អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

​នុយក្លេអ៊ែរ​កូរ៉េខាងជើង៖ តើ​ចិន​កំពុង​ទទួល​ថ្មបាក់​ពី​​បរាជ័យ​របស់លោកដូណាល់ ត្រាំ?

សំឡេង ០៧:៥១
ប្រធានាធិបតី​អាមេរិក នៅទីក្រុង​ប៉េកាំង ខែ​ធ្នូ ២០១៧
ប្រធានាធិបតី​អាមេរិក នៅទីក្រុង​ប៉េកាំង ខែ​ធ្នូ ២០១៧ ©REUTERS/Damir Sagolj
ដោយ៖ ឈាង បុប្ផា
៤១ នាទី

នៅថ្ងៃ​ព្រហស្បតិ៍ទី ៣០​សីហា អាមេរិក និង​ចិន​បាន​ផ្ទុះសង្រ្គាម​ពាក្យ​សំដី​នឹង​គ្នា សាជាថ្មី។ លើកនេះ ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ បាន​ចោទប្រកាន់ ប្រទេស​ចិន​ម្តងទៀត ថា​បាន​យកជើងរាទឹក ក្នុង​ទំនាក់ទំនង​​អាមេរិក និង​កូរ៉េខាងជើង ក្នុងការចរចា​ឆ្ពោះទៅ​រំសាយ​ចោល​អាវុធនុយក្លេអ៊ែរ​​កូរ៉េខាងជើង។ ទីក្រុង​ប៉េកាំង​តាមរយៈ​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន​បាន​និយាយ​ចាត់ទុក​ការចោទប្រកាន់​របស់​លោកដូណាល់ ត្រាំ ថា ជាគ្មាន​ការទទួល​ខុសត្រូវ និង​មិនទំនង​ទាល់តែសោះ។ 

ផ្សាយពាណិជ្ជកម្ម

នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយប្រកាស​​លុប​ចោលដំណើរ​ទស្សនកិច្ច​របស់​ប្រមុខការបរទេស​អាមេរិក ទៅ​កូរ៉េខាងជើង លោក​ដូណាល់ ត្រាំ នៅថ្ងៃ​ពុធ​ម្សិលមិញ បាន​ត្រលប់មក​និយាយ​សាជាថ្មី​ពី​សំណុំរឿងនុយក្លេអ៊ែរ​កូរ៉េខាងជើង។ ដូចមុន លោក​បាន​និយាយ​ចោទប្រទេស​ចិន ថា ជាអ្នក​ធ្វើ​ឲ្យ​ស្មុគស្មាញ​ ក្នុង​សំណុំរឿង​កូរ៉េខាងជើង។

បើមិន​បន្ទោស​ចិន តើ​ទៅ​បន្ទោស​អ្នកណា? ចិន​ជា​ភាគី​មួយ ដែល​​លោកដូណាល់ ត្រាំ ងាយ​នឹង​រកហេតុផលសមស្រប​ជាងគេ ដើម្បី​ដាក់បន្ទុក ទម្លាក់កំហុស នៅពេល​ការចរចា​ស្តីពីសំណុំរឿង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ជាប់គាំង។ ទី១ អ្នកណាក៏ដឹងថា ចិន ជា​សម្ព័ន្ធមិត្ត​សំខាន់​របស់​កូរ៉េខាងជើង។ តាម​សារ​Twitter របស់​លោកដូណាល់ ត្រាំ កាលពី​ថ្ងៃ​ពុធម្សិលមិញ ចិន​មិនបាន​ចូលរួម​ជួយ​ដាក់​សម្ពាធ​ឲ្យ​កូរ៉េខាងជើង​លះបង់​ចោល​សកម្មភាព​ផលិតអាវុធ​នុយក្លេអ៊ែរ​នោះទេ។ ផ្ទុយទៅវិញ បើតាម​សារ​របស់លោក​ដូណាល់ ត្រាំ ចិនគឺ​​នៅ​តែបន្ត​ផ្តល់ជំនួយ​ដ៏​មហាសាល​ដល់ កូរ៉េខាងជើង ដូចជា លុយ ប្រេង ជី និង​ទំនិញ​សព្វសារពើ​ ដែល​បាន​ជួយ​ឲ្យ​កូរ៉េខាងជើង រស់យ៉ាងរំភើយ មិនខ្វល់​នឹង​ការទណ្ឌកម្ម​សេដ្ឋកិច្ច សម្ពាធ​ពី​អាមេរិក ឬសហគមន៍​អន្តរជាតិ។

តាម​ហេតុផល​ទី២ របស់លោកដូណាល់ ត្រាំ ​ចិន​បានដាក់​ជើង​រាទឹក ក្នុង​ការចរចា​ទៅ​កាត់​រំសាយចោល​អាវុធ​​​នុយក្លេអ៊ែរ​កូរ៉េខាងជើង ព្រោះថា ​ចិន​មិន​សប្បាយចិត្ត នឹង​ការដែល​អាមេរិក​បាន​ដំឡើង​ពន្ធលើ​ទំនិញ​ចិន នាំចូល​ទៅ​អាមេរិក។ នៅក្នុង​សារTwitter នៅថ្ងៃ​ពុធ​ម្សិលមិញ លោក​ដូណាល់ ត្រាំ​បាន​បញ្ជាក់ហើយថា ផ្នែកមួយ​នៃ​បញ្ហា​កូរ៉េខាងជើង គឺ​បណ្តាល​មក​ពី​ជម្លោះ​ពាណិជ្ជកម្ម​​​ជាមួយចិននេះឯង។

ប៉េកាំង៖ ការចោទប្រកាន់​របស់​អាមេរិក​មិនទំនង​ទាល់តែសោះ

ទីក្រុង​ប៉េកាំងវិញ បាន​ចាត់ទុក​ការចោទប្រកាន់​របស់​អាមេរិក ថា ជាការគ្មានការទទួល​ខុសត្រូវ និង​មិនទំនងទាល់តែសោះ។ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន​នៅ​បាន​អំពាវនាវ​ឲ្យ​អាមេរិក​ដើរតួនាទី ជា​វិជ្ជមាន និង​​​ស្ថាបនា ដើម្បី​ដោះស្រាយ​បញ្ហា ដូចដែល​ចិន​ធ្វើ​រហូតមក។ មន្រ្តីនាំពាក្យ​របស់ក្រសួងការបរទេស​ចិន​នៅបាន​និយាយ​ឌឺដងថា ដើម្បី​ដោះស្រាយ​បញ្ហា អាមេរិក​ត្រូវ​រក​មើល​កំហុស​របស់ខ្លួន​ជាមុន​សិន មុន​នឹង​ជះ ទម្លាក់​កំហុស​លើ​អ្នកដទៃ។

លោកដូណាល់ ត្រាំ​អាច​ចេះ​តែរកលេស ​ទម្លាក់កំហុសលើ​ចិន​បានហើយ ព្រោះថា ចិន​ជា​សម្ព័ន្ធមិត្ត​របស់​កូរ៉េខាងជើង។ ម្យ៉ាងទៀត ចិន ប្រាកដ​ជា​មិន​ជួយ​អាមេរិក​ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង ទេ ព្រោះថា ចិន​ខឹង​នឹង​អាមេរិក​ដែលប្រកាស​ធ្វើ​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​ចិន។ ចិន​អាច​មិន​ជំរុញ លើកទឹកចិត្តកូរ៉េខាងជើង ប៉ុន្តែ មិនអាច​ដាក់ជើង រាទឹក​ដូច​ការចោទប្រកាន់​របស់​លោកដូណាល់ ត្រាំនោះទេ។ ចិន​ដែល​មាន​ព្រំដែន​ជាប់​ជាមួយ កូរ៉េខាងជើង មិនដែល​ចង់​ឲ្យ​ប្រទេស​ជិតខាងរបស់ខ្លួន​មាន​អាវុធ​នុយក្លេអ៊ែរនោះទេ។ ចិន​ចង់​បាន​ណាស់ ឲ្យ​កូរ៉េខាងជើង រួចផុត​ពីទណ្ឌកម្ម​សេដ្ឋកិច្ច ដែល​ក្រុមប្រឹក្សា​សន្តិសុខ បាន​ដាក់ទៅលើ​កូរ៉េខាងជើង ដោយសារ​កម្មវិធី​ផលិត​អាវុធនុយក្លេអ៊ែររបស់​ប្រទេស​នេះ។ ចិន​តាមពិត​មិន​ចង់​ឲ្យ​ មាន​​ផ្ទុះសង្រ្គាម​រវាង​​អាមេរិក​ និង​កូរ៉េខាងជើងនោះទេ ព្រោះថា បើមាន​សង្រ្គាម​ផ្ទុះនៅ​ឧបទ្វីបកូរ៉េ នោះ​ចិន​ខ្លាច​ណាស់​ថា ​វា​នឹង​អាច​ប៉ះពាល់​ដល់​សន្តិសុខ និង​សេដ្ឋកិច្ច​របស់​ចិន​។ ចិន​នឹង​ត្រូវ​ទទួល​បន្ទុក​លំហូរ​ប្រជាជន​ក្រីក្រ​កូរ៉េខាងជើង បើសិន ​​របប​កុម្មុយនិស្ត ព្យុងយ៉ាង ដួលរលំ ដោយ​ប្រការ​ណាមួយ។

សរុប​សេចក្តីមក ចិន​គឺ​មិនអាច​ទៅយក​ជើង​រាទឹក ជួយ​ជំរុញ ឲ្យ​កូរ៉េខាងជើងអាច​សម្រេច​កម្មវិធី​ផលិតអាវុធនុយក្លេអ៊ែរ ដូចការចោទប្រកាន់​របស់​លោកដូណាល់ ត្រាំ​នោះទេ។

លោកដូណាល់ ត្រាំ បន្ទោស​ចិន ជាជាង​​ដោះស្រាយ រក​ឬសគល់​នៃ​បញ្ហា

ជំហររ​បស់លោកដូណាល់ ត្រាំ គឺ​ពិបាក​នឹង​ឲ្យ​គេ​យល់ណាស់។ នៅក្នុង​សារ​Twitter នៅថ្ងៃ​ពុធ​ម្សិលមិញ លោក​ចោទប្រកាន់​ចិន​ថា ធ្វើ​ឲ្យ​ស្មុគស្មាញ នៅក្នុង​ការចរចា​នុយក្លេអ៊ែរ​កូរ៉េខាងជើង ប៉ុន្តែ ជាមួយ​គ្នានោះ លោក​លើកឡើង​ពី​ចំណង​មិត្តភាព​ដ៏ល្អ ជាមួយ ប្រធានាធិបតី​​​ចិន ស៊ី ជីនពីង។ លោក​ដូណាល់ ត្រាំ​នៅនិយាយ​ថា លោក​មានទំនាក់ទំនង​ល្អ​អស្ចារ្យ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន។

គេ​នៅ​តែមិនទាន់ដឹងថា តើ​លោកដូណាល់ ត្រាំ កំពុង​ចង់​​បានអ្វី​​ឲ្យ​ប្រាកដ ប៉ុន្តែ អ្វី​ដែល​គេដឹង​ប្រាកដ គឺ​ថា លោក​ដូណាល់ ត្រាំ ចាប់អត្ថាធិប្បាយ​ពីសំណុំរឿង​នុយក្លេអ៊ែរ កូរ៉េខាងជើង នៅក្រោយ​ពេល​ ​ដែល​កាសែត​អាមេរិក​បាន​ចុះផ្សាយពី​សំបុត្រប៉ុន្មាន​ច្បាប់ ​ដែល​ទីក្រុង​ព្យុងយ៉ាង​បាន​ផ្ញើទៅ​ឲ្យ​រដ្ឋមន្រ្តីការបរទេស អាមេរិក លោក​Mike Pompeo កាលពី​សប្តាហ៍មុន។ តាម​កាសែត​អាមេរិក អត្ថន័យ​នៅក្នុង​សំបុត្រ អាច​ជា​ដើមហេតុ​មួយ ដែល​ធ្វើ​ឲ្យ​លោកដូណាល់ ត្រាំ ប្រកាស​លុបចោល ទៅវិញ ដំណើរទស្សនកិច្ច​របស់​រដ្ឋមន្រ្តីការបរទេស​អាមេរិកទៅ​កូរ៉េខាងជើង ដែល​តាម​គម្រោង ត្រូវ​ធ្វើ​នៅ​សប្តាហ៍នេះ។ ​វិបសៃតិ៍​ព័ត៌មាន​អាមេរិក ឈ្មោះ​Vox បាន​សរសេរ​ថា នៅក្នុង​ជំនួប​ជាមួយមេដឹកនាំ​កូរ៉េខាងជើង លោកដូណាល់ ត្រាំ បាន​សន្យា​ជា​សំដី ថា លោក​នឹង​ជំរុញ​ឲ្យ​មាន​ការចុះហត្ថលេខា ឲ្យ​បាន​ឆាប់ លើ​សេចក្តី ប្រកាស​បិទបញ្ចប់​សង្រ្គាម​កូរ៉េ​ ប៉ុន្តែ ជាមួយ​គ្នានោះ កូរ៉េខាងជើង ត្រូវ​ធ្វើ​សេចក្តី ប្រកាស​ពី​ទីតាំង​រោងចក្រ​នុយក្លេអ៊ែរ​ដែល​អន្តរជាតិ​ត្រូវ​ត្រួតពិនិត្យ​ និង​ត្រូវ​គេ​រំសាយ​ចោល។ បញ្ហា​នៅត្រង់​ថា ភាគី​ទាំងពីរនៅមិនទាន់​​ចុះសម្រុងគ្នាពី​រឿង​សេចក្តីប្រកាស​នេះឯង។ អាមេរិក​ចង់​ឲ្យ​កូរ៉េខាងជើង ចេញសេចក្តីប្រកាស​ស្តីពីទីតាំង​រោងចក្រ​នុយក្លេអ៊ែរ ជាមុនសិន មុននឹង​អាមេរិក​ធ្វើ​សេចក្តីប្រកាស​ដើម្បី​បិទបញ្ចប់​សង្រ្គាម ​នៅ​ឧបទ្វីបកូរ៉េ។  ​​

សំណុំរឿង​នុយក្លេអ៊ែរ​របស់កូរ៉េខាងជើង ត្រូវ​ជាប់គាំង​យ៉ាងដូ​ច្នេះ គឺ​ធ្វើ​ឲ្យ​លោកដូណាល់ ត្រាំ ក្រពុលមុខ​ខ្លាំងណាស់។ ទី១ វាធ្វើ​ឲ្យ​លោក​បាក់មុខខ្លាំងណាស់។ លោកដូណាល់​ត្រាំ នៅក្រោយ​បើកជំនួបកំពូល​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន​បាន​និយាយ​អួត​សរសើរ​ខ្លួន​ឯងថា បាន​ដោះស្រាយ​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង ដែល​គ្មាន​ប្រធានាធិបតី​​អាមេរិក​មុនៗ ណាមួយ អាច​ធ្វើបាន។ នៅពេលនោះ លោកដូណាល់ ត្រាំ មិន​បាន​ខ្វល់​នឹង​ការនិយាយ​ព្រមាន​របស់​អ្នកជំនាញ ដែល​ថា នឹង​អាច​ចាញ់​ល្បិចកល​របស់​កូរ៉េខាងជើង ដូច​ការចរចា​មុនៗ ដែល​គ្មាន​បាន​លទ្ធផល​អ្វីនោះទេ ព្រោះ ថា កូរ៉េខាងជើង ចរចា​គ្រាន់តែ​ដើម្បី​ពន្យារពេល និង​អាច​បាន​ជំនួយ​សេដ្ឋកិច្ច ប៉ុន្តែ​គ្មាន​ឆន្ទៈពិតប្រាកដ​ដើម្បី​លះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ​ ដូចការចង់​បាន​របស់​លោកដូណាល់ ត្រាំនោះទេ។ ជាក់ស្តែង ទីភ្នាក់ងារ​ថាមពល​បរិមាណូ​អន្តរជាតិ AIEA និងទីភ្នាក់ងារ​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​​បាន​និយាយ​ហើយ​ថា កូរ៉េខាងជើងគ្មាន​បាន​ធ្វើ​កាត់បន្ថយ​សកម្មភាព​នុយក្លេអ៊ែរ សូម្បីតែបន្តិច ចាប់តាំង​ពី​បើក​ជំនួបកំពូល​ជាមួយ​លោក​ដូណាល់​ត្រាំ។

ដើម្បី កុំ​ឲ្យក្រុមរិះគន់​ និយាយ​ចំអក​ឲ្យ​លោក​ថា បរាជ័យ ជា​មនុស្ស​ល្ងង់ ចាញ់បោក កូរ៉េខាងជើង លោក​ដូណាល់ ត្រាំ ត្រូវ​តែ​រកអ្នកមក​ទម្លាក់កំហុស​ជំនួសលោក។ លោកដូណាល់ ត្រាំ មិន​បន្ទោសដោយ​​ផ្ទាល់​មេដឹកនាំ​កូរ៉េខាងជើងទេ ក្នុងក្តី​សង្ឃឹមថា នឹង​អាច​មាន​ផ្លូវ​ត្រលប់ទៅ​និយាយ​បញ្ចុះបញ្ចូល មេដឹកនាំ​កូរ៉េខាងជើង។ ដូច្នេះ អ្នកដែល​សក្តិសម​នឹង​ទទួល​ថ្មបាក់​ពី​នយោបាយ​បរាជ័យ​របស់លោក ក្នុង​ការចរចា រំសាយ​ចោល​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង នៅពេលនេះ មិនមែន​លោកគីម ជុងអ៊ុនទេ ប៉ុន្តែ គឺ​ប្រទេស​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ