តុលាការកូរ៉េខាងត្បូងផ្តន្ទាទោសអតីតប្រធានាធិបតី លោកលីម្យុងបាក់ ឲ្យជាប់គុក ១៥ឆ្នាំ
អតីតប្រធានាធិបតី លោកលី ម្យុងបាក់ ដែលដឹកនាំកូរ៉េខាងត្បូងពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៣ ត្រូវបានតុលាការកូរ៉េខាងត្បូង នៅថ្ងៃ សុក្រនេះ ប្រកាសផ្តន្ទាទោសឲ្យជាប់គុក ១៥ឆ្នាំ ពីបទប្រព្រឹត្តអំពើពុករលួយ។ លោក លី ម្យុងបាក់ ជាប្រធានាធិបតី កូរ៉េខាងត្បូង ទី២ បន្ទាប់ពីលោកស្រី ប៉ាក់ គុនហេ ដែលទើបត្រូវបានតុលាការផ្តន្ទាទោស ឲ្យជាប់គុក ២៥ឆ្នាំ។ អាចថា នៅក្នុងរយៈពេលតែមួយឆ្នាំ អតីតប្រធានាធិបតីកូរ៉េខាងត្បូង ដល់ពីរូបត្រូវបានតុលាការកាត់ទោស ឲ្យជាប់ពន្ធាគារ ក្នុងបទចោទប្រកាន់ ប្រព្រឹត្តអំពើពុករលួយ។
ចុះផ្សាយនៅថ្ងៃ៖
តុលាការនៅទីក្រុងសេអ៊ូល នៅថ្ងៃនេះ សុក្រ បានប្រកាសផ្តន្ទាទោសអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកលី ម្យុងបាក់ ឲ្យជាប់ពន្ធនាគារ១៥ឆ្នាំ និងបង់ប្រាក់ពិន័យ ១៣ពាន់លានវ៉ុន ស្មើនឹង១១លានដុល្លារ។ លោកលី ម្យុងបាក់ ដែលរងបទចោទប្រកាន់ ចំនួន ១៦ករណី ពីរដ្ឋអាជ្ញារកូរ៉េខាងត្បូង កាលពីខែមេសាកន្លងទៅ ត្រូវបានចៅក្រមតុលាការក្រុងសេអ៊ូលផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ ក្នុងបទចោទប្រកាន់ពីរ គឺប្រព្រឹត្តអំពើពុករលួយ ហើយនិងកេងបន្លំលុយរដ្ឋ។
តាមសេចក្តីប្រកាសរបស់តុលាការ ដែលត្រូវបានចាក់ផ្សាយបន្តផ្ទាល់តាមទូទស្សន៍កូរ៉េខាងត្បូង លោកលី ម្យុងបាក់ កាលនៅកាន់តំណែងជាប្រធានាធិបតី ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៣ បានទទួលសំណូកសូកប៉ាន់ ពីម្ចាស់ក្រុមហ៊ុនសាំស៊ុង ជាថ្នូរនឹងការប្រកាសលើកលែងរបស់ប្រធានាធិបតី សម្រាប់អគ្គនាយកក្រុមហ៊ុនសាំស៊ុង ដែលកាលណោះត្រូវបានតុលាការកាត់ទោស ពីបទបន្លំគេចមិនបង់ពន្ធរដ្ឋ។ សម្រាប់ការចោទប្រកាន់ទី២ តុលាការបានរកឃើញថា លោក លី ម្យុងបាក់ នៅពេលជាប្រធានាធិបតី បានលួចបង្កើត ក្រុមហ៊ុន ផលិតគ្រឿងរថយន្តមួយ ប៉ុន្តែ ដាក់ឈ្មោះប្អូនប្រុសរបស់លោក វិញ ដើម្បី ងាយស្រួលលួចបន្លំបង្វែរលុយ រដ្ឋចូលក្រុមហ៊ុន។
ក្នុងវ័យ ៧៦ឆ្នាំ លោកលី ម្យុងបាក់ គ្មានវត្តមាន នៅតុលាការ ដើម្បីស្តាប់ការប្រកាសសាលក្រមនោះទេ ក្នុងហេតុផលថា លោកមានសុខភាពមិនល្អ និងម្យ៉ាង ដើម្បី ជំទាស់នឹងតុលាការ ដែលបានសម្រេចឲ្យមានការចាក់ផ្សាយបន្តផ្ទាល់ អង្គជំនុំជម្រះ នៅតាមទូទស្សន៍ នៅថ្ងៃសុក្រនេះ។ ប៉ុន្តែ រហូតមក លោក លី ម្យុងបាក់ បានទាត់ចោលការចោទប្រកាន់ និងថា ករណីប្តឹងលោក ធ្វើឡើងក្នុងហេតុផលនយោបាយ។ នៅក្រោយការប្រកាសសាលក្រម មេធាវីរបស់លោកលី ម្យុងបាក់បានសំដែងការសោកស្តាយ និងថា លោកនឹងពិចារណាជាមួយកូនក្តីរបស់លោក ដើម្បីសម្រេចថានឹងប្តឹងទៅសាលាឧទ្ធរណ៍ដែរឬទេ។
នៅកូរ៉េខាងត្បូង វាសឹងក្លាយជាប្រពៃណី ដែលប្រធានាធិបតីអស់តំណែង ត្រូវតុលាការកាត់ទោស ឲ្យជាប់ពន្ធនាគារ ពីបទទទួលសំណូកសូកប៉ាន់ ជាពិសេស នៅក្នុងពេលដែលគណបក្សគូប្រជែង ឈ្នះឆ្នោត ចូលកាន់កាប់វិមានប្រធានាធិបតី។ ជាក់ស្តែង ប្រធានាធិបតីកូរ៉េខាងត្បូង ទាំង៤រូបដែលកំពុងមានជីវិត សុទ្ធតែត្រូវបានតុលាការថ្កោលទោស ទាំងក្នុងរឿងប្រព្រឹត្តអំពើពុករលួយ។ នៅមុនលោកលី ម្យុងបាក់ លោកស្រីប៉ាក់ គុនហេ ដែលត្រូវ សភាបោះឆ្នោតទម្លាក់ចេញពីតំណែងប្រធានាធិបតីមុនអាណត្តិ ត្រូវបានតុលាការកាត់ទោស កាលពីខែមេសា ឆ្នាំនេះ ឲ្យជាប់ពន្ធនាគារ ២៥ឆ្នាំ ក្នុងបទទទួលសំណូកពីក្រុមហ៊ុន សាំស៊ុង ហើយនិងរំលោភអំណាចប្រធានាធិបតី។ ចំណែកអតីតប្រធានាធិបតីពីររូបផ្សេងទៀត ដែលត្រូវជាប់ពន្ធនាគារដោយសាររឿងពុករលួយ ហើយនិងក្បត់ជាតិ កាលពីទសវត្សរ៍ឆ្នាំ ១៩៨០ បានរួចទោសមកវិញ ដោយសារក្រឹត្យលើកលែងទោស ពីប្រធានាធិបតី នាពេលកន្លងមក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ