ហុងកុង

តុលាការ​ឧទ្ធរណ៍ ផ្តន្ទាទោស​កាន់តែ​ធ្ងន់​លើ​មេបាតុកម្ម​ឆ័ត្រ​លឿង

Hong Kong student leaders of the "Umbrella Movement" Nathan Law and Joshua Wong attend a rally against "the cooperation of three powers", a day before an appeal verdict on charges relating to 2014 pro-democracy, also known as "Occupy Central",
Hong Kong student leaders of the "Umbrella Movement" Nathan Law and Joshua Wong attend a rally against "the cooperation of three powers", a day before an appeal verdict on charges relating to 2014 pro-democracy, also known as "Occupy Central", ©REUTERS/Tyrone Siu

មេដឹកនាំ​វ័យក្មេង​៣រូប នៃ​ចលនា​ឆ័ត្រ​លឿង ដែល​បាន​ធ្វើ​បាតុកម្ម នៅទីក្រុង​ហុងកុង កាលពី​ឆ្នាំ ២០១៤ ត្រូវ​បាន​តុលាការ​ឧទ្ធរណ៍ ប្រកាស​ផ្តន្ទាទោស ឲ្យ​ជាប់​ពន្ធនាគារ ពីរ ៦ ទៅ​៨ខែ។ ការសម្រេច​យ៉ាងដូច្នេះ របស់​តុលាការ​ឧទ្ធរណ៍ នឹង​បិទ​ផ្លូវ ហាម​មិន​ឲ្យ​មេដឹកនាំ វ័យក្មេង​ជាងគេ គឺ Joshua Wong អាច​ឈរឈ្មោះ ធ្វើ​ជា​បេក្ខជន​តំណាងរាស្រ្ត នៅក្នុង​ការបោះឆ្នោត​សភា នាពេល​ខាងមុខ។

ផ្សាយពាណិជ្ជកម្ម

នៅ​តុលាការ​ឧទ្ធរណ៍ Joshua Wong និង​មេដឹកនាំ​វ័យក្មេង​ពីរ​រូប​ផ្សេង​ទៀត បាន​ទទួល​រង​ការផ្តន្ទាទោស ធ្ងន់ ជាង​នៅ​តុលាការ​ដំបូង។ នៅ​ខែ​សីហា ឆ្នាំមុន យុវជន​វ័យក្មេង​ហុងកុង​ទាំង​៣ ដែល​មាន​ Joshua Wong​ផង ធ្លាប់​ត្រូវ​បាន​តុលាការ​ដំបូង ផ្តន្ទាទោស ដោយ​ជាប់ពន្ធនាគារ បីខែ (ជា​ទោសព្យួរ) ក្នុង​បទ​ចោទប្រកាន់​ថា បាន​ដើរតួនាទី​សំខាន់ នៅក្នុង​ចលនា​បដិវត្តន៍ ឈ្មោះ​ថា ឆ័ត្រ​លឿង កាល​ពី​ឆ្នាំ ២០១៤។

ដោយសារ យល់​ស្ថានទម្ងន់ទោស​ស្រាល ប្រកាស​ដោយ​តុលាការ​ដំបូង រដ្ឋអាជ្ញា​ហុងកុង បាន​សម្រេច​ប្តឹង បន្ត​ទៅ​សាលា​ឧទ្ធរណ៍ ជាទី​ដែល​ចៅក្រម នៅ​ថ្ងៃ​ព្រហស្បតិ៍ បាន​សម្រេច ផ្តន្ទាទោស​ឲ្យ​មេដឹកនាំ​បាតុកម្ម ដ៏​វ័យក្មេង​របស់​ហុងកុង ជាប់​ពន្ធនាគារ ពី​៦​ទៅ ៨ខែ។ អង្គការ​ការពារ​សិទ្ធិមនុស្ស Amnesty International បាន​បរិហារ និង​ចាត់ទុក​ការសម្រេច​របស់​តុលាការ​ហុងកុង ថា ធ្វើឡើង ដើម្បី សងសឹក ប្រឆាំង​នឹង​សេរីភាព​បញ្ចេញមតិ ព្រោះថា នៅ​ហុងកុង ជនដែល​ធ្លាប់​ជាប់​ពន្ធនាគារ ពី​៣​ខែ​ឡើងទៅ ត្រូវ​ច្បាប់​ហាមឃាត់ មិន​ឲ្យ​មាន​សិទ្ធិ​ឈរ​ឈ្មោះ ជា​បេក្ខជន​តំណាងរាស្រ្ត ក្នុង​រយៈពេល ៥​ឆ្នាំ។

នៅ​ខែ​តុលា​ខាងមុខ Joshua Wong នឹង​មាន​អាយុ ២១​ឆ្នាំ អាយុ ស្របច្បាប់ ដើម្បី​ឈរឈ្មោះ​នៅក្នុង​ការបោះឆ្នោត​សភា​ហុងកុង។ ប៉ុន្តែ ដោយ​ទទួល​ទោស​ជាប់ពន្ធនាគារ ៦ខែ Joshua Wong​ដែលធ្លាប់​ប្រកាស​ចង់​ឈរឈ្មោះ នៅក្នុង​ការបោះឆ្នោត​នា​ពេល​ខាងមុខ នឹង​ត្រូវ​ខកបំណង។ “ប្រជាជន​ដែលរួមគ្នា គឺ​មិនងាយ​នឹង​ត្រូវ​គេ​បំបែក​បានទេ” Joshua Wong បាន​ស្រែកយ៉ាងដូច្នេះ ប្រាប់​ក្រុម​អ្នកគាំទ្រ​របស់ខ្លួន។

យុវជន​ហុងកុង ដែល​ត្រូវ​តុលាការ​ផ្តន្ទាទោស ឲ្យ​ជាប់​ពន្ធនាគារ ក្នុង​បទរៀបចំ ប្រមូលផ្តុំ​មនុស្ស​ដោយ​ខុសច្បាប់ កាល​ពី​ថ្ងៃទី ២៦ កញ្ញា ២០១៤។ កាលនោះ បាតុករ​ដែល​ដឹកនាំ​ដោយ​យុវជន សិស្ស​ហុងកុង បាន​លើកគ្នា ចូល​ទៅ​កាន់កាប់ អគារ​រដ្ឋបាល ដើម្បី តវ៉ា​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​ប៉េកាំង លើ​ហុងកុង។ ក្រុមបាតុករ បាន​កាន់កាប់​ផ្លូវ ក្នុង​សង្កាត់​ពាណិជ្ចកម្ម ជាង ២ខែ ដើម្បី​ ទាមទារ​ឲ្យ​រដ្ឋបាល​ហុងកុង រៀបចំ​ការបោះឆ្នោត សកល ជ្រើសរើស​ចៅហ្វាយក្រុង ដោយ​គ្មាន​អន្តរាគមន៍​ពី​ក្រុង​ប៉េកាំង។ ប៉ុន្តែ ការទាមទារ​របស់ពួកគេ​ត្រូវ​បរាជ័យ និង​រង​ការបង្រ្កាប ដោយ​ហិង្សា​ពី​ប៉ូលិស​ហុងកុង។ នៅ​ថ្ងៃ​ម្សិលមិញ ក្រសួង​យុត្តិធម៌​ហុងកុង​បាន​បដិសេធ ថា ការសម្រេច​របស់​តុលាការ គ្មាន​ជាប់ពាក់ព័ន្ធ​នឹង​ហេតុផល​នយោបាយ​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI