ចិន-កូរ៉េខាងជើង

ចិន​បង្កើន​មុខ​ទំនិញ ដែល​ត្រូវ​ផ្អាក​ទិញ នាំចូល​ពី​កូរ៉េខាងជើង

នៅ​ខែ​ធ្នូ ឆ្នាំ ២០១២ ទាហាន​កូរ៉េខាងជើង​ប្រចាំ​ព្រំដែន ឈរ​នៅពីក្រោយ​គំនរ​ធ្យូងថ្ម
នៅ​ខែ​ធ្នូ ឆ្នាំ ២០១២ ទាហាន​កូរ៉េខាងជើង​ប្រចាំ​ព្រំដែន ឈរ​នៅពីក្រោយ​គំនរ​ធ្យូងថ្ម ©

ចិន ដែល​ជា​សម្ព័ន្ធមិត្ត​សំខាន់​របស់​កូរ៉េខាងជើង បាន​ប្រកាស​នៅថ្ងៃ​ចន្ទ ម្សិលមិញថា នឹង​ផ្អាក លែងនាំចូល ដែក សំណរ និង​ផលិតផល​គ្រឿងសមុទ្រ ពី​កូរ៉េខាងជើង។ ចិន​បាន​សម្រេច​រឹតបន្តឹង​ការនាំចូល​ទំនិញ ពី​កូរ៉េខាងជើង បន្ទាប់​ពី​មាន​ការដាក់​សម្ពាធ​ពី​អាមេរិក និង​ក្រោយ​ពេល​ក្រុមប្រឹក្សា​សន្តិសុខ អង្គការ​សហប្រជាជាតិ បាន​បោះឆ្នោត​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​លើក ទី ៧ លើ​កូរ៉េខាងជើង។

ផ្សាយពាណិជ្ជកម្ម

ចាប់​ពី​ថ្ងៃ​អង្គារ​នេះទៅ ចិន​នឹង​ផ្អាក ព្យួរ លែង​ទិញ នាំចូល ធ្យូង ដែក រ៉ែដែក សំណរ ហើយ​និង​ផលិតផល​គ្រឿង​សមុទ្រ ពី​កូរ៉េខាងជើង។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង ពាណិជ្ជកម្ម​ចិន នៅ​ថ្ងៃ​ចន្ទ។

នៅក្រោយ​ក្រុមប្រឹក្សា​សន្តិសុខ​បោះឆ្នោត ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើក​ទី ៧ ទៅលើ​កូរ៉េខាងជើង ចិន តាមរយៈ​រដ្ឋមន្រ្តី​ការបរទេស លោក​វ៉ាង យី បាន​ប្រកាសថា ចិន នឹង​អនុវត្ត ១០០​ភាគរយ សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ។ ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​ក្រុមប្រឹក្សា​សន្តិសុខ មាន​គោលដៅ ធ្វើ​ឲ្យ​កូរ៉េខាងជើង (ដែលផ្គើន​បាញ់​សាកល្បង​មីស៊ីល) ខាតបង់​ប្រាក់​ចំណូល ១ពាន់​លាន​ដុល្លារ ក្នុង​មួយឆ្នាំៗ។ ចិន​ដែល ជាសមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ ដើរ​តួសំខាន់​ជាងគេ​ក្នុង​ការដាក់​សម្ពាធរ​សេដ្ឋកិច្ច​ទៅលើ​កូរ៉េខាងជើង ព្រោះថា ចិន ជាអតិថិជន​ដែល​ទិញ នាំចូល​ទំនិញ កូរ៉េខាងជើង​ច្រើន​ជាងគេ។ នៅ​ឆ្នាំមុន ៩២ភាគរយ នៃ​ផលិតផល នាំចេញ​ពី​កូរ៉េខាងជើង ត្រូវ​បាន​ដឹកនាំចូល​ប្រទេស​ចិន។

រងការរិះគន់ និង​ដាក់សម្ពាធ​ពី​អាមេរិក ទីក្រុង​ប៉េកាំង​ធ្លាប់​បាន​ប្រកាស​ផ្អាក លែង​នាំចូល​ធ្យូងថ្ម​ពី​កូរ៉េខាងជើង កាលពី​ខែ​កុម្ភៈ​កន្លងទៅ។ ការណ៍​នេះធ្វើ​ឲ្យ​កូរ៉េខាងជើង​បាត់បង់​ប្រាក់ចំណូល​សំខាន់​មួយ ព្រោះថា នៅ​ឆ្នាំ ២០១៦​ចិន ធ្លាប់​បាន​ចំណាយ ជាង ១ពាន់​លាន​ដុល្លារ ដើម្បី​ទិញ ធ្យូងថ្ម ២២លាន​តោន​ពី​កូរ៉េខាងជើង។ តាម​នាយកដ្ឋាន​ពន្ធគយ​ចិន ដោយសារ​តែ​ផ្អាក​លែង​នាំចូល​ធ្យូងថ្ម ពី​កូរ៉េខាងជើង ការនាំចូល​ទំនិញ ពី​កូរ៉េខាងជើង​បាន​ថយចុះ​ប្រមាណ​១៣ភាគរយ នៅ​ឆមាសទី​១ ក្នុង​ឆ្នាំ ២០១៧ ប៉ុន្តែ នៅក្នុង​រយៈពេល​ដូចគ្នា ទំនិញ​ចិន នាំចូល​ទៅ​កូរ៉េខាងជើង​បាន​កើនឡើង ខ្លាំង ដល់​ទៅ ២៩ភាគរយ។

ចិន សម្រេច​បន្ថែម​មុខទំនិញ ដែល​ត្រូវ​ផ្អាកព្យួរ លែង​នាំចូល​ពី​កូរ៉េខាងជើង។ វិធានការ​នេះ ធ្វើឡើង នៅក្នុង​ពេល​ដែល​កូរ៉េខាងជើង និង​អាមេរិក កំពុង​បោះសង្រ្គាម​ពាក្យ​សំដី គំរាមកំហែង​ដាក់​គ្នា​ទៅវិញទៅមក គឺ​ចាប់តាំង​ពី​កូរ៉េខាងជើង​បាន​សាកល្បង​មីស៊ីល បាលីស្ទីក ដែល​អាច​ទៅដល់​ទឹកដី​អាមេរិក។ សម្រាប់​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន ចិន​នៅ​តែ​បាន​គោលការណ៍​ចាស់​គឺ អាមេរិក​ត្រូវ​ឈប់​ធ្វើ​សមយុទ្ធ​ជាមួយ កូរ៉េខាងត្បូង ដើម្បី ជាថ្នូរ ទាមទារ​ឲ្យ​កូរ៉េខាងជើង ឈប់​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទីក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI