ថៃប្រមាញ់ជនអន្តោប្រវេសន៍ដែលមានពណ៌សម្បុរខ្មៅ
ប៉ូលិសថៃ បានបង្កើនយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអន្តោប្រវេសន៍ខុសច្បាប់ កាន់តែខ្លាំងឡើងៗ ដោយចេញប្រមាញ់ នៅតាមរង្គសាល និងទីសាធារណៈ និងជាពិសេសដៅចាប់បុគ្គលណាដែលមានពណ៌ “សម្បុរស្បែកខ្មៅៗ”។ សកម្មភាពបែបនេះបានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អង្គការក្រៅរដ្ឋាភិបាល និងបានបង្កការភ័យព្រួយយ៉ាងខ្លាំងដល់អន្តោប្រវេសន៍ដែលកំពុងសុំសិទ្ធិជ្រកកោន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ការងាររបស់ប៉ូលិស ក្នុងប្រតិបត្តិការ X-Ray Outlaw Foreigner គឺត្រូវចេះសម្គាល់និងបែងចែក ថាអ្នកដែលមានពណ៌សម្បុរស្បែកដុត “ខ្មៅ” ណាល្អ ណាអាក្រក់អាចជាជនប្រព្រឹត្តបទល្មើស។ នេះបើតាមប្រសាសន៍របស់លោកប្រធានការិយាល័យអន្តោប្រវេសន៍មកកាន់ភ្នាក់ងារព័ត៌មានបារាំង ដែលអះអាងប្រតិបត្តិការតាមចាប់ជនបរទេសខុសច្បាប់ បានចាប់តផ្តើមតាំងពីពីរបីសប្តាហ៍មកហើយ។
បេសកកម្មប្រព្រឹត្តទៅនៅតាមផ្លូវសាធារណៈ តាមហាងកាហ្វេ រង្គសាល ពេលរាត្រី។ ផ្ទាំងស៊ីបនៃការតាមចាប់ ដៅទៅលើជនណាដែលមានសម្បុរខ្មៅ។ មើលមុខហើយសង្ស័យក៏ ឃាត់ខ្លួន ឆែករកលិខិតឆ្លងដែន និងធ្វើវិភាគរកគ្រឿងញៀនទៀត។
ដើម្បីរក្សាស្ថិរភាពប្រទេស ថៃត្រូវតែបណ្តេញពួកអាក្រក់ចេញ ! ពួកអាក្រក់ទាំងនោះ គឺសំដៅទៅលើពួកឆបោកស្បែកខ្មៅ ជាតិអ៊ូហ្កង់ ឬនីហ្សេរីយ៉ា ឬម៉ាលី... ដែលមកចែចង់ពលរដ្ឋថៃតាមប្រព័ន្ធអ៊ីនធ័រនែតរួចបោកយកលុយអស់ពីគណនីធនាគារ។ តាមរយៈប្រតិបត្តិការនេះ ជនបរទេសខុសច្បាប់ជាង៦ពាន់នាក់ត្រូវចាប់ខ្លួនបាន ដោយផុតទិដ្ឋាការទេសចរណ៍។ នេះបើតាមប្រធានការិយាល័យអន្តោប្រវេសន៍ដដែល។
ប្រតិបត្តិការនេះក៏មានកម្មវត្ថុប្រយុទ្ធប្រឆាំងនឹងអន្តោប្រវេសន៍ខុសច្បាប់ ដែលរត់គេចពីការគំរាមកំហែងនៅក្នុងប្រទេសរបស់ពួកគេ ដូចជាអាហ្វហ្កានីស្ថាន ប៉ាគីស្ថាន បណ្តាប្រទេសនៅអាហ្វ្រិកមួយចំនួន និងដែលតាមច្បាប់អាចមានសិទ្ធិសុំជ្រកកោននយោបាយ។ ជាឧទាហរណ៍ជាក់ស្តែង មានជនជាតិប៉ាគីស្ថានកាន់សាសនាគ្រិស្ត ចំនួនជាង៧០នាក់រួចហើយត្រូវបានឃាត់ខ្លួន។ ការចាប់ខ្លួនដ៏ធំនិងគួរឱ្យកត់សម្គាល់នោះ ជនខុសច្បាប់មកពីប្រទេសជិតខាងដូចជា ភូមា កម្ពុជា ដែលមកធ្វើជាកម្មករនេសាទ ឬបេះផ្លែឈើ។
ក្រៅអំពីចោទប្រកាន់ប្រតិបត្តិការX-Ray ថាមានលក្ខណៈរើសអើងដៅពូជសាសន៍ ស្បែកខ្មៅ អង្គការក្រៅរដ្ឋាភិបាល បានទាមទារឱ្យរដ្ឋាភិបាលថៃ ប្រើយន្តការថ្មី ដែលមិនចាប់បរទេស ជាឧក្រិដ្ឋជន និងអន្តោប្រវេសន៍ការងារ និងភៀសខ្លួន ក្នុងកន្ត្រកតែមួយ។ បើតាមអង្គការFortify Rights ជនចាប់ខ្លួនបានត្រូវបញ្ជូនទៅឃុំឃាំងក្នុងលក្ខខណ្ឌជីវិតយ៉ាប់យឺន និងពេលខ្លះរាប់ខែរាប់ឆ្នាំផងក៏មាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ