អានតួអត្ថបទ

ចិន​កំពុង​ពិចារណាផែនការ​ហាម​ឃាត់ការផលិត​​​រថយន្ត​ប្រើ​ប្រេងសាំង​និង​ម៉ាហ្ស៊ូត​

ផ្សែង​រថយន្ត​ផ្តល់​ផលប៉ះពាល់​ខ្លាំង​ដល់​បរិស្ថាន
ផ្សែង​រថយន្ត​ផ្តល់​ផលប៉ះពាល់​ខ្លាំង​ដល់​បរិស្ថាន Getty Images/Luke MacGregor
ដោយ៖ អៀង សុខម៉ិញ
១៥ នាទី

ចិន​កំពុង​ដេញ​ឱ្យ​ទាន់​បារាំង​និង​អង់គ្លេស​ឬ ? ចិន​ ទី​ផ្សារ​រថយន្ត​ដ៏​ធំ​បង្អស់​នៅលើ​ពិភពលោក​ បាន​ប្រកាស​​ថា​កំពុង​សិក្សាលើ​​កាល​បរិច្ឆេទ​ សម្រាប់​ ហាម​ឃាត់​ការ​ផលិត​ និង​លក់​រថយន្ត​ ដើរ​ដោយ​ថាមពល​ផូស៊ីល (ប្រេង​ម៉ាហ្ស៊ូត និង​ប្រេង​សាំង)។ នេះ​ជា​កម្មវត្ថុ​ប្រកប​ដោយ​មហិច្ឆតា ក្នុង​អត្ថន័យ​ផ្តល់​សន្ទុះ​​ដល់​ការ​អភិវឌ្ឍន៍​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គីសនី។

ផ្សាយពាណិជ្ជកម្ម

តើ​នរណា​នឹង​សម្រេច​កម្មវត្ថុ​បានលឿន​ជាង ?! មិន​មែន​មាន​តែ​​អង់គ្លេស​និង​បារាំងទេ ដែល​​​ចង់​ហាមឃាត់​ការ​លក់​រថយន្ត​ប្រើ​​ប្រេង​ម៉ាហ្ស៊ូត និង​សាំង ចាប់​ពី​ឆ្នាំ​២០៤០​នោះ ចិន​ពេល​នេះ​ក៏​កំពុង​ពិចារណា​ និង​ធ្វើ​ការ​ស្រាវជ្រាវ​លើ​ប្រធានប​ទ​នេះដែរ។ ហើយចិន​នឹង​អាច​ផ្តល់​​កាល​បរិច្ឆេទ ក្នុង​ពេលឆាប់ៗ​ខាង​មុខ​។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់អនុរដ្ឋមន្ត្រី​​ក្រសួង​ឧស្សាហកម្ម​និង​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា នៅ​ចំពោះ​មុខ​វេទិកា​រថយន្ត​ក្រុង​ជៀនជិន Tianjin។

សម្រាប់​លោក​រដ្ឋមន្ត្រី​ ជាមួយ​នឹង​វិធានការ​នេះ​ ចិន​នឹង​មាន​ការ​ប្តូរ​ផ្លាស់​ស៊ីជម្រៅ​ខ្លាំង ក្នុង​វិស័យ​បរិស្ថាន​ និង​ឧស្សាហកម្ម​រថយន្ត។ ក្រុមហ៊ុន​ទាំង​ឡាយ​ត្រូវ​បង្ខំ​ចិត្ត​គោរព​តាម​បទ​បញ្ជា ដោយ​ធ្វើប្រឹង​សន្សំ​សំចៃ​ការប្រើរថយន្ត​​ដើរ​ថោយ​ថាមពល​ចាស់ (ប្រេង) និង​ងាក​ទៅ​អភិវឌ្ឍន៍​​​រថយន្ត​​ប្រើ​ថាមពល​ស្អាត។

ថ្វី​បើ​ចិន​ពុំ​ទាន់​កំណត់​ពេល​វេលា​ហាមឃាត់​បានមែន​ ប៉ុន្តែ​ដំណឹង​នេះជា​តំណាង​មហិច្ឆតា​ដ៏​ធំ​ដែល​រដ្ឋាភិបាល​ត្រូវ​ជំនះ​ឱ្យ​បាន ៖ ចិន​ជា​ទីផ្សារ​រថយន្ត​លំដាប់​លេខ​មួយ​នៅ​លើ​ពិភពលោក ដោយ​មាន​ការ​លក់កើន​ឡើង​​​ដល់​ទៅ​១៤%​នៅ​ឆ្នាំ​កន្លង​ទៅ ពោល​គឺ​២៨​លាន​គ្រឿង ក្នុង​នោះ ជាង​២៤​លាន​គ្រឿង​ជាការ​ទិញ​ប្រើ​របស់​ឯកជន។ ការ​លក់​រថយន្ត​ប្រើ​ថាមពល​ស្អាត តំណាង​ឱ្យ​​តែ​១,៧%​ប៉ុណ្ណោះ។​ ប៉ុន្តែ​ទីផ្សារ​នេះ​មាន​ភាព​ទាក់ទាញ​ខ្លាំង និងមាន​និន្នាការ​​ស្ទុះ​ឡើង​យ៉ាង​គំហុក​ ដល់​ទៅ ៥៣% នៅ​ឆ្នាំ​២០១៦ ដោយ​សារ​តែ​រដ្ឋាភិបាល​​​មាន​នយោបាយ​ផ្តល់​ប្រាក់​លើក​ទឹក​ចិត្ត​និង​សម្រួល​ការ​ផ្តល់​ផ្លាក់​លេខ​ ចំពោះ​រថយន្ត​ប្រើ​អគ្គីសនី។

របប​កុម្មុយនិស្តចិន ដែល​ប្រទេស​ធ្លាប់​ជាប់ឈ្មោះ​អាក្រក់​​ខាង​ផ្នែក​បំពុល​បរិស្ថាន បាន​ ​ជំរុញនិង​លើក​ទឹក​ចិត្ត​ពលរដ្ឋ​ផង​ និង​ផ្តល់​កម្លាំង​ដល់​ក្រុមហ៊ុន​ឧស្សាហកម្ម​រថយន្ត​ ដោយ​បាន​លើក​​ច្បាប់ដំឡើង​​កូតាកម្ចី​ហរិញ្ញវត្ថុ​​​​​​​ទិញ រថយន្ត​ស្អាត​ ចាប់​ពី​ដើម​ឆ្នាំ​២០១៨​ទៅ។​

ភាគ​ហ៊ុន​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គីសនីចិន​​BYD បាន​ស្ទុះ​ឡើង​ដល់​ទៅ​៦%​នៅ​ព្រឹក​មិញ។ ឯ​ក្រុមហ៊ុន​ផលិតរថយន្តបរទេស​ ដូច​យ៉ាង​វ៉ុលវ៉ាហ្កែន​ កំពុង​ស្រក់​ទឹក​មាត់​ ចង់​បង្កើន​ផលិតផល​របស់​ខ្លួន​ឱ្យ​បាន​កាន់​តែ​ឆាប់​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវការ​របស់​ទីផ្សារ​យក្ស​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ