់​​កូរ៉េ​ខាង​ត្បូង​​​នោះ ឲ្យ​​រិះរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ ​ហើយ​លោក​ជឿជាក់​ដែរ​ថា អាមេរិក​ច្បាស់​ជា​នឹង​ឆ្លើយ​តប​ទៅ​នឹង​ស្ថានការណ៍​បច្ចុប្បន្ន​នេះ​ នៅ​ក្នុង​​ឥរិយាបថ​ស្ងប់​ស្ងាត់​និង​មាន​ការ​ទទួល​ខុសត្រូវដែរ​។

សម្រាប់ពិភពលោក រាល់​អធិករណ៍​​រវាង​កូរ៉េ​ខាង​ជើង​និង​សហរដ្ឋអាមេរិក អាច​នឹង​បង្ក​ជា​ផលវិបាក​ដ៏​មហន្តរាយ​បំផុត​​សំរាប់​កូរ៉េ​ខាង​ត្បូង​ដែល​ជា​ប្រទេស​​សេដ្ឋកិច្ច​ទី ៤​នៅ​ក្នុង​តំបន់​អាស៊ី។ គួររំលឹកថា អាមេរិក បាន​ដាក់​ពង្រាយ​កម្លាំង​ទ័ព​របស់​ខ្លួន​ចំនួន ២ ម៉ឺន​៨​ពាន់ ៥០០​នាក់​នៅ​លើ​ទឹកដី​កូរ៉េ​ខាង​ត្បូង ដើម្បី​ជូយ​ការពារ​ធានា​សន្តិសុខ​ជាតិ​​កូរ៉េ​ខាង​ត្បូង។​​

យ៉ាងណាមិញ ភាពតាន​តឹង​ចុង​ក្រោយ​​រវាង​កូរ៉េ​ខាង​ជើង​នឹង​សហរដ្ឋអាមេរិក ត្រូវ​បាន​ផ្ទុះ​ឡើង​បន្ទាប់​ពី​កូរ៉េ​ខាង​ជើង​ បាន​បាញ់​សាកល្បង​មីស៊ីល​អន្តរទ្វីប​ចំនួន​២​គ្រាប់​នៅ​ខែ​កក្កដា​កន្លង​ទៅ។  មីស៊ីល​ដែល​និង​អាច​នឹង​បាញ់​ទៅ​ដល់គ្រប់កន្លែងនៃ​​ទឹកដី​​អាមេរិក​។​

យ៉ាងណាមិញ ការ​បាញ់​សាកល្បង​គ្រាប់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​នេះ សរ​បញ្ជាក់​ផង​ដែរ​ពី​សមត្ថភាព​របស់​ទីក្រុង​ព្យុងយ៉ាង​​នៅ​ក្នុង​ការ​ផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​តូច​មួយ​សម្រាប់​បំពាក់​លើ​គ្រាប់​​មីស៊ីលដែល​អាច​បាញ់​បាន​​រហូត​ទៅ​ដល់​​ទ្វីប​អាមេរិក៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI