ថៃ

លោកស្រី​យីងឡាក់ បាត់ខ្លួន នៅថ្ងៃ​ប្រកាស​សាលក្រម​របស់​តុលាការ

លោកស្រីអតីត​នាយករដ្ឋមន្រ្តី ថៃ យីងឡាក់ ស៊ីណាវ៉ាត នៅ​តុលាការ​ធម្មនុញ្ញ​ថ្ងៃទី ៥ សីហា ២០១៧
លោកស្រីអតីត​នាយករដ្ឋមន្រ្តី ថៃ យីងឡាក់ ស៊ីណាវ៉ាត នៅ​តុលាការ​ធម្មនុញ្ញ​ថ្ងៃទី ៥ សីហា ២០១៧ LILLIAN SUWANRUMPHA / AFP

តុលាការ​កំពូល​ថៃ នៅថ្ងៃ​សុក្រ​ទី ២៥ បាន​ចេញដីកា​ចាប់ខ្លួន លោកស្រី យីងឡាក់ ស៊ីណាវ៉ាត បន្ទាប់​ពី​លោកស្រី​ខកខាន មិនបង្ហាញ​ខ្លួន នៅ​ថ្ងៃ​ប្រកាស​សាលក្រម។ តាម​សមាជិក​របស់​បក្ស​ភឿថៃ លោកស្រី​យីងឡាក់ បាន​ចាកចេញ​រួចហើយ ពី​ប្រទេស​ថៃ ទៅ​ប្រទេស​សិង្ហបុរី មុន​នឹង​ធ្វើដំណើរ ទៅ​ជួប​លោកថាក់ស៊ីន ជា​បងប្រុស នៅ​ទីក្រុង​ឌូបៃ។

ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃសុក្រ តុលាការ​កំពូល​ថៃ បាន​ចេញដីកា​ចាប់ខ្លួន ជំនួស​ឲ្យ​ការប្រកាស​សាលក្រម ប្រឆាំង​លោកស្រី​យីងឡាក់។ លោកស្រី​យីងឡាក់ ដែល​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ ១០​ឆ្នាំ ពីបទ​ធ្វេសប្រហែស ក្នុង​កម្មវិធី​ឧបត្ថម្ភ​អង្ករ​ដល់​កសិករ បាន​អវត្តមាន មិន​ទៅ​បង្ហាញ​ខ្លួន នៅថ្ងៃ​ប្រកាស​សាលក្រម​របស់​តុលាការ។

មេធាវី​របស់លោកស្រី​យីងឡាក់ លោក​Norawit Larleng​បាន​សុំ​តុលាការ​ឲ្យ​ពន្យារ លើកពេល​ការប្រកាស​សាលក្រម ព្រោះថា លោកស្រី​យីងឡាក់ ឈឺ មិន​អាច​ចូល​ខ្លួន​ទៅ​តុលាការ។

នៅប៉ុន្មាន​ម៉ោង ចេញ​សាលដីកា​ចាប់ខ្លួន លោកស្រី​យីងឡាក់ លោក​នាយករដ្ឋមន្រ្តី​ថៃ ប្រាយុទ្ធ ចាន់អូចា​បាន​និយាយ​ប្រាប់​អ្នកកាសែតថា លោក​បាន​បញ្ជា​ឲ្យ​គេ​ពង្រឹង ត្រួតពិនិត្យ នៅ​តាម​ច្រកព្រំដែន។ ឧបនាយករដ្ឋមន្រ្តី​ថៃ លោក​បាន​មាន​ប្រសាសន៍​ប្រាប់​អ្នកសារព័ត៌មាន​ដែរថា លោកស្រី យីងឡាក់ ប្រហែល​ជា​បាន​ចាកចេញ​ពី​ប្រទេស​ថៃ។ ប៉ុន្តែ មន្រ្តី​អន្តោប្រវេសន៍​ថៃ​វិញ​បាន​បញ្ជាក់ថា គេ​មិន​បាន​ឃើញ​ដាន​របស់​លោកស្រី នៅ​តាម​ច្រកចេញចូល ព្រំដែន​នោះទេ។

លោកស្រី​យីងឡាក់ បាន​បាត់ខ្លួន ដ៏​អាថ៌កំបាំង ព្រោះ​សូម្បី​មេធាវី​របស់លោកស្រី ក៏មិនដឹងថា តើ​លោកស្រី កំពុង​ស្ថិតនៅ​កន្លែង​ណាដែរ។ សមាជិក​របស់​បក្ស​លោកស្រី​យីងឡាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP​ថា លោកស្រី​យីង​ឡាក់ ពេលនេះ លែង​ស្ថិតនៅ​ក្នុង​ប្រទេស​ថៃ​ទៀត​ហើយ។ លោកស្រី​ទើបតែ​បាន​សម្រេចចិត្ត ចាកចេញ​ពី​ប្រទេស ​នៅ​ប៉ុន្មាន​ថ្ងៃ​មុន តុលាការ​ប្រកាស​សាលក្រម​តែប៉ុណ្ណោះ។

១​ឆ្នាំ​កន្លះ មកហើយដែល​តុលាការ​បើក​សវនការ​ជំនុំជម្រះ លោកស្រី យីងឡាក់ ពី​បទ ធ្វេសប្រហែស ក្នុង​កម្មវិធី​ឧបត្ថម្ភ​អង្ករ​ដល់​កសិករ។ នៅក្នុង​ពេល​កាន់អំណាច​ជា​នាយករដ្ឋមន្រ្តី លោកស្រី យីងឡាក់​បាន​អនុវត្ត​កម្មវិធី​ទិញ​ស្រូវ​អង្ករ ពី​កសិករ​ថៃ ក្នុង​តម្លៃ​ខ្ពស់​ជាង​ទីផ្សារ។ ​តុលាការ លោកស្រី​បាន​ឡើង​ការពារ​នយោបាយ​ទិញ​ស្រូវអង្ករ របស់​រដ្ឋាភិបាល ដែល​លោកស្រី​ចាត់ទុកថា បាន​ជួយ​លើកស្ទួយ​កសិករ​ថៃ ប៉ុន្តែ អ្នកសេដ្ឋកិច្ច​វាយតម្លៃថា នយោបាយ​ឧបត្ថម្ភអង្ករ​របស់លោកស្រី ធ្វើ​ឲ្យ​រដ្ឋាភិបាល​ខាតបង់​ប្រាក់ ពី​៨ ទៅ ២០​ពាន់​លាន​ដុល្លារ។

ក្នុង​រយៈពេល​១​ឆ្នាំ​កន្លះមកនេះ លោកស្រី បាន​ចេញមុខ ទៅ​ឆ្លើយតទល់​នឹង​ការចោទប្រកាន់​នៅ​តុលាការ រហូត​ធ្វើ​ឲ្យ​គេ​ជឿថា លោកស្រី ចង់ដោះស្រាយ បញ្ហា តទល់​ជាមួយ រដ្ឋាភិបាល​សឹក តាម​ផ្លូវ​តុលាការ។

ការបាត់ខ្លួន អវត្តមាន​របស់លោកស្រី យីងឡាក់ បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​គ្រប់គ្នា រួម​ទាំងអ្នកគាំទ្រ​ជាង​១ពាន់​នាក់ របស់​លោកស្រី ដែល​បាន​ទៅ​ឈរ​ចាំ លើកទឹកចិត្ត លោកស្រី នៅ​មុខ​តុលាការ​កំពូល​នៅ​ថ្ងៃនេះ។ បើមើលទៅ​លើ​សកម្មភាព​តស៊ូ របស់លោកស្រី នៅ​តុលាការ ក្នុង​រយៈពេល ១​ឆ្នាំ​កន្លះ គេ​សឹង​មិន​ជឿ​ថា លោកស្រី​សម្រេចចិត្ត ជ្រើសរើស​យក​ផ្លូវ រត់គេចខ្លួន មិនទទួល​យក​សាលក្រម​នោះ​ទេ។

លោកស្រី​យីងឡាក់ គ្មាន​ជំនឿ​លើ​តុលាការ ដែល​គេ​ជឿថា ស្ថិតនៅ​ក្រោម​ឥទ្ធិពល​របស់​ក្រុម​យោធា​ថៃ។ នៅ​ដើម​ខែសីហា​នេះ លោកស្រី​បាន​និយាយ​រួចហើយ​ថា សវនការ​ជំនុំជម្រះ​លោកស្រី គឺ​ជារឿង​”នយោបាយ” ដែល​រដ្ឋាភិបាលសឹក​បាន​រៀបចំឡើង ដើម្បី បោសសម្អាត លុបបំបាត់ ឥទ្ធិពល​របស់​ត្រកូល​ស៊ីណាវ៉ាត របស់​លោកស្រី ពី​ឆាកនយោបាយ​ថៃ។

បើនៅ​ក្រាញននៀល ប្រឈម​នឹង​ការដាក់ទោស លោកស្រី​យីងឡាក់​អាច​ក្លាយ​ជា​វីរៈនារី

នៅពេល​លោកស្រី​យីងឡាក់ រត់​គេច​ខ្លួន បែបនេះ គឺ​រដ្ឋាភិបាល​សឹក​របស់​លោកប្រាយុទ្ធ ចាន់អូចារ ហើយ​និង​ចៅក្រម គឺ​មិនមែន​បរាជ័យ​នោះទេ។ ហើយ​អ្នកដែល​ខាតគឺ លោកស្រី យីងឡាក់។ លោកស្រី អាច​រត់​ចោល​ស្រុក រួចខ្លួន មិន​ឲ្យ​នៅ​ជាប់​ពន្ធនាគារ​មែន។ ប៉ុន្តែ បើនិយាយ​ពី​ជីវិត​នយោបាយរបស់​លោកស្រី វិញ គឺ​ចប់ហើយ។ អាច​ថា លោកស្រី និង​ត្រកូល​ថាក់ស៊ីន ត្រូវ​ខាត​បង់ ច្រើន ​ជាង​ទទួល​ផល​ចំណេញ។

បើសិន​លោកស្រី យីងឡាក់ នៅ​តស៊ូ រហូត​ដល់​ដំណាក់កាល​ចុងក្រោយ មានន័យថា ក្លាហាន ប្រឈម​នឹង​ការដាក់ទទួល​ទោស ពន្ធនាគារ តាមការសម្រេច​របស់តុលាការ នោះ​លោកស្រី​នឹង​ក្លាយ​ជា​វីរៈនាទី នៅក្នុង​កែវភ្នែក​របស់​ប្រជាកសិករថៃ របស់​ក្រុមអ្នកគាំទ្រ​អាវក្រហម។ ដោយ​សុខចិត្ត ទទួល​ទោស​ពី​តុលាការ លោកស្រី​អាច​បង្ហាញថា លោកស្រី​ជា​ជនរងគ្រោះ​នយោបាយ ដែល​របបសឹក បាន​ប្រើ​ប្រព័ន្ធ​តុលាការ ជាឈ្នាន់ សម្រាប់ បង្រ្កាប​បំបិទ​មាត់ ចាប់ចង​ក្រុមប្រឆាំង។ បើសិន​លោកស្រី​ត្រូវ​តុលាការ​ផ្តន្ទាទោស នោះ​នឹង​មាន​អ្នកគាំទ្រ អាវក្រហម​ច្រើនណាស់ ដែល​នឹង​ចេញមុខ តវ៉ា ការពារ​លោកស្រី។ ពួកគេ​នឹង​អាច​ត្រលប់មក​ធ្វើ​បាតុកម្ម តវ៉ា និង​កាន់កាប់ផ្លូវ ក្នុង​ក្រុង​បាងកក ដូច​កាលពី​ប៉ុន្មាន​ឆ្នាំមុន។

បាតុកម្ម របស់​ក្រុមអាវក្រហម ដែល​អាចចូល​លុកលុយ បង្ក​ឲ្យ​មាន​ចលាចល នៅក្នុង​ក្រុង បាងកក មិនមែន​ជាអ្វី ដែល​រដ្ឋាភិបាលសឹក​របស់លោក​ប្រាយុទ្ធ ចាន់អូចា ប្រាថ្នា​ចង់​ឃើញនោះទេ ព្រោះថា នៅ​តែ​ពីរខែទៀត ប្រទេស​ថៃ ត្រូវ​រៀបចំ​ពិធី​ថ្វាយព្រះភ្លើង បូជា​សព អតីត​ព្រះមហាក្សត្រថៃ នៅ​ខែ​តុលាខាងមុខ។

សម្រាប់​រដ្ឋាភិបាល​សឹក គឺ ដូច​ដក​បន្លា​ចេញពី​ទ្រូង

របបសឹក​ចង់ឲ្យ​តុលាការ ផ្តន្ទាទោស​លោកស្រី យីងឡាក់ ព្រោះ​ដើម្បី​ចង់​បញ្ជាក់​ពី​ភាពស្របច្បាប់ និង​ចាំបាច់ ដែល​របបសឹក បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោកស្រីយីងឡាក់ ចេញពី​អំណាច​កន្លងមក។ ប៉ុន្តែ បើសិន លោកស្រី ត្រូវ​ជាប់ទោស​នៅ​ពន្ធនាគារ​ពិតមែន គឺ​លោកស្រី​យីងឡាក់ នឹង​ក្លាយ​ជា​វីរៈនារី ហើយនឹង​អាច​ប្រកូកប្រកាស​ឲ្យ​មាន​បាតុកម្ម​តវ៉ា ប្រឆាំង​នឹង​អំណាច​របបសឹក។ យោធា​ថៃ មិន​ចង់​ប្រើ​កម្លាំង ដាក់ខ្លួន តតាំង ប្រឆាំង​ប្រជាជន​នោះទេ ព្រោះថា ធ្វើ​ដូច្នេះ នឹង​ធ្វើ​ឲ្យ​ខូច​មុខមាត់​របស់​យោធា ដែល​រហូតមក​ទទួល​បាន​ការគោរព ស្រឡាញ់​ពី​ប្រជាជន​ថៃ ជាទូទៅ។

ប៉ុន្តែ បើសិន​លោកស្រី​យីងឡាក់ រត់គេច​ខ្លួន​បាត់អីចឹង ក្រុមយោធា ក៏​មិនចាំបាច់​មក​ត្រូវ​ប្រឈម​នឹង​ចលនា​តវ៉ា​របស់​ក្រុមអ្នកគាំទ្រ​របស់​ត្រកូល​ថាក់ស៊ីន​ដែរ។ គ្មានមេ គ្មាន​កើយ គឺ​ក្រុមអ្នកគាំទ្រ លោកស្រីយីងឡាក់ មិនអាច​ប្រមូលផ្តុំ​គ្នា មក​តវ៉ា​ប្រឆាំង​ដើម្បី​បុព្វហេតុ​របស់លោកស្រី​យីងឡាក់ដែរ។

ជារួម នៅពេល​លោកស្រី​យីងឡាក់​រត់គេច​ខ្លួន​យ៉ាងដូច្នេះ គឺ​របបសឹក​ថៃ ធូរស្រាល​ចិត្ត​ច្រើន គឺ​ដូច​ជា​ដកបន្លា​ពី​ទ្រូង មិន​មែន កើតទុក្ខ​នោះទេ។ តាម​ប្រភព​ព័ត៌មាន​ក្នុង​ស្រុក​ថៃ របបសឹក​ទំនង​បានបិទភ្នែក​​ជួយសម្រួល ឲ្យ​លោកស្រី យីងឡាក់​បាន​ចាកចេញ​ពី​ប្រទេស ដោយ​សុវត្ថិភាព នៅមុន​ការប្រកាស​សាលក្រម​នៅ​ថ្ងៃនេះ។ កាសែត​ថៃ មួយចំនួន បាន​សរសេរ​ថា លោកស្រី​យីងឡាក់ បាន​ចាកចេញ​ពី​ផ្ទះ ក្នុង​ក្រុង​បាងកក តាំង​ពី​ថ្ងៃ​យប់​ថ្ងៃ​ពុធ ម្ល៉េះ ដោយ​ជិះ​ក្នុង​រថយន្ត​ខ្មៅ​មួយ ដែល​អមដោយ​មន្រ្តីប៉ូលិស និង​ទាហាន​ថៃ។ ព័ត៌មាន​នេះអាច​គួរឲ្យ​គេ​ជឿបានដែរ ព្រោះថា​លោកស្រី យីងឡាក់ ដែល​តុលាការ​បាន​ហាមឃាត់ មិន​ឲ្យ​ចាកចេញ​ពី​ប្រទេស កាលពី​ឆ្នាំ ២០១៥ បាន​រស់នៅ ក្រោម​ការតាមដាន ជាប់​របស់​ពួកយោធា។ ដូច្នេះ គ្មាន​រឿងអ្វី ដែល​លោកស្រី អាច​លួច​រត់គេច​ចេញ​បាន​ពី​ផ្ទះ ដោយទាហាន​ថៃ មិន​ដឹង​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI