អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អូស្ត្រាលី​​ចាប់ខ្លួន​"​ភ្នាក់ងារ​​​​"កូរ៉េខាងជើង

ជនសង្ស័យ​ដើមកំណើត​កូរ៉េខាងជើង ដែល​ប៉ូលិស​អូស្ត្រាលី​ចាប់ខ្លួន
ជនសង្ស័យ​ដើមកំណើត​កូរ៉េខាងជើង ដែល​ប៉ូលិស​អូស្ត្រាលី​ចាប់ខ្លួន រូបភាព​ទទួលបាន​ពី​ភាគី​ផ្សេង​ពីReuters
ដោយ៖ ព្រំ សឿន សូលីណា
២១ នាទី

ប៉ូលិស​អូស្ត្រាលី​បាន​ប្រកាស​នៅថ្ងៃអាទិត្យ​នេះ ថា​បាន​ចាប់ខ្លួន​បុរស​អូស្ត្រាលី​មួយរូប ដើមកំណើត​កូរ៉េខាងជើង ពីបទ​ព្យាយាម​ជួញដូរ​សារធាតុ​​ផលិត​មីស៊ីល និង​ធ្យូងថ្ម​ ក្នុង​ទីផ្សារ​ងងឺត​អន្តរជាតិ ដើម្បី​ជួយ​រក​ចំណូលអោយ​រដ្ឋកូរ៉េខាងជើង។ ជនជាតិ​កូរ៉េខាងជើង​រូបនេះ មានទំនាក់ទំនង​ជាមួយ​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង​ជាច្រើននាក់។ ​នេះជា​លើក​ទី១​​ហើយ ក្នុង​ទឹកដី​អូស្ត្រាលី ដែល​​ប៉ូលិស​ចាប់​​​​ជនសង្ស័យ​​​​​ ពីបទ​បំពាន​ទណ្ឌកម្ម​អង្គការ​សហប្រជាជាតិ។​

ផ្សាយពាណិជ្ជកម្ម

ជនសង្ស័យ​ជា​ជនជាតិ​កូរ៉េខាងជើង មាន​សញ្ជាតិ​អូស្ត្រាលី​

បើ​យោងតាម​សារព័ត៌មាន​ ជនជាតិ​កូរ៉េខាងជើង​រូបនេះ​មានឈ្មោះ​ថា Chan Han Choi គាត់​មានទំនាក់ទំនង​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​កូរ៉េខាងជើង​ជា​ច្រើននាក់។ គាត់​រស់នៅ​អូស្ត្រាលី​៣០ឆ្នាំហើយ។ ​ ប៉ូលិស​អូស្ត្រាលី​ប្រាប់ថា​ ភ្នាក់ងារ​កូរ៉េខាងជើង​រូបនេះ​ប៉ុនប៉ង​លក់​សារធាតុ​​ផលិត​មីស៊ីល​បាលិស្ទិក លក់គម្រោង​​សង់​មីស៊ីល​ លក់​ធ្យូងថ្ម​ រឺក៏​​​​សមត្ថភាព​​បច្ចេកវិទ្យា​កូរ៉េខាងជើង​ នៅ​ក្នុង​ទីផ្សារ​ងងឹត​អន្តរជាតិ។​

បើគាត់សម្រេចបាន​​ផែនការ​ជួញដូរ​រៀបរាប់​ម​ក​ទាំងអស់នេះ គឺ​គាត់​អាច​ជួយ​រក​ចំណូល​អោយ​រដ្ឋ​កូរ៉េខាងជើង​បាន​រាប់​លាន​​ដុល្លារ។ ​ប៉ូលិស​អូស្ត្រាលី​​ប្រាប់ថា បុរស​រូបនេះ​បាន​ប្រើ​សេវា​​ផ្ញើសារ​​​ជា​កូដ ​ដើម្បី​រៀបចំ​ការ​​​ជួញដូរ​ក្នុង​ផ្សារ​ងងឹត។ ​ពេលនេះ ប៉ូលិស​អូស្ត្រាលី​​ក៏​ ​ស៊ើប​អង្កេតគាត់​ ពីបទ​​ប៉ុនប៉ង​ជួញដូរ​ត្បូង​មានតម្លៃ​ផ្សេងៗ​ផងដែរ។​ ​​អូស្ត្រាលី​បាន​ទទួល​ព័ត៌មាន​ពីប៉ូលិសក្រៅស្រុក​ ទាក់ទង​នឹងភ្នាក់ងារ​កូរ៉េខាងជើង​រូបនេះ​ ​ ​ទើប​បាន​ជា​ប៉ូលិស​អូស្ត្រាលី​ចាប់អារម្មណ៍​តាមដាន​ និង​ឈានដល់ការចាប់ខ្លួន​នេះ​ទៅ។ ​

ដោយឡែក អូស្ត្រាលី​បដិសេធ​ផ្តល់​ព័ត៌មា​ន​ទាក់ទង​ នឹង​អត្តសញ្ញាណ​បុគ្គល​ រឺ​ក៏​ក្រុមហ៊ុន​ ​ដែល​ជា​អតិថិជន​សក្តានុពល​ដែល​ចង់ទិញគ្រឿងផលិត​មីស៊ីល រឺធ្យូងថ្ម​កូរ៉េខាងជើង​​ពីជនសង្ស័យ​រូបនេះ។ តែ​​​គ្រាន់តែ​ប្រាប់ថា គ្មាន​រដ្ឋាភិបាល រឺ​មេដឹកនាំ​រដ្ឋភិបាល​ប្រទេស​ណាមួយ​​​ជាប់ពាក់ព័ន្ធ​នឹង​បទល្មើស​នេះទេ។

សូមបញ្ជាក់​ដែរថា ​​នេះជាលើកទី១​ហើយ ដែលក្នុង​ទឹកដី​អូស្ត្រាលី ​​អាជ្ញាធរ​​ធ្វើការ​​ចាប់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​អាវុធ​ប្រល័យ​លោក បំពាន​លើ​ទណ្ឌកម្ម​អង្គការ​សហប្រជាជាតិ។ សម្រាប់​រដ្ឋាភិបាល​អូស្ត្រាលី ​នេះ​ជាការ​ចាប់ខ្លួនដ៏ធំ។ នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក Malcolm Turnbull ​លើកឡើង​ថា ​កូរ៉េខាងជើង​ជា​ប្រទេស​គ្រោះថ្នាក់ គំរាម​សន្តិភាព​តំបន់ ដូច្នេះ​វា​ជា​ការ​សំខាន់​ណាស់ ដែល​គ្រប់ប្រទេស​ទាំងអស់​​អនុវត្ត​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង។ ​ ​ ​​

រដ្ឋកូរ៉េខាងជើង​ធ្លាប់​ផ្ញើលិខិត​​មួយច្បាប់​អោយ​​សភា​អូស្ត្រាលី

គេចាំថា​​ ​កាលពី​ចុងខែ​កញ្ញា​ កូរ៉េខាងជើង​ធ្លាប់​បាន​ផ្ញើសំបុត្រ​មួយច្បាប់ ​ទៅ​អោយ​អូស្ត្រាលី។ ​គឺ​​ក្រសួងការបរទេស​កូរ៉េខាងជើង​ជាអ្នក​រៀបរៀង​​លិខិត​នេះឡើង ហើយគឺ​ខាង​ស្ថានទូត​កូរ៉េខាងជើង​​ប្រចាំ​ក្រុងហ្សាកាតា នៅ​ឥណ្ឌូណេស៊ី ជា​អ្នក​​​​បញ្ជូន​ទៅ​អោយ​ផ្នែកការទូត​អូស្ត្រាលី​ នៅ​ឥណ្ឌូណេស៊ី នៅថ្ងៃ​២៨កញ្ញា។ ​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី លោកស្រី ជូលី ប៊ីស្ហុប បាន​​ទទួល​លិខិត​នេះ។ ខ្លឹមសារ​លិខិតគឺ​​ ​ជំរុញ​អោយ​តំណាងរាស្ត្រ​​អូស្ត្រាលី​ថ្កោលទោស​​អាមេរិក​ដែល​បាន​គំរាម​រំលាយ​កូរ៉េខាងជើង។

យោងតាម​លិខិត​ដែល​ផ្ញើ​អោយ​​អូស្ត្រាលី​ កាលនោះ ​ក្រុងព្យុងយ៉ាង​សុំអោយ​សភា​អូស្ត្រាលី​​ប្រុងប្រយ័ត្ន​​ចំពោះ​វិធានការ​របស់​រដ្ឋបាល​លោ​កដូណាល់ ត្រាំ។ តាម​ខ្លឹមសារ​​លិខិត​នោះ​​ ​រដ្ឋកូរ៉េខាងជើង​ក៏​ផ្ញើ​លិខិត​​ ​ទៅអោយ​សភា​តាម​ប្រទេស​ផ្សេងៗ​ទៀតដែរ។ នេះ​ជា​លើកទី១ហើយ​ដែល​​អូស្ត្រាលី​ទទួលលិខិត​ពី​កូរ៉េខាងជើង តាមធម្មតា កូរ៉េខាងជើង​​គ្មានទំលាប់បែបនេះ​ទេ។ ​​

សំបុត្រ​នេះ​ផ្ញើ​នៅ​ចុងខែកញ្ញា ឃើញថា ​​គឺក្រោយ​ពេល​​លោក​ដូណាល់ ត្រាំ បាន​ប្រើ​ពាក្យ​គំរាម​​រំលាយ​កូរ៉េខាងជើង។ លោកត្រាំ​បាន​​គំរាម​បែបនេះ ​​កាលពី​​ពាក់​កណ្តាល​​ខែ​កញ្ញា។ យើងដឹង​ស្រាប់ហើយ ថា​កាលពី​​ប៉ុន្មាន​ខែ​មុននេះ លោក​ត្រាំ និង​លោក​គឹម ជុងអ៊ុ​ន ចូលចិត្ត​ផ្លែផ្កា​សំដី​គ្នា គំរាម​គ្នា​ទៅវិញទៅមក​ណាស់។ លោកត្រាំ​ខឹ​ង​លោក​គឺម ជុងអ៊ុ​ន គឺដោយសារ​​​កូរ៉េខាងជើង​បាញ់​មីស៊ីល ផ្គើន​ទិវាបុណ្យជាតិ​អាមេរិក​ខែកក្កដា។ ហើយ​បន្តបន្ទាប់​មក​ ក៏​នៅតែ​បន្ត​បាញ់​មីស៊ីល​ រហូត​ដល់​ទៅមានការ​សាកល្បង​​គ្រាប់បែក​​អ៊ីដ្រូសែន​ទៀតផង។

ឃើញថា ទោះជា​មាន​លិខិត​ពី​រដ្ឋកូរ៉េខាងជើង​សុំអោយ​អូស្ត្រាលី​ថ្កោលទោស​អាមេរិក ក៏អូស្ត្រាលី​ប្រកាន់ជំហរ​នៅខាង​អាមេរិក​ជាដៃ​គូ​ដែរ។ ​អូស្ត្រាលី​មិនពេញចិត្ត​​​​មហិច្ឆតា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ទេ។ ជាក់ស្តែង ក្រោយ​ទទួលបាន​លិខិត​ពី​កូរ៉េខាងជើង រដ្ឋមន្ត្រី​ការបរទេស​​​​អូស្ត្រាលី​បែរជា​ទៅ​ទស្សនកិច្ច​នៅ​ព្រំដែន​កូរ៉េខាងត្បូង នៅថ្ងៃ​១១ តុលា និង​ថែមទាំង​អំពាវនាវ​អោយ​អន្តរជាតិ​បន្ថែម​សម្ពាធ​លើ​ក្រុងព្យុងយ៉ាង​ទៀតផង។ ​កាលនោះ ​​កូរ៉េខាងជើង​ខឹង​អូស្ត្រាលី​ខ្លាំង​ណាស់ និង​ចោទ​រហូត​ថា​ អូស្ត្រាលី​រៀបចំ​​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​ទៀតផង៕ ​​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ