អានតួអត្ថបទ

បាក់ទំនប់នៅឡាវ ៖ ប្រជាជន​មិន​ជឿ​លើ​តុល្យការ​របស់​រដ្ឋាភិបាល

អ្នក​ភូមិ​រត់​ទៅ​ជ្រក​លើ​ដំបូល​ផ្ទះ​ គេច​ពី​ទឹក​ជំនន់​បាក់​ទំនប់
អ្នក​ភូមិ​រត់​ទៅ​ជ្រក​លើ​ដំបូល​ផ្ទះ​ គេច​ពី​ទឹក​ជំនន់​បាក់​ទំនប់ ABC Laos News/Handout via REUTERS
ដោយ៖ អៀង សុខម៉ិញ
១៧ នាទី

ប្រតិបត្តិការ​ស្វែង​​រង​ជន​បាត់​ខ្លួន ក្នុង​​ហេតុការណ៍ធ្លាយ​ទំនប់​ទឹក​នៅ​ប្រទេស​ឡាវ បាន​ចូល​ដល់​ថ្ងៃទីបួន​។ នៅ​ថ្ងៃ​សុក្រ​នេះ ជនរងគ្រោះ​ថ្មី​ម្នាក់​ទៀត​ ទើប​ត្រូវ​សង្គ្រោះបាន ! ជា​ទារក​តូច​មួយ​ជាប់​កុន​ជាមួយ​ម្តាយ​ក្នុង​ខ្ទម​កប់ទឹក​ភក់។ រូបភាព​វីដេអូ ​ទារកស្រែក​យំស្រង់ដោយ​ក្រុម​សង្គ្រោះ​ថៃ ត្រូវ​បាន​ចែក​រំលែក​ក្នុង​ប្រព័ន្ធ​សង្គម​ហ្វេសប៊ូក រាប់​ពាន់​ដង ក្នុង​រយៈ​ពេលតែ​ពីរបី​ម៉ោង។ ទន្ទឹម​នឹង​សារ​អរគុណ​ចំពោះ​ទឹក​ចិត្តរបស់​ក្រុមសង្គ្រោះ​​ថៃ ប្រជាពលរដ្ឋ​ឡាវ​បាន​សម្តែង​កំហឹង​កាន់​តែ​ខ្លាំងឡើងៗ​ខុស​ពី​ទម្លាប់ ប្រឆាំង​នឹង​អាជ្ញាធរ​ក្រុង​វៀងចន្ទ ដែល​ថា​ចំនួន​ជន​គ្រោះ​ស្លាប់​បាត់​បង់​ជីវិត​ មាន​តែ​២៧​នាក់។

ផ្សាយពាណិជ្ជកម្ម

បើ​តាម​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​សុក្រ​នេះ ក្រុម​សង្គ្រោះ​ថៃ បានរក​ឃើញ​និង​សង្គ្រោះ​អ្នក​ភូមិឡាវ ចំនួន​​១៤​នាក់ ប្រុស​បួន​នាក់​ ស្ត្រី​៦​នាក់​ ក្នុង​នោះ​ម្នាក់​មាន​ផ្ទៃពោះផង និង​កុមារ​៤​នាក់ ដែល​បាន​រត់​គេច​ពី​ទឹក​ជំនន់ ទៅតោង​លើ​ទីទួល​ អត់​អាហារ​តាំង​ពី​បួន​ថ្ងៃ​មក។ ជនរងគ្រោះ​ដ៏​គួរ​ឱ្យ​កត់​សម្គាល់ គឺ​រូបភាព​ក្មេង​​តូច​មួយ យំរហាម ជាប់​កុន​លើ​ចុងឈើ ទើប​ត្រូវ​ជួយ​​ដោយ​អ្នក​សង្គ្រោះ​ថៃ ពរដើរកាត់​ទឹក​​ពី​មុខ​អ្នក​ជា​ម្តាយ។

ជា​រូបភាពមនុស្សធម៌​​ប្រកប​ដោយនិម្មិត្តរូប ដែល​ប្រជាពលរដ្ឋ​ឡាវ​ទូទៅសូមថ្លែង​អំណរគុណ​ ! រូប​ភាពនេះត្រូវ​បាន​បង្ហោះ​ផ្សាយនិង​ចែកចាយ​​តាម​ប្រព័ន្ធ​សង្គម​យ៉ាង​ទូលំទូលាយ​និង​យ៉ាង​លឿន​រហ័ស ខុស​ពីទម្លាប់​នៃ​របប​កុម្មុយនិស្តដែល​តាំង​ពី​​ជា​ច្រើន​ទសវត្សរ៍ មិន​អនុគ្រោះឱ្យ​មាន​​ការ​ទាមទារ​ ឬ​សារព័ត៌មាន​ឯករាជ្យ​ធ្វើ​ការ​ផ្សព្វផ្សាយ​អ្វីដោយ​ងាយៗ។

ប៉ុន្តែ​ទន្ទឹម​នឹង​អំណរ​​នោះ អ្នក​ភូមិ​ក៏​បាន​ចាប់​ផ្ទុះ​កំហឹង ស្រែក​ចោទ​ប្រកាន់​អាជ្ញាធរ ថា​កំពុង​លាក់​បាំង​ចំនួនជនរងគ្រោះ​ ដោយ​ប្រកាស​តុល្យការ​អ្នក​ស្លាប់​តែ​២៧​នាក់។ គ្មាន​នរណា​ម្នាក់​ជឿសោះ​ឡើយ ចំពោះ​តួលេខ​ផ្តល់​ដោយ​រដ្ឋាភិបាលនេះ​ទេ ! ច្បាស់​មាន​ស្លាប់​ដល់​ទៅ​រយ​នាក់ ព្រោះ​គ្រាន់​តែ​នៅ​ក្នុង​ភូមិ​ May មួយ មាន​មនុស្ស​បាត់​ខ្លួន​ច្រើន​ណាស់ ! នេះ​បើ​តាម​សំដី​របស់​ពលរដ្ឋម្នាក់​ ដែល​សុំ​​មិន​បញ្ចេញ​ឈ្មោះ។ អ្នក​ភូមិ​ម្នាក់​ទៀត បាន​បង្ហាញ​ភាព​សង្ស័យ​របស់​ខ្លួន​ថា កំហុគ​ទឹក​ឡើង​លឿន​ណាស់ មនុស្ស​តិច​ណាស់​ដែល​អាច​រត់​លឿន​រក​កន្លែង​ទួល​ទាន់នោះ។

សូម​បញ្ជាក់​ថា ក្រោយ​ការបាក់​ទំនប់ភ្លាម អាជ្ញាធរ​ឡាវ​​បាន​ប្រកាស​ថាមានមនុស្ស​បាត់​ខ្លួន​ជាង​មួយ​រយ​នាក់។ ​ថ្ងៃបន្ត​បន្ទាប់​​មក​នេះទៀត សារព័ត៌មាន​ផ្លូវការ តែង​តែ​បន្ទាប​ចំនួន​ជនរងគ្រោះ​ផ្តល់​ដោយ​សារព័ត៌មាន​បរទេស និង​បាន​អះអាង​ថា ប្រើ​ចំណាត់ការ​សង្គ្រោះ​បាន​ប្រសើរបំផុត​ អស់​ពី​លទ្ធភាព​ហើយ។

នៅ​ថ្ងៃ​សុក្រ​នេះ ក្រុម​ការងារ​របស់​ភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP ​បាន​សាកល្បង​ចុះ​យក​ព័ត៌មាន​ដល់កន្លែង​កើត​ហេតុ​ ប៉ុន្តែ​​អាជ្ញាធរបាន​​បដិសេធ​មិន​ឱ្យ​ចូល ដោយ​អះអាង​មាន​តែ​យោធា​ឡាវ​ប៉ុណ្ណោះ​ដែល​អាច​ចូល​ទៅ​បាន។

ឡាវ​ប្រទេស​ដ៏​ក្រីក្រ​មួយ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​រំពឹង​យ៉ាង​ខ្លាំង នារយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​លើ​ការ​អភិវឌ្ឍ​ទំនប់​វារី​អគ្គីសនី​ ដោយ​មិន​ខ្វល់​អំពី​បញ្ហា​សុវត្ថិភាព​និង​បរិស្ថាន។​ គម្រោង​ទំនប់​ទឹក​ដែល​បាក់​នេះ​មាន​តម្លៃ​ជាង​១ពាន់​លាន​ដុល្លារ​ និង​ជា​របស់​ក្រុមហ៊ុន​ឡាវ​​ជាមួយ​ថៃ​និង​កូរ៉េខាង​ត្បូង។ ថៃ​បាន​ផ្តល់​ជំនួយ​សង្គ្រោះ ឯកូរ៉េខា​ងត្បូង​​បាន​ប្រកាស​ផ្តល់​ជំនួយ​បន្ទាន់​១លាន​ដុល្លារ​ ពាក់​កណ្តាល​ជា​សម្ភារៈ ពាក់កណ្តាល​ជា​លុយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ