ចិន

ចិន៖ភរិយា​លោក​លីវ ស៊ាវប៉ូ​ លេចមុខ​ជាថ្មី ​ក្នុង​វីដេអូ​YouTube

លោកស្រី លីវ ស្យា ភរិយា​លោក​លីវ ស៊ាវប៉ូ ក្នុង​ថ្ងៃបុណ្យសព​ស្វាមី ថ្ងៃ១៥កក្កដា ២០១៧
លោកស្រី លីវ ស្យា ភរិយា​លោក​លីវ ស៊ាវប៉ូ ក្នុង​ថ្ងៃបុណ្យសព​ស្វាមី ថ្ងៃ១៥កក្កដា ២០១៧ Shenyang Municipal Information Office/via REUTERS

លោកស្រី​លីវ ស្យា ជា​ភរិយា​របស់​ជ័យលាភី​ណូបែល​សន្តិភាព​ជនជាតិចិន លីវ ស៊ាវប៉ូ បាន​លេចមុខជាថ្មី តាម​​វីដេអូ​ដែលគេ​ចែកចាយ​ក្នុង​យូធូប ​ថ្ងៃសុក្រ​ម្សិលមិញ។ គេបាត់ដំណឹង​លោកស្រី​​តាំងពី​​ថ្ងៃបុណ្យសព​​លោក​លីវ ស៊ាវប៉ូ នៅពាក់កណ្តាល​ខែ​កក្កដា​កន្លងទៅ។ ​ក្នុង​វីដេអូចែកចាយ​លើ​យូធូប ​​លោកស្រី​លីវ​បានសុំអោយ​​ទុកពេល​អោយ​លោកស្រីបាន​​ព្យាបាល​ចិត្ត កាត់ចិត្ត​ក្រោយ​មរណភាព​​​​ស្វាមី​របស់​លោកស្រី។ ​

ផ្សាយពាណិជ្ជកម្ម

រូបភាព​វីដេអូ​ចុះផ្សាយ​ក្នុង​យូធូប បង្ហាញ​រូបភាព​​លោកស្រី​លីវ ស្យា ធ្វើអោយ​គេអាច​ធូរស្រាល​ចិត្ត​បន្តិច​​វិញ ព្រោះ​មិត្តភក្តិ​របស់​លោកស្រី បាត់​ដំណឹង​លោកស្រី មិនអាច​ទាក់ទង​លោកស្រី ​តាំង​​​ពីពាក់កណ្តាល​ខែកក្កដា ក្រោយ​​​បុណ្យសព​របស់លោក​​លីវ ស៊ាវប៉ូ ជា​ស្វាមី​លោកស្រី។ លោក​លីវ ជាស្វាមី​ត្រូវគេ​ស្គាល់ថា ​ជាសកម្មជន​ប្រឆាំង និង​ជា​​​ជ័យលាភី​ណូបែល​សន្តិភាពជនជាតិ​ចិន​​ដ៏ល្បីឈ្មោះ។ ​

វីដេអូ​ចុះផ្សាយក្នុង​​យូធូប ម្សិលមិញ មានរយៈពេល​មួយនាទី។ ក្នុងវីដេអូ គេឃើញ​លោកស្រី​លីវ ស្យា ​និយាយ​​​​ចំទៅកញ្ចក់​​កាមេរ៉ា​​​​តែម្តង​។ លោកស្រីប្រាប់ថា លោកស្រី​នៅខាងក្រៅ កំពុង​សម្រាក​យកកម្លាំង។ លោកស្រី​សុំអោយ​ទុកពេល​អោយ​លោកស្រី​​បាន​ព្យាបាល​ចិត្ត កាត់ចិត្ត​​​ ​ហើយ​ថ្ងៃណាមួយ​លោកស្រី​អាច​នឹង​លេចមុខ ហើយ​មាន​​​សុខភាព​ល្អ នៅ​ពីមុខ​អ្នកទាំងអស់គ្នា។ លោកស្រី​លីវ​​ពោលពាក្យ​​ថា “នៅ​ខាងក្រៅ”​ មិនដឺងថា​តើលោកស្រីកំពុង​​នៅ​ទីណា​ពិតប្រាកដ​ទេ។

ភរិយា​លោក​លីវ ស៊ាវប៉ូ ក៏​​បានរំលឹក​ឡើងវិញ​ដែរ​ ពី​កាលដែល​ស្វាមី​លោកស្រី​នៅរស់រាន​មានជីវិត ហើយ​កំពុង​ទទួលការ​ព្យាបាល​ពី​ក្រុមគ្រូពេទ្យ។ លោក​ស្រី​រំលឹកថា ក្រុមគ្រូពេទ្យបានខិតខំតាម​​​ដែល​ពួកគេ​អាច​ធ្វើបាន។ គួររំលឹក​ថា លោកលីវ ស៊ាវប៉ូ ជា​សកម្មជន​ប្រឆាំង​នៅចិន ដែលត្រូវជាស្វាមី​លោកស្រី លីវ ស្យា បាន​ទទួលមរណភាព​ ​កាលពី​ថ្ងៃ​១៣កក្កដា ដោយ​ជំងឺ​មហារីក​ថ្លើ់ម ក្រោយ​អាជ្ញាធរ​ចិន​ដោះលែង​លោក​អោយ​មាន​សេរីភាព។ តុលាការ​ចិន​ដាក់ទោស​អោយ​លោក​ជាប់ពន្ធនាគារ​១១ឆ្នាំ ពី​បទ​ប្រឆាំងនយោបាយ។ លោកស្រី​លីវ ស្យា​ ជាភរិយា​ត្រូវបាន​​ឃុំខ្លួន​ស្ថិតក្រោម​ការឃ្លាំមើល​របស់​អាជ្ញាធរ តាំងពី​ឆ្នាំ២០១០ ពេល​លោកលីវ ជាប់ឈ្មោះជា​ជ័យលាភី​ណូបែល​សន្តិភាព។

មុន​ឃើញរូបលោកស្រី​ម្តងទៀត ក្នុង​យូធូប​ម្សិលមិញនេះ អាជ្ញាធរចិន​ធ្លាប់​បង្ហាញ​រូបភាព​លោកស្រី​ម្តងដែរ កាលពី​ពេលបុណ្យសពលោកលីវ ថ្ងៃ​១៥កក្កដា។ ក្រោយ​មក​ក៏បាត់ដំណឹង​លោកស្រីលីវ​​ឈឹងតែម្តង រហូត​​​​​​មេធាវី​ជនជាតិ​អាមេរិកាំង​​របស់​លោកស្រី​ ​​បាន​ប្រកាស​ថា​ ដាក់ពាក្យ​ប្តឹង​ទៅ​អង្គការ​សហប្រជាជាតិ​ ពីការ​បាត់ខ្លួន​លោកស្រី។ វីដេអូ​បង្ហាញរូបលោកស្រី​ម្សិលមិញ​នេះ ត្រូវបាន​បង្ហោះ​ក្នុង​យូធូប ដោយ​ជនឈ្មោះថា “goudan li”។ កន្លងមក អាជ្ញាធរ​ចិន​ប្រាប់ថា លោកស្រី​លីវ ​មាន​សេរីភាព​ ហើយ​ការដែល​មិនអាច​ទាក់ទង​លោកស្រី​បាន​ក៏ដោយសារ​​លោកស្រី​ចង់​កាន់ទុក្ខ​កាត់ចិត្ត​ក្រោយ​មរណភាព​​ស្វាមី នៅ​កន្លែង​មួយ​ដែល​ស្ងប់ស្ងាត់​ប៉ុណ្ណោះ៕ ​ ​​ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI