អាជ្ញាធរចិន៖ ជំរំឃុំខ្លួនជនជាតិអ៊ុយហ្គួរជាកន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អាជ្ញាធរចិន ជាថ្មីម្តងទៀត បានចេញមុខការពារនយោបាយចាប់ប្រមូលផ្តុំ អ្នកកាន់សាសនាអ៊ីស្លាម នៅខេត្តស៊ីនជាំង។ បន្ទាប់ពីមន្រ្តីទូតចិន ធ្វើយុទ្ធនាការឃោសនាផ្សព្វផ្សាយក្នុងកាសែតបរទេស ពីចំនុចវិជ្ជមាននៃជំរំឃុំខ្លួន នៅស៊ីនជាំង ចៅហ្វាយខេត្តស៊ីនជាំង នៅថ្ងៃអង្គារម្សិលមិញ បានអះអាងថា កម្មវិធីប្រមូលផ្តុំ ជនជាតិអ៊ីស្លាម បានជួយឲ្យតំបន់មានស្ថិរភាព និងសន្តិសុខ។ ទីក្រុងប៉េកាំងបានរងការរិះគន់ពីសហគមអន្តរជាតិ នៅបន្ទាប់ពីអ្នកជំនាញរបស់អង្គការសហប្រជាជាតិបានវាយតម្លៃថា ប្រជាជនអ៊ុយហ្គួរ និងជនជាតិភាគតិចអ៊ីស្លាមផ្សេងទៀតប្រមាណ ១លាននាក់ ត្រូវបានអាជ្ញាធរ ចាប់ឃុំខ្លួន នៅក្នុងតំបន់ស៊ីនជាំង។
នៅក្នុងបទសម្ភាសន៍ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនថ្មី ប្រធានតំបន់ស្វយ័តស៊ីនជាំង លោក Shohrat Zakir បាននិយាយការពារកម្មវិធីបង្កើតមណ្ឌលឃុំខ្លួនជនជាតិអ៊ុយហ្គួរ ក្នុងតំបន់ស៊ីនជាំង។ សម្រាប់លោក តំបន់ស៊ីនជាំង ដែលធ្លាប់រងការវាយប្រហារដោយក្រុមភេរវជន នៅពេលនេះ បានស្គាល់សិ្ថរភាព និងសន្តិសុខ ក៏ដោយមកពីមណ្ឌលឃុំខ្លួន នោះដែរ។
នៅប៉ុន្មានខែមុននេះ គណៈកម្មាធិការជំនាញរបស់អង្គការសហប្រជាជាតិ បានអះអាងថា មានជនជាតិភាគតិចអ៊ុយហ្គួរ អ្នកកាន់សាសនាអ៊ីស្លាមចំនួន ១លាននាក់ត្រូវបានរដ្ឋអំណាចចិនចាប់ឃុំខ្លួន ក្នុងជំរំ ជាច្រើន កន្លែង ក្នុងខេត្តស៊ីនជាំង។ ទីក្រុងប៉េកាំងធ្លាប់បានបដិសេធ ថា គ្មានវត្តមានពន្ធនាគារឃុំ ប្រជាជនអ៊ុយហ្គួរ នោះទេ ប៉ុន្តែ នៅក្រោយមានរូបភាពផ្កាយរណប និងឯកសារចុះផ្សាយលើអ៊ីនធ័រនែត ដែលបញ្ជាក់ពីវត្តមានទីតាំង ឃុំខ្លួន ជនជាតិអ៊ុយហ្គួរ ទីក្រុងប៉េកាំង នៅ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បានប្តូរយុទ្ធសាស្រ្តការពារខ្លួន តាមរយៈការលើកនិយាយពីចំនុចវិជ្ជមាន និងអត្ថប្រយោជន៍នៃជំរំឃុំខ្លួន ជនជាតិអ៊ុយហ្គួរទៅវិញ។
ប្រធានតំបន់ស៊ីនជាំង ដែលមានដើមកំណើតជាជនជាតិអ៊ុយហ្គួរដែរនោះបាននិយាយថា មជ្ឈមណ្ឌលទាំងនោះ ជាកន្លែងបណ្តុះបណ្តាល វិជ្ជាជីវៈ ប្រជាជនអ៊ុយហ្គួរ។ នៅទីនោះ ជនជាតិអ៊ុយហ្គួរត្រូវបានគេបង្រៀនឲ្យចេះនិយាយភាសាចិន រៀនជំនាញ បច្ចេកទេស ជាដើម។ តាមអាជ្ញាធរចិន ជនជាតិភាគតិចអ៊ុយហ្គួរ មានការលំបាកក្នុងការរកការងារធ្វើ ដោយសារតែ ខ្វះសមត្ថភាព និងជំនាញ។ ដោយសារតែភាពក្រីក្រ និងការងារធ្ងន់ ពួកគេងាយនឹងចាញ់បោក ត្រូវក្រុមភេរវនិយម និងក្រុមអ៊ីស្លាមជ្រុលនិយម បញ្ចុះបញ្ចូលឲ្យធ្វើភេរវកម្មប្រឆាំងរដ្ឋអំណាចចិន។ ប៉ុន្តែ ជំរំលត់ដំ បានជួយឲ្យមនុស្សភាគច្រើនដឹងកំហុស និងយល់ច្បាស់ពីគ្រោះថ្នាក់ដែលបង្កឡើងដោយក្រុមជ្រុលនិយម។
អតីតអ្នកធ្លាប់ជាប់ឃុំ បាននិយាយដែរថា ពួកគេត្រូវប៉ូលិសចិនចាប់ខ្លួន ដោយសារតែពួកគ មានពុកមាត់វែង ពាក់ក្រណាត់បាំងមុខ ឬ ក៏សរសេរសារជូនពរ នៅលើអ៊ីនធ័រនែត នៅក្នុងឱកាសបុណ្យសាសនាអ៊ីស្លាម។ អតីតគ្រូបង្រៀនម្នាក់ក្នុងជំរំលត់ដំនៅខេត្តស៊ីនជាំង នៅខែកក្កដាកន្លងទៅ បាននិយាយប្រាប់តុលាការ នៅក្នុងប្រទេសកាហ្សាក់ស្ថានថា ជំរំនយោបាយ នៅស៊ីនជាំង តាមពិត គឺជាពន្ធនាគារនៅក្នុងព្រៃធំដាច់ឆ្ងាយពីគេឯង។
សម្រាប់ប្រធានអង្គការការពារសិទ្ធិមនុស្សHuman Rights Watch វិញ ដោយអនុវត្តចាប់ប្រមូលឃុំខ្លួនក្នុងទ្រង់ទ្រាយធំ នៅខេត្តស៊ីនជាំង រដ្ឋអំនាចចិនបានចាប់បំបែកកូនពីឪពុកម្តាយ ដោយព្រៃផ្សៃបំផុត និងបានធ្វើឲ្យកើតមាន វិបត្តិ ក្មេងអនាថា និងកុមារកំព្រា រាប់លាននាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ