ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ភាពស៊ាំនឹងថ្នាំផ្សះ ជា​ការ​គំរាមកំហែងសុខភាពពិភពលោក

សំឡេង ០៥:០២
គ្រាប់​ថ្នាំ amoxicilline ថ្នាំ​ផ្សះ​ដែល​មាន​ប្រើ​ច្រើន​ជាង​គេ​នៅលើ​ពិភពលោក
គ្រាប់​ថ្នាំ amoxicilline ថ្នាំ​ផ្សះ​ដែល​មាន​ប្រើ​ច្រើន​ជាង​គេ​នៅលើ​ពិភពលោក Wikimedia/Commons

ការ​ប្រើប្រាស់​ថ្នាំ​ផ្សះ បាន​កើន​ឡើង​៦៥% នៅ​ទូទាំង​ពិភពលោក​ នៅ​រវាង​ពី​ឆ្នាំ ២០០០ ដល់​ឆ្នាំ​២០១៥។ នេះ​បើតាម​របាយការណ៍​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​​នៃ​វិទ្យាស្ថាន​ Center for Disease Dynamics Economics and Policy។ បើ​ការប្រើប្រាស់​កើន​ឡើង ហានិភ័យ​នៃ​ភាព​ស៊ាំ​នឹង​ថ្នាំ​ផ្សះ​ក៏​ឡើង​ខ្ពស់​ ដែល​អាច​បន្សល់​ទុក​នូវ​ផលវិបាក​យ៉ាង​ធ្ងន់ធ្ងរ​ សម្រាប់​សុខភាព​សាធារណៈ។

ផ្សាយពាណិជ្ជកម្ម

កំណើន​នៃការ​ប្រើប្រាស់​ថ្នាំ​ផ្សះ សម្គាល់​ឃើញ​មាន​ខ្លាំង ជាពិសេស ​នៅ​តាម​បណ្តាប្រទេស​ដែល​មាន​ចំណូល​ជីវភាព​​​មធ្យម​និង​ទាប​។ នេះ​បើ​តាម​របាយការណ៍​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ចុះ​ផ្សាយ​ក្នុង​ទំព័រ​ទស្សនាវដ្តី​​អាមេរិក Proceeding of the National Academy of Sciences កាលពី​ថ្ងៃ​ចន្ទ។

ជា​ទូទៅ ការ​ប្រើប្រាស់​ថ្នាំផ្សះ​​មាន​ការ​កើន​ឡើង​ នៅ​ទូទាំង​ពិភពលោក​ ក្នុង​កំរិត​ប្រមាណ​ជា​៤២ពាន់​៣រយ​លានដូសនៅ​ឆ្នាំ​២០១៥​​ បើ​គិត​ជា​ដូស​ប្រចាំ​ថ្ងៃ។ នៅ​​ក្នុង​៧៦​ប្រទេស​ ដែល​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ចុះ​ទៅ​សិក្សា ការ​ស្រូប​ថ្នាំ​​ផ្សំ បាន​កើន​ពី ២១ពាន់​លាន​ដូស នៅ​ឆ្នាំ ២០០០ ទៅ ៣៤​,៨ពាន់​លាន​ដូស នៅ​ឆ្នាំ ២០១៥។ ប៉ុន្តែ​សន្ទុះ​នៃកំណើន​ បាន​ឡើង​ក្នុង​កំរិត ដល់​ទៅ ​១១៦% នៅ​តាម​បណ្តា​ប្រទេសមធ្យម​និង​ក្រីក្រ។ នេះ​បើ​និយាយ​អំពី​បរិមាណ​ថ្នាំ​គិត​ជា​ដូស​ប្រចាំ​ថ្ងៃ។

នៅ​ក្នុង​ប្រទេស​អ្នក​មាន​ អត្រា​នៃ​ការ​ប្រើ​ប្រាស់​ថ្នាំ​ផ្សះ ជារួម​ក្នុង​មួយ​ឆ្នាំៗ​ ក៏​មាន​ការ​កើន​ឡើង​ដែរ ប៉ុន្តែ​ក្នុង​កំរិត​ដ៏​ទាប និង​ក្នុង​និន្នការ​ថយ​ចុះ ពោល​គឺ​ត្រឹម​តែ​៤% ប៉ុណ្ណោះ ក្នុង​រយៈ​ពេល​១៦​ឆ្នាំ ខណៈដែល​ទន្ទឹម​ពេល​ដូួច​គ្នា​និង​ ក្នុង​រយៈ​ពេល​ដូចគ្នា នៅ​តាម​បណ្តា​ប្រទេស​ក្រីក្រ និ​ងមធ្យម​វិញ កំណើន​ជា​ទូទៅ​មាន​កំរិត​ដល់​ទៅ ៧៧% មាន​ន័យ​ថា​ប្រទេស​ក្រីក្រ​ខ្លះ​ប្រើ​ថ្នាំ​ផ្សះ​ច្រើន​ជាងប្រទេស​​​អ្នក​មាន​ធ្លាប់​ប្រើថ្នាំ​ផ្សះ​ច្រើន​ពីពេល​មុន​ទៅ​ទៀត។

នៅ​ឆ្នាំ​២០១៥ ប្រទេស​តួកគី ទុយនីស៊ី អាល់ហ្សេរី រ៉ូម៉ានី បានឡើង​ចំណាត់​ថ្នាក់​ខ្ពស់ ក្លាយ​ជា​៦​ប្រទេស​ដំបូងគេ ដែល​មាន​ប្រើ​ប្រាស់​ថ្នាំ​ផ្សះ​ច្រើន​ជាងគេ​នៅ​លើ​ពិភពលោក។ ជា​ចំណាត់​ថ្នាក់​ដ៏​គួរ​ឱ្យ​ព្រួយ​បារម្ភ​ព្រោះ​ថា កាលពី​ឆ្នាំ​២០០០​សោះ ប្រទេស​ប្រើ​ថ្នាំ​ផ្សះ​ច្រើន​ជាង​បំផុត ៥​ដំបូង​គឺ​សុទ្ធ​សឹង​ជា​ប្រទេស​ដែល​ស្ថិត​ក្នុង​ចង្កោម​ប្រទេស​អ្នក​មាន មាន​ចំណូល​ជាតិ​ខ្ពស់។

បណ្តា​ប្រទេស​តំបន់​អាស៊ី ក៏​គេច​មិន​ផុត​អំពី​ និន្នាការ​នៃ​ការ​ប្រើប្រាស់​ថ្នាំ​ផ្សះ​កាន់​តែ​ច្រើនៗ​ឡើង​ជា​លំដាប់​​ដែរ។ ក្នុង​រយៈ​ពេល​១៦​ឆ្នាំ ការ​ប្រើ​ប្រាស់​ថ្នាំ​ផ្សះ​បាន​កើន​ទ្វេ​ដង​ នៅ​ប្រទេស​ឥណ្ឌា ៧៦%​នៅ​ប្រទេស​ចិន និង​៦៥%​នៅ​ប្រទេស​ប៉ាគីស្ថាន។ ប្រទេស​បី​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រទេស​ប្រើប្រាស់​ថ្នាំ​ផ្សះ​ធំ​និង​ច្រើន​ជាង​គេ​បំផុត នៅក្នុង​ចំណោម​ក្រុមប្រទេស​ក្រីក្រ និង​មធ្យម។ នេះ​បើ​តាម​រាបាយការណ៍​ដដែល។

មាន​តែ​ប្រទេស​ជើងឯក​ខាង​លេប​ថ្នាំផ្សះ ទាំងបីគឺ សហរដ្ឋ​អាមេរិក បារាំង​ និង​អ៊ីតាលី​ ប៉ុណ្ណោះ ដែល​កំណើន​នៃ​ការ​ប្រើប្រាស់​ថ្នាំ​ផ្សះ​មាន​ទម្រង់​ជា​លក្ខណៈ​បន្ទាប់​បន្សំ។

តាម​ការ​ពិត បុព្វហេតុ​ដំបូង​ដែល​បង្ក​ឱ្យ​មាន​កំណើន​នៃ​ការ​ប្រើប្រាស់​ថ្នាំផ្សះដ៏​គំហុកនេះ​ មាន​ពាក់​ព័ន្ធ​យ៉ាង​ខ្លាំង​ទៅ​នឹង​កំណើននៃ​​ការ​លូតលាស់​​ចំណូល​ជាតិ​ ! ជា​ផ្លែផ្កា​នៃ​​ការ​ផ្តល់​សេវាថ្នាំ​ពេទ្យ​បាន​កាន់​តែ​ប្រសើរ​ឡើង នៅ​ក្នុង​ប្រទេស​ដែល​មាន​ជំងឺ​ច្រើន។ ហើយ​ជំងឺ​នោះ​ទៀត​សោត​អាច​ព្យាបាល​មាន​ប្រសិទ្ធិភាព​ខ្លាំង​ដោយ​ប្រើ​ថ្នាំ​ផ្សះ។ នេះតាម​ការ​ពន្យល់​លម្អិត របស់​ម្ចាស់​របាយការណ៍។

ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា នៅខណៈដែល​ប្រទេស​នៅ​លើ​លោក កាន់​តែ​ច្រើន​ឡើងៗ​មាន​ថ្នាំ​ផ្សះ ឬ​ថ្នាំ​ប្រឆាំង​មេរោគ​​ប្រើប្រាស់ ​​ភាព​ធន់​នៃ​ថ្នាំ​ ក៏​កើន​ឡើង​ដែរ។ ក្រុម​អ្នក​ស្រាវជ្រាវ បាន​ព្រមាន​ថា បើ​ការ​ប្រើ​ថ្នាំ​ផ្សះមាន​កាន់​តែ​ច្រើន អត្រា​ស៊ាំ​​កាន់​តែ​ខ្លាំង ! បច្ចុប្បន្ន​នេះ ភាព​ស៊ាំ​នៃ​ថ្នាំ ឬ​ភាព​ធន់​របស់​បាក់តេរីចំពោះ​ថ្នាំ​ផ្សះ​ ជា​ដើម​ហេតុ​នៃ​​មរណភាព ប្រមាណ​​៧០​ម៉ឺ​ន​ករណី​ក្នុង​មួយ​ឆ្នាំៗ នៅ​លើ​ពិភពលោក។ ​

អ្នក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ បាន​ទាញ​សញ្ញា​អាសន្ន​ម្តង​ហើយ​ម្តង​ទៀត អំពី​គ្រោះ​ថ្នាក់ នា​ពេល​អនាគត និង​បាន​គត់​គិត​ថា ប្រសិន​បើ​គ្មាន​វិធានការ​អ្វី​ទេ និងបើ​គ្មាន​ការ​ប្តូរ​ផ្លាស់​ទម្លាប់ប្រើប្រាស់​​ចាប់ពី​ពេល​នេះ​ទេ នោះ​នៅ​ឆ្នាំ​២០៣០ ពិភពលោក​នឹង​ត្រូវ​ប្រើប្រាស់​ថ្នាំ​ផ្សះ​កើន​ឡើង​ក្នុង​កំរិត ២០០%​លើស​​ បរិមាណ​​ប្រើប្រាស់​ ប្រចាំ​ថ្ងៃ ៤២ពាន់​លាន​ដូស​ ដែល​គេ​ប៉ាន់​ស្មាន​កាលពី​ឆ្នាំ​​២០១៥។

ដើម្បី​ទប់ស្កាត់​ហានិភ័យ​នេះ អាទិភាព​ចំបង​ និង​ដំណាក់កាល​ទី​មួយដែល​គ្រប់​ប្រទេស គ្រប់​គ្រូពេទ្យ​​ត្រូវ​ធ្វើ គឺ​ត្រូវ​លុប​បំបាត់​ការ​ប្រើប្រាស់​ថ្នាំ​ផ្សះ​ដែល​គ្មាន​ប្រយោជន៍​។ នៅ​ក្នុង​ប្រទេស​អ្នក​មាន ការ​ប្រើប្រាស់​ថ្នាំ​ផ្សះ ចំនួន ៣០% ជាការ​ប្រើប្រាស់​ដែល​មិន​ត្រឹម​ត្រូវ។ នេះ​បើ​តាម​ស្មាន​​របស់​អ្នក​ស្រាវជ្រាវ ដែល​ឆ្លៀត​បញ្ជាក់ទៀត ការ​ប្រើប្រាស់​ថ្នាំ​ផ្សះ ដ៏​សន្ធឹក​សន្ធាប់​នៅ​តាម​បណ្តា​ប្រទេស​ក្រីក្រ កំពុង​អភិវឌ្ឍន៍ ជា​ច្រើន ក៏​មិន​ត្រូវ​កាល​ ត្រូវ​វេលា និង​មិន​គ្រប់គ្រាន់​។

ថ្នាំ​ផ្សះ ជា​ថ្នាំ​សម្រាប់​សសម្លាប់​មេរោគ ប្រឆាំង​នឹង​បាក់តេរី ! ភាព​ធន់ ឬ​ស៊ាំ​នៃ​ថ្នាំ​ផ្សះ គឺ​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​មិន​ត្រឹម​ត្រូវ ដូច​ជា​ប្រើក្នុង​រយៈ​ពេល​​ខ្លី​ពេក​ ឬ​តិច​ពេក​ មិន​គ្រប់​ដូស​របស់​វា ជា​ហេតុ​ធ្វើ​ឱ្យ​មេរោគ​ស្គាល់​ថ្នាំ។

បើ​តាម​សិក្សា​ថ្មី​ចុងក្រោយ​របស់​វិទ្យាស្ថាន​អង់គ្លេស ភាព​ធន់​នៃ​ថ្នាំ​ផ្សះ​នឹង​​អាច​នឹង​​បង្ក​ឱ្យ​​មនុស្ស​ស្លាប់​ ដល់​ទៅ ១០​លាន​​នាក់​ ក្នុង​មួយ​ឆ្នាំៗ ពីពេល​នេះ​ដល់​ឆ្នាំ​២០៥០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI