អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​លោក​អាន់វ៉ា អ៊ីប្រាហ៊ីមកំពុង​ឆ្ពោះ​ទៅ​កាន់​តំណែង​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី?

សំឡេង ០៦:៥១
លោក​អាន់វ៉ា អ៊ីប្រាហ៊ីម​អបអរ​ជ័យ​ជំនះ​របស់​លោក នៅក្រោយ​ឈ្នះឆ្នោត ទទួល​បាន​កៅអី​សភា នៅថ្ងៃទី ១៣​តុលា ២០១៨​
លោក​អាន់វ៉ា អ៊ីប្រាហ៊ីម​អបអរ​ជ័យ​ជំនះ​របស់​លោក នៅក្រោយ​ឈ្នះឆ្នោត ទទួល​បាន​កៅអី​សភា នៅថ្ងៃទី ១៣​តុលា ២០១៨​ REUTERS/Lai Seng Sin
ដោយ៖ ឈាង បុប្ផា
៣០ នាទី

នៅ​ម៉ាឡេស៊ី អតីតឧបនាយករដ្ឋមន្រ្តី និង​អ្នកទោស ដែល​ទើប​ត្រូវ​ដោះលែង​ចេញពី​ពន្ធនាគារ លោក​អាន់វ៉ា អ៊ីប្រាហ៊ីម បាន​ជាប់ឆ្នោត ជាអ្នកតំណាងរាស្រ្ត នៅ​ក្នុង​ការបោះឆ្នោត​សភា មួយភាគ កាលពី​ថ្ងៃ​សៅរ៍ម្សិលមិញ។ ការទទួល​បាន​អាសនៈ​អ្នកតំណាងរាស្រ្ត ជា​សក្ខីកម្ម​នៃ​ការវិលត្រលប់​ចូល​ឆាក​នយោបាយ​សាជាថ្មី និង​ដំណើរ​ឆ្ពោះ​ទៅ​កាន់តំណែង​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី របស់​លោក​អាន់វ៉ា អ៊ីប្រាហ៊ីម។ តើ​អតីត​មេបក្ស​ប្រឆាំង​ម៉ាឡេស៊ី ដែល​ធ្លាប់ជាប់​ពន្ធនាគារ​ដល់​ទៅ២ នឹង​អាច​ក្លាយខ្លួន​ជា​អនាគត​មេដឹកនាំ​ម៉ាឡេស៊ី ដូច​ការរំពឹងទុក​របស់​ក្រុមគាំទ្រ​របស់​លោកដែរឬទេ ?

ផ្សាយពាណិជ្ជកម្ម

នៅ​បន្ទាប់​ពី​ឈ្នះឆ្នោត កាល​ពីថ្ងៃ​សៅរ៍ ទី ១៣​តុលា លោក​អាន់វ៉ា អ៊ីប្រាហ៊ីម​នឹងស្បថ ចូល​ធ្វើការ ក្នុង​នាមជា​អ្នកតំណាងរាស្រ្ត នៅ​សភា ម៉ាឡេស៊ី នៅ​ថ្ងៃ​ចន្ទទី ១៥ តុលា។ ការទទួល​បាន​អាសនៈ នៅ​សភា គឺប្រៀបបាន​នឹង​ការបោះ​១ ជំហាន​ទៅមុខ របស់​លោក​អ៊ីប្រាហ៊ីម​សម្រាប់​ទៅ​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី ម៉ាឡេស៊ី ព្រោះថា លោក មហាធៀរ មហាម៉ាត់ នាយករដ្ឋមន្រ្តី បច្ចុប្បន្ន ដែលបាន​ចាប់ដៃគូ​ជាមួយ លោកអាន់វ៉ា អ៊ីប្រាហ៊ីម ក្នុង​គណបក្ស​កាន់អំណាច បាន​និយាយ​រួចហើយ​ថា លោក​នឹង​ប្រគល់​តំណែង​ទៅ​ឲ្យ​លោកអ៊ីប្រាហ៊ីម នៅក្រោយលោក​អ៊ីប្រាហ៊ីម​ត្រូវ​ដោះលែង​ចេញពី​ពន្ធនាគារ។

គេ​មិន​រំពឹងថា លោក​អ៊ីប្រាហ៊ីម​នឹង​ចូល​ទៅ​កាន់តំណែង​នាយករដ្ឋមន្រ្តី ជំនួស​លោក​មហាធៀរ​ភ្លាមៗដែរ ព្រោះថា លោក​នាយករដ្ឋមន្រ្តី មហាធៀរ ដែល​ឥលូវនេះ មាន​អាយុ ៩៣​ឆ្នាំ ធ្លាប់​បាន​បញ្ជាក់​ហើយថា លោក​នឹង​កាន់អំណាច​យ៉ាងតិច ២ឆ្នាំ និង​អាច​ចូល​និវត្តន៍​នៅ​អាយុ៩៥ឆ្នាំ។

សូមអាន៖ ម៉ាឡេស៊ី៖ មេដឹកនាំ​បក្ស​ប្រឆាំង អាន់វ៉ា អ៊ីប្រាហ៊ីម​ ត្រូវ​ដោះលែង​​ចេញ​ពីគុក

តើលោកមហាធៀរ ពិតជា​ប្រគល់​តំណែង​នាយករដ្ឋមន្រ្តី ទៅ​ឲ្យ​លោក​អ៊ីប្រាហ៊ីម តាមការសន្យា?

សម្រាប់​អ្នកតាមដាន​នយោបាយ​ម៉ាឡេស៊ី ទោះបី​ជា​លោក​មហាធៀរ​សន្យា​ថា នឹង​ប្រគល់​តំណែង​នាយករដ្ឋមន្រ្តី ទៅ​ឲ្យ​លោក​អាន់វ៉ា អ៊ីប្រាហ៊ីម ប៉ុន្តែ រឿងនេះ​មិន​ប្រាកដ​ថា នឹង​អាច​កើតឡើង​១០០ភាគរយ​នោះទេ។ មន្រ្តី​ក្នុង​រដ្ឋាភិបាល​ម៉ាឡេស៊ី ជាច្រើន ធ្លាប់​​បាន​និយាយ​ថា គេ​ចង់​ឲ្យ​លោក​មហាធៀរ នៅ​បន្តកាន់តំណែង នាយករដ្ឋមន្រ្តី ដឹកនាំប្រទេស​យូរទៀត ព្រោះ លោកមហាធៀរ មានបទពិសោធន៍ និង​ចេះស្គាល់ ដោះស្រាយ​បញ្ហា​ដែល​ប្រទេស​កំពុង​ប្រឈម​បច្ចុប្បន្ននេះ។

ម្យ៉ាងទៀត បើសិន​គេ​មើល​ទៅ​ប្រវត្តិ​ទាក់ទង​របស់​អ្នកនយោបាយ​ទាំងពីរ គឺ​លោក​អាន់វ៉ា អ៊ីប្រាហ៊ីម និង​លោក​មហាធៀរ ធ្លាប់​មាន​ទំនាក់ទំនង​ល្អក់កករ​នឹង​គ្នា នៅក្នុង​អតីតកាល។ លោក​អាន់វ៉ា អ៊ីប្រាហ៊ីម ធ្លាប់​ជា​សម្ព័ន្ធមិត្ត ជា​ឧបនាយករដ្ឋមន្រ្តី​របស់​លោក​មហាធៀរ នៅ​ទសវត្សរ៍ ឆ្នាំ ១៩៩០។ ប៉ុន្តែ ក្រោយ​មក អ្នកទាំងពីរ​បាន​ក្លាយ​ជា​សត្រូវ​នឹងគ្នា ព្រោះថា ក្នុង​អាណត្តិដឹកនាំ​របស់លោកមហាធៀរ លោក​អ៊ីប្រាហ៊ីម ត្រូវ​លោក​មហាធៀរ បណ្តេញ​ចេញ​ពីតំណែង និង​បាន​ធ្លាក់​ខ្លួន​ជាប់​ពន្ធនាគារ ដោយសារ​បទចោទប្រកាន់ រឿង​ពុករលួយ ហើយ​និង​ការស្រឡាញ់​មនុស្សភេទ​ដូចគ្នា (នៅ​ឆ្នាំ ១៩៩៨ និង​ឆ្នាំ ២០១៥)។ ឥលូវនេះ ដើម្បី​ផ្តួល​គណបក្ស​កាន់អំណាច របស់​អតីត​នាយករដ្ឋមន្រ្តី រ៉ាហ្សាក់ លោក​អ៊ីប្រាហ៊ីម និង​លោក​មហាធៀរ បាន​ត្រលប់​មក​ចាប់ដៃ​រួមគ្នា ក្នុង​សម្ព័ន្ធ​បក្ស​ប្រឆាំង​រហូត​ដល់​ឈ្នះឆ្នោត ដ៏ធំធេង កាលពី​ខែ​ឧសភា​មុន។ ដោយសារ​តែ​ទំនាក់ទំនងម្តងល្អ ម្តងអាក្រក់​នេះហើយ ដែល​ធ្វើ​ឲ្យ​គេ​ពិបាក​នឹង​ស្មានថា តើ​លោក​មហាធៀរ នឹងព្រម​ប្រគល់​តំណែង​នាយករដ្ឋមន្រ្តី ទៅ​ឲ្យ​អ៊ីប្រាហ៊ីម តាម​ការសន្យា​ដែរឬទេ នៅ​ពីរ​ឆ្នាំ​ខាងមុខនោះ។ លោក​អ៊ីប្រាហ៊ីមវិញ និយាយថា លោក​មិន​សម្រុក ចង់​ប្រញាប់​ក្លាយ​ជា​នាយករដ្ឋមន្រ្តី​នោះទេ។ កិច្ចការ​ចំបង​ដែល​លោកធ្វើ​នៅ​សភា ម៉ាឡេស៊ី គឺ ជំរុញ​ជាពិសេស ឲ្យ​មាន​កំណែទម្រង់​ប្រព័ន្ធ​តុលាការ ​ដែល​លោកធ្លាប់​រងគ្រោះផ្ទាល់ និង​កែទម្រង់ ស្ថាប័ន គ្រប់គ្រង​ហិរញ្ញវត្ថុជាតិ ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​ការកេងបន្លំ​លុយរដ្ឋ ដូចក្នុង​សំណុំរឿង​ពុករលួយ​កន្លងមក។

សម្រាប់​អ្នកវិភាគ​មួយចំនួន វិញ លោក​អាន់វ៉ា អ៊ីប្រាហ៊ីម​អាច​និយាយ​ដូច្នេះ ប៉ុន្តែ ការពិត គឺ​លោក​មិន​ចង់​នៅ​ធ្វើ​ជាសមាជិក​សភា យូរនោះ​ទេ។ ដំណើរ ក្រឡា​វិវឌ្ឍ​នយោបាយ ដ៏រហ័ស របស់លោក ជា​ភស្តុតាងស្រាប់។ លោក​ត្រូវ​បាន​ព្រះមហាក្សត្រ​លើកលែង​ទោស​ភ្លាមៗ នៅក្រោយសម្ព័ន្ធ​បក្ស​ប្រឆាំងរបស់​លោក​ឈ្នះឆ្នោត។ បន្ទាប់មក ស្រាប់តែ​អ្នកតំណាងរាស្រ្ត​ម្នាក់​ចុះចេញ​ពីតំណែង ដើម្បី​ឲ្យ​មានការបោះឆ្នោត​សភា មុន​អាណត្តិ និង​ដើម្បី​ឲ្យបើក​ផ្លូវ​ឲ្យ​លោក​អ៊ីប្រាហ៊ីម​ឈ្នះឆ្នោត ក្លាយ​ជា​សមាជិក​សភាទៀត​ចំណែក​ភរិយា​របស់លោក​ក៏​ជា​ឧបនាយករដ្ឋមន្រ្តីទៀត។

លោក​អ៊ីប្រាហ៊ីម អាយុ ៧១​ឆ្នាំ ​បាន​សន្យា​ហើយថា លោក​នឹង​ជំរុញ​ឲ្យ​មាន​កំណែទម្រង់ ផ្នែក​តុលាការ ហើយ​និង​សេរីភាព​បញ្ចេញមតិ នៅ​ម៉ាឡេស៊ី។ ទោះ​ជា​លោក និង​លោក​នាយករដ្ឋមន្រ្តី​មហាធៀរ ធា្លប់​ជា​សត្រូវ​នឹងគ្នា ប៉ុន្តែ ស្ថានភាព​បច្ចុប្បន្ន ជាពិសេស នៅ​ពេល​ប្រទេស​កំពុង​កើតមាន​បញ្ហា​សេដ្ឋកិច្ច​យ៉ាងដូច្នេះ ដូចជា​រឿង​កើន​ប្រាក់បំណុលជាតិ ហើយ​និង​ប្រាក់ខែ​របស់​ប្រជាជននៅ​តែទាប លោក​អ៊ីប្រាហ៊ីម​និយាយ​ថា លោក​មាន​ទិសដៅ​ដូចគ្នា​នឹង​លោក​មហាធៀរ។ អ្នកទាំងពីរ​មាន​គោលដៅ​តែមួយ គឺ​ស្រោចស្រង់​ប្រទេស​ពី​វិបត្តិប្រាក់បំណុល និងលុបបំបាត់​អំពើពុករលួយ​ដែល​កំពុង​ស៊ីរូង​ក្នុង និង​បន្ទុចបង្អាក់​មិន​ឲ្យ​ម៉ាឡេស៊ី រីកចម្រើន សព្វថ្ងៃនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ