កូរ៉េខាងជើង

ព្យុងយ៉ាង​ប្រកាស​ខ្លួន​ជា​រដ្ឋ​នុយក្លេអ៊ែរ​ពេញ​លេញ ក្រោយ​សាកល្បងមីស៊ីល ICBM បាន​ជោគជ័យ

ពលរដ្ឋ​កំពុង​មើល​សេចក្ដី​រាយការណ៍​ពី​ការ​បាញ់​សាកល្បង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង ថ្ងៃ​ពុធ ទី​២៩ វិច្ឆិកា ២០១៧ នៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង
ពលរដ្ឋ​កំពុង​មើល​សេចក្ដី​រាយការណ៍​ពី​ការ​បាញ់​សាកល្បង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង ថ្ងៃ​ពុធ ទី​២៩ វិច្ឆិកា ២០១៧ នៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង REUTERS

លោក គីម ជុងអ៊ុន នៅ​ថ្ងៃ​ពុធ ទី​២៩​វិច្ឆិកា​នេះ បាន​ប្រកាស​ថា កូរ៉េ​ខាង​ជើងបាន​សម្រេច​មហិច្ឆតា ក្លាយ​ជា​រដ្ឋ​នុយក្លេអ៊ែរ​ពេញ​លេញ​ហើយ ក្រោយ​ពី​បាន​សាក​ល្បង​ដោយ​ជោគជ័យ​នូវ​មីស៊ីល​អន្ដរទ្វីប​ថ្មី​មួយ​។ ជា​មីស៊ីល​ដែល​កូរ៉េ​ខាង​ជើង​អួត​ថា អាច​វាយ​ប្រហារ​គ្រប់​ទី​កន្លែង​ទាំង​អស់​របស់​សហរដ្ឋ​អាមេរិក​។

ផ្សាយពាណិជ្ជកម្ម

មីស៊ីល​អន្ដរទ្វីប​ដែល​កូរ៉េ​ខាង​ជើង​បាញ់សាកល្បង​នៅ​ថ្ងៃ​ពុធ​នេះ គឺ​ជាប្រភេទ Hwasong-15។ បើ​តាម​ក្រុង​ព្យុងយ៉ាង មីស៊ីល​នេះ បាន​ហោះ​ឡើង​ដល់​កម្ពស់​ជិត​៤​ពាន់​៥​រយ​គីឡូម៉ែត្រ មុន​នឹង​ធ្លាក់​នៅ​ដែន​សមុទ្រ​សេដ្ឋកិច្ច​ផ្ដាច់មុខ​​របស់​ជប៉ុន ចម្ងាយ​ប្រមាណ​៩៥០​គីឡូម៉ែត្រ​ពី​តំបន់​បាញ់​បង្ហោះ​។ នេះ​គឺ​ជា​ការ​សាកល្បង​មីស៊ីល​ជា​ថ្មី​លើក​ដំបូង រាប់​ចាប់​តាំង​ពី​ការ​បាញ់​សាក​ល្បង​មីស៊ីល​ចុង​ក្រោយ​របស់​កូរ៉េ​ខាង​ជើង កាល​ពី​ថ្ងៃ​ទី​១៥​ខែ​កញ្ញា​។

ក្រោយ​ការ​បាញ់​បង្ហោះ​មីស៊ីល​ដ៏​មាន​ឥទ្ធិពល​នេះ ប្រមុខ​ដឹក​នាំ​ក្រុង​ព្យុងយ៉ាង​គឺ​លោក គីម ជុងអ៊ុន បាន​ប្រកាស​ថា នៅ​ទី​បំផុត កូរ៉េ​ខាង​ជើង បាន​សម្រេច​មហិច្ឆតា​ក្លាយ​ជា​រដ្ឋ​នុយក្លេអ៊ែរ​ពេញលេញ​ហើយ​។ ក្លាយ​ជា​រដ្ឋ​នុយក្លេអ៊ែរ​ពេញ​លេញ ព្រោះ​ថា មីស៊ីល​ដែល​ទើប​តែ​បាញ់​សាកល្បង​នេះ មាន​ឥទ្ធិពល​ខ្លាំង​លើស​​មីស៊ីល​ដែល​កូរ៉េ​ខាង​ជើង​ធ្លាប់​បាញ់​កន្លង​មកទាំង​អស់​​។ ទី​ភ្នាក់ងារ​ព័ត៌មាន​ផ្លូវ​ការ​របស់​កូរ៉េ​ខាង​ជើង KCNA បាន​ផ្សាយ​ថា មីស៊ីលប្រភេទ Hwasong-15 របស់​ខ្លួន​នេះ គឺ​ជាគ្រាប់​រ៉ុក្កែត​ឆ្លង​ទ្វីប ដែល​មាន​ក្បាល​នុយក្លេអ៊ែរ​ដ៏​ធំ​សម្បើម ហើយ​អាច​វាយ​ប្រហារ​តំបន់​ដី​គោក​ទាំង​មូល​របស់​សហរដ្ឋ​អាមេរិក​ថែម​ទៀត​ផង​។

ជា​ការ​កត់​សម្គាល់ ដូច​រាល់​ដង​ដែរ ការ​បាញ់​សាកល្បង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​នា​ថ្ងៃពុធនេះ ​បានឆក់​ទាញ​ប្រតិកម្មថ្កោល​ទោស​​ជា​ច្រើនពី​សហគមន៍​អន្ដរជាតិ​។ លោក អង់តូនីញ៉ូ ហ្គូទែស អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ បាន​ថ្កោល​ទោស​ចំពោះ​ការ​សាក​ល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េខាង​ជើង ដោយ​ចាត់​ទុក​ថា វា​ជា​ការ​រំលោភ​បំពាន​លើ​ដំណោះ​ស្រាយ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​។ លោក​នាយករដ្ឋ​មន្ដ្រី​ជប៉ុន ស៊ីនហ្សូ អាបេ ហៅ​ការ​សាកល្បង​មីស៊ីល​នេះ​ថា​ជា​ទង្វើ​ប្រកប​ដោយ​ហិង្សា​និង​​មិន​អាច​អត់​ឱន​​​បាន​។ ចំណែក​លោក​ប្រធានាធិបតី មូន ចេអ៊ីន នៃ​កូរ៉េ​ខាង​ត្បូង បាន​ចេញមុខ​ថ្កោល​ទោស​ចំពោះ​អាកប្បកិរិយា​មិន​ប្រុង​ប្រយ័ត្ន​របស់​ក្រុង​ព្យុងយ៉ាង​។

សហរដ្ឋ​អាមេរិក​ឯ​ណេះ​វិញ តាម​រយៈ​រដ្ឋ​មន្ដ្រី​ការពារ​ជាតិ​លោក Jim Mattis លោក​លើក​ឡើង​ថា ការ​បាញ់​សាកល្បង​មីស៊ីល​កូរ៉េ​ខាង​ជើង​លើក​នេះ បានបង្ហាញ​ពី​ការ​បោះ​ជំហាន​ទៅ​មុខ​របស់​ក្រុង​ព្យុងយ៉ាង ក្នុង​ការ​កសាង​អាវុធ​មីស៊ីល​ដែល​អាច​គំរាម​កំហែង​គ្រប់​ទី​កន្លែង​ទាំង​អស់​នៅ​ទូទាំង​ពិភពលោក​។ សហរដ្ឋ​អាមេរិកបាន​អំពាវនាវ​ឲ្យ​​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ ​បើក​កិច្ច​ប្រជុំ​បន្ទាន់​មួយ​នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​ពិភាក្សា​ពី​ការសាកល្បង​មីស៊ីល​ចុង​ក្រោយ​របស់​កូរ៉េ​ខាង​ជើង​នេះ ក៏​ដូច​ជាការអំពាវនាវ​របស់​អាមេរិក​ជាថ្មី​ម្ដង​ទៀត​ក្នុងការ​​ដាក់​ទណ្ឌកម្ម​​រឹត​ត្បិតបន្ថែម​​ ដើម្បី​បង្ខំ​ឲ្យ​​កូរ៉េខាង​ជើងលះបង់​ចោល​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI