រុស្ស៊ី

ពិធី​ដ៏​រម្យទ​ម​រំលឹក​ខួប​១០០​ឆ្នាំ​នៃ​បដិវត្តន៍​នៅ​រុស្ស៊ី​

ក្រុម​បាតុករ​បាន​កាន់​ទង់ជាតិ​ជីលី​​ខណៈដែលពួកគេ​ចូលរួម​ក្នុង​ការ​ប្រមូលផ្តុំ​គ្នា​ដែល​រៀបចំដោយ​គណបក្ស​កុម្មុយនិស្ត​រុស្ស៊ី​ដើម្បី​កត់សំគាល់​ខួប១០០​ឆ្នាំ​នៃ​បដិវត្តន៍​ខែ​តុលា​នៅ​ St. Petersburg ​​រុស្ស៊ី​កាល​ពី​ថ្ងៃ​ទី​៧​​វិច្ឆិកា​ឆ្នាំ​ ២០១៧។​
ក្រុម​បាតុករ​បាន​កាន់​ទង់ជាតិ​ជីលី​​ខណៈដែលពួកគេ​ចូលរួម​ក្នុង​ការ​ប្រមូលផ្តុំ​គ្នា​ដែល​រៀបចំដោយ​គណបក្ស​កុម្មុយនិស្ត​រុស្ស៊ី​ដើម្បី​កត់សំគាល់​ខួប១០០​ឆ្នាំ​នៃ​បដិវត្តន៍​ខែ​តុលា​នៅ​ St. Petersburg ​​រុស្ស៊ី​កាល​ពី​ថ្ងៃ​ទី​៧​​វិច្ឆិកា​ឆ្នាំ​ ២០១៧។​ REUTERS/Anton Vaganov

ថ្ងៃ​៧​វិច្ឆិកា​ម្សិល​មិញ ប្រទេស​រុស្ស៊ី បាន​រំលឹក​មិន​អ៊ឹកធឹក​ទេ ខួប​១០០​ឆ្នាំ​នៃ​បដិវត្តន៍​សង្គមនិយម​ខែ​តុលា​ដែល​ជា​ការ​រញ្ជួយ​នយោបាយ​បោកបក់​ខ្លាំង​បំផុត​នៃ​សតវត្សរ៍​ទី​២០​ប៉ុន្តែ​ក្នុង​ឱកាស​នេះ វិមាន​ក្រេមឡាំង​បែរ​ទៅ​ជា​ព្រួយបារម្ភ​ដោយ​មិន​ប្រាថ្នា​ឃើញ​ការ​ផ្លាស់​ប្តូរ​របបដឹកនាំ​តាម​ផ្លូវ​ហិង្សា​ដូច​កាលពី​១០០​ឆ្នាំ​មុន​នោះ​ឡើយ។

ផ្សាយពាណិជ្ជកម្ម

ឈ្មោះពេញនៃបដិវត្តន៍ គឺ “មហាបដិវត្តន៍សង្គមនិយមខែតុលាឆ្នាំ១៩១៧” ដែលក្នុងថ្ងៃ ២៥ តុលា បានផ្តួលរំលំអធិរាជ Tsar ចុងក្រោយនៃចក្រភពរុស្ស៊ី។ ថ្ងៃ ២៥ តុលានេះ គឺ គិត​តាមប្រតិទិន Julien នៃ អធិរាជរ៉ូម៉ាំង Jules Cesar ដែលត្រូវនឹងថ្ងៃ ៧វិច្ឆិកា គិត តាមប្រតិទិន Gregorien នៃ សម្តេចប៉ាប Gregoire XIII ជាប្រតិទិនស៊ីវីល័យ ទទួល​ស្គាល់​ ដោយអំណាចថ្មីនៅរុស្ស៊ី គឺ អំណាចសូវៀត។

បើសម័យសូវៀត ទិវា៧វិច្ឆិកាដែលជាខួបបដិវត្តន៍នេះ តែងបានប្រារព្ធសែនអធិកអធម ដោយមហាព្យុហ យាត្រា លើទីលានក្រហមមុខវិមានក្រេមឡាំង នោះក្នុង​ប្រទេស​រុស្ស៊ី​សម័យថ្មី កម្មវិធីផ្លូវការនៃខួបនេះ មាន ទម្រង់តែជា ការតាំងបង្ហាញពិព័រណ៏ដ៏រម្យទម និង​ជាការតស៊ូមតិ រវាងពួកអ្នកឯកទេស។

លោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន មកទល់ឥឡូវ តែងបានគេចមិនចូលរួមទេ ក្នុង​ព្រឹត្តិការណ៏​ណា ដែល ចាត់ចែង ដើម្បីឧទ្ទិសដល់ខួប១០០ឆ្នាំនេះ បូកទាំងការ​បញ្ចាំង​ដោយ​ពន្លឺនូវ រឿងល្ខោន កាលពីពីរថ្ងៃមុន នៅតាម ជញ្ជាំងអតីតវាំងស្តេច ក្នុងក្រុង Saint-Petersbourg ទៅផង។

ព្រឹត្តិការណ៍តែមួយគត់ ពាក់ព័ន្ធនឹងខួប១០០ឆ្នាំនោះ ដែលលោកពូទីនបានចូលរួម គឺ ពិធីសម្ពោធ វិហារ​ថ្មី នៃ គ្រិស្តសាសនាអ័រថូដុក្ស៏ ក្នុងក្រុងម៉ូស្គូ​ ដែលគាត់ចាត់ទុក​ថា​មាន​ន័យ​ជា” និមិត្តរូបយ៉ាងជ្រាលជ្រៅ” ដ្បិត ការឡើងកាន់អំណាចនៃ ពួកកុម្មុយនិស្ត ក្នុង​ឆ្នាំ​១៩១៧ ​បាននាំទៅកាន់ការធ្វើទុក្ខបុកម្នេញ បព្វជិត និង អ្នកជឿសាសនា។

តាំងពីគាត់ស្ថិតក្នុងមុខតំណែងកំពូលមក លោកពូទីន​ តែងខិតខំបង្រួបបង្រួម​សង្គមនិង​សតិ​ជាតិ ហើយក្នុងខែវិច្ឆិកានេះ ខែរំលឹកខួបបដិវត្តន៍ គាត់បានថ្លែងជាអាទ៏ ៖ បដិវត្តន៍ គឺ​ជា​ ភាគរួមបញ្ចូលដ៏សាំញ៉ាំ នៃប្រវត្តិប្រទេសជាតិ។

តាមវិមានក្រេមឡាំង ពិធីរំលឹកខួបបដិវត្តន៍ ត្រូវបម្រើជា”មេរៀនសម្រាប់ទាញយក” ពី​អតីត​កាល។ ហើយ ”មេរៀនដែលទាញយក”នេះ គឺច្បាស់ណាស់ ៖ ត្រូវប្រុង​ប្រយ័ត្ន​ទល់​នឹង​ ការប៉ុនប៉ងណាដែល មិនទទួល ស្គាល់រដ្ឋអំណាច តាមរយៈការចុះថ្នល់តវ៉ា ជា​ពិសេស ​កាលដែលជិតដល់ពេលបោះឆ្នោតប្រធានាធិបតី ដែលនឹងប្រព្រឹត្តទៅ នៅខែ​មិនា​ឆ្នាំក្រោយ ដោយច្បាស់ជានឹងមាន រូបលោកពូទីន ចូលប្រឡូកជាថ្មី ដើម្បី អំណាច​គាត់​ក្នុង​អាណត្តិទី៤ទៅហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI