អានតួអត្ថបទ
ចិន-ឥណ្ឌា

ទាហាន​ឥណ្ឌា​និង​ចិន​ បាន​ប៉ះទង្គិច​គ្នា​ជា​ថ្មី​នៅ​ក្នុង​ជម្លោះ​ព្រំដែន​​ប៉ែក​ខាង​លិច​ Himalaya​

ព្រំដែន​នៅ​ជួរភ្នំ​ l'Himalaya
ព្រំដែន​នៅ​ជួរភ្នំ​ l'Himalaya European Space Agency
ដោយ៖ នុយ ប៊ែរណាដែត
១៣ នាទី

ទាហាន​​ឥណ្ឌា ​និង​​ចិន ​បាន​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ​​ដោយ​ចិន​បាន​ប្រើ​ដុំ​ថ្ម​គប់​ប្រឆាំង​ទៅ​លើ​ទាហាន​ឥណ្ឌា​នៅ​ក្នុង​ជម្លោះ​ព្រំដែន​រវាង​ឥណ្ឌា​និង​ចិន​​នៅ​ប៉ែក​ខាង​លិច​​តំបន់ ​​Himalaya​-នេះបើយោងតាម​ប្រភពឥណ្ឌា​ នៅ​ខណៈ​ពេល​ដែល​ភាព​តាន​តឹង​រវាងចិននិងឥណ្ឌា​​នៅ​តែ​រស់​រវើក​នៅ​ក្នុង​ផ្នែក​មួយ​ទៀត​នៃ​តំបន់​​ជួរភ្នំ។​

ផ្សាយពាណិជ្ជកម្ម

ក្រុម​យោធា​ឥណ្ឌា បាន​ធ្វើការ​បង្ក្រាប​ទាន់ពេល​នៅ​ខណៈពេល​ដែល​ពួក​ទាហាន​ចិន​ បាន​ប៉ុនប៉ង​ឈ្លានពាន​លប​ចូល​មក​ក្នុង​តំបន់​ Ladkh ​ដែនដី​ឥណ្ឌា​នៅ​ជិត​បឹង​Pangong-នេះ​បើយោងតាម​ប្រភព​ឥណ្ឌា​មួយ​នៅ​ទីក្រុង​New Delhi។​

យោងតាម​ប្រភពនេះ “ទាហាន​ចិន​ខ្លះៗ ​ដែល​មាន​កាន់​ដំបង​ដែក​និង​ដុំ​ថ្ម​ បាន​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ​ជាមួយ​ទាហាន​ឥណ្ឌា ជាហេតុ​​បណ្តាល​អោយ​មាន​អ្នក​រង​របួស​ស្រាល​ទាំង​សង​ខាង។ ​អ្នកទទួលខុសត្រូវ​នៃ​ក្រសួង​ការពារជាតិ​ឥណ្ឌា បានគូសបញ្ជាក់ថា ទាហាន​ចិន បាន​ប៉ុនប៉ង​លប​លួច​ចូល​មក​ក្នុង​ទឹកដី​ឥណ្ឌា​ចំនួន​ពីរ​លើក​នៅ​តំបន់​បឹង​Pangong ដែល​ស្ថិត​នៅ​ក្នុង​កំពស់​ប្រមាណ​ជា ​៤ ២០០​ម៉ែត្រ​ក្នុង​តំបន់​ភ្នំ​ ក៏ប៉ុន្តែ​ត្រូវ​បាន​ទាហាន​ឥណ្ឌា​វាយ​រុញ​ច្រានចេញ​វិញ។ ក្រោយបន្ទាប់​ពី​ឧប្បត្តិហេតុ​នេះ​មក ទាហាន​ចិន​និង​ឥណ្ឌា បាន​វិល​ត្រឡប់​ទៅ​កាន់​ទីតាំង​របស់​ពួក​គេ​រៀងៗ​ខ្លួន។​

“​ឧប្បត្តិហេតុ​នេះ តែងតែ​កើត​ឡើង​ជារៀង​រាល់​ពេល​នៅ​រដូវ​ក្តៅ ក៏ប៉ុន្តែ ការ​ប៉ះទង្គិច​គ្នា​នៅ​​ម្សិលមិញ​នេះ​ មាន​រយៈ​ពេល​​យូរ​បន្តិច ក៏ប៉ុន្តែ ទាហាន ចិន ​ពុំ​បាន​​ប្រើប្រាស់​អាវុធ​ទេ -នេះ​បើ​យោងតាម​ប្រភព​ប៉ូលីស​នៅ​ស្រុក Srinagar ក្នុង​រដ្ឋ​Jammu-និង​Cachemire ​ឥណ្ឌា​។​​

ទាហាន​ចិន​និង​ឥណ្ឌា ធ្លាប់​បាន​ប្រឈម​មុខ​ដាក់​គ្នា​រួចមក​ហើយ​នា​ពេល​កន្លង​មក​នៅ​តំបន់​ខ្ពង់​រាប ​​Doklam ​ភាគ​ខាង​កើត​ដែលស្ថិត​នៅ​តាម​​បណ្តាយ​​ព្រំដែន​ប្រវែង ៣ ៥០០​គម​ ​តែ​ ​ពុំមាន​​​ខ្សែ​បន្ទាត់គំនូស​​ព្រំដែន​រវាង​ឥណ្ឌា​និង​ចិន​ទេ​នៅ​ក្នុង​តំបន់​ភ្នំ​ Himalaya ។

ប្រទេសចិន តែងតែ​ស្រែក​​ទាមទារ​ឥត​ស្រាកស្រាន្ត​ ​បង្ខំ​ឲ្យ​ឥណ្ឌា​​ដក​ទ័ព​ចេញ​ជា​ឯកតោ​ភាគី​ពី​តំបន់​​​Doklam --តំបន់​ដែល​ជា​ទីកន្លែង​​ដាច់​ស្រយាល​មួយ​និង​ក៏គ្មាន​មនុស្ស​នៅ​ដែរ តែ​​​ចិន​និង​ Bhoutan តែងតែ​​ទាមទារ​ថា​​ជា​ដែនអធិបតេយ្យ​របស់ប្រទេសខ្លួន​រៀងៗខ្លួន-​ប្រទេស​ Bhoutan ​ដែល​ជា​សម្ព័ន្ធមិត្តមួយ​​របស់​ឥណ្ឌា៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ