អានតួអត្ថបទ
រុស្ស៊ី-អាមេរិក-កូរ៉េខាងជើង

ម៉ូស្គូ​អំពាវនាវ ក្រុងវ៉ាស៊ីនតោន កុំឲ្យ​ប្រើ​កម្លាំង​ទល់​នឹង កូរ៉េខាងជើង

ទង់​ជាតិ​អាមេរិក និង​រុស្ស៊ី នៅ​ព្រលាន​យន្តហោះ​ក្រុង​ម៉ូស្គូ នៅពេល​ប្រមុខការបរទេស​អាមេរិក​ទៅ​ម៉ូស្គូ
ទង់​ជាតិ​អាមេរិក និង​រុស្ស៊ី នៅ​ព្រលាន​យន្តហោះ​ក្រុង​ម៉ូស្គូ នៅពេល​ប្រមុខការបរទេស​អាមេរិក​ទៅ​ម៉ូស្គូ REUTERS/Maxim Shemetov
ដោយ៖ កែវ ឆាយា
១២ នាទី

ពេល​សន្ទនា​តាមទូរស័ព្ទ ជាមួយ​សមភាគី​អាមេរិកាំង ក្នុងយប់​ថ្ងៃ​ពុធ​ឆ្លងចូល ថ្ងៃព្រហស្បតិ៍ លោក​រដ្ឋមន្ត្រី​ការបរទេសរុស្ស៊ី ស៊ែរហ្គៃ ឡាវ្រ៉ូវ បានអំពាវនាវ ក្រុងវ៉ាស៊ីនតោន កុំឲ្យ​ប្រើកម្លាំង​យោធា ទល់ នឹង​កូរ៉េខាងជើង​ឡើយ ក្រោយពី​ប្រទេស​នេះ បាន​បាញ់កាំជ្រួច​មីស៊ីល ហោះ​កាត់ពី​លើដែនដី​ជប៉ុន កាលពី ថ្ងៃអង្គារកន្លងទៅ។

ផ្សាយពាណិជ្ជកម្ម

ជាបឋម គួរនិយាយ​ថា គឺ​លោកប្រមុខការទូត​អាមេរិកាំង Rex Tillerson ដែល​បាន​ភ្ជាប់​ខ្សែទួរស័ព្ទ មក​លោករដ្ឋមន្ត្រី​កាបរទេស​រុស្ស៊ី ស៊ែរហ្គៃ ឡាវ្រ៉ូវ។ នាកិច្ចសន្ទនា​នោះ អ្នកការទូតកំពូល​របស់រុស្ស៊ី បាន ក្រើនរំលឹក ទៅសមភាគី​អាមេរិកាំង “ អំពី​ភាពចាំបាច់ ត្រូវចៀសវាងពី​រាល់​វិធានការ​យោធាណា​ក៏ដោយ ដែល ផលវិបាក​របស់វា​មិនអាច​ទស្សន៍​ទាយ​ជាមុន​ឡើយ។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ការបរទេស​រុស្ស៊ី អំពី​កិច្ចសន្ទនានេះ លើក​ឡើង តមក​ទៀតថា លោកឡាវ្រ៉ូវ ចាត់ទុក ការរឹត​បន្តឹង​ទណ្ឌកម្ម​ប្រឆាំង​ក្រុងព្យុងយ៉ាង ថា ជាទង្វើដែល “ ហុច​ផល​បញ្ច្រាស” ទៅវិញ ហើយ ថែមទាំង”គ្រោះថ្នាក់“ ទៅផង។ តាមមតិ​គាត់ គឺគ្មានជម្រើស​ណាផ្សេង ក្រៅពី​ផ្លូវ នយោបាយ-ការទូត ឡើយ សម្រាប់​លុបទៅ​វិញ ភាពតានតឹងនៅ​ឧបទ្វីប​កូរ៉េ។

ក្រោយពីលោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​កំញើញ ជះ “ ភ្លើង និង​កំហឹង” ទៅលើក្រុងព្យុងយ៉ាង រួចបន្ទាប់មក មាន​ប្រព្រឹត្តទៅ ការបាញ់​យ៉ាង​សំញែង ដោយកូរ៉េខាងជើង គ្រាប់មីស៊ីលខ្លួន ហោះឆ្លងកាត់​ពី លើ​ប្រទេសជប៉ុន​តែម្តង ភាពតានតឹង​នោះ ក្នុង​មួយខែកន្លងទៅ បាន​ទ្វេឡើង ជាពីរដង​ទៅហើយ។

ក្រុងព្យុងយ៉ាង ប្រកាស​ថា ការបាញ់​បង្ហោះ៣ថ្ងៃ មុននោះ គ្រាន់តែ​ជាការសមជើង ដើម្បីនៅថ្ងៃ​ក្រោយ បាញ់ ផ្តក់​ទៅលើ មូលដ្ឋានយោធា​អាមេរិកាំង នៅកោះ Guam ក្នុងមហា​សមុទ្រ​ប៉ាស៊ីហ្វិក។

ទាំងលោកឡាវ្រ៉ូវ ទាំងលោក Tillerson សុទ្ធតែបាន​ផ្តន្ទាទោស ដល់​ការបាញ់គ្រាប់មីស៊ីល​នោះ ដែល​ជា ការ” រំលោភបំពាន ជាក់ស្តែង​មួយលើកថ្មីទៀត ដោយក្រុងព្យុងយ៉ាង លើ សេចក្តីសម្រេច​នានា ចេញដោយ ក្រុមប្រឹក្សា​សន្តិសុខ អសប។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី លោកស្រី Maria Zakharova ក្នុងសន្និសីទ​សារព័ត៌មាន ម្សិលមិញ បានបរិហារ ”ការប្រជែងគ្នា​ចង់ប្រើកម្លាំង ដែល​នឹងច្រាន​តំបន់​ឦសានទ្វីបអាស៊ី ទៅក្នុង​ជ្រោះជ្រៅនៃ​ជម្លោះ អាវុធ”​ ហើយគាត់បាន​អំពាវនាវ គ្រប់ប្រទេស ឲ្យគាំទ្រ បណ្ណ​នាំផ្លូវ ស្នើដោយ ម៉ូស្គូ និង ប៉េកាំង គឺ ឲ្យ កូរ៉េខាង ជើង បញ្ឈប់​ការបាញ់សាកល្បងរាល់​មីស៊ីល ដោយ​ក្នុងពេលជាមួយគ្នា កូរ៉េខាងត្បូង និង អាមេរិក ក៏ឈប់ធ្វើ សមយុទ្ធយោធា​រួមគ្នាដែរ នៅលើទឹកដី​ជាប់នឹង​កូរ៉េខាងជើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ