អាមេរិក-កូរ៉េខាងត្បូង ធ្វើ​សមយុទ្ធ មិនធ្លាប់មាន កំញើញ​កូរ៉េ​ខាងជើង

កងនាវា​ចម្បាំង​កូរ៉េខាង​ត្បូង
កងនាវា​ចម្បាំង​កូរ៉េខាង​ត្បូង REUTERS/Jo Yong-Hak

​នាវាយោធា​កូរ៉េខាង​ត្បូង​ជា​ច្រើន​គ្រឿង​ និង​នាវា​ផ្ទុក​យន្តហោះ​គ្រាក់ៗ​របស់​អាមេរិក​ចំនួន​បី​គ្រឿង បាន​ជួប​ជុំ​គ្នា​នៅ​​ក្នុង​មហាសមុទ្ទ​ប៉ាស៊ីហ្វិក​ខាង​លិច ដើម្បី​ធ្វើ​សមយុទ្ធ​ ទ្រង់ទ្រាយ​ធំ​ ​មួយ។ កម្មវត្ថុ​នៃ​សមយុទ្ធ​ គឺ​​​សំដៅ​ព្រមាន​និ​ងកំញើញ​កូរ៉េខាង​ជើង ឱ្យ​បោះ​បង់​មហិច្ឆតានុយក្លេអ៊េរ ដែល​ជា​ប្រធានបទ​ស្នូល​នៃ​ដំណើរ​ទស្សនកិច្ច​មួយ​ជុំ​របស់​លោក​ត្រាំ​នៅ​អាស៊ី។

ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើក​ទី​មួយ គិត​ចាប់ពី​១០​ឆ្នាំ​មក​ ដែល​កូរ៉េខាង​ត្បូង​និង​សហរដ្ឋ​អាមេរិក​បាន​បើក​ធ្វើ​សមយុទ្ធ​ក្នុង​ទ្រង់ទ្រាយ​បែប​នេះ។ ចាប់​ពី​ថ្ងៃ​នេះ​ និង​សម្រាប់​រយៈ​ពេល​បួន​ថ្ងៃ នាវា​ចម្បាំង​​កូរ៉េខាង​ត្បូង​ចំនួន​៧​គ្រឿង ក្នុង​នោះ​បី​ជា​នាវាយោធា​ផ្នែក​​កម្ទេច បាន​ទៅ​ចូល​រួម​ជាមួយ​នឹង​ក្រុម​​នាវា​ផ្ទុក​យន្តហោះ​ដ៏​ធំ​របស់​អាមេរិក​ចំនួន​បី​គ្រឿង គឺ USS Ronal Reagan USS Nimitz និង​ USS Therodore Roosvelt ដើម្បី​ធ្វើ​សមយុទ្ធ​រួម​គ្នា។

សមយុទ្ធ​​មាន​ទ្រង់ទ្រាយ​ជា​ការ​ធ្វើ​លំហាត់​ការពារ​ខ្លួន ល្បាត​ក្នុង​ដែន​សមុទ្ទ តបត​តាម​ផ្លូវ​អាកាស​ និង​ប្រតិបត្តិការ​ផ្សេង​ទៀត​ជា​ច្រើន។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​កងទ័ព​អាមេរិក។

​បើ​តាម​ប្រភព​ព័ត៌មាន​ផ្តល់​ដោយ​ក្រសួង​ការពារជាតិ​កូរ៉េខាង​ត្បូងវិញ សមយុទ្ធ​នេះ​ គឺ​ជា​ការ​ពង្រឹង​​កម្លាំង​កំញើញ​កូរ៉េខាង​ជើង​ដែល​សាបព្រួស​ទង្វើ​គំរាម​កំហែង​នុយក្លេអ៊ែរ​និង​មីស៊ីល​ផង និង​ជា​ការ​បង្ហាញ​ឱ្យឃើញ​​អំពីសកម្មភាព​ត្រៀម​រៀប​​ជើង​ព្រួល​ជា​ស្រេច​ចាំ​សង្គ្រប់ លើ​គ្រប់​​​ទង្វើ​​បង្ក​ហេតុ​​​របស់​ព្យុងយ៉ាង។

ប៉ុន្តែ​កូរ៉េខាង​ជើង​មិន​យល់​ដូច្នេះ​ទេ។ កន្លង​មក​របប​ព្យុងយ៉ាង​ តែង​ធ្វើ​ការ​បរិហារ​ ជា​រហូត​មក​នូវ​រាល់​គ្រប់​សមយុទ្ធ​អាមេរិក​កូរ៉េខាងត្បូង​ទាំង​អស់ ថា​ជា​សកម្មភាព​ត្រៀម​វាយចូល​ឈ្លានពាន​ដែន​ដី​ខ្លួន និង​បាន​បញ្ចេញ​សកម្មភាព​តបត​វិញ តាមរយៈ​ការ​ធ្វើ​រៀប​ចំ​ធ្វើ​សមយុទ្ធ​ដែរ ឬ​ក៏​ជា​បាញ់​មីស៊ីល​ផង។

សមយុទ្ធអាមេរិក-កូរ៉េខាង​ត្បូង​លើក​នេះ ប្រព្រឹត្ត​នៅ​ក្នុង​ខណៈ​ដែ​លលោក​ដូណាល់​ ត្រាំ ទើប​បញ្ចប់​ទស្សនកិច្ច ​នៅ​សេអ៊ូល​និង​ប៉េកាំង។ ជា​ទស្សនកិច្ចដែល​​គ្របដណ្តប់​ស្ទើរ​តែ​ស្រុង​ដោយ​សំណុំ​រឿង​នុយក្លេអ៊ែរ​កូរ៉េខាង​ជើង។ នៅ​ចំពោះ​មុខ​សភា​ជាតិ​កូរ៉េខាង​ត្បូង កាលពី​ថ្ងៃពុធ លោក​ត្រាំ បាន​ព្រមាន​​គីមជុងអ៊ុន កុំ​ឱ្យ​​មើល​ស្រាលសមត្ថភាព​អាមេរិក​ ប៉ុន្តែ​ លោក​ត្រាំ ក៏​បាន​បង្ហាញ​ជំហរ​ផ្សះផ្សា​ លា​ដៃ​ហៅ​ព្យុងយ៉ាង​ចូល​ចរចា​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI