ចិន-កូរ៉េខាងត្បូង

ចិន និង​កូរ៉េខាងត្បូង​បាន​អំពាវនាវ​ឲ្យ​ពង្រឹង​ទំនាក់ទំនង​ការទូត​រវាង​គ្នា​ឡើង​វិញ

លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae-In (រូបឆ្វេង) និង​សមភាគី​ចិន​លោក Xi Jinping ក្នុង​ទីក្រុង​ប៉េកាំង​ថ្ងៃទី១៤ ធ្នូ ២០១៧
លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae-In (រូបឆ្វេង) និង​សមភាគី​ចិន​លោក Xi Jinping ក្នុង​ទីក្រុង​ប៉េកាំង​ថ្ងៃទី១៤ ធ្នូ ២០១៧ REUTERS/Nicolas Asfouri/Pool

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៤ ធ្នូ លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង និង​សមភាគី​កូរ៉េខាងត្បូង​លោក​មូ ចែអ៊ីន​បាន​អំពាវនាវ​ឲ្យ​ពង្រឹង​ឡើង​វិញ​នូវ​ទំនាក់ទំនង​ការទូត​រវាង​គ្នា។ ការ​អំពាវនាវ​រួម​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​ដំណើរ​ទស្សនកិច្ច​របស់​លោក​មូ ចៃអ៊ីន​នៅ​ក្នុង​ប្រទេស​ចិន។ សូម​ជម្រាប​ជូន​ថា ទីក្រុង​សេអ៊ូល និង​ប៉េកាំង​បាន​ស្គាល់​ភាព​តានតឹង​ផ្លូវទូត បន្ទាប់​ពី​កូរ៉េខាងត្បូង​បាន​អនុញ្ញាត​ឲ្យ​អាមេរិក​ដំឡើង​ប្រព័ន្ធ​ខែលមីស៊ីល​ប្រឆាំង​មីស៊ីល​លើ​ទឹកដី​របស់​ខ្លួន។

ផ្សាយពាណិជ្ជកម្ម

គឺ​ក្រោយ​ពី​ជំនួប​រវាង​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង និង​សមភាគី​កូរ៉េខាងត្បូង​លោក​មូ ចែអ៊ីន​នៅ​វិមាន​ប្រជាជន​ចិន​ក្នុង​ទីក្រុង​ប៉េកាំង​ដែល​ភាគី​ទាំង​ពីរ​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ឆន្ទៈ​ចង់​ពង្រឹង​ទំនាក់ទំនង​ការទូត​រវាង​គ្នា​ឡើង​វិញ។ ទន្ទឹម​គ្នា​នេះ លោក​ស៊ី ជីនពីង​ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ពី​បំណង​ចង់​បង្កើន​ទំនាក់ទំនង និង​ការ​សម្របសម្រួល​ជាមួយ​លោក​មូ ចៃអ៊ីន​ដែរ។ សម្រាប់​លោក​ស៊ី ជីនពីង ទស្សនកិច្ច​លើក​ទី១ របស់​លោក​មូ ចែអ៊ីន​លើ​ទឹកដី​ចិន​តាំង​ពី​ថ្ងៃ​ពុធ ទី១៣ ធ្នូ គឺ​ជា​ឱកាស​ដ៏​សំខាន់​មួយ​ដើម្បី​បង្កើន​ទំនាក់ទំនង​ទ្វេភាគី​ក្នុង​ពេល​ដែល​ចិន និង​កូរ៉េខាងត្បូង​កំពុង​ស្វែង​រក​ផ្លូវ​ដ៏​ប្រសើរ​មួយ​ដោយ​ផ្អែក​លើ​ការ​គោរព​គ្នា និង​ការ​ទុកចិត្ត​គ្នា​ទៅ​វិញ ទៅ​មក។

ចំណែក​លោក​មូ ចៃអ៊ីន​បាន​ថ្លែង​វិញ​ថា ចិន និង​កូរ៉េខាងត្បូង​ជា​ដៃគូ​ដែល​រុញច្រាន​ដោយ​ជោគវាសនា​ឲ្យ​ដើរ​តាម​គន្លង​ផ្លូវ​នៃ​ភាព​សម្បូរ​រុងរឿង​រួម​គ្នា និង​ឲ្យ​ចាប់ដៃ​ធ្វើ​ការ​រួម​គ្នា​ដើម្បី​សន្តិភាព​ពិភពលោក។ សម្រាប់​លោក​មូ ចៃអ៊ីន ភាព​រកាំរកូស​រវាង​ចិន និង​កូរ៉េខាងត្បូង​ពេល​នេះ គឺ​រឿង​បណ្តោះអាសន្ន​ប៉ុណ្ណោះ។ សូម​ជម្រាប​ជូន​ថា ទំនាក់ទំនង​រវាង​ចិន និង​កូរ៉េខាងត្បូង​បាន​ស្គាល់​ភាព​តានតឹង​ខ្លាំង បន្ទាប់​ពី​កូរ៉េខាងត្បូង​បាន​យល់ព្រម​ឲ្យ​អាមេរិក​ដំឡើង​ប្រព័ន្ធ​ខែលមីស៊ីល​ប្រឆាំង​មីស៊ីល​លើ​ទឹកដី​របស់​ខ្លួន។ ប្រព័ន្ធ​ខែលមីស៊ីល​ប្រឆាំង​មីស៊ីល​ដែល​សេអ៊ូល និង​វ៉ាស៊ីនតោន​ពន្យល់​ថា គឺ​ដើម្បី​ប្រឆាំង​ទប់​នឹង​ការ​វាយប្រហារ​គ្រាប់មីស៊ីល​ជា​យថាហេតុ​ពី​កូរ៉េខាងជើង។

តែ​បញ្ហា​នៅ​ត្រង់​ថា​សម្រាប់​ចិន ឥទ្ធិពល​របស់​ខែលមីស៊ីលប្រឆាំង​មីស៊ីល​របស់​អាមេរិក​ក្នុង​ទឹកដី​កូរ៉េខាងត្បូង​បាន​គ្របដណ្តប់​លើ​ផ្ទៃដី​មួយ​ផ្នែក​របស់​ចិន​ដែល​ជា​ការ​គំរាមកំហែង​លើ​សន្តិសុខ​របស់​ចិន។ ជា​ប្រតិកម្ម​តប​វិញ​កាលណោះ ចិន​បាន​ចាត់​វិធានការ​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​កូរ៉េខាងត្បូង ពិសេស​ក្នុង​វិស័យ​ទេសចរណ៍ មុន​នឹង​លើក​ចេញ​វិញ​នា​ពេល​ថ្មីៗ​នេះ ពោល​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក​មូ ចៃអ៊ីន​ក្នុង​ទឹកដី​ចិន​ពេល​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI