OMS ៖ ៩/១០នាក់ នៃប្រជាជនរស់នៅលើពិភពលោកស្រូបខ្យល់ពុល
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ចេញផ្សាយនៅថ្ងៃពុធទី ២ ឧសភា ២០១៨នេះ មានមនុស្ស ដល់ទៅ ៩នាក់ក្នុងចំណោម១០នាក់ រស់នៅលើពិភពផែនដី ដកដង្ហើមស្រូបយកខ្យល់ពុល ដែលមានធាតុល្អិតឆ្មារៗខ្លាំង ជាប្រចាំ និងជារៀងរាល់ថ្ងៃ។ ជាខ្យល់ពុល បញ្ចេញដោយរោងចក្រឧស្សាហកម្ម មធ្យោបាយដឹកជញ្ជូន ក្នុងបរិយាកាសខាងក្រៅផង និងជាខ្យល់ពុលវល់ក្នុងផ្ទះ គ្មានចរន្តប្តូរផ្លាស់ផង។ ខ្យល់ពុលនាំឱ្យស្លាប់ ! នេះជាការរំលឹករបស់អង្គការសុខភាពពិភពលោក។
ខ្យល់ពុលក្នុងបរិយាកាសមិនមែនត្រឹមតែធ្វើឱ្យអ្នកឈ្លក់ ក្អក កណ្តាស់ទេ ! តែខ្យល់ពុលកំពុងសម្លាប់មនុស្សទាំងហ្វូងៗ និងគួរឱ្យព្រឺឆ្អឹងខ្នងតែម្តង ! នេះបើតាមតួលេខផ្តល់ដោយអង្គការសុខភាពពិភពលោក។ ជារៀងរាល់ឆ្នាំ ខ្យល់ពុលក្នុងបរិយាកាសបានសម្លាប់មនុស្សឱ្យស្លាប់មុនអាយុចំនួន ៧លាននាក់ នៅលើពិភពលោក។ មានន័យជាចំនួនមរណៈដ៏ច្រើនខ្លាំងជាងចំនួនមរណៈព្រោះជំងឺស៊ីដា (១,១លាននាក់) របេង (១,៤លាននាក់) ទឹកនោមផ្អែម (១,៦លាននាក់) និងគ្រោះថ្នាក់ចរាចរណ៍ (១,៣លាននាក់) បូកបញ្ចូលគ្នាទៅទៀត។
ខ្យល់ពុលនេះ មានទាំងនៅក្រៅ និងក្នុងផ្ទះ ! នៅតាមបណ្តាប្រទេសក្រីក្រ ការប្រើឧស ធ្យូង ប្រើប្រេងកាត សម្រាប់ធ្វើម្ហូប សម្រាប់ដុតកម្តៅ ឬសម្រាប់បំភ្លឺ បានធ្វើឱ្យខ្យល់នៅក្នុងផ្ទះ ក្លាយជាខ្យល់ពុលខ្លាំង។ ហើយខ្យល់ពុលក្នុងផ្ទះនេះ ជាឃាតករសម្លាប់ជីវិតមនុស្សបីលាន៥សែននាក់ ពោលគឺពាក់កណ្តាលនៃចំនួនអ្នកស្លាប់ដោយសារខ្យល់ពុលសរុប។
អង្គការសុខភាពពិភពលោក បានទទួលស្គាល់ ខ្យល់ពុលថាជាកត្តាដ៏ចំបងបង្កនាំឱ្យមានជំងឺមិនឆ្លង (៧០%នៃមរណភាពនៅលើពិភពលោក គឺបណ្តាលមកពីជំងឺមិនឆ្លងនេះឯង)។ បើតាមការប៉ាន់ស្មាន ធាតុល្អិតឆ្មារៗរបស់ខ្យល់ពុល ដែលបានជ្រៀតចូលបានយ៉ាងជ្រៅទៅក្នុងសួត និងប្រព័ន្ធសរសៃឈាមបេះដូងរបស់មនុស្ស បានបង្កឱ្យមានបញ្ហាសុខភាព និងធ្វើឱ្យសុខភាពធ្លាក់ដុនដាប ដូចជាមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺបេះដូង ជំងឺមហារីកសួត រលាកសួតរ៉ាំរៃ និងជំងឺប្រព័ន្ធផ្លូវដង្ហើមជាច្រើនទៀត។
ជាង៩០%នៃមរណភាពព្រោះខ្យល់ពុល កើតឡើងនៅក្នុងប្រទេសក្រីក្រ និងមធ្យម ដែលស្ថិតនៅក្នុងទ្វីបអាស៊ី និងអាហ្វ្រិក។ ទីប្រជុំជននិងក្រុងដែលប៉ះពាល់ខ្លាំងជាងគេ មានជាអាទិ៍ ញូដាលី ឡឺគែរ ដាកា ប៊ុមបេ និងប៉េកាំង។ នេះបើតាមរបាយការណ៍ដដែល ដែលបញ្ជាក់ទៀតថា កំរិតនៃជាតិពុលក្នុងខ្យល់មានខ្ពស់ខ្លាំង នៅតាមតំបន់ដើមបូព៌ា អាហ្វ្រិកខាងជើង និងអាស៊ីអាគ្នេយ៍។ ជាអត្រាដ៏ខ្ពស់ជាងកំរិតអនុគ្រោះជាមធ្យមប្រចាំឆ្នាំកំណត់ដោយអង្គការសុខភាពពិភពលោក ដល់ទៅ៥ដង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ