​ចិន

ចិន​បង្ហាញ​​កប៉ាល់​សង់​កោះ ដ៏​ធំ​មិន​ធ្លាប់​មាន នៅ​អាស៊ី

កប៉ាល់​ចិន​បូមខ្សាច់​ដើម្បី​សង់ឆ្នេរ​នៅ​ប្រទេស​ស្រីលង្កា
កប៉ាល់​ចិន​បូមខ្សាច់​ដើម្បី​សង់ឆ្នេរ​នៅ​ប្រទេស​ស្រីលង្កា ©ISHARA S. KODIKARA / AFP

ប្រទេស​ចិន នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ បាន​ដាក់​បណ្តែត​ទឹក កប៉ាល់ បូម បឺត​ដីខ្សាច់​ដ៏ធំ​ជាងគេ​បង្អស់​នៅ​អាស៊ី។ វិទ្យាស្ថាន​ស្រាវជ្រាវ និង​រចនា​កងម៉ារីន បាន​ហៅ​កប៉ាល់​យក្ស​នោះថា កប៉ាល់​ផលិត​កោះ ដ៏​អស្ចារ្យ ដែល​មិនធ្លាប់​មាន​នៅ​អាស៊ី។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​រដ្ឋចិន China Daily នៅ​ថ្ងៃ​សៅរ៍ទី​៤ វិច្ឆិកា។

ផ្សាយពាណិជ្ជកម្ម

កប៉ាល់​ដែល​ក្រុមហ៊ុន​វិស្វកម្ម​ជើងទឹក​ចិន ដាក់​បណ្តែត​ចុះ​ទឹក នៅ​ខេត្ត​ជៀនសូ នៅថ្ងៃ​សុក្រ​ម្សិលមិញ មាន​ឈ្មោះ​ថា ធានឃុន ទម្ងន់ ១ម៉ឺន ៧ពាន់​តោន និង​ប្រវែង ១៤០​ម៉ែត្រ។ ធានឃុន​ជា​ប្រភេទ​កប៉ាល់​កាត់ បឺត និង​បូមខ្សាច់ ដែល​ក្រុង​ប៉េកាំង ធ្លាប់​ប្រើ​សម្រាប់​សាងសង់​កោះ​សិប្បនិម្មិត ក្នុង​តំបន់​មាន​ជម្លោះ នៅ​សមុទ្រ​ចិន​ខាងត្បូង។

តាម​កាសែត​រដ្ឋ​ចិន China Daily ធានឃុន អស្ចារ្យ​ជាង​កប៉ាល់​មុនៗ ព្រោះថា វា​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ក្នុង​ស្រុកចិន មាន​សមត្ថភាព បូមដីខ្សាច់ ឬ​ដីឥដ្ឋ បាន ដល់​ទៅ ៦ពាន់​ម៉ែត្រគូប ក្នុង​មួយម៉ោង ក្នុង​ជម្រៅ​ទឹក ៣៥ម៉ែត្រ គឺ​ស្មើ​នឹង​ការជីក​បង្កើត​អាង​ហែលទឹក ដល់​ទៅ​បី។ កាសែត​រដ្ឋចិន នៅ​បាន​លើក​សរសើរ​ថា កប៉ាល់​បូមខ្សាច់ ធានឃុន ដែល​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ មិនចាំបាច់​មាន​មនុស្ស បញ្ជារ​ជាអចិន្រ្តៃយ៍ នៅ​មាន​សមត្ថភាព បាញ់​បញ្ជូន ដីខ្សាច់ ដីឥដ្ឋ ដល់​ទៅ​ចម្ងាយ ១៥​គីឡូម៉ែត្រ។

សម្រាប់ ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​រចនា​កងម៉ារីន ដែល​ជាម្ចាស់​គូរប្លង់ កប៉ាល់ ជាមួយ​បច្ចេកវិទ្យា​ទំនើប កប៉ាល់​ធានឃុន អាច​បូមដីខ្សាច់ ​កាត់ផ្កាថ្ម ប៉ប្រះទឹក តាម​មាត់សមុទ្រ ឬ សាងសង់​កោះ​សិប្បនិម្មិត ទោះ​ក្នុង​កាលៈទេសៈ អាកាសធាតុ​មិន​ល្អក្តី។ កប៉ាល់ ធានឃុន ត្រូវ​បាន​ចាប់សាងសង់​តាំង​ពី​ដើម​ឆ្នាំ ២០១៦ នឹង​អាច​ដាក់​ឲ្យ​ដំណើរការ​ពេញលេញ ចាប់ពី​ខែ មិថុនា​ឆ្នាំក្រោយ។ ធានឃុន​នឹង​ក្លាយ​ជា​កប៉ាល់​ធំជាងគេ នៅ​អាស៊ី ដែល​មាន​សមត្ថភាព ប្រែក្លាយ​តំបន់​ថ្មប៉ប្រះទឹក ឲ្យទៅ​ជា​កូនកោះ​សិប្បនិម្មិត។ រហូត​មក​ដល់​ពេលនេះ ចិន​ប្រើ​កប៉ាល់​ឈ្មោះ ធានជីង ដែល​ផលិតរួម​គ្នា ដោយ​ចិន និង​អាល្លឺម៉ង់ ដើម្បី​បូមដី​ខ្សាច់ សាងសង់​កោះ​សិប្បនិម្មិត នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ជាទី​ដែល​ចិន​កំពុង​ជាប់​មាន​ជម្លោះ​ជាមួយ ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ព្រុយណេ និង​តៃវ៉ាន់។

ចិន​ដែលទាមទារ ​គ្រប់គ្រង​ធ្វើ​ជាម្ចាស់​តែម្នាក់ឯង លើ​សមុទ្រ​ចិន​ខាងត្បូង (ជាទី​ដែលមាន​ចរាចរណ៍​ទំនិញ​តម្លៃ ៥ពាន់ ពាន់​លាន​ដុល្លារអាមេរិក) ទើប​អះអាង​ថ្មីៗនេះ​ថា ខ្លួន​ទើប​បញ្ចប់ ការសាងសង់ ហេដ្ឋារចនា​សម្ព័ន្ធ​លើ​កោះ​សិប្បនិម្មិត នៅ​ប្រជុំ​កោះ​Spratley។ អាមេរិក​វិញ បាន​និយាយ​ថា ចិន​បាន​ចាប់ផ្តើម​សាងសង់​កោះ​សិប្បនិម្មិត​ផ្សេងទៀត នៅ​ប្រជុំ​កោះ​ ប៉ារ៉ាសែល Paracel ក្នុង​សមុទ្រ​ចិន​ខាងត្បូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI