បរិស្ថាន ៖ របាយការណ៍​អន្តរជាតិ​​​​ស្រែក​​អាសន្ន​ពីការបាត់បង់​តំបន់​សើម

តំបន់​សើម​មួយ​របស់​ជប៉ុន
តំបន់​សើម​មួយ​របស់​ជប៉ុន cc Wikimédia / Refrain

សន្ធិសញ្ញា​អន្តរជាតិ​ស្តីអំពី​តំបន់​សើម ឬ​ សន្ធិសញ្ញា​ Ramsar  បាន​អនុម័ត​ឡើង​​​​​ នៅ​ឆ្នាំ​១៩៧១ ដើម្បី​ការពារ​បរិស្ថាន​​​ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ជីវិត​មនុស្ស​និ​ង​ជីវចម្រុះ។ ប៉ុន្តែ​ មាន​តំបន់​សើមនៅ​លើ​ភព​ផែនដី​​ប្រមាណ​តែ ១៨%​ប៉ុណ្ណោះ បាន​ទទួល​ការ​ការពារ​ពី​សន្ធិសញ្ញា​អន្តរជាតិ​នេះ។ ហើយ​សព្វថ្ងៃ​ ​ ផ្ទៃក្រឡា​នៃ​តំបន់​សើមបាន​ចុះ​​​រួម​តូច​ជា​លំដាប់ ! នេះ​បើ​តាម​របាយការណ៍​របស់​Ramsar ចេញ​ផ្សាយ​នៅ​ថ្ងៃព្រហស្បតិ៍​ទី ២៧​ កញ្ញា​២០១៨។

ផ្សាយពាណិជ្ជកម្ម

ដែល​ហៅ​តំបន់​សើម គឺ​ ជា​តំបន់​ បឹងបួរ វាល​ទំនាប​លិច​ទឹក តំបន់​ព្រៃ​រនាម​ តំបន់​មាត់​ទន្លេ តំបន់​ព្រៃ​កោងកាង តំបន់​ថ្ម​ប៉ប្រះ​ទឹក។ តំបន់​នេះ​ជា​ប្រព័ន្ធអេកូសាស្ត្រ​ដ៏​សម្បូរ​បែប​របស់​ផែនដី និងជាបណ្តុំ​​ជម្រក​ជីវចម្រុះ​ដ៏​មហាសាលបំផុត។ ប៉ុន្តែ​គួរឱ្យ​សោក​ស្តាយ​ តំបន់​នេះ​បាន​បាត់​បង់​ យ៉ាង​ឆាប់​រហ័ស និងលឿន​ជាង​ការ​បាត់​បង់តំបន់​​ព្រៃឈើ​ដល់​ទៅ​បី​ដង ! នេះ​បើ​តាម​អគ្គលេខា​សន្ធិសញ្ញា​ស្តី​អំពី​តំបន់​សើម លោកស្រី Martha Rojas Urrego ដែល​បញ្ជាក់​ទៀត​ថា​បើ​គ្មាន​វិធានការ​ទេ នោះ​ផលវិបាក​នឹង​​ធ្ងន់ធ្ងរ​ខ្លាំង។

នៅរវាង​ពី​ឆ្នាំ​១៩៧០​ ដល់​ឆ្នាំ ២០១៥ ពិភពលោក​បាន​បាត់​បង់​តំបន់​សើមរបស់ខ្លួន​អស់​​ប្រមាណ​៣៥%។ ការ​បាត់បង់​មាន​ល្បឿន​លឿន​ខ្លាំង​ជាពិសេស​ចាប់​ពី​ដើម​សតវត្សរ៍​ទី​២១​មក។ មូលហេតុ​មាន​ច្រើន ៖ ការ​ប្រែប្រួល​អាកាស​ធាតុ -កំណើន​ប្រជាជន -នគរូបនីយកម្ម (ការ​ពង្រីក​​​​ក្រុង/តំបន់​រស់​នៅ​) លុប​បឹង​បួរ​ ​ពិសេសការ​អភិវឌ្ឍន៍​នៅ​​តំបន់​ឆ្នេរ តំបន់​​ដីសន្ត និង​ការ​ពង្រីក​តំបន់​កសិកម្ម។ ​

តំបន់​សើម ជា​មូលដ្ឋាន​គ្រឹះ​នៃ​ជីវិត ! ដោយ​ផ្ទាល់​ឬ​ដោយ​ប្រយោល​ តំបន់​នេះ​ជា​អ្នក​ផ្គង់ផ្គង់​ដ៏ចំបងទឹក​ត្រជាក់​​ដល់​ពិភពលោក​ទាំង​មូល។ មនុស្ស​ជាង​១ពាន់​លាន​នាក់​ រស់​រំពឹង​វា ហើយ​ជីវិត​សត្វ​ប្រមាណ​៤០% រស់​និង​​បន្ត​ពូជ​នៅ​ក្នុង​តំបន់​នេះ។ តំបន់​សើម​ជា​ប្រភព​ស្លាប់​រស់​នៃ​​​​ចំណីអាហារ​ វត្ថុធាតុដើម ធនធាន​ថាមពល​សម្រាប់​ឧស្សាហកម្ម​ឱសថ និង​ថាមពល​វារីអគ្គិសនី​។ នេះ​បើ​តាម​ការ​លម្អិត​នៅក្នុង​របាយការណ៍។

ប៉ុន្តែ​អ្នក​នយោបាយ​ជាតិ​កម្រ​គិត​គូរ​ដល់​ណាស់ ! របាយការណ៍​ Ramsar បាន​ផ្តល់​អនុសាសន៍​ឱ្យ​ប្រទេសនីមួយៗ​បញ្ចូលការការពារ​តំបន់​សើម​ទៅ​ក្នុង​ច្បាប់​​ដើម្បីកុំ​ឱ្យ​ហួស​ពេល​ទាន់។ សម្រាប់​អ្នក​ជំនាញ​ ​ ​ការ​ថែរក្សា​តំបន់​សើម​ចាំបាច់ខ្លាំង​ទៀត ព្រោះ​តំបន់​នេះដើរ​តួ​យ៉ាង​សំខាន់ ​ក្នុងការ​ចាត់​ចែង​កម្តៅ​សីតុណ្ហភាព​នៃ​ភពផែនដី។ ជា​ឧទាហរណ៍ ​ព្រៃ​រនាម​លិច​ទឹក​តែ​ប្រមាណ​៣%​នៃ​ផែនដី​សោះ​អាច​ស្រូប​​ឧស្ម័ន​កាបូនិក​បាន​ពីរ​ដងច្រើន​ជាង​សមត្ថភាព​ស្រូប​របស់​ព្រៃសរុប​លើ​លោក​ទាំង​មូល៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI