ភូមា

បង់ក្លាដែស​បិទភ្នែក មិនបើក​ដៃ​ស្វាគម​ជនជាតិ​រ៉ូហ៊ីងយ៉ា ដែល​រត់គេច​ពីអំពើ​ហិង្សា​នៅ​ភូមា

ឆ្មាំព្រំដែន​បង់ក្លាដែស ឈរ​ប្រចាំ​ការ​នៅ​Cox’s Bazar ដែលស្ថិតនៅ​ជាប់ព្រំដែន​ភូមា នៅថ្ងៃ​ទី ២៦ សីហា ២០១៧
ឆ្មាំព្រំដែន​បង់ក្លាដែស ឈរ​ប្រចាំ​ការ​នៅ​Cox’s Bazar ដែលស្ថិតនៅ​ជាប់ព្រំដែន​ភូមា នៅថ្ងៃ​ទី ២៦ សីហា ២០១៧ ©REUTERS/Mohammad Ponir Hossain

អាជ្ញាធរ​បង់ក្លាដែស នៅថ្ងៃ​អាទិត្យនេះ បាន​ចាប់បញ្ជូន ដោយ​បង្ខំ ជនជាតិ​រ៉ូហ៊ីងយ៉ា ៧០​នាក់ ដែល​បាន​ឆ្លង​ចូល​ទៅក្នុង​ទឹកដី​បង់ក្លាដែស នៅក្រោយ​រត់គេច​ពី​អំពើ​ហិង្សា នៅ​ប្រទេស​ភូមា។ តាំង​ពី​ថ្ងៃ​សុក្រ ការវាយប្រហារ និង​ប្រយុទ្ធគ្នា រវាង​ក្រុម​អ៊ីស្លាម​ជ្រុល​និយម រ៉ូហ៊ីងយ៉ា និង​កងទ័ព​ភូមា បាន​សម្លាប់​មនុស្ស​៨៩នាក់ និង​បាន​បង្ខំ​ឲ្យ​ប្រជាជន​រាប់​​ម៉ឺននាក់​រត់ចោល​ផ្ទះ​សម្បែង។ ក្នុង​ចំណោម​នោះ ជនជាតិ​ភាគតិច រ៉ូហ៊ីងយ៉ា កាន់​សាសនា​អ៊ីស្លាម​បាន​សម្រុក​ភៀសខ្លួន សំដៅ​ប្រទេស​បង់ក្លាដែស។

ផ្សាយពាណិជ្ជកម្ម

បង់ក្លាដែស​មិន​សណ្តោស ស្វាគម​ជនជាតិ​រ៉ូហ៊ីងយ៉ា។ ឆ្មាំព្រំដែន​បង់ក្លាដែស នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ បាន​ចាប់បញ្ជូន​ជនជាតិ​រ៉ូហ៊ីងយ៉ា ៧០ នាក់ ឲ្យ​ត្រលប់​ចូលទៅ​ភូមា​វិញ។ តាម​ប្រធាន​ប៉ូលិស​ស្រុក​បង់ក្លាដែស គេ​បាន​ស្ទាក់​ចាប់​ជនជាតិ​រ៉ូហ៊ីងយ៉ា ទាំងនោះ នៅក្នុង​ទឹកដី​បង់ក្លាដែស នៅពេល​ពួកគេ​ធ្វើដំណើរ​សំដៅ​ជំរំ​ជនភៀសខ្លួន ជាទី​ដែល​ជនជាតិ​រ៉ូហ៊ីងយ៉ា​រាប់ពាន់​នាក់​កំពុង​រស់នៅ​ក្នុង​ស្ថានភាព ដ៏​លំបាក​រួចហើយនោះ។

តាម​ប៉ូលិស​បង់ក្លាដែស ដែល​សុំមិន​បញ្ចេញ​ឈ្មោះ ជនជាតិ​រ៉ូហ៊ីងយ៉ា បាន​សុំ​អង្វរ កុំ​ឲ្យ​គេ​ចាប់បញ្ជូន​ពួកគេ ទៅ​ភូមាវិញ។ នៅ​រដ្ឋរ៉ាគីន នៅ​ប៉ែក​ខាងលិច​ភូមា ជនជាតិ​រ៉ូហ៊ីងយ៉ា កាន់​សាសនា​អ៊ីស្លាម​បាន​រត់គេច​ពី​អំពើហិង្សា និង​ការប្រយុទ្ធគ្នា រវាង​កងទ័ព​ភូមា និង​ក្រុមឧទ្ទាម​អ៊ីស្លាម​ជ្រុលនិយម ដែល​បាន​ផ្ទុះឡើង​នៅ​ថ្ងៃ​សុក្រ និង​ដែល​បាន​សម្លាប់​មនុស្ស​៨៩​នាក់។

ប៉ូលិស​បង់ក្លាដែស​បាន​ចាប់បញ្ជូន​ជនជាតិ​រ៉ូហ៊ីងយ៉ា​ទៅ​ទឹកដី​ភូមា ដោយ​មិន​ខ្វល់​ថា នៅ​ទីនោះ ទាហាន​ភូមា បាន​បាញ់​ទាំង កាំភ្លើង​ធំ និង​កាំភ្លើង​ស្វ័យប្រវត្តិ ទៅលើ​ប្រជាជន​ស៊ីវិល ដែល​រត់គេច​ពី​ប្រទេស។ តាំង​ពី​ការប្រយុទ្ធគ្នា​ផ្ទុះឡើង​នៅ​ថ្ងៃ​សុក្រ ប្រជាជន​រ៉ូហ៊ីងយ៉ា បាន​សម្រុក​រត់ភៀសខ្លួន​ទៅ​បង់ក្លាដែស ប៉ុន្តែ ឆ្មាំ​ព្រំដែន​បង់ក្លាដែស បាន​បដិសេធ មិន​ទទួល​ជួយ​ពួកគេ​នោះទេ។ ជា​លទ្ធផល ជនជាតិ​រ៉ូហ៊ីងយ៉ា រាប់ពាន់​នាក់ ដែល​ភាគច្រើន ជាស្រ្តី និង​កុមារ នៅ​ជាប់កក​នៅ​ព្រំដែន ទៅមុខ មិនរួច ទៅក្រោយ​ក៏មិនរួច។

រដ្ឋាភិបាល​ភូមា​វិញ បាន​បង្ហាញ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា អ្នកភូមិ​ដែល​មិន​កាន់​សាសនា​អ៊ីស្លាម​រាប់​ម៉ឺននាក់ ត្រូវ​បាន​គេ​ជម្លៀស​ចេញ​ផងដែរ​ពី​រដ្ឋ​រ៉ាគីន។ តាម​យោបល់​របស់​អ្នកដែល​ស្គាល់​ស្ថានភាព​នៅ​រដ្ឋ​រ៉ាគីន ការប្រយុទ្ធគ្នា​នៅ​រ៉ាគីន​មាន​ទ្រង់ទ្រាយ រូបរាង​ជា​ការងើប​បះបោរ ជាង​ការវាយប្រហារ​របស់​ពួកឧទ្ទាម​រ៉ូហ៊ីងយ៉ា។ ប្រភព​ពី​ខាង​ទាហាន​ភូមា​វិញ វាយតម្លៃ​ថា គេ​កំពុង​ប្រឈម​នឹង​ក្រុមធ្វើ​បដិវត្តន៍។ អ្នកភូមិ​បាន​កាន់​អាវុធ ប្រយុទ្ធ​គ្មាន​ខ្លាចស្លាប់ នៅ​ខាង​ពួកឧទ្ទាម​អ៊ីស្លាម​ជ្រុលនិយម។

ការវាយប្រហារ​របស់​ក្រុមឧទ្ទាម​រ៉ូហ៊ីងយ៉ា នៅ​ថ្ងៃ​សុក្រ កើតមាន​តែ​នៅ​មួយ​ថ្ងៃ​មុន ដែល​អតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោកកូហ្វី អាណាន់ បានព្រមាន​ពី​និន្នាការ​ជ្រុលនិយម​របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា កាន់​សាសនា​អ៊ីស្លាម។ នៅក្នុង​ឱកាស​បង្ហាញ​របាយការណ៍ នៅ​ថ្ងៃ​ព្រហស្បតិ៍ នៅភូមា លោក​កូហ្វី អាណាន់​បាន​និយាយ​ក្រើន​រំលឹក​ឲ្យ​រដ្ឋាភិបាល​ភូមា​ប្រញាប់​ដោះស្រាយ​វិបត្តិ​នៅ​រ៉ាគីន ព្រោះ​បើមិន​ដូច្នោះទេ អំពើហិង្សា ការធ្វើ​ទុក្ខបុកម្នេញ និង​អំពើ​អយុត្តិធម៌ នឹង​រុញច្រាន ជនជាតិ​រ៉ូហ៊ីងយ៉ា​ឲ្យ​ធ្លាក់​ទៅ​ក្នុង​ដៃ របស់​ពួកអ៊ីស្លាម ជ្រុលនិយម ដែល​អាច​បង្ក​អសន្តិសុខ និង​ភេរវកម្ម​នៅក្នុង​ទឹកដី​ភូមា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI