លោកដូណាល់ ត្រាំ គំរាមបង្កើនអាវុធនុយក្លេអ៊ែរ
ពីរថ្ងៃក្រោយ បង្កឲ្យមានប្រតិកម្មការទូត ជាមួយ រុស្ស៊ី តាមរយៈការប្រកាសដកអាមេរិកចេញពីសន្ធិសញ្ញា ស្តីពីអាវុធនុយក្លេអ៊ែរ រយៈចម្ងាយមធ្យម លោកដូណាល់ ត្រាំ នៅថ្ងៃចន្ទម្សិលមិញ បានគំរាមសាជាថ្មីថា អាមេរិកនឹងអភិវឌ្ឍ បង្កើនសព្វាវុធ នុយក្លេអ៊ែរ។ សម្រាប់ប្រធានាធិបតីអាមេរិក ពាក្យគំរាមកំហែងមានសំដៅ ដល់ចិន និងជាពិសេស រុស្ស៊ី ដែលអាមេរិកបានចោទប្រកាន់ថា បានរំលោភកិច្ចព្រមព្រៀងទ្វេភាគី ដែលអាមេរិក និងសហភាពសូវៀត បានចុះហត្ថលេខាជាមួយ គ្នា ដើម្បីបន្ថយភាពតានតឹង ក្នុងសម័យសង្រ្គាមត្រជាក់ កាលពី៣០ឆ្នាំមុន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ពីរថ្ងៃក្រោយ ប្រកាសដកអាមេរិកចេញពីសន្ធិសញ្ញា ស្តីពីអាវុធនុយក្លេអ៊ែររយៈចម្ងាយមធ្យម ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ នៅថ្ងៃចន្ទម្សិលមិញ បាននិយាយគំរាមថា អាមេរិកត្រៀមខ្លួនដើម្បីអភិវឌ្ឍ បង្កើនអាវុធ នុយក្លេអ៊ែរ របស់ខ្លួន បើសិនចិន និងរុស្ស៊ី មិនព្រមឈប់ទេនោះ។
លោកដូណាល់ ត្រាំ បានចោទប្រកាន់រុស្ស៊ី ថា បានរំលោភកិច្ចព្រមព្រៀង ទ្វេភាគី ឆ្នាំ ១៩៨៧ តាមរយៈ ការលួចផលិតមីស៊ីលបាញ់បានចម្ងាយមធ្យម ដែលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ។ ការចោទប្រកាន់ដែលទីក្រុងម៉ូស្គូបានបដិសេធទាត់ចោល។ ឆ្លើយប្រាប់កាសែតរុស្ស៊ី នៅថ្ងៃចន្ទម្សិលមិញ លោកចន បុលតុន ទីប្រឹក្សាសន្តិសុខរបស់លោកដូណាល់ ត្រាំ ដែលកំពុងបំពេញទស្សនកិច្ច ដើម្បី ពិភាក្សាពីបញ្ហានុយក្លេអ៊ែរ នៅទីក្រុងម៉ូស្គូ និងត្រូវជួបលោកប្រធានាធិបតី រុស្ស៊ី ពូទីន នៅថ្ងៃអង្គារនេះ បាននិយាយថា គេពិបាកនឹងបញ្ចុះបញ្ចូលឲ្យមនុស្សម្នាក់ គោរពធ្វើតាមកិច្ចព្រមព្រៀង ណាស់ ដរាបគេនៅតែបដិសេធមិនទទួលស្គាល់កំហុស។
លោកចន បុលតុន ដែលនិយាយយោងដល់ការគំរាមកំហែងពិតៗ ពីខាងប្រទេសចិន បាននិយាយបន្ថែមថាមេរិកមិនចង់គោរពកិច្ចព្រមព្រៀងតែម្នាក់នោះទេ។ "បញ្ហាមិនមែនមកពីអាមេរិកដកខ្លួនចេញពីសន្ធិសញ្ញានោះទេ ប៉ុន្តែ គឺមកពីរុស្ស៊ី ដែលបានរំលោភជាមុន សន្ធិសញ្ញាស្តីពីអាវុធនុយក្លេអ៊ែរ"។
សូមអាន៖ លោកដូណាល់ ត្រាំចង់ឲ្យសព្វាវុធនុយក្លេអ៊ែរអាមេរិក នាំមុខគេ
អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីធ្លាប់បានព្រមានរួចហើយថា ជំហានរបស់អាមេរិកនឹងធ្វើឲ្យពិភពលោកកាន់តែប្រឈមនឹងគ្រោះថ្នាក់។ ទីក្រុងប៉េកាំងវិញ បានទាមទារឲ្យអាមេរិកពិចារណាឲ្យបានទ្វេដង ចំណែក សហភាពអឺរ៉ុបអំពាវនាវឲ្យអាមេរិក និងម៉ូស្គូ បន្តការពិភាក្សា ដើម្បីថែរក្សា សន្ធិសញ្ញា ដែលជួយកាត់បន្ថយកុំឲ្យមានការប្រកួតប្រជែងខាងផ្នែកអាវុធនុយក្លេអ៊ែរ។ ការអំពាវនាវដែលអាមេរិកពិបាកនឹងស្តាប់ធ្វើតាម ដោយសារតែមិនចង់ចាញ់ប្រៀប រុស្ស៊ី និងជាពិសេស ចិន នៅក្នុងយុទ្ធសាស្រ្តយោធា នៅអាស៊ី ប៉ាស៊ីហ្វិក។ ចិនដែលអាមេរិកចោទប្រកាន់ថា បានផលិតក្រាស់ក្រែល មីស៊ីលបាញ់បានចម្ងាយមធ្យម ដោយសារតែគ្មានសន្ធិសញ្ញាចាប់ចងដៃ ដូចអាមេរិក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ