នៅ​ប៉ាគីស្ថាន ហេតុអ្វី​បាន​ជា​កងទ័ព​មិន​ចេញមុខ បង្រ្កាប​បាតុករអ៊ីស្លាម​?

សំឡេង ០៦:៤៩
បាតុករ​ដុត​រថយន្ត​កង់ឡាន​របស់​ប៉ូលិស​ប៉ាគីស្ថាន នៅ​ក្នុង​ពេល​ប្រឈម​មុខ​ជាមួយ​ប៉ូលិស​នៅថ្ងៃ​ទី ២៥​វិច្ឆិកា​២០១៧
បាតុករ​ដុត​រថយន្ត​កង់ឡាន​របស់​ប៉ូលិស​ប៉ាគីស្ថាន នៅ​ក្នុង​ពេល​ប្រឈម​មុខ​ជាមួយ​ប៉ូលិស​នៅថ្ងៃ​ទី ២៥​វិច្ឆិកា​២០១៧ ©REUTERS/Stringer

នៅ​ទីក្រុង​អ៊ីស្លាម៉ាបាត ការប្រឈមមុខ​ដាក់គ្នា​ដ៏​ហិង្សា​រវាង ក្រុមបាតុករ និង​ប៉ូលិស​ប៉ាគីស្ថាន នៅ​ថ្ងៃ​សៅរ៍​ទី​២៦ វិច្ឆិកា បាន​សម្លាប់​មនុស្ស យ៉ាងតិច ៦នាក់ និង​របួស ជិត ២០០​នាក់ ដែល​មាន​ទាំង​ប៉ូលិស និង​បាតុករ។ រដ្ឋាភិបាល​ស៊ីវិល​បាន​ទាមទារ​ឲ្យ​កងទ័ព​ចេញមុខ អន្តរាគម ដើម្បី​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ បន្ទាប់​ពី​ប៉ូលិស​បរាជ័យ មិនអាច​បំបែក​ហ្វូង​បាតុករ ដែល​កាន់កាប់ បិទច្រក​ផ្លូវ​ចេញចូល​មួយចំនួន របស់​រដ្ឋធានី​អ៊ីស្លាម៉ាបាត។

ផ្សាយពាណិជ្ជកម្ម

នៅក្រោយ​ការប៉ះទង្គិច ដ៏ហិង្សា ដែល​បាន​សម្លាប់​មនុស្ស​យ៉ាងតិច ៦នាក់ ប៉ូលិស ប៉ាគីស្ថាន​បាន​ដកថយ​មកវិញ។ ក្រុមបាតុករ ដែល​បាន​ដុត យានយន្ត របស់​ប៉ូលិស នៅ បន្ត​កាន់កាប់​កន្លែង​ធ្វើ​បាតុកម្ម ដែល​បាន​បិទផ្លូវ ច្រកចេញ​ចូល​ដ៏​សំខាន់​មួយ​របស់​រដ្ឋធានី អ៊ីស្លាម៉ាបាត។ នៅ​ថ្ងៃ​សៅរ៍ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ប៉ាគីស្ថាន នៅ​លើ​កញ្ចក់​ទូរទស្សន៍​រដ្ឋ បាន​អំពាវនាវ​ឲ្យ​ទាហាន​ចេញមុខ អន្តរាគម ជួយ ប៉ូលិស​ប៉ាគីស្ថាន ដើម្បី បំបែក​ក្រុមបាតុករ។

នៅថ្ងៃ​ម្សិលមិញ ប៉ូលិស និង​កង​រក្សាសន្តិសុខ​របស់​រដ្ឋាភិបាល ដែល​ត្រូវ​បញ្ជូន​ឲ្យ​ទៅគាស់រំលើង​កន្លែង​កាន់កាប់​របស់​បាតុករ មាន​គ្នីគ្នា​ដល់​ ៨៥០០​នាក់ ប៉ុន្តែ នៅ​តែ​មិនអាច​បំបែក​ក្រុមបាតុករ ដែល​មាន​ចំនួនតែ​ជាង ២ពាន់នាក់​បាន។ ប៉ូលិស ដែល​មាន​ចំនួន ច្រើន​ជាង​បាតុករ ដល់ទៅ​៤​ដង បែរ​ជាដកថយ​ទៅវិញ។

តាម​លោក​រដ្ឋមន្រ្តី Ahsan Iqbal ក្រុម​បាតុករ ក្បាលរឹង មាន​ការប្តេជ្ញាចិត្ត​ខ្ពស់ និង​មាន​យុទ្ធសាស្រ្ត ដើម្បី​វាយបក​វិញ លើ​អាជ្ញាធរ។ ក្រៅតែ​ពីក្រុង​អ៊ីស្លាម៉ាបាត បាតុកម្ម គាំទ្រ ចលនា​Tehreek-i-Laback Yah Rassool Allah Pakistan ត្រូវ​បាន​រៀបចំ​ផងដែរ នៅ​ទីក្រុង​ធំៗ​ពីរទៀត​របស់​ប៉ាគីស្ថាន ដូចជា​នៅ​ឡាហរ និង​ការ៉ាឈី ជាដើម។

កងទ័ព​នៅស្ងៀម មិន​អន្តរាគម​ទៅតាម​ការអំពាវនាវ​របស់​រដ្ឋាភិបាល

នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​ប៉ាគីស្ថាន បាន​អំពាវនាវ​ឲ្យ​កងទ័ព​ធ្វើ​អន្តរាគម ដើម្បី​ធានា​សណ្តាប់ធ្នាប់​សង្គម ប៉ុន្តែ រហូត​មក​ដល់​ព្រឹកថ្ងៃ​អាទិត្យ​នេះ គេនៅ​មិនទាន់​ឃើញ​មាន​វត្តមាន​របស់​ទាហាន​ប៉ាគីស្ថាន នៅ​កន្លែង​បាតុកម្ម ទៅតាម​ការប្រកាស​របស់​រដ្ឋាភិបាល​នោះ​ទេ។ បាតុកម្ម​ដ៏​តូច និង​សាមញ្ញ មួយ​នេះ​កំពុង​ឆ្លុះបញ្ចាំង​ពី​វិបត្តិ​នយោបាយ ដែល​គេ​មិនអាច​មើលរំលង​បាន​នៅ​ប៉ាគីស្ថាន។

នៅ​ប៉ាគីស្ថាន កងទ័ព​មិន​ស្ថិតនៅ​ក្រោម​អំណាច​បញ្ជា​ផ្តាច់មុខ​របស់​រដ្ឋាភិបាល​នោះទេ។ ការស្ងប់ស្ងៀម មិន​ប្រតិកម្ម​អ្វី​របស់​កងទ័ព ទៅនឹង​ការទាមទារ​របស់​រដ្ឋាភិបាល​លើកនេះ ធ្វើ​ឲ្យ​គេ​បារម្ភ​ពី​អនាគត​នយោបាយ​នៅ​ប៉ាគីស្ថាន ជាពិសេស នៅក្នុង​កាលៈទេសៈ ដែល​រដ្ឋាភិបាល​ស៊ីវិល​ប៉ាគីស្ថាន កំពុង​ផុយស្រួយ ដោយសារ​តែ​ការបោះឆ្នោត​ទម្លាក់​នាយករដ្ឋមន្រ្តី ក្នុង​រឿងអាស្រូវ​ប្រព្រឹត្ត​អំពើពុករលួយ។ មួយ​វិញ​ទៀត កងទ័ព ហើយ និង​រដ្ឋាភិបាល​ស៊ីវិល មិន​សូវ​ជា​មាន​ទំនាក់ទំនង ល្អូកល្អឺន​នឹង​គ្នា​ប៉ុន្មានទេ។ តាំង​ពី​៧០​ឆ្នាំ នៃ​ប្រវត្តិ​កកើត​ទឹកដី ប៉ាគីស្ថាន ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុមយោធា ដល់​ទៅ​ជាង ៣០ឆ្នាំ។

យោធា​ប៉ាគីស្ថាន​ដែល​ចាក់ឬស​ខ្លាំង​នៅ​ប៉ាគីស្ថាន មាន​អំណាច និង​ឥទ្ធិពល​ខ្លាំង​ទៅលើ​ក្រុម​ដឹកនាំ​សាសនា​អ៊ីស្លាម។ គេជឿថា បើសិន​យោធា​ធ្វើ​អន្តរាគម នោះ បញ្ហា​បង្ក​ដោយ​ក្រុមបាតុករ លើកនេះ នឹង​ត្រូវ​បិទបញ្ចប់​យ៉ាង​លឿនបំផុត។ ប៉ុន្តែ បញ្ហា​នៅ​ត្រង់​ថា នៅ​ពេល​នេះ​កងទ័ព​មិន​ចេញ​ស្តីអ្វី ឬ​ធ្វើតាម​ការទាមទារ របស់​រដ្ឋាភិបាល​ស៊ីវិល ដើម្បី អន្តរាគម បំបែក​ក្រុមបាតុករ នៅ​ថ្ងៃ​អាទិត្យ​នេះ​ទេ។ តើ​អ្វី​ជា​ហេតុផល​ពិតប្រាកដ នៅ​ពីក្រោយ​ភាពស្ងប់ស្ងៀម​របស់​ទាហាន​លើកនេះ?

នៅ​ថ្ងៃ​សៅរ៍ ម្សិលមិញ ប្រមុខ​កងទ័ព​ប៉ាគីស្ថាន បាន​ទូរស័ព្ទ ទៅ​នាយករដ្ឋមន្រ្តី ស្តីទី​ប៉ាគីស្ថាន ដើម្បី ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី។ តាម​អ្នកនាំពាក្យ​របស់​កងទ័ព​ប៉ាគីស្ថាន អំពើហិង្សា មិនមែន​ជា​ផលប្រយោជន៍​រួម​របស់​ជាតិ​នោះទេ។ អវត្តមាន​របស់​កងទ័ព ដើម្បី​បង្រ្កាប​ក្រុមបាតុករ ទៅតាម​ការទាមទារ​របស់​រដ្ឋាភិបាល បាន​បង្ក​ឲ្យ​មាន​ការច្របូកច្របល់ ខ្លាំង​នៅក្នុង​ចំណោម​មតិសាធារណៈ នៅ​ប៉ាគីស្ថាន។

ជេរប្រមាថ​សាសនា​អ៊ីស្លាម​ជា​ដើមចម​នៃ​បាតុកម្ម​បិទខ្ទប់ផ្លូវ​នៅ​អ៊ីស្លាម៉ាបាត

តាំង​តែ​ពី​៣​សប្តាហ៍​មក​ហើយ សមាជិក​នៃ​ចលនា​អ៊ីស្លាម Tehreek-i-Laback Yah Rassool Allah Pakistan បាន​ប្រមូល​ផ្តុំគ្នា បិទ​ខ្ទប់​ផ្លូវ ដែល​ជា​ច្រកចូល​ដ៏​សំខាន់​របស់​រដ្ឋធានី អ៊ីស្លាម៉ាបាដ។ គោលដៅ​សំខាន់​របស់​ពួកគេ គឺ​ទាមទារ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ចុះ​ចេញ​ពី​តំណែង។ ចុះចេញ​ពី​តំណែង ព្រោះថា រដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌ បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត ជាពិសេស នៅក្នុង​មាត្រា​ដែល​និយាយ​ពី ការស្បថស្បែ​របស់​បេក្ខជន ឈរឈ្មោះ​បោះឆ្នោត។ ដោយសារ​តែ​មាន​ការតវ៉ា​ខ្លាំង រដ្ឋាភិបាល បាន​ផ្លាស់ប្តូរ​ជំហរ និង​បាន​លុបចោល​ទៅ​វិញ វិសោធនកម្ម ច្បាប់​ខាងលើ ប៉ុន្តែ ក្រុមអ៊ីស្លាម​មួយចំនួន នៅ​តែ​មិន​អស់ចិត្ត និង​នៅ​តែ​បន្ត​ធ្វើ​បាតុកម្ម​បិទផ្លូវ ទាមទារ​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ចុះចេញ​ពី​តំណែង ក្នុង​បទ​ចោទប្រកាន់​ថា រដ្ឋមន្រ្តី រូបនេះ បាន​ជេរប្រមាថ​សាសនាអ៊ីស្លាម ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​ព្យាការី​មហាមេដ។ ការជេរប្រមាថ​សាសនា​អ៊ីស្លាម គឺ​ជារឿង​ដ៏​រសើប​នៅ​ប៉ាគីស្ថាន ដែល​ជា​ប្រទេស​អ៊ីស្លាម​អភិរក្ស​និយម។

រដ្ឋាភិបាល​ជាអ្នកទទួល​ខុសត្រូវ ជំរុញ​ឲ្យ​ស្ថានភាព​ធ្លាក់​ចុះ​អាក្រក់​រហូត​ដល់​ថ្ងៃ​សៅរ៍ម្សិលមិញ។ តាំងពី​ដំបូងទី​ម្ល៉េះ គេឃើញថា រដ្ឋាភិបាល​ប៉ាគីស្ថាន គ្មាន​ចេតនា​ចង់​ដោះស្រាយ បិទ​បញ្ហា​នេះទេ។ ក្រុមបាតុករ បានកាន់កាប់ បិទផ្លូវ ធ្វើ​ឲ្យ​មាន​ការជាប់​គាំងស្ទះ ចរាចរណ៍ ផ្លូវចេញចេញ​ក្រុង​អ៊ីស្លាម៉ាបាត តាំង​ជាង ២​សប្តាហ៍​មកហើយ ប៉ុន្តែ រដ្ឋាភិបាល​ទើប​តែ​បញ្ជូន​ប៉ូលិស ទៅបំបែក​ក្រុមបាតុករ​នៅថ្ងៃសៅរ៍។ គេ​ជឿថា រដ្ឋាភិបាល​ប៉ាគីស្ថាន មិន​ចង់​ប្រើ​អំពើហិង្សា​ទៅលើ​បាតុករ​អ៊ីស្លាម ក៏ដោយសារ​តែ​ខ្លាច​បាត់បង់​ប្រជាប្រិយភាព ព្រោះថា ការបោះឆ្នោត​ជាតិ កាន់តែ​ខិតចូល​មកដល់ នៅ​ឆ្នាំ ២០១៨។ មួយវិញទៀត រដ្ឋាភិបាល​បារម្ភថា បើ​គេ​បង្រ្កាប​ក្រុមបាតុករ ដែល​តវ៉ា ដើម្បី បុព្វេហតុ ការពារ​សាសនា​អ៊ីស្លាម នោះ​គឺ​ប្រៀប​បាន​នឹង​ដុតកំហឹង កាន់​តែខ្លាំង ក្នុង​ចំណោម​អ្នកកាន់​សាសនា​អ៊ីស្លាម​ផ្សេងទៀត រហូត​អាច​បណ្តាល​ឲ្យ​ផ្ទុះ​មាន​នូវ​មហាបាតុកម្ម ប្រឆាំង​នៅ​ទូទាំង​ប្រទេស ប៉ាគីស្ថាន ដែល​ជា​ប្រទេស​អ៊ីស្លាម​អភិរក្សនិយម។

នៅឆ្នាំ ២០០៧ ប៉ាគីស្ថាន​ធ្លាប់​បាន​ស្គាល់​រសជាតិ​នេះ​ម្តងហើយ។ កាលណោះ ប្រឈមមុខ​ដាក់គ្នា រវាង​ប៉ូលិស និង​អ្នកកាន់​សាសនា​អ៊ីស្លាម​ជ្រុលនិយម បាន​សម្លាប់​មនុស្ស​រាប់រយ​នាក់។ គឺ​អាច​ក្នុង​ហេតុផល​នេះ ដែល​ប៉ូលិស ទោះ​ជាមាន​ចំនួន​ច្រើន​ជាង បាតុករ ដល់​ទៅ​៤​ដង ប៉ុន្តែ សុខចិត្ត​ដកខ្លួន ចុះចាញ់ មិន​សូវ​ហ៊ាន​ប្រើអំពើហិង្សា ទៅលើ​បាតុករ ដែល​មាន​គ្នីគ្នា មិនដល់​២ពាន់​នាក់ផង។

ក្រុម​សាសនា​អ៊ីស្លាម ដែលរៀបចំ​បាតុកម្ម ពីរ សប្តាហ៍​មកហើយ គឺ​ជា​កុ្រម​តូច​មួយ ដែល​មិនសូវ​ល្បី​ឈ្មោះ ប៉ុន្មានទេ​នៅ​ប៉ាគីស្ថាន។ ប៉ុន្តែ រដ្ឋាភិបាល​ស៊ីវិល​ប៉ាគីស្ថាន បាន​បណ្តែត​បណោ្តយ​ឲ្យ​ក្រុមនេះ ធ្វើ​បាតុកម្ម បិទខ្ទប់ផ្លូវ បង្ក​និទណ្ឌភាព និង​ភាពអាងយ៉ាង​របស់​ក្រុមកាន់​សាសនា​អ៊ីស្លាម​ជ្រុលនិយម។ ចលនា​អ៊ីស្លាម​ដែល​ធ្វើ​បាតុកម្ម​លើកនេះ​តូចមែន ប៉ុន្តែ វា​អាច​ជា​អំបែងភ្លើង ដែល​ចូលរួម​ចំណែក ដុត បំផ្លាញ​រដ្ឋាភិបាល​ស៊ីវិល និង​បើកផ្លូវ​ឲ្យ​យោធា​លូកដៃ​អន្តរាគម រហូត​ត្រលប់​មក​ដឹកនាំ​ប្រទេស​សាជាថ្មី។ យោធា​ប៉ាគីស្ថាន ដែល​មាន​ការគាំទ្រ ពី​ក្រុម​អ៊ីស្លាម​និយមជ្រុល នឹង​អាច​ទទួល​បាន​ការស្វាគម ជាង​រដ្ឋាភិបាល​ស៊ីវិល នៅ​ប៉ាគីស្ថាន ដែល​ជា​ប្រទេស​ប្រកាន់​តឹងរ៉ឹង​សាសនា​អ៊ីស្លាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI