បារាំង-កូរ៉េខាងត្បូង

លោកអេម៉ានុយអែល ម៉ាក្រុង៖​«បារាំង​មិន​ទាន់​ពិចារណា​ពី​ការ​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​កូរ៉េខាងជើង​ទេ»

លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​មូន ចៃអ៊ីន និង​សមភាគី​បារាំង​លោក​លោកអេម៉ានុយអែល ម៉ាក្រុង ក្នុង​ទីក្រុងវ​ប៉ារីស​ថ្ងៃទី១៥ តុលា ២០១៨
លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​មូន ចៃអ៊ីន និង​សមភាគី​បារាំង​លោក​លោកអេម៉ានុយអែល ម៉ាក្រុង ក្នុង​ទីក្រុងវ​ប៉ារីស​ថ្ងៃទី១៥ តុលា ២០១៨ Reuters

លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​មូន ចៃអ៊ីន​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​បារាំង​នា​ថ្ងៃ​ចន្ទ ទី១៥ តុលា។ នៅ​ក្នុង​ជំនួប​ជាមួយ​សមភាគី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង ឥស្សរជន​ទាំង​ពីរ​បាន​លើក​យក​ប្រធានរឿង​សំខាន់​ពីរ​ទៅ​និយាយ ទី១ ទំនាក់ទំនង​ទ្វេភាគី​រវាង​បារាំង និង​កូរ៉េខាងត្បូង ហើយ​ទី២ បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង។ ត្រង់​ចំណុច​នេះ លោក​មូន ចៃអ៊ីន​បាន​អំពាវនាវ​ឲ្យ​គាំទ្រ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​សន្តិភាព​របស់​គាត់។ ចំណែក​លោក​ម៉ាក្រុង​បាន​ទទួល​ស្គាល់​ពី​ការ​បោះ​ជំហាន​ថ្មី​នៃ​វិបត្តិ​នៅ​ឧបទ្វីបកូរ៉េ​ស្តីពី​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង។ តែ​ទន្ទឹម​គ្នា​នេះ លោក​ម៉ាក្រុង​បាន​ទាមទារ​ឲ្យ​មាន​កិច្ចសន្យាពិតប្រាកដ​ពី​របប​ក្រុង​ព្យុងយ៉ាង​ក្នុង​ការ​រំសាយ​នុយក្លេអ៊ែរ។ លោក​ម៉ាក្រុង​បាន​បន្ថែម​ថា​ខណៈ​នេះ បារាំង​មិន​ទាន់​ពិចារណា​ពី​ការ​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​កូរ៉េខាងជើង​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​មើល​ការ​វិវត្ត​ជាក់ស្តែង​ក្នុង​រឿង​នុយក្លេអ៊ែរ សិទ្ធិមនុស្ស និង​ទំនាក់ទំនង​រវាង​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង។

ផ្សាយពាណិជ្ជកម្ម

« យើង​មាន​ការិយាល័យ​សហប្រតិបត្តិការ​នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង​តាំង​ពី​ឆ្នាំ ២០១១។ បេសកកម្ម​របស់​ការិយាល័យ​សហប្រតិបត្តិការ​នេះ​មាន​គោលដៅ​វប្បធម៌ និង​មនុស្សធម៌​សុទ្ធសាធ។ ខណៈ​នេះ បារាំង​មិន​ទាន់​បាន​ពិចារណា​ពី​ការ​ត​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​កូរ៉េខាងជើង​នៅ​ឡើយ​ទេ។

មាន​សំណុំរឿង​មួយ​ចំនួន​ដែល​បារាំង​ត្រូវ​ពិនិត្យមើល​ជា​មុន រួម​មាន បញ្ហា​នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីលបាលីស្ទិក ទំនាក់ទំនង​រវាង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង ហើយ​និង​បញ្ហា​សិទ្ធិមនុស្ស​នៅ​កូរ៉េខាងជើង។

ដូច្នេះ គឺ​វា​អាស្រ័យ​លើ​លទ្ធផល​ដែល​ទទួល​បាន​ជាក់ស្តែង​នៃ​សំណុំរឿង​ទាំង​នេះ​ដែល​ប៉ារីស​អាច​ពិនិត្យ​មើល​ពី​ជំហរ​របស់​ខ្លួន​ជាមួយ​ព្យុងយ៉ាង​ឡើង​វិញ។ ជំហរ​ទី១ ទាក់ទង​នឹង​ទំនាក់ទំនង​ទ្វេភាគី និង​ការទូត ហើយ​ជំហរទី២ ទាក់ទង​នឹង​នយោបាយ​ទណ្ឌកម្ម​ក្នុង​ក្របខណ្ឌ​អន្តរជាតិ។ ខ្ញុំ​ជឿ​ថា គេ​ត្រូវ​បន្ត​តាម​ដាន​មើល​ដើម្បី​ធានា​ថា ពិត​ជា​មាន​ការ​ផ្លាស់ប្តូរ​មែន​ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI