សម្តេចប៉ាបនឹងជួបជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅរដ្ឋធានី ដាការបស់បង់ក្លាដែស
ចុះផ្សាយនៅថ្ងៃ៖
ប្រមុខសង្ឃកាតូលិក សម្តេចប៉ាប ហ្វ្រង់ស័រ បានធ្វើដំណើរទៅដល់ប្រទេសបង់ក្លាដែស ហើយ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ។ ទទួលគារវកិច្ចដោយប្រធានាធិបតីបង់ក្លាដែស សម្តេចសង្ឃ កាតូលិក ហ្រ្វង់ស័រ បានអំពាវនាវឲ្យសហគមអន្តរជាតិចាត់វិធានការ “ផ្តាច់ព្រ័ត្រ” ដើម្បីដោះស្រាយវិបត្តិជនភៀសខ្លួន នៅក្នុងប្រទេសបង់ក្លាដែស។
វាមានសារៈសំខាន់ណាស់ដែលសហគមន៍អន្តរជាតិត្រូវតែចាត់វិធានការផ្តាច់ព្រ័ត្រ ទាំងក្នុងរឿងនយោបាយដែលជាដើមហេតុនៃការផ្លាស់ទីរបស់មនុស្ស ហើយនិងការផ្តល់ជំនួយបន្ទាន់ ខាងផ្នែកសំភារៈ ដើម្បី ឲ្យរដ្ឋាភិបាលបង់ក្លាដែស អាចដោះស្រាយវិបត្តិមនុស្សធម៌ នៅជំរំជនភៀសខ្លួន។
ជនភៀសខ្លួន ដែលសម្តេចប៉ាបចង់សំដៅ គឺជនជាតិរ៉ូហ៊ីងយ៉ា ជិត ៩សែននាក់ ដែលបានរត់ចេញពីទឹកដីភូមា ទៅជ្រកកោន ក្នុងជំរំភៀសខ្លួន នៅប្រទេសបង់ក្លាដែស។ តាំងពីនៅក្នុងទឹកដីភូមា ម្ល៉េះ សម្តេចប៉ាប បានរងការរិះគន់ ដោយសារតែព្រះអង្គ បានអាក់ខាន មិនបាននិយាយពាក្យរ៉ូហ៊ីងយ៉ា នៅក្នុងពេលថ្លែង ក្នុងសន្និសីទកាសែត ជាមួយលោកស្រីអ៊ុងសាន ស៊ូជី។
តាមបុរីវ៉ាទីកង់ អ្នកទទួលខុសត្រូវ វិហារកាតូលិក នៅភូមា បានទទូចសុំឲ្យសម្តេចប៉ាប កុំនិយាយដល់ឈ្មោះរ៉ូហ៊ីងយ៉ា ប៉ុន្តែ ត្រឹមតែក្រុមអ្នកកាន់សាសនាអ៊ីស្លាម បានហើយ ដើម្បី ជៀសវាងកុំដុតកំហឹងក្រុមសង្ឃពុទ្ធសាសនាជ្រុលនិយមនៅ ភូមា។ យ៉ាងណាក៏ដោយ នៅបង់ក្លាដែស សម្តេចប៉ាប នៅតែប្រយ័ត្នប្រយែងពាក្យសំដី ដដែល ដោយបានត្រឹមប្រើពាក្យ “ជនភៀសខ្លួនមកពីរដ្ឋរ៉ាឃីន” សម្រាប់និយាយដល់ជនជាតិរ៉ូហ៊ីងយ៉ា ដែលកំពុងប្រឈមនឹងវិបត្តិខ្វះអាហារនៅបង់ក្លាដែស។
ចំណុចមួយទៀត ដែលអាចធ្វើឲ្យគេខកចិត្ត ដែរ គឺថា សម្តេចសង្ឃកាតូលិកនឹងមិនធ្វើដំណើរដោយផ្ទាល់ ទៅដល់ជំរំជនភៀសខ្លួន រ៉ូហ៊ីងយ៉ា នៅព្រំដែនភូមា និងបង់ក្លាដែសនោះទេ។ តាមគម្រោង ព្រះអង្គនឹងអនុញ្ញាតឲ្យក្រុមជនជាតិរ៉ូហ៊ីងយ៉ា មួយក្រុមតូចប៉ុណ្ណោះ ចូលជួប នៅថ្ងៃសុក្រ នេះ នៅរដ្ឋធានីដាកា។
នៅថ្ងៃពុធកន្លងទៅ អ្នកនាំពាក្យរបស់សម្តេចប៉ាប បានចេញមុខការពារ នយោបាយការទូតរបស់សម្តេចប៉ាប។ តាមអ្នកនាំពាក្យ សម្តេចប៉ាបមិនខ្លាចនឹងដើរក្នុងចម្ការមីនទេ។ ប៉ុន្តែ ព្រះអង្គក៏មិនអាចដោះស្រាយ បានភ្លាម ជាពិសេស បញ្ហា ដែល គេមិនអាចដោះស្រាយទៅរួច នោះដែរ។ អ្នកនាំពាក្យរបស់សម្តេចប៉ាប ហ្រ្វង់ស័រ នៅបាននិយាយយ៉ាងខ្លី ថា ទោះជា ជោគវាសនារបស់ជនជាតិជនភៀសខ្លួន ជាកង្វល់របស់សម្តេចប៉ាប ប៉ុន្តែ ជនភៀសខ្លួន មិនមែនជាប្រធានបទសំខាន់ នៃដំណើរទស្សនកិច្ចរបស់សម្តេចប៉ាប នៅបង់ក្លាដែសលើកនេះ នោះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ