សម្តេចប៉ាប អំពាវនាវឱ្យគ្រិស្តសាសនិកជនភូមារក្សាសន្តិភាព
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅក្នុងថ្ងៃទីបីនៃទស្សនកិច្ចនៅភូមា សម្តេចប៉ាប ហ្វ្រង់ស័រ បានជួបដោយផ្ទាល់បណ្តាគ្រិស្តសាសនិកជនភូមា ដោយបានធ្វើពិធីសូត្រធម៌ ជាសាធារណៈ កណ្តាលវាល នៅទីក្រុងរ៉ង់ហ្គូន។ ព្រះអង្គបានបួងសួងបង្ហោះសេចក្តីអំពាវនាវសុំសន្តិភាពនិងការផ្សះផ្សា ព្រមទាំងបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋកាតូលិកភូមាទាំងអស់ ឱ្យបំពេញបេសកកម្មធំមួយ គឺបញ្ឈប់ការគុំគួន និងការសងសឹក។
ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ភូមា ! នេះជាលើកទីមួយហើយដែលសម្តេចប៉ាប បានធ្វើពិធីសូត្រធម៌ កណ្តាលវាល នៅក្នុងប្រទេសភូមា នៅចំពោះមុខគ្រិស្តសាសនិកជន មកពីគ្រប់ទិសទីនៃប្រទេសផង និងមកពីបណ្តាប្រទេសជិតខាងផ្សេងទៀត ដូចជាថៃ ឡាវ វៀតណាម។
“អ្នកជាតំណាងរស់នៃវិហារកាតូលិក » ! នេះជាសង្ឃដីការបស់សម្តេចប៉ាប ទៅកាន់ហ្វូងមហាជន ជាសង្ឃកាតូលិក ជាគ្រិស្តសាសនិក ជាអ្នកការទូត ជាសមាជិកសម្ព័ន្ធជាតិដើម្បីប្រជាធិបេត្យ (សមាជិកបក្សកាន់អំណាច) ជាតំណាងសហគមជាតិពិន្ធុភាគតិច ក្នុងទឹកមុខរីករាយ គ្មានភាពតានតឹងទេ មុននឹងធ្វើសូត្រធម៌ ជាច្រើនភាសា របស់ជនជាតិភាគតិចដែលទទួលស្គាល់ជាផ្លូវការនៅភូមា។
ប៉ុន្តែការស្វាគមន៍ហាក់ដូចជាមានលាក់គំនួចអ្វីមួយ ! អាចថាជាចរិកអាស៊ីផង ឬជាការប្រុងប្រយ័ត្នផងក៏ថាបាន ព្រោះវិហារកាតូលិកនៅភូមា ធ្លាប់រងការបង្ក្រាប និងធ្វើទុក្ខបុកម្នេញរយៈពេលជាង៥០ឆ្នាំកន្លងមកហើយ ពីសំណាក់អាជ្ញាធរកាន់អំណាច ហើយទើបចាប់ផ្តើមហ៊ានងើបមុខងើបមាត់ បានបន្តិចតែប៉ុណ្ណោះ។
គ្រិស្តសាសនាក៏ជាតំណាងក្រុមជនជាតិភាគតិចមួយក្រុមដែរនៅភូមា ! ហើយគឺក្រុមជនជាតិភាគតិចគ្រិស្តសាសនិកជន ដ៏មុះមុតនេះឯង ដែលសម្តេចបានពឹងពាក់ ប្រគល់បេសកកម្មធំមួយឱ្យបំពេញ ៖ សម្តេចប៉ាបបានអំពាវនាវឱ្យគ្រិស្តសាសនិកជនភូមា ព្យាបាលដំបៅប្រទេសដែលហែកហួរគ្នា ដោយការងារសប្បុរសធម៌។ លះបង់រាល់គ្រប់ការឈឺចាប់ និងបំភ្លេចអនុស្សាវរីយ៍ដ៏ជូរចត់ ហើយងាកមកគិតគូរផ្សះផ្សានិងរកស្វែងរកសន្តិភាព ក្នុងចិត្តនិងក្នុងសហគម តាមដំបូន្មានព្រះ។ សម្តេចបានទេសនាណែនាំឱ្យពលរដ្ឋភូមាដែលរងអំពើហិង្សា កុំចងពារ កុំចង់សងសឹក ទើបដកខ្លួនចេញផុតពីទុក្ខ។
ព្រះអង្គក៏បានសូត្រធម៌លើកទឹកចិត្តឱ្យប្រមុខដឹកនាំភូមារកសន្តិភាព ផ្សះផ្សាជាតិតាមរយៈការចរចា យោគយល់និងបិទបញ្ចប់ជម្លោះនៅរដ្ឋ កាជីន រ៉ាឃីន និងចន្ទ។
នៅថ្ងៃព្រហស្បតិ៍ស្អែក សម្តេចប៉ាបនឹងនិមន្តទៅដល់បង់ក្លាដែស ប្រទេសដែលមានពលរដ្ឋភាគច្រើនកាន់សាសនាអ៊ីស្លាម និងប្រមាណ០,៥%កាន់សាសនាកាតូលិក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ