អានតួអត្ថបទ

លោកស៊ីជីនពីង លើវិថី​នៃការ​កាន់​អំណាច​លើស​ពី​ពីរ​អាណត្តិ

លោក ស៊ីជីនពីង លើ​ផ្លូវ​ឆ្ពោះទៅ​កាន់​អំណាច​លើស​ពី​ពីរ​អាណត្តិ
លោក ស៊ីជីនពីង លើ​ផ្លូវ​ឆ្ពោះទៅ​កាន់​អំណាច​លើស​ពី​ពីរ​អាណត្តិ REUTERS/Fred Dufour
ដោយ៖ អៀង សុខម៉ិញ
១៣ នាទី

លោក​ស៊ីជីនពីង ដែល​កំពុង​កាន់​តំណែង​ជា​ប្រធានាធិបតី​ចិន ជា​គម្រប់​អាណត្តិ​ទីពីរ ទំនង​ជា​នឹង​អាច​បន្ត​​តួនាទី​កំពូល​នេះ​ទៀត ​ខុស​ពី​ប្រធានាធិបតី​មុនៗ ព្រោះ​​បើ​តាម​ប្រភព​សារព័ត៌មាន​ផ្លូវការ​ចិន​​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ បក្ស​កុម្មុយនិស្ត​ចិន​ បានយល់​ព្រម​​ឱ្យ​មាន​ការ​សើរើ​ច្បាប់​ លុប​ចំនួន​​អាណត្តិ​ជា​ប្រធានាធិបតីដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​​ ត្រឹម​តែ​ពីរ​អាណត្តិ​ចេញ​ហើយ។

ផ្សាយពាណិជ្ជកម្ម

គណៈកម្មាធិការ​មជ្ឈិម​បក្ស ដ៏​មាន​អំណាច​ក្នុង​​បក្ស​កុម្មុយនិស ​បាន​ស្នើ​ឱ្យ​ចិន​លុប​រដ្ឋធម្មនុញ្ញ ​ត្រង់​មាត្រា​ដែលចែង​​កំណត់​ឱ្យ​ប្រធានាធិបតី​ និង​អនុប្រធានាធិបតី​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​ចិន អាច​កាន់​តំណែង​ត​ជាប់​​គ្នា ត្រឹម​តែពីរ​​អាណត្តិ៥​ឆ្នាំ​។ លោក ​ ស៊ី​ ជីនពីង ដែល​បាន​ឡើង​កាន់​អំណាចនៅ​​ឆ្នាំ​២០១៣​ តាម​ធម្មតា​​ (បើ​គ្មានការ​កែប្រែ​រដ្ឋ​ធម្មនុញ្ញ​ទេ) ត្រូវ​ចាក​ចេញ​ពី​តួនាទី​ប្រធានាធិបតី នៅ​ឆ្នាំ​២០២៣។

តាម​ភ្នាក់ងារ​ព័ត៌មាន​ចិន​ថ្មី ​​គណៈកម្មាធិការ ​បានថែម​ទាំង​ស្នើ​ឱ្យ​សភា​ចិន​​បញ្ចូល​ លទ្ធិ​របស់​លោកស៊ី​ជីនពីង ស្តី​អំពី​សង្គមនិយម​ ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ទៀត។ ​ស្ថាប័ន​ថ្មី​ទទួល​បន្ទុក​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ គណៈកម្មការ​ត្រួត​ពិនិត្យ​អំពើ​ពុករលួយ ក៏​ត្រូវ​បាន​​គណៈកម្មការ​មជ្ឈមបក្ស​កុម្មុយនិស្ត ស្នើ​​ឱ្យ​កត់​បញ្ចូល​ទៅ​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែរ។ នេះ​បើ​ប្រភព​សារព័ត៌មាន​ផ្លូវការ​ចិន​ដដែល។

សំណើ​របស់​គណៈកម្មាធិការ​នេះ នឹង​ត្រូវ​បញ្ជូន​ឱ្យ​សភាចិន​ ដែល​នឹង​បើកសម័យ​​​ប្រជុំ​ពេញ​អង្គ​ ប្រចាំ​ឆ្នាំ​ រយៈ​ពេល​បី​ថ្ងៃ ចាប់​ពី​ថ្ងៃ​ចន្ទ​ទៅ ទី ៥ មីនា​ សម្រេច។

ក្នុង​អំឡុង​ពេល​បើក​សមាជ​បក្សប្រចាំ​៥​ឆ្នាំ​ម្តង​ កាលពី​​ខែ​តុលា ២០១៧ លោក ស៊ី ជិនពីង បាន​ទទួល​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ ក្លាយ​ជា​ឥស្សរជន​ចិន​ទីពីរ បន្ទាប់​ពីបិតា​បង្កើត​របប​កុម្មុយនិស្ត​ចិន នៅ​ឆ្នាំ​១៩៤៩​​លោក ម៉ៅ សេងទុង ដោយ​លទ្ធិ​របស់​លោក​ត្រូវ​បាន​ចារ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់គណ​បក្ស។ តាំងពី​ឡើង​កាន់​តំណែង​មក លោក ស៊ីជីនពីង បាន​ប្រមូល​ផ្តុំ​អំណាច​ខ្លាំង​មក​លើ​​តែ​ប្រធានាធិបតីម្នាក់​គត់ ខ្លាំង​ជាង​​​ប្រមុខ​ដឹកនាំ​ចិន​មុនៗ​ឆ្ងាយ​ណាស់៖ ពង្រឹង​អំណាច​តែ​ម្នាក់ឯង បង្ហាញ​វត្តមាន​ឥត​ដាច់​ក្នុង​ប្រព័ន្ធឃោសនា ពង្រឹង​ការ​បង្ក្រាប​អ្នក​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការពារ​សិទ្ធិមនុស្ស។ លោក​បាន​បើក​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ ទម្លាក់​និង​ដាក់​ទោស​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់អស់​​ជាង​​មួយ​លាននាក់​ ប៉ុន្តែ​គ្រប់​គ្នា​សុទ្ធ​តែមើល​ឃើញ​ថា​នេះ​ជា​មធ្យោបាយ​បោស​សម្អាត​គូប្រជែង​ផ្ទៃក្នុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ