អ៊ីរ៉ង់-សហរដ្ឋអាមេរិក

លោកដូណាល់ ត្រាំ​សម្រេច​ទុក​ឱកាស​ចុងក្រោយ​ឲ្យ​អ៊ីរ៉ង់ និង​សហភាពអឺរ៉ុប

ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ នៅថ្ងៃសុក្រ​បាន​សម្រេចបន្ត ​​ផ្អាកព្យួរ​​​​ទណ្ឌកម្ម​សេដ្ឋកិច្ចទៅលើ​អ៊ីរ៉ង់ ប៉ុន្តែ ជាមួយ​លក្ខខណ្ឌ។ ​លោក​ដូណាល់ ត្រាំ​ បាន​សម្រេច​ទុកពេល​​បីខែ​ទៅមុខ ដែលនៅក្នុង​នោះ លោក​ចង់​ឲ្យ​ប្រទេស​មហាអំណាច​នៅអឺរ៉ុប​ដែល​ជា​ភាគី​ហត្ថលេខីនៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ ​​ចរចា​ឡើង​វិញ​ជាមួយ ប្រទេស​អ៊ីរ៉ង់ ដើម្បី​កែប្រែ​លក្ខខណ្ឌ ​មួយចំនួន​ដែល​អាមេរិក​យល់ថា នៅ​ធូររលុង​ខ្លាំង និង​អាច​បើក​ផ្លូវ​ឲ្យ​អ៊ីរ៉ង់​មាន​សមត្ថភាព​ផលិត​អាវុធ​នុយក្លេអ៊ែរ។

ប្រធានាធិបតី​ដូណាល់ ត្រាំ ចេញពី​មន្ទីរពេទ្យ​ទាហាន​នៅរដ្ឋ​ម៉ារីលែន ថ្ងៃទី​១២​ មករា ២០១៨
ប្រធានាធិបតី​ដូណាល់ ត្រាំ ចេញពី​មន្ទីរពេទ្យ​ទាហាន​នៅរដ្ឋ​ម៉ារីលែន ថ្ងៃទី​១២​ មករា ២០១៨ © REUTERS/Yuri Gripas
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីថ្លែងការណ៍​នៅថ្ងៃ​សុក្រ ប្រធានាធិបតី អាមេរិក​ លោកដូណាល់ ត្រាំ បាន​បញ្ជាក់ថា វា​ជា​ឱកាស​ចុងក្រោយ។ លោកដូណាល់ ត្រាំ នៅ​បាន​គំរាមថា បើសិន​ នៅ​ក្នុង​រយៈពេល​៣​ខែ​ទៅមុខ ​គេ​(អឺរ៉ុប) មិន​​​ចរចា ដើម្បី​កែប្រែ​លក្ខខណ្ឌ​ នៅក្នុង​កិច្ច​ព្រមព្រៀង​​ ទៅ​តាម​ការទាមទារ​ ​របស់​អាមេរិក នោះ​លោក​នឹង​ដក​អាមេរិក​ចេញ​​ភ្លាម​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ សេតវិមាន​ចង់​ឲ្យ​ភាគី​អឺរ៉ុប ដែល​ជា​ហត្ថលេខី​នៅក្នុង​កិច្ចព្រមព្រៀង​ ចរចាឡើងវិញ​ជាមួយ​អ៊ីរ៉ង់ ទៅលើ​លក្ខខណ្ឌ​ដែល​មាន​ចែង​ពីការចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម​របស់​អ៊ីរ៉ង់។ ទៅតាម​កិច្ចព្រមព្រៀងឆ្នាំ ២០១៥ អ៊ីរ៉ង់​យល់ព្រម​​ផ្អាក​ មិន​​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម រហូត​ដល់​ឆ្នាំ ២០២៥ ប៉ុន្តែ អាមេរិក​របស់​លោកដូណាល់ ត្រាំ ចង់ឲ្យ​អ៊ីរ៉ង់​ឈប់​​ចម្រើន​ធាតុអ៊ុយរ៉ានីញ៉ូម ជារៀងរហូត។ នៅក្នុង​ការទាមទារ​របស់ខ្លួន លោកដូណាល់ ត្រាំ​ចង់​ឲ្យ​គេ​លើក​និយាយ​ផងដែរ​កម្មវិធី​ផលិត​មីស៊ីល​របស់​អ៊ីរ៉ង់។

សូមអាន៖ ប្រធានាធិបតី អ៊ីរ៉ង់៖ ទោះ​ដូណាល់ ត្រាំ ១០នាក់ ក៏​មិន​អាច​ប្រែក្រឡាស់​កិច្ចព្រមព្រៀង​ស្តីពី​នុយក្លេអ៊ែរ

នៅ​ថ្ងៃ​ព្រហស្បតិ៍​សហភាព​អឺរ៉ុប ដែល​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ បាន​បង្ហាញ​ជំហរ​គាំទ្រកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​ទាមទារ​ឲ្យប្រទេស​​ហត្ថលេខី ដូចជា​អាមេរិក គោរព​ធ្វើ​តាម​កិច្ចព្រមព្រៀង​។ លោក​អេម៉ានុយអ៊ែលប្រធានាធិបតី​បារាំងផ្ទាល់​ ​បាន​ទូរស័ព្ទ​ ​ទៅលោក​ដូណាល់ ត្រាំ​ដើម្បី​បញ្ជាក់​ពី​សារៈសំខាន់​នៃការគោរព​​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ សម្រាប់​ថ្នាក់ដឹកនាំ​នៅ​អឺរ៉ុប កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​​អ៊ីរ៉ង់សំខាន់​សម្រាប់​សន្តិសុខ​អន្តរជាតិ ព្រោះ​វា​​​ជួយ​ទប់ស្កាត់​កុំ​ឲ្យ​អ៊ីរ៉ង់​អាចមាន​សមត្ថភាព​​ផលិត​អាវុធ​នុយក្លេអ៊ែរ។ ចាប់តាំង​ពី​មាន​កិច្ចព្រមព្រៀង​អន្តរជាតិ នៅឆ្នាំ ២០១៥ អង្គការ​ថាមពល​បរិមាណូ​អន្តរជាតិ​AIEA​បាន​បញ្ជាក់​៧លើក​មកហើយថា អ៊ីរ៉ង់​បានគោរព​ធ្វើ​តាម​កិច្ចព្រមព្រៀង។

អាមេរិក​នៅក្នុង​អាណត្តិ​របស់​លោកអូបាម៉ា និង​ប្រទេស​មហាអំណាច​ផ្សេងទៀត ដូចជា​បារាំង អង់គ្លេស ចិន រុស្ស៊ី និង​អាល្លឺម៉ង់​បាន​ចរចា​ជាង​២​ឆ្នាំ ជាមួយ អ៊ីរ៉ង់ ទំរាំ​អាច​បង្កើត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​​អ៊ីរ៉ង់ ដែល​អង្គការ​សហប្រជាជាតិ​បាន​បោះឆ្នោត​អនុម័ត នៅ​ឆ្នាំ ២០១៥។ ប៉ុន្តែ លោកដូណាល់ ត្រាំវិញ​បាន​ ​រិះគន់កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​​ថា ជា​កិច្ចព្រមព្រៀង​ដ៏​អាក្រក់បំផុត។ កាលពី​ខែ​តុលា​កន្លងទៅ លោកធ្លាប់​បាន​បដិសេធ មិន​បញ្ជាក់​ទៅ​សភា​អាមេរិក ថា អ៊ីរ៉ង់​គោរព​តាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ។ ការណ៍​នេះ​ធ្លាប់​ឲ្យ​គេ​បារម្ភថា សភាអាមេរិក​នឹង​អាច​ត្រលប់​ទៅ​ដាក់​ទណ្ឌកម្មលើ​អ៊ីរ៉ង់ ដែលអាមេរិក​បាន​ផ្អាក ដោយសារ​ការអនុវត្ត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ ការដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់ គឺ​ជា​សញ្ញា​នៃ​ការដកខ្លួន​របស់​​អាមេរិកចេញពី​​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់។

​នៅថ្ងៃ​សុក្រ លោកដូណាល់ ត្រាំ​សុខចិត្តផ្អាក ព្យួរទណ្ឌកម្ម​ទៅលើ​អ៊ីរ៉ង់ នៅក្នុង​សំណុំ​រឿង​នុយក្លេអ៊ែរ ប៉ុន្តែ នៅថ្ងៃ​ដដែល ក្រសួង​ហិរញ្ញវត្ថុ​របស់​អាមេរិក បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​មន្រ្តីជាន់ខ្ពស់​អ៊ីរ៉ង់​១៤​រូប ដែល​អាមេរិក​ចោទប្រកាន់​ថា បានរំលោភ​សិទ្ធិ មនុស្ស ផ្តាច់ការ និង​គាំទ្រ​ឲ្យ​មានការចែកចាយ​ប្រើប្រាស់អាវុធ។​ នេះជា​ទណ្ឌកម្មថ្មី​បន្ថែម ពី​ទណ្ឌកម្ម​ផ្សេងទៀត ដែល​អាមេរិក​នៅ​បន្ត​ដាក់​លើ​អ៊ីរ៉ង់ សម្រាប់​រឿងភេរវនិយម ហើយ​និង​កម្មវិធី​ផលិត​មីស៊ីល​របស់​អ៊ីរ៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI