៣០ សីហា ទិវាអន្តរជាតិនៃជនរងគ្រោះដោយបាត់ខ្លួន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ចំនួនជនបាត់ខ្លួនបានកើនឡើងនៅពាសពេញពិភពលោក ! នេះជាសម្រែកអាសន្នរបស់ក្រុមជំនាញឯករាជ្យនៃអង្គការសហប្រជាជាតិ នាឱកាសទិវាអន្តរជាតិនៃជនរងគ្រោះបាត់ខ្លួនដោយបង្ខំ ថ្ងៃទី ៣០ សីហា។ កម្មវត្ថុសំខាន់មួយដែលអង្គការសហប្រជាជាតិចង់ផ្សព្វផ្សាយនាថ្ងៃនេះ គឺអូសទាញរដ្ឋជាសមាជិកឱ្យផ្តល់សច្ចាប័នលើសន្ធិសញ្ញា Ad hoc ឱ្យមួយទ្វេជាពីរក្នុងរយៈពេល៥ឆ្នាំទៀត។
ទិវាអន្តរជាតិនៃជនរងគ្រោះបាត់ខ្លួនដោយបង្ខំ ឬទិវាអន្តរជាតិនៃជនបាត់ខ្លួន ជាព្រឹត្តិការណ៍ពិភពលោកមួយដែលប្រារព្វធ្វើឡើងនៅរៀងរាល់ថ្ងៃទី ៣០ សីហា ដើម្បីរំលឹក និងទាក់អារម្មណ៍ពិភពលោកឱ្យគិតគូរដល់ជោគវាសនា នៃជនរងគ្រោះ ដែលរងការរំលោភបំពានសិទ្ធិមនុស្ស ដែលជាប់ឃុំឃាំង ដោយគ្មានទោសពៃរ៍ ក្នុងទីកន្លែងដ៏អាថ៌កំបាំង និងដោយគ្មានបានផ្តល់ដំណឹងដល់ក្រុមគ្រួសារ។
ទិវានេះមានកំណើតនៅឆ្នាំ១៩៨៣ ក្រោមគំនិតផ្តួចផ្តើមរបស់សហព័ន្ធសមាគមអាមេរិកឡាទីន ដែលប្រមូលផ្តុំក្រុមការងារមូលដ្ឋាន និងតំបន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការចាប់ខ្លួនដោយសម្ងាត់ ពីសំណាក់ថ្នាក់ដឹកនាំយោធា នៅអាមេរិកឡាទីន។ ប៉ុន្តែគេត្រូវរង់ចាំដល់ឆ្នាំ២០១០ទើបអង្គការសហប្រជាជាតិ ចេញសេចក្តីសម្រេចប្រកាសយកថ្ងៃទី ៣០ សីហា ជាទិវាពិភពលោកនៃជនរងគ្រោះដោយបាត់ខ្លួន។ សេចក្តីសម្រេចអង្គការសហប្រជាជាតិ ក៏បានបង្ហាញអំពីការព្រួយបារម្ភរបស់ខ្លួនថាមានករណីបាត់ខ្លួនដោយបង្ខំ និងផ្ទុយពីឆន្ទៈ រីករាលដាលពាសពេញពិភពលោក។ ការបាត់ខ្លួន ការចាប់ខ្លួន ការឃុំឃាំង និងការចាប់ជំរិត ព្រមទាំងបង្ក្រាបបំភិតបំភ័យ សាក្សី ឬក្រុមគ្រួសារអ្នកបាត់ខ្លួន ត្រូវបានរាប់បញ្ចូលថាជា ការបាត់ខ្លួនដោយបង្ខំទាំងអស់ និងជាការរំលោភសិទ្ធិមនុស្ស ដែលត្រូវបានទទួលការការពារពីច្បាប់ទាំងអស់។
យុទ្ធសាស្ត្របំភិតបំភ័យ - បាត់ខ្លួនសកម្មជនបក្សប្រឆាំង
សម្រាប់អង្គការសហប្រជាជាតិ ការបាត់ខ្លួនដោយបង្ខំ គឺជាយុទ្ធសាស្ត្រសាបការភ័យខ្លាចនៅក្នុងសង្គម។ ទង្វើបែបនេះបានបំផុសឱ្យមានអារម្មណ៍ថារស់ក្នុងអសន្តិសុខ ៖ អសន្តិសុខទាំងសម្រាប់បុគ្គលផ្ទាល់ផង និងក្រុមគ្រួសារផង ហើយរាលដាលដល់សហគមន៍ទាំងមូលទៀត។ យុទ្ធសាស្ត្រនេះត្រូវបានគេប្រើប្រាស់ច្រើននៅតាមបណ្តាប្រទេសផ្តាច់ការ ប្រទេសដឹកនាំដោយរបបសឹក។ បច្ចុប្បន្ននេះ នយោបាយបំបាត់ខ្លួនដោយបង្ខំ បានក្លាយជាអនុវត្តនៅក្នុងជម្លោះផ្ទៃក្នុងប្រទេសដ៏ស្មុគស្មាញ។
បើតាមប្រសាសន៍លោក houria Es-Slami ប្រធានក្រុមការងារអង្គការប្រជាជាតិស្តីពីការបាត់ខ្លួនដោយបង្ខំ បច្ចុប្បន្ននេះ យុទ្ធសាស្ត្របាត់ខ្លួនដោយបង្ខំបានក្លាយជាមធ្យោបាយបង្ក្រាបនយោបាយ បង្ក្រាបបក្សប្រឆាំងនយោបាយ។ ទង្វើខ្លះទៀតមានលក្ខណៈគួរឱ្យព្រួយបារម្ភមែនទែន ដូចជា ៖ ការធ្វើទុកបុកម្នេញឥតល្ហែលើសកម្មជនសិទ្ធិមនុស្ស ក្រុមគ្រួសារនិងជំនិតរបស់ជនរងគ្រោះ សាក្សី មេធាវី ដែលមានពាក់ព័ន្ធនឹងជនបាត់ខ្លួន។
ស៊ីរី កូរ៉េខាងជើង បានអនុវត្តវិធីសាស្ត្រនេះជាស្វ័យប្រវត្តិ។ អ៊ីរ៉ាក់ដ៏ធ្វើតាមដែរ។ ហេតុដូច្នេះហើយបានជាក្រុមការងារអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យក្រុមប្រឹក្សាប្តឹងទៅតុលការអន្តរជាតិ។ ប្រទេសមួយចំនួនផ្សេងទៀត បានយកលេសប្រយុទ្ធប្រឆាំងនឹងអំពើភេរវនិយម មកធ្វើជាខែលដើម្បីបិទបាំង ការចាប់ខ្លួនដោយបង្ខំ។ មួយចំនួនផ្សេងទៀត ដូចយ៉ាងម៉ិចស៊ិកជាឧទាហរណ៍ ប្រើពាក្យប្រយុទ្ធប្រឆាំងនឹងក្រុមឧក្រិដ្ឋជន ជារនាំង។
កាន់តែធ្ងន់ធ្ងរទៅទៀត គឺគ្មានការដាក់ទោសលើអ្នកប្រព្រឹត្តខុសសោះ។
បើនៅអាហ្វ្រិកវិញ សា្ថនការណ៍កាន់តែយ៉ាប់យឺន។ ហើយមានប្រទេសតែប្រមាណ១០ប៉ុណ្ណោះ ដែលបានចុះហត្ថលេខាទទួលស្គាល់សន្ធិសញ្ញាការពារពលរដ្ឋពីការបាត់ខ្លួនដោយបង្ខំ។ ម្យ៉ាងវិញទៀត ក្រុមប្រទេសដែលមានប្រព្រឹត្តនយោបាយបំភ័យបំបាត់ខ្លួន កម្រនឹងបើកទ្វារឱ្យក្រុមជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ចុះទៅដល់ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ការចាប់ខ្លួននោះឡើយ។ មានប្រទេសយ៉ាងតិចតួចបំផុត ដែលព្រមអញ្ជើញមន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិឱ្យចូលស្រុក។
សន្ធិសញ្ញាអន្តរជាតិស្តីអំពីបញ្ហាបាត់ខ្លួនដោយបង្ខំ
អង្គការសហប្រជាជាតិមានស្ថាប័នទទួលបន្ទុកការពារជនរងគ្រោះពីការបាត់ខ្លួនដោយបង្ខំ តាំងពីឆ្នាំ២០០៣មក។ ជាគណៈកម្មការសិទ្ធិមនុស្សដែលមានរចនាសម្ព័ន្ធនិងគម្រោងច្បាស់លាស់ការពារជនរងគ្រោះ។ គណៈកម្មការបានថែមទាំងអនុម័តសន្ធិសញ្ញាអន្តរជាតិ ស្តីពីការពារពលរដ្ឋប្រឆាំងនឹងការបាត់ខ្លួនដោយបង្ខំ ឬសន្ធិសញ្ញាAd hoc តាំងពីឆ្នាំ២០០៦មក។ ប៉ុន្តែមានប្រទេសជាសមាជិកប្រមាណតែ ៥៧ ប្រទេសប៉ុណ្ណោះ បានផ្តល់សច្ចាប័ន។ នាឱកាសទិវាអន្តរជាតិថ្ងៃនេះ អង្គការសហប្រជាជាតិបានបើកយុទ្ធនាការឃោសនា ក្នុងកម្មវត្ថុអូសទាញប្រទេសបានច្រើនមួយទ្វេពីរ ពីពេលនេះដល់ឆ្នាំ២០២២ឱ្យព្រមទទួលយកនិងផ្តល់សច្ចាប័នដល់សន្ធិសញ្ញា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ