អានតួអត្ថបទ

ចៅហ្វាយក្រុង​ហ្វីលីពីនម្នាក់​ ដែលមានឈ្មោះ​​ក្នុងបញ្ជីខ្មៅ​របស់លោក​ ឌុយទែរតេ​ ត្រូវបាន​គេធ្វើឃាត​

ក្រុមអ្នកតវ៉ាកាន់បដារូបលោកប្រធានាធិបតីហ្វីលីពីន ក្នុងអំឡុងពេលលោកចូលរួមកិច្បប្រជុំ នៅក្រុងហ្សេរ៉ូសាឡឹម នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨
ក្រុមអ្នកតវ៉ាកាន់បដារូបលោកប្រធានាធិបតីហ្វីលីពីន ក្នុងអំឡុងពេលលោកចូលរួមកិច្បប្រជុំ នៅក្រុងហ្សេរ៉ូសាឡឹម នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ REUTERS/Ammar Awad
ដោយ៖ អ៊ុង គឹមអ៊ាន់
1 នាទី

ចៅហ្វាយក្រុង​ហ្វីលីពីនម្នាក់​ ដែល​ជាប់ឈ្មោះ​ក្នុងបញ្ជីខ្មៅ​ពាក់ព័ន្ឋនឹង​ការជួញដូរគ្រឿងញៀន​ របស់លោក​ប្រធានាធិបតី​ ឌុយទែរតេ​ ត្រូវបាន​គេបាញ់សម្លាប់​ នៅថ្ងៃ​ពុធ ទី០៥​ កញ្ញា​ នេះ​ នៅឯ​ការិយាល័យ​របស់​លោក​។ គេ​ នៅមិនទាន់​ដឹងពីមូលហេតុ​នៃ​ការសំលាប់នេះ​នៅឡើយទេ​ ហើយករណី​នេះ​កំពុងស្ថិត​នៅក្រោម​ការ​ស៊ើបអង្កេត​របស់​ប៉ូលីស​។ នេះ​ បើតាម​ការរាយការណ៍​របស់​អាជ្ញាធរហ្វីលីពីន​។

ផ្សាយពាណិជ្ជកម្ម

ក្រោយ​ការបាញ់សម្លាប់នេះ​ មន្ត្រីប៉ូលីស​ជាន់ខ្ពស់​ហ្វីលីពីនម្នាក់​ បានប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​ AFP​ ថា​ មុនពេល​កើតហេតុ​ មានសាក្សី​ឃើញ​មានមនុស្ស​ប្រដាប់ដោយអាវុធ​ចំនួន​ ៤ នាក់ ដើរចេញពី​ឡានពណ៌ស​មួយគ្រឿង​ ហើយ​ដើរចូល​សាលាក្រុង ​ខណៈពេល​ដែល​ចៅហ្វាយក្រុងរដ្ឋ​Ronda លោក​ Mariano Blanco ​កំពុង​លង់លក់​ក្នុងដំណេក​។

រហូតមកដល់​ពេលនេះ​ គេ​នៅមិនទាន់រកឃើញ​ពីមូលហេតុ​នៅពីក្រោយ​ការបាញ់សម្លាប់​នៅឡើយទេ​ ហើយ​គេកំពុង​មានការងឿងឆ្ងល់​ថា​ ហេតុអ្វី​បានជា​លោក​ Mariano Blanco ស្នាក់នៅក្នុង​ការិយាល័យ​របស់គាត់​ពេញមួយយប់​យ៉ាងដូច្នោះ​។

ទោះជាយ៉ាងណាក្តី មន្ត្រីប៉ូលីស​ហ្វីលីពីន​ បានបញ្ជាក់​ប្រាប់ថា​ លោក Mariano Blanco ​ជាបុគ្គល​មានឈ្មោះ​ក្នុងបញ្ជីខ្មៅ​ របស់​ប្រធានាធិបតី​ដ៏មានអំណាច​របស់ប្រទេស ​គឺ​លោក​ឌុយទែរតេ​ ពាក់ព័ន្ធនឹង​ការជួញដូរ​គ្រឿងញៀន​ខុសច្បាប់​។

តាមពិតទៅ​ លោក​ Mariano Blanco ​មិនមែនជា​ចៅហ្វាយក្រុង​ទី១ទេ​ ដែល​ត្រូវ​បាន​គេសម្លាប់​។ កន្លងទៅថ្មីៗ​នេះ​ មាន​ករណីបាញ់សម្លាប់​ដ៏ល្បីរន្ទឺមួយ​ ទៅលើ​ចៅហ្វាយក្រុង​ម្នាក់ដែរ​ នៅភាគខាងត្បូង​ទីក្រុងម៉ានីល​។ ហើយ​បើគិតមកដល់ពេលនេះ​ មានចៅហ្វាយក្រុង​ ឬអភិបាលរងក្រុង​ យ៉ាងហោចណាស់​ក៍ ៦ នាក់ដែរ​ ត្រូវបាន​សម្លាប់​នៅក្នុង​ប្រទេសហ្វីលីពីន ​ចាប់តាំង​ពីខែ​ឧសភាមក​។

ដោយឡែក​ អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ បាននិយាយថា​ ហ្វីលីពីន​ ជាប្រទេស​មានវប្បធម៌នយោបាយ​ហិង្សា​ ក្នុងការ​កាប់សម្លាប់​ ជាពិសេស​ គោល​នយោបាយ​បង្ក្រាប​គ្រឿងញៀន​ របស់​លោក​ប្រធានាធិបតី​ឌុយទែរតេ​។

សូមជម្រាប​ជូនថា​ ចាប់តាំងពី​ឈ្នះ​ការបោះឆ្នោត​នៅពាក់កណ្តាល​ឆ្នាំ​ ២០១៦ មក​ លោក​ប្រធានាធិបតី​ឌុយទែរតេ​ បានចាប់ផ្តើម​យុទ្ធនាការបោសសំអាត​ការជួញដូរគ្រឿងញៀន​នៅក្នុងប្រទេស​យ៉ាងផុសផុល​។ ហើយ​បើតាម​ប៉ូលិសហ្វីលីពីន​ មានអ្នកជួញដូរ​គ្រឿងញៀន​ឬអ្នកប្រើថ្នាំញៀន​ចំនួន​ ៤,៤១០ នាក់​ត្រូវ​បានសម្លាប់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ