ភូមា

គណៈកម្មការ​អន្តរជាតិ​ព្រមាន​រដ្ឋាភិបាល​ភូមា​ពី​និន្នាការ​ជ្រុលនិយម​​របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា

អតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក​កូហ្វី អាណាន់​យល់​ព្រមធ្វើ​ជា​ប្រធាន​គណៈកម្មការ​អន្តរជាតិ សិក្សា​ទៅលើ​ជនជាតិ​រ៉ូហ៊ីងយ៉ា នៅភូមា តាមសំណើ​របស់​លោកស្រី ស៊ូជី
អតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក​កូហ្វី អាណាន់​យល់​ព្រមធ្វើ​ជា​ប្រធាន​គណៈកម្មការ​អន្តរជាតិ សិក្សា​ទៅលើ​ជនជាតិ​រ៉ូហ៊ីងយ៉ា នៅភូមា តាមសំណើ​របស់​លោកស្រី ស៊ូជី Romeo GACAD / AFP

គណៈកម្មការ​អន្តរជាតិ​មួយ ដែល​ដឹកនាំ​ដោយអតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក​កូហ្វី អាណាន់ បានអំពាវនាវ​នៅ​ថ្ងៃ​ព្រហស្បតិ៍ទី​២៤​សីហា ឲ្យ​រដ្ឋាភិបាល​ភូមា​ផ្តល់​សិទ្ធិសេរីភាព​ដល់​​ជនជាតិ​ភាគតិច រ៉ូហ៊ីងយ៉ា​ដែល​កាន់​សាសនា​អ៊ីស្លាម ព្រោះ​ថា បើមិន​ដូច្នេះ​ទេ ក្រុមជនជាតិ​រ៉ូហ៊ីងយ៉ា​ដែល​កំពុងរងគ្រោះ​ដោយសារ​ការធ្វើ​ទុក្ខបុកម្នេញ​នៅ​ភូមា នឹង​អាចប្រែ​ក្លាយ​ខ្លួន​ទៅ​ជា​ក្រុម​អ៊ីស្លាម​ជ្រុលនិយម។

ផ្សាយពាណិជ្ជកម្ម

អតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក​កូហ្វី អាណាន់​បាន​និយាយ​ព្រមាន​​ពី​និន្នាការ​ជ្រុលនិយម​របស់​ក្រុមជនជាតិ​​រ៉ូហ៊ីងយ៉ា នៅក្នុង​ឱកាសដែល​​លោក​បង្ហាញ​​​របាយការណ៍​ចុងក្រោយ​​ ស្តីពីស្ថានភាព​​របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា។ របាយការណ៍​របស់​គណៈកម្មការ​អន្តរជាតិ ដែល​ចាប់​ផ្តើម​ធ្វើ តាំង​ពី​ឆ្នាំ ២០១៦ និង ដឹកនាំ​ដោយ​លោក​កូហ្វី អាណាន់​ផ្តោត​ទាំងស្រុង​ទៅលើ​​រដ្ឋរ៉ាគីន ភាគខាង​លិច​ភូមា ជាទី ដែល​អំពើហិង្សា និង​ការវាយ​បង្រ្កាប​របស់​ទាហាន​ភូមា​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ បាន​ធ្វើ​ឲ្យ​ប្រជាជន​ភាគតិច​រ៉ូហ៊ីងយ៉ា រាប់សែន​នាក់ រត់ចាកចោល​​ផ្ទះសម្បែង ដែលនៅក្នុងនោះ ជាង​១សែននាក់ ធ្លាក់​ខ្លួន​រស់នៅ​​ក្នុង​ជំរំ​ជនភៀសខ្លួន​ដ៏​អត្តខាត់។

សម្រាប់​លោកកូហ្វី អាណាន់ គេ​គ្មាន​ពេល​ច្រើន​ទៀត​នោះទេ។ ស្ថានភាព​នៅ​រដ្ឋរ៉ាគីន​កាន់​តែដុនដាប គ្មាន​ស្ថិរភាព។ តាម​របាយការណ៍​របស់​គណៈកម្មការ​អន្តរជាតិ គេត្រូវ​រក ដំណោះស្រាយ​ឲ្យ​បាន​ឆាប់​បំផុត បើ​មិន​ដូច្នោះទេ គេ​ត្រូវ​​ប្រឈម​នឹង​និន្នាការ​កាន់​តែ​ជ្រុលនិយម​របស់​សហគមន៍​សាសនា​ទាំងពីរ គឺទាំង​អ្នកកាន់​សាសនា​​អ៊ីស្លាម ហើយ​និង​ក្រុមពុទ្ធសាសនិក។​ នៅប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ ​ក្រុម​សង្ឃ​ភូមានិយមជ្រុល​មាន​កាន់តែច្រើន​នៅភូមា និង​បាន​ញុះញង់​ឲ្យ​គេ​ធ្វើបាប​ស្អប់​ជនជាតិ​រ៉ូហ៊ីងយ៉ា កាន់​សាសនា​អ៊ីស្លាម ដែល​ក្រុម​សង្ឃ​ទាំងនោះ​​ចាត់ទុក​ជា​ការគំរាមកំហែង​ដល់​ពុទ្ធសាសនា​នៅ​ភូមា។

“ប្រសិន​បើ​គេ​មិន​ចាប់អារម្មណ៍​ មិន​ដោះស្រាយ​បណ្តឹង​ទុក្ខ​របស់​ប្រជាជន នោះ​ប្រជាជន​នឹង​ងាយ​ផុងខ្លួន ងាក​ទៅ​ជឿ​ការឃោសនា​របស់​ក្រុមជ្រុលនិយម។” នេះ​ជា​ការនិយាយ​ក្រើនរំលឹក​របស់​លោក​កូហ្វី អាណាន់។ កងទ័ព​​ភូមា​វិញបាន​ចោទប្រកាន់រួចទៅហើយ ​​ក្រុមជនជាតិ​រ៉ូហ៊ីងយ៉ា​ថា ជា​ក្រុមភេរវនិយម​ដែល​បាន​វាយប្រហារ និង​សម្លាប់​ប៉ូលិស​ប្រចាំប៉ុស្ត​មួយ នៅ​រដ្ឋ​រ៉ាគីន កាលពី​ឆ្នាំ ២០១៦។ ក្នុង​ហេតុផល​ប្រយុទ្ធប្រឆាំង​​ក្រុម​អ៊ីស្លាមជ្រុលនិយម​ កងទ័ព​ភូមា​បាន​ចូល​ទៅ​រឹតបន្តឹង​ខ្លាំង នៅរដ្ឋរ៉ាគីន។ ប៉ុន្តែ ក្រុមអ្នកការពារ​សិទ្ធិមនុស្ស​បាន​រកឃើញថា ទាហានភូមា​បាន​ប្រព្រឹត្ត​​ ហិង្សា​សម្លាប់មនុស្ស ហើយ​និង​រំលោភ​ផ្លូវភេទទៅលើ​ស្រ្តីជាតិ​រ៉ូហ៊ីងយ៉ា។ អង្គការ​ការពារ​សិទ្ធិមនុស្ស​ធ្លាប់​បាន​រិះគន់​ផងដែរ ថា ទាហាន​ភូមា​បាន​ បិទសិទ្ធិ​​ជនជាតិ​រ៉ូហ៊ីងយ៉ា និង​បាន​រារាំង​មិនឲ្យ​អង្គការ​អន្តរជាតិ ​អាច​ទៅ​ផ្តល់ជំនួយ​ផ្នែក​សុខភាព អប់រំ​ដល់​ជនជាតិ​រ៉ូហ៊ីងយ៉ា នៅក្នុង​ជំរំ។

នៅក្នុង​របាយការណ៍របស់ខ្លួន នៅ​ថ្ងៃ​ម្សិលមិញ គណៈកម្មការ​អន្តរជាតិ​បាន​លើកឡើង​ពី​សារៈសំខាន់​នៃ​ការបិទ​ជំរំ​ជនផ្លាស់ទី និង​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ភូមា​​គិតគូរ​ ផ្តល់​ជំរករស់នៅ​ឲ្យ​បាន​សមរម្យ​ដល់​ជនជាតិ​រ៉ូហ៊ីងយ៉ា​ដែល​ភាគច្រើន​បាន​រត់គេច​ចេញពីផ្ទះសម្បែង ដោយសារ​តែ​ ជម្លោះ​សាសនា​​ដ៏​ហិង្សា ដែល​បាន​ផ្ទុះឡើង ​នៅ​ភូមា ចាប់តាំង​ពី​ឆ្នាំ ២០១២​មក។ របាយការណ៍ និង​អនុសាសន៍​របស់​គណៈកម្មការ​ត្រូវ​បាន​បញ្ជូន​រួចហើយ​ទៅ​រដ្ឋាភិបាល​របស់លោកស្រី​អ៊ុងសាន ស៊ូជី ប៉ុន្តែ គេនៅមិនទាន់​ដឹងថា តើ​លោកស្រីនឹង​ឆ្លើយ​តប​យ៉ាងណា​នោះទេ។ យ៉ាងណាក៏ដោយ គេ​ដឹងថា គឺ​​លោកស្រី​ស៊ូជី​ផ្ទាល់​ដែល​ជា​ផ្តួចផ្តើម​គំនិត ឲ្យ​គេ​បង្កើត​​​គណៈកម្មការ​អន្តរជាតិ​មួយសិក្សា​ទៅលើ​វិបត្តិ​ជនជាតិ​រ៉ូហ៊ីងយ៉ា ដែល​លោកស្រី​សង្ឃឹមថា នឹង​អាច​ ជួយផ្តល់​គំនិត សម្រាប់​​ព្យាបាល​មុខដំបៅនៅ​ភូមា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI