ជប៉ុន

កំណើន​សេដ្ឋកិច្ច​ជប៉ុន ចាប់ស្ទុះ​ងើប​ឡើង​វិញ គួរ​ឲ្យ​កត់សំគាល់

បុរស​ម្នាក់​ដើរ​កាត់មុខ​ហាង​ដែល​លក់​បញ្ចុះ​តម្លៃ​ទំនិញ នៅ​ទីក្រុង​តូក្យូ នៅថ្ងៃទី ១៤​សីហា ២០១៧
បុរស​ម្នាក់​ដើរ​កាត់មុខ​ហាង​ដែល​លក់​បញ្ចុះ​តម្លៃ​ទំនិញ នៅ​ទីក្រុង​តូក្យូ នៅថ្ងៃទី ១៤​សីហា ២០១៧ ©REUTERS/Kim Kyung-Hoon

ជប៉ុន​មាន​កំណើន​សេដ្ឋកិច្ច ៦​ត្រីមាស ជាប់ៗ​គ្នា ដែល​ជារឿង​មិនធ្លាប់​មាន នៅ​មួយ​ទសវត្សរ៍ ​ចុងក្រោយ​នេះ។ តាម​ទិន្នន័យ​ផ្លូវការ ផ្សព្វផ្សាយ នៅ​ថ្ងៃ​ចន្ទនេះ ដោយ​រដ្ឋាភិបាល ផលិតផល​ក្នុង​ស្រុក​របស់​ជប៉ុន បាន​កើនឡើង​បន្ថែម ១% គឺ​ខ្ពស់​ជាង​ការរំពឹងទុក ដែល​មាន​ត្រឹម​០,៦%។ តួលេខ​ជា​វិជ្ជមាន​អាច​ជា​មោទនភាព​សម្រាប់ រដ្ឋាភិបាល​របស់​លោក​ស្ហ៊ីនហ្សូ អាបេ ដែល​កំពុងមាន​ប្រជាប្រិយភាព​ចុះស្រអាប់ ដោយសារ​តែ​រឿងអាស្រូវ​ពុករលួយ។

ផ្សាយពាណិជ្ជកម្ម

ចាប់តាំង​ពី​ដើម​ឆ្នាំ ២០១៦​មក កំណើន​សេដ្ឋកិច្ច​របស់​ជប៉ុន​បាន​កើនឡើង ជាប់​រហូត ដែល​ជប៉ុន​មិនធ្លាប់​មានទេ ចាប់តាំង​ពី​ឆ្នាំ ២០០៦​មក។ តួលេខ​រដ្ឋាភិបាល​បង្ហាញ​ថា ផលិតផល​ក្នុង​ស្រុក​សរុប ពី​ខែ​មេសា ដល់​ខែ​មិថុនា​បាន​កើនឡើង ១% គឺ​ច្រើន​ជាង​ការព្យាករ ប្រមាណ ០,៦%។ គេ​រំពឹងថា បើសិន​កំណើន​នៅ​តែ​​របៀប​នេះ រហូត​ដល់​ចុងឆ្នាំ នោះ​កំណើន​សេដ្ឋកិច្ច​ជប៉ុន ប្រចាំ​ឆ្នាំ​នឹង​មាន​ដល់​ទៅ ៤% ដែល​ជាអត្រា​ខ្ពស់​​ដ៏​កម្រ​មាន។

តើ​នយោបាយ​សេដ្ឋកិច្ច​Abenomics កំពុង​តែ​ផ្តល់​ផ្លែផ្កា​ហើយ​ឬយ៉ាងណា? នៅ​ពេល​ចូល​កាន់តំណែង ជា​នាយករដ្ឋមន្រ្តី​ជប៉ុន នៅ​ឆ្នាំ ២០១២ លោក​ស្ហ៊ីនហ្សូ អាបេ បាន​ដាក់​ចេញ​ផែនការ​Abenomics ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជប៉ុន ដែល​នៅក្នុង​នោះ រដ្ឋាភិបាល​នឹង​បង្កើន​ចំណាយ​សាធារណៈ និង​ធ្វើ​កំណែទម្រង់​លើ​រចនាសម្ព័ន្ធ​ក្នុង​ប្រទេស​ជប៉ុន។ ប៉ុន្តែ សេដ្ឋកិច្ច​វិទូ​ជប៉ុន​វាយតម្លៃ​ថា កំណើនសេដ្ឋកិច្ច​ដែល​មាន​ជាប់គ្នា ៦​ត្រីមាស​យ៉ាងដូច្នេះ មិនមែន​ដោយសារ​តែ​នយោបាយ​សេដ្ឋកិច្ច​​Abenomics​របស់​លោក​នាយករដ្ឋមន្រ្តី​នោះ​ទេ។

កំណើន​សេដ្ឋកិច្ច​របស់​ជប៉ុន​មាន​នៅ​៦​ត្រីមាស ជាប់ៗគ្នា ក៏ដោយសារ​តែ សន្ទុះ​កើនឡើង នៃ​ការទិញ ប្រើប្រាស់​របស់​ប្រជាជន​ជប៉ុន។ លើស​ពី​នោះ ការវិនិយោគ របស់​ក្រុមហ៊ុន ក៏​មាន​ភាពរឹងមាំ​ជាងមុន និង​បូកផ្សំ ជាមួយ ការចំណាយ​សាធារណៈ សម្រាប់​រៀបចំ​ទទួល​ការប្រកួត កីឡាអូឡាំពិក នៅ​តូក្យូ នៅ​ឆ្នាំ ២០២០។

បន្ទាប់​ពី​នៅ​ទ្រឹង​អស់​ជិត​២ទសវត្សរ៍ តើ​សេដ្ឋកិច្ច​ជប៉ុន​កំពុង​រីកចម្រើន ផ្លាស់ប្តូរ​មុខមាត់? សំណួរ​ដែល​សំខាន់គឺ​នៅ​ត្រង់​ថា តើ​ការប្រើប្រាស់​របស់​ជប៉ុន ដែល​តំណាង​ឲ្យ​៦០ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប GDP នឹង​នៅ​តែ​បន្ត​កើនឡើង ដែរឬទេ។ សេដ្ឋកិច្ច​វិទូ ជប៉ុន ប៉ាន់ស្មាន​ថា ដោយសារ​តែទទួល​បាន​ប្រាក់ខែ​ល្អប្រសើរ​ជាងមុន ប្រជាជន​ជប៉ុន​នឹង​បន្ត​ចាយវាយ​ច្រើន​ទៀត នៅ​ប៉ុន្មាន​ខែ​ខាងមុខ។ ប៉ុន្តែ សម្រាប់ លោកស្រី Junko Nishioka ធ្វើការ​នៅ​ធនាគារ​Sumitomo Mitsui Banking ដើម្បី​ឲ្យ​កំណើន​សេដ្ឋកិច្ច​កើនឡើង​ខ្លាំង​ឡើង​វិញ រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​បញ្ហា គន្លឹះ នោះ​គឺ វិបត្តិ​ប្រជាសាស្រ្ត​ជប៉ុន។ ត្រូវដឹងថា ទោះបាន​សន្យា ប៉ុន្តែ រដ្ឋាភិបាល​របស់​លោក​អាបេ មិនទាន់​មាន​វិធានការ ជាក់ស្តែង ដើម្បី​ជំរុញ អត្រា​កំណើត នៅក្នុង​ប្រទេស​មួយ ដែល​កំពុង​ក្រខ្សត់​យុវជន និង​សំបូរច្រើន ដោយ​មនុស្ស​ចាស់​នោះ​ទេ។

មួយវិញទៀត គេ​ប្រមើលឃើញ​ដែរ​ថា នយោបាយ​ការពារ​ជាតិ​និយម​របស់​ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កម្រិត​គំរាមកំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ហើយ​និង​ការធ្លាក់​ថយចុះ នៃ​កំណើន​សេដ្ឋកិច្ច នៅ​ប្រទេស​ចិន អាច​ជា​កត្តា​ គំរាមកំហែង​ពីខាងក្រៅ ដល់​កំណើន​សេដ្ឋកិច្ច​ជប៉ុន ដែល​កំពុង​តែ​ងើប​ស្ទុះឡើង​នៅពេលនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI