ប្រធានាធិបតី​អាមេរិក​ លោក ដួណាល់ ត្រាំ បំពេញ​ទស្សនកិច្ច​ផ្លូវការ​ ​លើកដំបូង នៅ​ចិន

លោក Donald Trump លោក Xi Jingping និង​ភរិយា ថត​នៅ​មុខវាំង​ ក្រុង​ប៉េកាំង ថ្ងៃទី ៨ វិច្ចិកា ២០១៧
លោក Donald Trump លោក Xi Jingping និង​ភរិយា ថត​នៅ​មុខវាំង​ ក្រុង​ប៉េកាំង ថ្ងៃទី ៨ វិច្ចិកា ២០១៧ REUTERS/Jonathan Ernst

បន្ទាប់​ពី​កូរ៉េខាង​ត្បូង លោក​ដូណាល់​ត្រាំ បានអញ្ជើញ​ទៅ​ដល់​ប្រទេស​ចិន​ហើយ​នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​បំពេញ​​ទស្សនកិច្ច​ ផ្លូវ​រដ្ឋ​រយៈ​ពេល​ពីរ​ថ្ងៃ។ នេះជា​ដំណាក់​កាល​ទស្សនកិច្ច​ដែល​មាន​លក្ខណៈ​ស្មុគស្មាញជាង​គេ​ ព្រោះ​លោក​ត្រាំ​ ត្រូវ​សាក​ល្បង​ស្វែង​រក​ជំនួយ​សាមគ្គី​ភាព​ជា​ធ្លុង​មួយ​ពី​ចិន ដើម្បី​ប្រឆាំង​នឹង​មហិច្ឆតា​​នុយក្លេអ៊ែររបស់​កូរ៉េខាង​ជើង​​។

ផ្សាយពាណិជ្ជកម្ម

​​នៅ​ថ្ងៃនេះ លោក​ត្រាំ​បាន​អញ្ជើញ​ទៅ​បំពេញ​​​ទស្សនកិច្ចផ្លូវរដ្ឋ នៅ​ក្នុង​ចិន ប្រទេស​មួយ ដែល​លោក​តែង​ចាត់​ទុក​​​ជា​ប្រភព​នៃ​បញ្ហា ! ​ជា​អ្នក​លួច​ការងារ​អាមេរិក ! កាល​លោក​នៅ​ជា​បេក្ខជន​ប្រធានាធិបតី។ ប៉ុន្តែ​ថ្ងៃ​នេះ មួយ​ឆ្នាំ​គត់​ក្រោយពី​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ លោក​ត្រាំ បាន​ប្តូរ​សម្លេង​។

អម​ដំណើរ​ដោយ​ប្រតិភូ​ជា​អ្នក​មុខ​អ្នកការ​ ជា​ប្រធាន​ក្រុមហ៊ុន​សហគ្រាស ក្នុង​វិស័យ​កសិកម្ម និង​ថាមពល ដំណើរ​ទស្សនកិច្ច​របស់​លោកត្រាំ នៅ​ចិន ជា​ឱកាស​ដ៏​ប្រពៃ​នៃ​ការ​ជជែក​ពិភាក្សា​អំពី​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ ព្រោះ​ចិន​ទើប​បាន​សន្យា​បើក​ទ្វារ​ទទួល​អ្នក​វិនិយោគបរទេស។

ការ​ប្តូរ​សំឡេង ​ក៏​ព្រោះ​តែសំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាង​ជើង។ ចិន​ជា​ប្រទេស​គន្លឹះ ក្នុង​ការដាក់​សម្ពាធ​លើ​របប​ព្យុងយ៉ាង ព្រោះចិន​ជា​តំណាង​៩០%​នៃ​ពាណិជ្ជកម្ម​របស់​​​​កូរ៉េខាង​ជើង។ ចិន​បាន​សន្យា​អនុវត្ត​យ៉ាង​ហ្មត់ចត់​ តាម​​សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ​​ ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាង​ជើង ប៉ុន្តែ​ច្រាន​ចោល​ដាច់​ខាត​​ដំណោះស្រាយ​តាម​បែប​គំរាម​កំហែង​របស់​លោក​ត្រាំ​ និង​បាន​ទាមទារ​​ឱ្យ​ជ្រើស​រើស​ផ្លូវ​ចរចា។

ដូច្នេះ​ដើម្បី​បាន​ជំនួយ​ពី​ប៉េកាំង​ លោកត្រាំ ត្រូវ​តែ​ចេះយក​ចិត្ត​លោក​ ស៊ី ជីនពីង។ មុន​នឹង​ចាក​ចេញ​ពី​ទីក្រុង​សេអ៊ូល ប៉ុន្មាន​ម៉ោង លោក​ត្រាំ​បាន​បង្ហោះ​សារ​ថា លោក​អន្ទះសារ​ចង់​ជួប​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង​ ដែល​ទើប​មាន​ជោគជ័យ​នយោបាយ​ថ្មី​ (ជាប់​ឆ្នោត​ជា​ប្រធានបក្ស​កុម្មុយនិស្ត​ជា​ថ្មី)។ ក្រោយ​ពី​បាន​​ព្រមាន​កូរ៉េខាង​ជើង​​ម្តង​ទៀត​ ​ពី​សេអ៊ូល លោក​ត្រាំ ក៏​បាន​លា​ដៃ​ហៅ​​ គីម ជុងអ៊ុន​ ដក​ខ្លួន​​ចេញ​ពី​ភាព​ឯកា ដើម្បីសាង​​អនាគតឱ្យ​​ប្រសើរ​ និង​បាន​អំពាវនាវ​ទៅ​កាន់​ប្រជាជាតិ​ដែល​មាន​ទំនួល​ខុស​ត្រូវ​ទាំង​អស់ ដោយ​លើក​ចំៗ​ឈ្មោះ​ប្រទេស​ចិន និង​រុស្ស៊ី ឱ្យ​កាន់​ដៃ​គ្នា​ រួម​​​ជា​ធ្លុង​មួយ​ ផ្តាច់​ចំណង​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា​ជា​មួយ​របប​​​ស្តាលីន ដើម្បី ​ រុញ​ច្រាន​​ព្យុងយ៉ាងឱ្យ​បោះបង់​​មហិច្ឆតា​នុយក្លេអ៊ែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI