ចិននឹងមិនឈរឱបដៃ បើសិនអាមេរិកបង្កើតសង្រ្គាមពាណិជ្ជកម្ម
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ចិនមិនចង់ធ្វើសង្រ្គាមពាណិជ្ជកម្ម ប៉ុន្តែ ចិនក៏មិននៅឈរឱបដៃ ទុកឲ្យនយោបាយបិទទ្វាររបស់អាមេរិក គំរាមកំហែង ពាណិជ្ជកម្មចិន នោះដែរ។ នៅថ្ងៃអាទិត្យ អ្នកនាំពាក្យរបស់សភាប្រជាជនចិន នៅបាននិយាយព្រមានថា ទីក្រុងប៉េកាំងនឹងចាត់វិធានការសងសឹកណាមួយ ដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ចចិន។ សង្រ្គាមពាក្យសំដី រវាងអាមេរិក និងប្រទេសដៃគូពាណិជ្ជកម្មបានកើនឡើងខ្លាំងនៅសប្តាហ៍នេះ នៅបន្ទាប់ពីប្រធានាធិបតី អាមេរិក លោកដូណាល់ត្រាំ នៅថ្ងៃព្រហស្បតិ៍បានប្រកាសដំឡើងពន្ធ ២៥%លើដែកថែប និង១០%លើអាលុយមីញ៉ូម បរទេស ដែលនាំចូលទៅអាមេរិក។
តាមអ្នកនាំពាក្យរបស់សភាប្រជាជនចិន ទីក្រុងប៉េកាំងមិនចង់ធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិកនោះទេ ប៉ុន្តែ បើសិននយោបាយការពារជាតិនិយមអាមេរិកប៉ះពាល់ បំផ្លាញផលប្រយោជន៍របស់ចិន នោះចិនក៏មិនអាចនៅឈរស្ងៀម មិនចាត់វិធានការអ្វីដែរ។
នៅថ្ងៃព្រហស្បតិ៍ លោកដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធ២៥ភាគរយ លើការនាំចូលដែកថែប បរទេស នៅក្នុងហេតុផលការពារសន្តិសុខជាតិ។ ការប្រកាសដំឡើងពន្ធរបស់លោកដូណាល់ ត្រាំ បានបង្កឲ្យមានប្រតិកម្មតវ៉ាប្រឆាំងជាពិសេស ពីកាណាដា និងសហភាពអឺរ៉ុប ដែលជាអ្នកនាំចូលដែកថែបច្រើនជាងគេទៅអាមេរិក។ កាណាដាដែលជាប្រទេសធំទី១នាំចូលដែកថែបទៅអាមេរិកបានព្រមានថា នឹងចាត់វិធានការវាយបកវិញ ចំណែកប្រធានគណៈកម្មការអឺរ៉ុបបានគំរាមដំឡើងពន្ធ លើផលិតផលអាមេរិក នាំចូលទៅអឺរ៉ុប ដូចជាខោខូវប៊យឡេវី ស្រាវីស្គី ឬម៉ូតូរបស់អាមេរិក។
នៅថ្ងៃសៅរ៍ ឆ្លើយតបទៅនឹងប្រតិកម្មរបស់អឺរ៉ុប លោកដូណាល់ ត្រាំ បានគំរាមដំឡើងពន្ធ លើរថយន្តអឺរ៉ុបនាំចូលទៅអាមេរិក បើសិនសហភាពអឺរ៉ុប ហ៊ានដំឡើងពន្ធលើផលិតផលនាំចូល ពីអាមេរិក។ អាមេរិកជាទីផ្សាររថយន្តធំជាងគេរបស់អឺរ៉ុប ដែលស្រូប ទិញយក ២៥ភាគរយនៃរថយន្តផលិតនៅអឺរ៉ុប (២៥ភាគរយនៃ១៩២ពាន់លានអឺរ៉ូ)។ អាល្លឺម៉ង់ ដែលនាំចូលពាក់កណ្តាលនៃរថយន្តអឺរ៉ុបទៅអាមេរិកនឹងរងប៉ះពាល់ធ្ងន់ជាងគេ បើសិនរដ្ឋបាលអាមេរិកដំឡើងពន្ធ លើការនាំចូលរថយន្ត អឺរ៉ុប ពិតមែន។
សូមអាន៖តើសង្រ្គាមពាណិជ្ជកម្ម ចិន អាមេរិកនឹងអាចផ្ទុះឡើងដែរឬទេ?
លោកដូណាល់ សន្យានឹងបង្កើតពន្ធនាំចូល ឲ្យ ដូចប្រទេសដទៃ ដែលបានកំណត់ពន្ធធ្ងន់ លើផលិតផល ដែលនាំចូលពីអាមេរិក។ សម្រាប់លោកដូណាល់ ប្រទេសដទៃ បានកេងចំណេញ លើអាមេរិករហូតមក។ លោកបានទម្លាក់កំហុសលើប្រធានាធិបតី អាមេរិកាំងមុនៗ ដែលបានធ្វើកិច្ចព្រមព្រៀង ពាណិជ្ជកម្ម បើកផ្លូវឲ្យបរទេសនាំចូលផលិតផលទៅអាមេរិក ជាមួយ អត្រាពន្ធដ៏ទាប។ “នៅពេលដែលឱនភាពពាណិជ្ជកម្មកើនឡើងដល់៨០០ពាន់លានដុល្លារ នោះអាមេរិកគ្មានជម្រើសអ្វីផ្សេងទេ” នេះជាសារសរសេររបស់លោកដូណាល់ ត្រាំ នៅក្នុងបណ្តាញ Twitter កាលពីថ្ងៃសៅរ៍។
នៅថ្ងៃសៅរ៍ មូលនិធិរូបិយវត្ថុអន្តរជាតិIMF បានព្រមានថា នយោបាយការពារនិយមរបស់លោកដូណាល់ ត្រាំ នឹងធ្វើឲ្យខូចខាត ប៉ះពាល់ផងដែរ ដល់សេដ្ឋកិច្ចអាមេរិក ជាពិសេសវិស័យសំណង់ និងរោងចក្រ ដែលត្រូវការច្រើន ដែកថែប និងអាលុមីញ៉ូម ក្នុងតម្លៃថោក។ រដ្ឋមន្រ្តីអូស្ត្រាលីបានព្រមានពីសង្រ្គាមពាណិជ្ជកម្ម ដែល គ្រោះថ្នាក់ដល់កំណើនសេដ្ឋកិច្ចពិភពលោក។ អូស្ត្រាលី និងចិន នាំចូលដែកថែប តិចតួចទៅអាមេរិក ប៉ុន្តែ ប្រទេសទាំងពីរបារម្ភថា នយោបាយដំឡើងពន្ធលើដែកថែបនាំចូលទៅអាមេរិក នឹងធ្វើឲ្យប្រទេសនាំចេញដែកថែប បែរសំដៅ ទិស ទៅប្រទេសផ្សេងទៀត ក្រៅពី អាមេរិក។ នៅពេលដែលការផ្គត់ផ្គង់មានច្រើន តម្លៃ ដែកថែប នឹងធ្លាក់ចុះថ្លៃ ដែលនឹងធ្វើឲ្យប៉ះពាល់ ដល់ ឧស្សាហកម្មផលិតដែកថែប ក្នុងស្រុករបស់អូស្ត្រាលី និងចិន ជាដើម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ