លោកត្រាំ បង្ហាញ​ទម្រង់​នៃកិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ចិន

ស្លាក​សញ្ញា​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន ZTE
ស្លាក​សញ្ញា​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន ZTE REUTERS/Stringer

អាមេរិក​និង​ចិន​ទំនង​ជា​កំពុង​បោះ​ជំហាន​ទៅ​រក​ឃើញ​កិច្ចព្រមព្រៀង​ជាមួយ​ចិន ដើម្បី​ដោះស្រាយ​ជម្លោះ ​ដែល​វ៉ាស៊ីនតោន​​​ចង់​ផាក​ពិន័យ​​​ក្រុមហ៊ុនយក្ស​ផ្នែក​​ទូរគមនាគមន៍​​ ZTE  (Zhongxing Telecommunication Equipment Company Limited ) ពី​បទ​រំលោភ​​បម្រាមទណ្ឌកម្ម​​។ ​បើ​តាម​ការ​ព្រលយ​ពាក្យ​របស់​លោក​ដូណាល់ ត្រាំ ក្រុមហ៊ុន​ចិន​អាច​គេច​ផុត​ពីការពិន័យរបស់​​អាមេរិក ប្រសិន​បើ​សុខ​ចិត្ត​ប្តូរ​ផ្លាស់​មេដឹកនាំ​ក្រុមហ៊ុន។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សន្និសីទ​សារព័ត៌មាន លោក​ ដូណាល់ ត្រាំ បាន​ប្រកាស​​ចង់​ដាក់ផាក​ពិន័យ​ក្រុមហ៊ុន​​ចិន​ ឱ្យ​ខ្លាំង អាច​ក្នុង​ទំហំ​ដល់​ទៅ ១៣០០​លាន​ដុល្លារ​អាមេរិក។ តែលោក​​ប្រហែល​ជា​​ចង់​​ឃើញ​​ក្រុមហ៊ុនចិន​​មាន​ការ​គណៈកម្មការ​នាយកថ្មី មានក្រុម​ដឹកនាំ​ថ្មី និង​ច្បាប់​សន្តិសុខ​តឹង​តែង​ជាង​មុន។

ការ​ផាក​ពិន័យ​នេះ ក៏​ព្រោះ​តែ​សម្រាប់​អាមេរិក ក្រុមហ៊ុន​ទូរគមនាគមន៍ ZTE ដែល​ជា​ក្រុមហ៊ុន​ធំ​លំដាប់​ទីបួន របស់​ចិន​ បាន​រំលោភ​ទណ្ឌកម្ម​អាមេរិក​​ទៅ​រក​ស៊ីជាមួយ​ជាមួយ​អ៊ីរ៉ង់ និង​កូរ៉េខាងជើង។ រដ្ឋាបាល​អាមេរិក​បាន​ចេញ​ក្រិត្យ​ហាមឃាត់​​ ដាក់ទណ្ឌកម្ម​ ​ រយៈ​ពេល​៧​ឆ្នាំ មិន​ឱ្យ​មាន​ការ​នាំ​ចេញ​នូវ​គ្រឿង​សម្ភារៈ​អេឡិចត្រូនិក​អាមេរិក ដូច​យ៉ាង​មីក្រូប្រូសេសឺ​ដ៏​ចាំ​បាច់​សម្រាប់​ផលិត​ទូរស័ព្ទ​ដៃ ទៅ​អ៊ីរ៉ង់និង​កូរ៉េខាង​ជើងទេ។

ទណ្ឌកម្ម​នេះ​បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ZTE បញ្ឈប់​សកម្មភាព​ និង​បាន​ធ្វើ​ឱ្យ​មនុស្ស​​៧៥០០០​នាក់ បាត់​បង់​ការងារ​ធ្វើ។ ហើយ​បើ​តាម​ភ្នាក់ងារ​Bloomberg ក្រុមហ៊ុន​ថែម​ទាំង​បាន​ខាត​បង់​ប្រាក់​អស់​ជាង​២៦០០​លាន​អឺរ៉ូ។ កាលពី​ខែ​មេសា ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង បាន​ស្នើ​សុំ​ដោយ​ផ្ទាល់​ទៅ​លោក ដូណាល់​ ត្រាំ រួច​ហើយ​ឱ្យ​លើក​ទណ្ឌកម្មនេះ​ចេញ​ទៅ​។

ប៉ុន្តែ​ទណ្ឌកម្ម​នេះ ក៏​បាន​បង្ក​ផល​ប៉ះពាល់ខ្លាំង​​ដល់​ក្រុមហ៊ុន​អាមេរិក​ដែល​ត្រូវ​នាំ​ចេញ​គ្រឿង​សម្ភារៈ​ទៅ​ក្រុមហ៊ុន​ZTE។ ​លោក​​ ត្រាំ បាន​​ទទួល​ស្គាល់ ដោយ​ផ្ទាល់​មាត់​នៅ​ថ្ងៃ​ម្សិលមិញ ដោយ​បញ្ជាក់​ថា ក្រុមហ៊ុន​ZTE ត្រូវ​តែ​រង​ពិន័យ​ខ្លាំង តែ​ដោយ​មិន​គំរាម​កំហែងដល់​ក្រុមហ៊ុន​អាមេរិក ! ទឹកប្រាក់​ដ៏​មហាសាល​និង​ការ​ងារ​របស់​ក្រុមហ៊ុន​អាមេរិក​ កំពុងស្ថិត​ក្នុង​ភាព​ប្រឈម។

សូម​បញ្ជាក់​ថា​ ក្រុមហ៊ុន​ចិន​ធ្លាប់​រង​ការ​ផាក​ពិន័យ​ពី​សំណាក់​អាជ្ញាធរ​អាមេរិក​ កាលពី​ខែ​មីនា ២០១៧​ម្តង​ហើយ ក្នុង​ទំហំ​ទឹកប្រាក់​ ១២០០​លាន​ដុល្លារ ប៉ុន្តែអាមេរិក​សុខ​ចិត្ត​លុប​ពិន័យ​នោះ​ទៅ​វិញ​ជា​ថ្នូរ​នឹង​ការ​ប្តូរផ្លាស់​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ក្រុមហ៊ុន។ ក្រោមហេតុផល​ការ​ពារ​សន្តិសុខ​ជាតិ និង​បច្ចេកវិទ្យា​អាមេរិក លោក​ដូណាល់ ត្រាំ ចង់​ប្រើវិធីសាស្ត្រ​ដដែល​នេះទៀត តែ​ពុំ​ទាន់​រកឃើញ​កិច្ចព្រមព្រៀង​នៅឡើយ។ ប៉ុន្តែ​ទស្សនៈ​វិស័យ​បែប​នេះ បាន​ធ្វើ​អ្នក​នយោបាយ​អាមេរិក​រិះគន់​ស្រេច​ទៅ​ហើយ​ថា លោក​ត្រាំ​កំពុង​ជ្រើសរើស​ផ្លូវ​​ដើរ​ចាស់​ដែល​គ្មាន​ប្រសិទ្ធភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI