កូរ៉េខាងត្បូងស្វាគមន៍ដែលកូរ៉េខាងជើង ចង់ចូលរួម នៅការប្រកួតអូឡាំពិក នៅព្យុងឆាង
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
កូរ៉េខាងត្បូង នៅថ្ងៃអង្គារទី២ មករា បានឆ្លើយតបយ៉ាងវិជ្ជមានទៅនឹងសំណើរបស់កូរ៉េខាងជើង ដែលចង់បង្កើនទំនាក់ទំនងល្អប្រសើរជាមួយកូរ៉េខាងត្បូង។ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅថ្ងៃនេះ លោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ចៃអ៊ីនបានបញ្ជារឲ្យរដ្ឋមន្រ្តីកីឡា ហើយនិងរដ្ឋមន្រ្តី ទទួលបន្ទុកបង្រួបបង្រួមកូរ៉េ ចាត់វិធានការបន្ទាន់ ដើម្បី រៀបចំឲ្យបានឆាប់ ជំនួបទ្វេភាគី ជាមួយកូរ៉េខាងជើង។
រដ្ឋាភិបាលកូរ៉េខាងត្បូង នៅថ្ងៃអង្គារបានប្រកាសស្វាគម ទទួលយកសំណើរបស់មេដឹកនាំកូរ៉េខាងជើង ដែលកាលពីថ្ងៃចន្ទ បានថ្លែងចង់បញ្ជូន គណៈប្រតិភូកីឡា ទៅក្នុងការប្រកួតកីឡាអូឡាំពិក រដូវត្រជាក់ ដែលរៀបចំ នៅក្រុងព្យុងឆាង ក្នុងទឹកដីកូរ៉េខាងត្បូង នៅថ្ងៃទី ៩កុម្ភៈ ខែក្រោយ។ សម្រាប់លោកប្រធានាធិបតីកូរ៉េខាងត្បូង កូរ៉េខាងជើងបានឆ្លើយតបនឹងការចង់បានរបស់កូរ៉េខាងត្បូងដែលចង់ឲ្យការប្រកួតកីឡាអូឡាំពិក នៅព្យុងឆាងជាព្រឹត្តិការណ៍ បដិវត្តដើម្បីសន្តិភាព។
នៅថ្ងៃអង្គារនេះ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី លោកមូន ចៃអ៊ីនបានបញ្ជាឲ្យមន្រ្តីរដ្ឋាភិបាល ដុតដៃ ដុតជើង ធ្វើយ៉ាងណា រៀបចំឲ្យបានឆាប់ ជំនួបទ្វេភាគីជាមួយ កូរ៉េខាងជើង ដើម្បី រៀបចំការចូលរួមរបស់កីឡាករកូរ៉េខាងជើង ក្នុងការប្រកួតកីឡាអូឡាំពិក។ រដ្ឋមន្រ្តីកូរ៉េខាងត្បូង ទទួលបន្ទុកការបង្រួបបង្រួម បានប្រាប់អ្នកកាសែតថា រដ្ឋាភិបាលបើកទទួលជានិច្ចការចរចា ជាមួយ កូរ៉េខាងជើង មិនថា នៅពេលណា ឬនៅកន្លែងណាទេ។ នៅថ្នាក់មូលដ្ឋានវិញ ចៅហ្វាយខេត្តកូរ៉េខាងត្បូងម្នាក់ នៅបានស្នើឲ្យកប៉ាល់ជើងទឹកកូរ៉េខាងត្បូង ចេញទៅដឹកយកកីឡាករ និងគណៈប្រតិភូ កូរ៉េខាងជើងទៀតផង។
នៅថ្ងៃនេះ រដ្ឋមន្រ្តីកូរ៉េខាងត្បូង ទទួលបន្ទុក បង្រួបបង្រួមកូរ៉េទាំងពីរ បានស្នើឲ្យមានជំនួបកូរ៉េទាំងពីរនៅថ្ងៃទី៩មករា សប្តាហ៍ក្រោយ។ សូមបញ្ជាក់ថា នៅក្នុងសារស្វាគមឆ្នាំ ថ្មី នៅថ្ងៃចន្ទម្សិលមិញ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានថ្លែងថា លោកនឹងបញ្ជូនកីឡាករកូរ៉េខាងជើង ឲ្យទៅចូលរួម នៅក្នុងការប្រកួតកីឡាអូឡាំពិក ដែលរៀបចំឡើងនៅកូរ៉េខាងត្បូង ពីថ្ងៃទី ៩ដល់ថ្ងៃទី ២៥កុម្ភៈ ខាងមុខ។ សម្រាប់មន្រ្តីកូរ៉េខាងត្បូងដែលទទួលបន្ទុករៀបចំកីឡាអូឡាំពិករដូវទឹកកក មេដឹកនាំកូរ៉េខាងជើងកំពុងធ្វើអំណោយឆ្នាំថ្មី ដល់កូរ៉េខាងត្បូង ដែលជាម្ចាស់ផ្ទះ និងដែលចង់ឲ្យកូរ៉េខាងជើង ចូលរួម មានមុខ នៅក្នុងការប្រកួតកីឡាអូឡាំពិក នៅក្រុងព្យុងឆាង នៅកូរ៉េខាងត្បូង។
តាំងពីដើមមក សេអ៊ូល និងអ្នករៀបចំកីឡាអូឡាំពិករមែងចង់ឲ្យកូរ៉េខាងជើង ចូលរួមនៅក្នុងការប្រកួតកីឡាអូឡាំពិក នៅព្យុងឆាង ដែលគេចាត់ទុកជាព្រឹត្តិការណ៍ ដើម្បីសន្តិភាព។
កូរ៉េខាងជើង ធ្លាប់បានពហិការ មិនទៅចូលរួម នៅកីឡាអូឡាំពិក នៅក្រុងសេអ៊ូល នៅឆ្នាំ ១៩៨៨។
កន្លងមក កូរ៉េខាងជើងមិនដែលនិយាយថា ខ្លួននឹងចូលរួមនៅក្នុងកីឡាអូឡាំពិក នៅកូរ៉េខាងត្បូងនោះទេ។ គ្មានចម្លើយ ពីខាងកូរ៉េខាងជើង បូកផ្សំនឹងភាពតានតឹងដែល កើនឡើងខ្លាំង ដោយសារការបាញ់សាកល្បងគ្រាប់បែកនុយក្លេអ៊ែរ និងមីស៊ីល របស់កូរ៉េខាងជើង គេសឹងមិនសង្ឃឹមផងទេថា ការប្រកួតកីឡាអូឡាំពិក នៅកូរ៉េខាងត្បូង អាចដំណើរការទៅដោយរលូន ទេ ព្រោះថា កូរ៉េខាងជើង តែងតែគំរាមជានិច្ច វាយប្រហារមីស៊ីលដាក់កូរ៉េខាងត្បូង។ មួយវិញទៀត កូរ៉េខាងត្បូងសឹងមិនជឿនឹងត្រចៀកទេថា មេដឹកនាំកូរ៉េខាងជើងលើកនេះ សុខចិត្ត បញ្ជូនកីឡាកររបស់ខ្លួន ឲ្យទៅចូលរួមប្រកួតកីឡាអូឡាំពិក នៅកូរ៉េខាងត្បូង។
កូរ៉េខាងជើងបានទាមទារ ចង់ចូលរួម រៀបចំកីឡាអូឡាំពិកជាមួយ កូរ៉េខាងត្បូង ប៉ុន្តែ ទាំងកូរ៉េខាងត្បូង និងគណៈកម្មការអូឡាំពិកអន្តរជាតិមិនយល់ព្រម។ លើកនេះ គេមិនបានលឺមេដឹកនាំកូរ៉េខាងជើងទាមទារអ្វីទេ គ្រាន់តែចង់ចូលរួមដើម្បីជំរុញឲ្យការរៀបចំអូឡាំពិកនៅកូរ៉េខាងត្បូងបានសម្រេចតែប៉ុណ្ណោះ។
កូរ៉េខាងត្បូងចង់បានខ្លាំង ឲ្យកីឡាករកូរ៉េខាងជើង មានមុខ នៅក្នុងការប្រកួតកីឡាអូឡាំពិក ព្រោះថា វត្តមានរបស់គណៈប្រតិភូកូរ៉េខាងជើង នៅអូឡាំពិក គឺស្មើនឹងសំបុត្រធានាសន្តិសុខ មិនឲ្យកូរ៉េខាងជើង អាចវាយប្រហារលើកូរ៉េខាងត្បូង នៅពេលកំពុងរៀបចំកីឡាអូឡាំពិកយ៉ាងដូច្នោះដែរ។
ហេតុអ្វីបានជាមេដឹកនាំកូរ៉េខាងជើងចង់ចរចា ជាមួយកូរ៉េខាងត្បូង នៅពេលនេះ?
មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន វ័យក្មេង ប៉ុន្តែ ក៏វ័យឆ្លាតណាស់ដែរ។ ដោយសម្រេចបញ្ជូនកីឡាករកូរ៉េខាងជើង ទៅក្នុងការប្រកួតកីឡាអូឡាំពិកនៅកូរ៉េខាងត្បូង លោកចង់បញ្ចុះបញ្ចូលមតិមហាជនក្នុងស្រុកថា លោកបានយកចិត្តទុកដាក់ ផ្តល់តម្លៃដល់មុខមាត់របស់ប្រទេស នៅក្នុងការប្រកួតកីឡាអន្តរជាតិ។
ប៉ុន្តែ ជាមួយគ្នានេះ ដោយសារតែកូរ៉េខាងត្បូង ប៉ងចង់ឲ្យកីឡាករកូរ៉េខាងជើង ចូលរួម នៅក្នុងការប្រកួតកីឡាអូឡាពិកលើកនេះ លោកគីម ជុងអ៊ុនក៏ចង់យករឿងនេះ មកធ្វើជា រឿងសំខាន់ នៅក្នុងការចរចាជាមួយ កូរ៉េខាងត្បូង។ នៅលើតុចរចា លើកនេះ កូរ៉េខាងជើងមានប្រៀបគ្រប់បែបយ៉ាងលើកូរ៉េខាងត្បូង។ នៅក្នុងការចរចាលើកនេះ កូរ៉េខាងជើង នឹងចរចា ក្នុងនាមជាប្រទេសមហាអំណាចនុយក្លេអ៊ែរ។ កូរ៉េខាងជើង អាចដាក់លក្ខខណ្ឌថា ដើម្បីឲ្យ កូរ៉េខាងជើង ទៅចូលរួម នៅកីឡាអូឡាំពិក ឬចរចាសន្តិភាពបង្រួបបង្រួម ជាមួយ កូរ៉េខាងត្បូង នោះកូរ៉េខាងត្បូងត្រូវធ្វើសម្បទានជាច្រើន មិនថា ផ្នែកយោធា ឬសេដ្ឋកិច្ច។ គេវាយតម្លៃថា ក្រុងព្យុងយ៉ាងទំនងចង់ទាមទារឲ្យកូរ៉េខាងត្បូង ផ្អាកមិនធ្វើសមយុទ្ធជាមួយ អាមេរិក ដែលត្រូវធ្វើនៅខែកុម្ភៈ ខែក្រោយ។ ម្យ៉ាងទៀត ព្យុងយ៉ាងចង់ឲ្យកូរ៉េខាងត្បូង ផ្តល់ជំនួយមនុស្សធម៌ និងបើកឡើងវិញ តំបន់សេដ្ឋកិច្ច កេសុង នៅព្រំដែនប្រទេសទាំងពីរដែលគ្រប់គ្រងដោយកូរ៉េខាងត្បូង ប៉ុន្តែ បានផ្តល់ការងារធ្វើដល់ប្រជាជនកូរ៉េខាងជើង។
មួយវិញទៀត គេជឿដែរថា ដោយប្រកាសចង់ចរចា ជាមួយ កូរ៉េខាងត្បូង ដែលបានជាប់គាំង តាំងពីឆ្នាំ ២០១៥មក កូរ៉េខាងជើង កំពុងចង់ទាក់ទាញ កូរ៉េខាងត្បូង ឲ្យដើរឆ្ងាយពីអាមេរិក ដែលមេដឹកនាំកូរ៉េខាងជើង ចាត់ទុកជាសត្រូវ ចង់ឈ្លានពាន យកទឹកដីកូរ៉េ។ នៅខាងភាគី កូរ៉េខាងត្បូង វិញ លោកប្រធានាធិបតីមូន ចៃអ៊ីនស្វាគមន៍ទទួលយកសំណើរបស់មេដឹកនាំកូរ៉េខាងជើងទាំងដៃពីរ ប៉ុន្តែ ជាមួយលក្ខខណ្ឌ។ ពោលគឺការចរចាដើម្បីសន្តិភាពរវាងកូរ៉េទាំងពីរអាចធ្វើទៅបាន លុះត្រាណាតែកូរ៉េខាងជើងដោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែរជាមុនសិន ឬអាចថា កូរ៉េខាងជើងត្រូវលះបង់ចោលមហិច្ឆតាផលិតអាវុធនុយក្លេអ៊ែរ។ លក្ខខណ្ឌរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ប្រហែលជាមិនអាចចូលក្នុងត្រចៀក ខួរក្បាលពិចារណារបស់មេដឹកនាំកូរ៉េខាងជើងនោះទេ ព្រោះថា អាវុធនុយក្លេអ៊ែរ ជាមធ្យោបាយតែមួយគត់ ដែលកូរ៉េខាងជើង ខ្នះខ្នែង ប្រឹងផលិតបាន ដែលបើតាមកូរ៉េខាងជើង គឺដើម្បី ការពារខ្លួន ទប់ទល់នឹងការវាយប្រហារនុយក្លេអ៊ែររបស់អាមេរិក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ