អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកដូណាល់ ត្រាំ៖គ្មានមេដឹកនាំ​ផ្តាច់ការ​ណាមួយ អាច​មើល​ស្រាល​អាមេរិក

សំឡេង ០៧:០៣
ប្រធានាធិបតី អាមេរិក​នៅ​មូលដ្ឋានទ័ពអាកាស​​អាមេរិក នៅ​ Yokota ជាយក្រុង​តូក្យូ នៅថ្ងៃទី ៥​វិច្ឆិកា ២០១៧
ប្រធានាធិបតី អាមេរិក​នៅ​មូលដ្ឋានទ័ពអាកាស​​អាមេរិក នៅ​ Yokota ជាយក្រុង​តូក្យូ នៅថ្ងៃទី ៥​វិច្ឆិកា ២០១៧ ©. REUTERS/Jonathan Ernst
ដោយ៖ ឈាង បុប្ផា
៤៤ នាទី

ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ ផ្តើម​ទស្សនកិច្ច​មួយវង់ធំ​នៅ​អាស៊ី ជាមួយ​ប្រទេស​ជប៉ុន។ ទៅ​ដល់​ទីក្រុង​តូក្យូ នៅថ្ងៃ​អាទិត្យ​នេះលោក​​ដូណាល់ ត្រាំ បាន​ព្រមាន​មិន​ឲ្យ​របបណាមួយ ឬ មេដឹកនាំ​ផ្តាច់ការ ណាមួយ មើលស្រាល​ការប្តេជ្ញា​ចិត្ត​របស់​អាមេរិក។ លោកដូណាល់ ត្រាំ​មិន​បាន​និយាយ​ចំៗឈ្មោះ ប៉ុន្តែ គេ​ដឹងស្មាន​រួចទៅហើយ​ថា មេដឹកនាំ​ផ្តាច់ការ​នោះ​អាច​ជា​លោកគីម ជុងអ៊ុន មេដឹកនាំ​កូរ៉េខាងជើង។ កូរ៉េខាងជើង និង​ការដោះដូរ​ពាណិជ្ជកម្ម ជា​ប្រធានបទ​ចំបង ​ក្នុង​ទស្សនកិច្ច​លើកទី១​របស់​ប្រធានាធិបតី​អាមេរិក នៅ​អាស៊ី។

ផ្សាយពាណិជ្ជកម្ម

នៅ​មូលដ្ឋាន​ទ័ព​អាមេរិក នៅ​ជាយក្រុង​តូក្យូ នៅ​ថ្ងៃអាទិត្យ​នេះ លោក​ដូណាល់ ត្រាំ បាន​ប្រកាស​ នៅ​ចំពោះមុខ ទ័ព​អាមេរិក និង​ជប៉ុន​ថា ជប៉ុន​នេះ​ជា​ដៃគូ​ដ៏​មាន​តម្លៃ និង​ជា​សម្ព័ន្ធមិត្ត​ដ៏សំខាន់ របស់​អាមេរិក។

តាមរយៈ​សារនេះ លោកដូណាល់ ត្រាំ ចង់​បញ្ជាក់​ទៅ​បញ្ជាក់​ទៅ​ប្រជាជន​ជប៉ុន​ថា អាមេរិក នឹង​នៅ​តែ​ការពារ​ជប៉ុន ដែល​កូរ៉េខាងជើង ធ្លាប់​បាន​គំរាម ថា នឹង​បាញ់​មីស៊ីល​ពន្លិច​ឲ្យ​ខ្ទេច​ទៅក្នុង​សមុទ្រ។

កាលពី​ថ្ងៃ​សុក្រ​ម្សិលម្ង៉ៃ យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​អាមេរិក ជាច្រើន​គ្រឿង ដែល​អម​ដោយ​យន្តហោះ​ចម្បាំង​របស់​ជប៉ុន និង​កូរ៉េខាងត្បូង បាន​ធ្វើ​សមយុទ្ធ​រួមគ្នា ដោយ​បាន​បើកហោះ​នៅក្នុង​ដែន​អាកាស​របស់​កូរ៉េខាងត្បូង ក្បែរ​ចុងច្រមុះ​របស់​កូរ៉េខាងជើង។

ដោយ​បញ្ជាក់​ជំហរ​ការពារ​ជប៉ុន នៅចំពោះ​ការគំរាមកំហែង​បាញ់​មីស៊ីល​របស់​កូរ៉េខាងជើង លោកដូណាល់ ត្រាំ បាន​កែប្រែ​សំដី ដែល​លោក​ធ្លាប់​បាន​និយាយ​នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។ កាលណោះ លោកដូណាល់ ត្រាំ ធ្លាប់​និយាយ​ចង់ បិទ​មូលដ្ឋាន​ទ័ព​អាមេរិក នៅ​ជប៉ុន បើសិន​ជប៉ុន​មិន​ចូលរួម រំលែក​បន្ទុកចំណាយ​យោធា​របស់​ទាហាន​អាមេរិក នៅ​ជប៉ុន។

នយោបាយ​យកចិត្ត​របស់លោកអាបេ

លោកដូណាល់ ត្រាំ ចេញមុខ​ប្រកាស​ការពារ​ជប៉ុន គឺ​ត្រូវ​អរគុណ ដល់​ការប្រឹងប្រែង របស់​លោក​នាយក​រដ្ឋមន្រ្តី​ជប៉ុន ស៊្ហីនហ្សូ អាបេ។ លោកអាបេ ជា​នាយករដ្ឋមន្រ្តី​បរទេស​ទី១ មុនគេ​បង្អស់ ដែល​បាន​ធ្វើដំណើរ​ភ្លាម ទៅ​អបអរ​លោកដូណាល់ ត្រាំ នៅ​ក្រោយ​ការប្រកាស​លទ្ធផល​ឆ្នោត គឺនៅ​មុន​ពិធី​ប្រកាស​ចូល​កាន់តំណែង​ទៅទៀត។

ក្នុង​ចំណោម​មេដឹកនាំ​បរទេស លោកនាយករដ្ឋមន្រ្តី​ជប៉ុន ស៊្ហ៊ីនហ្សូ អាបេ បាន​ជួប​និយាយ ដោយ​ផ្ទាល់ និង​មិនផ្ទាល់ ជាមួយ​ប្រធានាធិបតី​អាមេរិក​បាន​ច្រើន​ជាងគេ ដល់ទៅ ២៦​ដង។ និយាយ​គ្នា​កាន់តែ​ច្រើន ចុះ​សម្រុង​គ្នា​កាន់តែ​ខ្លាំង។ លោកដូណាល់ ត្រាំ បាន​ដក​អាមេរិក​ពី​កិច្ចព្រមព្រៀង​ដោះដូរ​សេរី អន្តរប៉ាស៊ីហ្វិក ដែល​នៅក្នុង​នោះ​មាន​ផងដែរ ជប៉ុន។ ប៉ុន្តែ ជប៉ុន របស់​លោក​អាបេ មិន​រិះគន់ អាក់អន់​ចិត្ត​នឹង​អាមេរិកទេ ផ្ទុយទៅវិញ ចេះ​បត់បែន យុទ្ធសាស្រ្ត ធ្វើយ៉ាងម៉េច​ដើម្បី​បន្ត​រក្សា​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទេ្វភាគី ជាមួយ អាមេរិក ហើយ​និង​ដើម្បី បាន​ការសន្យា​របស់​លោកដូណាល់ ត្រាំ ដើម្បី​ការពារ​ជប៉ុន។

ក្រៅតែ​ពី​ចូលចិត្ត​លេង​វាយកូនហ្គោល​ដូចគ្នា លោកដូណាល់ ត្រាំ នៅ​និយាយ​ចុះសម្រុង​គ្នា​ច្រើន​ជាមួយ​នាយករដ្ឋមន្រ្តី​ជប៉ុន។ លោកអាបេ ជា​មេដឹកនាំ​បរទេស​តែម្នាក់​គត់ ដែល​យល់ឃើញ ដូចលោក​ដូណាល់ ត្រាំ ដែល​គ្មាន​ជំហរ ចង់​ចរចា​ជាមួយ កូរ៉េខាងជើង ប៉ុន្តែ ផ្ទុយទៅវិញ ប្រើ​នយោបាយ​ដាក់ ទណ្ឌកម្ម ដើម្បី ដាក់សម្ពាធ​លើ​កូរ៉េខាងជើង ឲ្យ​លះបង់​ចោល​មហិច្ឆតា ផលិត​អាវុធ​នុយក្លេអ៊ែរ។

បាតុកម្ម​ប្រឆាំង​លោកដូណាល់ ត្រាំ នៅ​កូរ៉េខាងត្បូង។

លោកដូណាល់ ត្រាំ កំពុងស្ថិតនៅ​ប្រទេស​ជប៉ុន និង​កំពុង​លេង​វាយកូនហ្គោល ជាមួយ​នាយករដ្ឋមន្រ្តី​ស្ហ៊ីហ្សូ អាបេ។ ប៉ុន្តែ នៅ​ក្រុង​សេអ៊ូល ឯណោះវិញ នៅថ្ងៃ​អាទិត្យ នៅ​មុន​លោកដូណាល់ ត្រាំ ធ្វើដំណើរ​ទស្សនកិច្ច​ទៅ​សេអ៊ូល​ទៅទៀត ប្រជាជន​កូរ៉េខាងត្បូង បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​លោកដូណាល់ ត្រាំ។

បាតុករ​កូរ៉េខាងត្បូង ប្រឆាំង មិន​ស្វាគម លោកដូណាល់ ត្រាំ ព្រោះ​គេ​បារម្ភ​ខ្លាច​ថា សំដី​រិះគន់​របស់​លោកដូណាល់ ត្រាំ សំដៅ​ក្រុង​ព្យុងយ៉ាង នឹង​រឹត​តែ​ធ្វើ​ឲ្យ​ភាពតានតឹង​នៅ​ឧបទ្វីប​កូរ៉េ ដែល​តានតឹង​រួចទៅហើយ​នោះ គឺ​កាន់តែ​តានតឹង​ខ្លាំង​ឡើងថែមទៀត។ សម្រាប់​បាតុករ​កូរ៉េខាងត្បូង គេ​ត្រូវតែ​លើកកំពស់​សន្តិភាព ចរចា សន្តិភាព​ជាមួយ កូរ៉េខាងជើង មិនត្រូវ​រឹងរូស ប្រើកំលាំង​យោធា ទៅតាម​ការចង់បាន​របស់​លោក ដូណាល់ ត្រាំ នោះទេ។

រហូតមក លោកដូណាល់ ត្រាំ​បន្ត​សង្រ្គាម​ពាក្យសំដី​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង ដែល​លោកធ្លាប់ ចាត់ទុក​ថា ជា​បុរស​មីស៊ីល។ រាល់លើក ដែល​កូរ៉េខាងជើង​បាញ់​សាកល្បង​មីស៊ីល លោកដូណាល់ ត្រាំ តែង​និយាយ​គំរាម​បកវិញថា នឹង​ប្រើ​ជម្រើស​យោធា។ នៅ​អង្គការ​សហប្រជាជាតិ លោក​ហ៊ាន​ដល់​ទៅ​គំរាមថា នឹង​បំផ្លាញ​របបកុម្មុយនិស្ត​ព្យុងយ៉ាង​ឲ្យ​ឆេះ គ្មានសល់។ សម្រាប់​ប្រជាជន​កូរ៉េខាងត្បូង ពាក្យគំរាម​របស់​លោក​ដូណាល់ ត្រាំ ប្រៀបបាន​នឹង​ការយកសាំង​ទៅ​ចាក់​លើ​ភ្លើង ព្រោះ​កូរ៉េខាងជើង ដែល​មានអាវុធ​នុយក្លេអ៊ែរ និង​ផលិត​បាន​មីស៊ីល អន្តរទ្វីប ក៏​ឆេវឆាវ​ណាស់ដែរ។ ក្នុង​ករណី​ដែល​មាន​ភ្លើងសង្រ្គាម​ឆាបឆេះឡើង អ្នកដែល​រងគ្រោះ​មុនគេ មិនមែន​អាមេរិក ទេ ប៉ុន្តែ ប្រជាជន​កូរ៉េខាងត្បូង ដែលរស់នៅ​ជាប់របង​ជាមួយ​កូរ៉េខាងជើង​នោះ។

នយោបាយ​ការបរទេស​របស់​លោកដូណាល់ ត្រាំ នឹង​បង្ក​ឲ្យ​មាន​ភាពវឹកវរ

នៅ​មុន​ដំណើរ​ទស្សនកិច្ច​ទៅ​អាស៊ី លោកដូណាល់ ត្រាំ ធ្លាប់​បាន​និយាយ​ថា លោកនឹង​ជោគជ័យ ទស្សនកិច្ច​របស់លោក​នឹង​ផ្តល់​លទ្ធផល​ជាផ្លូវការ។ គេ​មិនដឹងថា តើ​ ជោគជ័យ​ដែល​លោកដូណាល់ ត្រាំ លើកនិយាយ កើតឡើង ដោយសារ​ការប្រើ​នយោបាយ​ការទូត ឬ​ការគំរាមកំហែង​នោះទេ?

ប៉ុន្តែ បើស្តាប់​តាម​ប្រសាសន៍​របស់​ប្រធានាធិបតី​អាមេរិក នៅមូលដ្ឋានទ័ព​អាមេរិក នៅ​ជាយក្រុង​តូក្យូ នៅថ្ងៃ​នេះ លោកដូណាល់ ត្រាំ ប្រើ​ពាក្យ​គំរាម ច្រើន​ជាង ឥរិយាបថ​ស្រទន់ ដើម្បី ដោះស្រាយ​វិបត្តិនុយក្លេអ៊ែរ កូរ៉េខាងជើង។ ជាក់ស្តែង នៅថ្ងៃ​ដំបូង ដែល​លោកទៅ​ជាន់​ទឹកដី​អាស៊ី​ភ្លាម នៅ​ជប៉ុន លោកបាន​និយាយ​ព្រមាន​រួចជាស្រេច មិន​ឲ្យ​មេដឹកនាំ​ផ្តាច់ការ ឬ​របបណាមួយ មើលងាយ អាមេរិក។

ជាអ្នកជំនួញ គ្មាន​បទពិសោធន៍​ធ្វើនយោបាយ លោកដូណាល់ ត្រាំ មានជំនាញ​សូន្យ ខាង​ធ្វើ​នយោបាយ​ការបរទេស។ ឧទាហរណ៍ មុន​នឹង​ចេញដំណើរ​ទៅ​អាស៊ី នៅ​ទូរទស្សន៍ អាមេរិកាំង FOX លោកដូណាល់ ត្រាំ បាន​ផ្ញើ​សារ ដ៏ចម្លែក​មួយ​ទៅ​មេដឹកនាំ​ចិន។ លោកដូណាល់ ត្រាំ និយាយ​ថា ជប៉ុន​ជា​ប្រទេស អ្នកចម្បាំង។ ដូច្នេះ ចិន សម្ព័ន្ធ មិត្ត​របស់​កូរ៉េខាងជើង បើសិន​ជា​បណ្តោយ​ទុក​ឲ្យ​កូរ៉េខាងជើង​នៅ​តែ​បន្តអភិវឌ្ឍ​នុយក្លេអ៊ែរ​ទៀត មុខ​ជា​នឹង​អាច​ប៉ះទង្គិច​ជាមួយ​ជប៉ុន ក្នុង​ពេល​ឆាប់ៗ ខាងមុខ។ សំដី​របស់​លោក ប្រៀបបាន​នឹង​ញុះញង់ រុញ ឲ្យ​កើត​មាន​សង្រ្គាម ប្រយុទ្ធគ្នា រវាង​ចិន និង​ជប៉ុន។ នយោបាយ​ការបរទេស​របស់​លោកដូណាល់ ត្រាំ នឹង​អាច​ទៅ​បង្ក​ឲ្យ​មាន​ចលាចល ភាពវឹកវរ ច្រើន​ជាង​ទៅ​បង្កើត​ភាពស្ងប់សុខ នៅ​អាស៊ី។

ដំណើរទស្សនកិច្ច​របស់លោកដូណាល់ ត្រាំ នៅអាស៊ី៖

-ពីថ្ងៃទី ៥ ដល់​ថ្ងៃទី ៧​វិច្ឆិកា លោកដូណាល់ ត្រាំ​ទៅប្រទេស​ជប៉ុន​

-ពីថ្ងៃទី ៧​ដល់​ថ្ងៃទី ៨​វិច្ឆិកា លោក​ដូណាល់ ត្រាំ ធ្វើដំណើរ​ទៅ​កូរ៉េខាងត្បូង។ កូរ៉េខាងត្បូង​ជាសម្ព័ន្ធមិត្ត​របស់​អាមេរិក ប៉ុន្តែ លោកដូណាល់ ត្រាំ នឹង​មិន​ស្ថិតនៅ​យូរថ្ងៃ​នៅ​កូរ៉េខាងត្បូងទេ ព្រោះថា លោក​មិន​សូវ​ចុះសម្រុង​ខ្លាំង​ជាមួយ ប្រធានាធិបតី​កូរ៉េខាងត្បូង លោកមូន ចៃអ៊ីន ដែល​មាន​ជំហរ​នយោបាយ​ចង់​ចរចា​ជាមួយ កូរ៉េខាងជើង ផ្ទុយពី​លោកដូណាល់ ត្រាំ។

-ពីថ្ងៃទី ៨ ដល់​ថ្ងៃទី ១០ វិច្ឆិកា លោកដូណាល់ ត្រាំ ត្រូវ​ទទួល​យ៉ាង​អធិកអធម​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ បញ្ហា​ពាណិជ្ជកម្ម និង​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង ជា​ប្រធានបទ​សំខាន់ ក្នុង​ជំនួប​មេដឹកនាំ​អាមេរិក និង​ចិន នៅក្រុង​ប៉េកាំង។ លោក​ដូណាល់ ត្រាំ នៅ​តែ​បន្ត​ទាមទារ​ឲ្យ​ចិន​ចូលរួម​ឲ្យ​កាន់តែ​ខ្លាំង​ដាក់សម្ពាធ​លើ​កូរ៉េខាងជើង សម្ព័ន្ធមិត្ត​របស់​ចិន។ ចិន​ដែល​បាន​ចូលរួម​បោះឆ្នោត​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅកូរ៉េខាងជើង នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ទំនង​នឹង​ចាត់​វិធានការ​ក្តៅ​បន្ថែម​ប្រឆាំង​សម្ព័ន្ធមិត្ត ព្យុងយ៉ាង​នោះទេ ព្រោះ ការដួលរលំ​កូរ៉េខាងជើង នឹង​បង្ក​ឲ្យ​មាន​វិបត្តិ​ជនភៀសខ្លួន និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច រួមទាំង​នយោបាយ​ភូមិសាស្រ្ត​របស់​ចិន នៅអាស៊ី

-ពីថ្ងៃទី ១០ ដល់​ថ្ងៃទី ១២​វិច្ឆិកា លោកដូណាល់ ត្រាំ នឹង​ទៅចូលរួម ក្នុង​វេទិកា​សហប្រតិបត្តិការ​សេដ្ឋកិច្ច អាស៊ី ប៉ាស៊ីហ្វិក រៀបចំឡើង​នៅ​ទីក្រុង​ដាណាង របស់​ប្រទេស​វៀតណាម។ នៅក្នុង​យន្តហោះ សំដៅ​ប្រទេស​ជប៉ុន លោកដូណាល់ ត្រាំ និយាយ​ប្រាប់​អ្នកកាសែត​ថា លោក​គ្រោងជួប​លោកប្រធានាធិបតី រុស្ស៊ី វ្លាឌីមៀរ ពូទីន ដើម្បី​សុំ​ឲ្យ​លោកពូទីន​ចូលរួម​ដាក់សម្ពាធ​បន្ថែម​លើ​កូរ៉េខាងជើង

-ពីថ្ងៃទី ១៣ ដល់​១៤​វិច្ឆិកា លោកដូណាល់ ត្រាំ បិទបញ្ចប់​ទស្សនកិច្ច​ដ៏យូរ​មិនធ្លាប់​មាន​របស់​ប្រធានាធិបតី​អាមេរិក នៅ​ប្រទេស​ហ្វីលីពីន។ នៅ​ម៉ានីល​លោក​នឹង​ចូលរួម​នៅក្នុង​កិច្ចប្រជុំកំពូល​អាស៊ាន។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ