ថៃ

គណបក្ស​ប្រឆាំង ភឿថៃ​របស់​អតីត​នាយករដ្ឋមន្រ្តី​ទម្លាក់​ចេញពី​តំណែង បោះឆ្នោត​រើស​ប្រធាន​បក្ស​

លោក​ Viroj Pao-in (កណ្តាល​) និយាយ​ទៅកាន់​អ្នកកាសែត​នៅក្រោយ​លោក​ត្រូវ​បក្ស​បោះឆ្នោត​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​ប្រធាន​គណបក្ស​ភឿថៃ នៅថ្ងៃទី២៨ តុលា ២០១៨
លោក​ Viroj Pao-in (កណ្តាល​) និយាយ​ទៅកាន់​អ្នកកាសែត​នៅក្រោយ​លោក​ត្រូវ​បក្ស​បោះឆ្នោត​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​ប្រធាន​គណបក្ស​ភឿថៃ នៅថ្ងៃទី២៨ តុលា ២០១៨ ©Lillian SUWANRUMPHA / AFP

ភឿថៃ គណបក្ស​ប្រឆាំង​ធំជាងគេ​នៅ​ប្រទេស​ថៃ បាន​បោះឆ្នោត​ជ្រើសរើស​ប្រធាន​បក្ស​ថ្មី នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដើម្បី​ត្រៀម​ចូលរួម នៅក្នុង​ការបោះឆ្នោត​សភា ដែល​របបសឹក​បាន​ប្រកាស​គម្រោង​រៀបចំ នៅ​ចុង​ខែ​កុម្ភៈ ឆ្នាំក្រោយ។ ការបោះឆ្នោត​ជ្រើសរើស​ក្បាលម៉ាស៊ីន​បក្ស​ភឿថៃ ធ្វើឡើង នៅក្រោយ​គណបក្ស​ប្រឆាំង​មួយនេះ រង​ការគំរាម​ រំលាយ​ចោល ពី​ខាង​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត ក្នុង​ករណី​គេ​រកឃើញថា គណបក្ស​នៅ​មាន​ជាប់ពាក់ព័ន្ធ​ជាមួយ លោក​ថាក់ស៊ីន ហើយ​និង​លោកស្រី​យីងឡាក់ ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​បរទេស។ 

ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​អាទិត្យ នៅទីក្រុង​បាងកក គណបក្ស​ភឿថៃ ដែល​ធ្លាប់​គាំទ្រ​អតីត​នាយករដ្ឋមន្រ្តី​ថៃ ត្រកូល​ស៊ីណាវ៉ាត បាន​សម្រេច​បោះឆ្នោត​ជ្រើសរើស​ប្រធាន​បក្ស ដែល​គ្មាន​ជាប់សាច់ញាតិ​ទាល់តែសោះ នឹង​គ្រួសារ​របស់លោក​ថាក់ស៊ីន។ ដឹកនាំ​គណបក្ស​ភឿថៃ ចាប់តាំង​ពី​រដ្ឋប្រហារ នៅ​ឆ្នាំ ២០១៤ លោក​វីរោធ ប៉ៅអីន ត្រូវ​បាន​គណបក្ស​បោះឆ្នោត ឲ្យ​ធ្វើ​ជា​ប្រធាន​បក្ស​ជា​ផ្លូវការ​សម្រាប់​ការបោះឆ្នោត​សភា នៅ​ឆ្នាំក្រោយ។ លោក​វីរោធ ប៉ៅអ៊ីន ក្លាយ​ជា​ប្រធាន​បក្ស ប៉ុន្តែ មិនប្រាកដថា នឹង​ក្លាយ​ជា​បេក្ខជន​សម្រាប់​តំណែង​នាយករដ្ឋមន្រ្តី​នោះ​ទេ។ តាម​លោកស្រី សុដារ៉ាត់ កេយូរ៉ាផាន់ អ្នកនាំពាក្យ និង​ប្រធាន​គណៈកម្មាធិការ​យុទ្ធសាស្រ្ត​របស់​គណបក្ស​ភឿថៃ ពីពេលនេះ រហូត​ដល់​ដើមឆ្នាំក្រោយ គណបក្ស​នឹងចុះពង្រឹង​តាមមូលដ្ឋាន ស្វែងរក​មតិគាំទ្រ មុន​សម្រេច​ជ្រើសរើស​បេក្ខជន​សម្រាប់​តំណែង​នាយករដ្ឋមន្រ្តី។

គណបក្ស​ភឿថៃ បាន​សម្រេច​បោះឆ្នោត ជ្រើសរើស​ប្រធាន​បក្ស នៅ​ពេលនេះ ដើម្បី​ត្រៀម​ចូលរួម​ក្នុង​ការបោះឆ្នោត​នៅ​ឆ្នាំ​ក្រោយផង និង​បញ្ជាក់​ច្បាស់​ថា គណបក្ស​គ្មាន​បាន​រងឥទ្ធិពល​ពី​ខាងគ្រួសារ​របស់លោក​ថាក់ស៊ីន​នោះ​ទេ។ ថ្មីៗ មានការចុះផ្សាយ​ពី​ខាងកាសែត​ក្នុង​ស្រុក​ថៃ ថា គណៈកម្មាធិការ រៀបចំ​ការបោះឆ្នោត ថៃ បាន​គំរាម​រំលាយ​ចោល​គណបក្ស​ភឿថៃ ដែល​គេ​សង្ស័យថា បាន​រំលោភច្បាប់​បោះឆ្នោត តាមរយៈ ការបើក​ឱកាស​ឲ្យ​មនុស្ស​ខាងក្រៅ (លោកថាក់ស៊ីន) ជាអ្នកមាន​សិទ្ធិ​សម្រេច លើ​ខ្សែបន្ទាត់​នយោបាយ​របស់​គណបក្ស។

សម្រាប់អ្នកតាមដាន​នយោបាយ​ប្រទេស​ថៃ គេ​នៅ​មិនទាន់​ច្បាស់​ទេ​ថា គណបក្ស​ភឿថៃ នឹង​អាច​ឈ្នះឆ្នោត ដោយ​គ្មាន​ការជួយ​គាំទ្រ ពី​ខាងត្រកូល​ស៊ីណាវ៉ាត់។ គ្រួសារ​របស់​លោក​មហាសេដ្ឋី ថាក់ស៊ីន ដែល​ទទួល​បាន​ការគាំទ្រ​ពី​ប្រជាជន​នៅតាមទីជនបទ តែងតែ​ឈ្នះឆ្នោត ដឹកនាំ​រដ្ឋាភិបាល​តាំង ពី​ឆ្នាំ ២០០១។ ប្អូនស្រី​របស់លោកថាក់ស៊ីន​គឺ​លោកស្រីយីងឡាក់ ទើបតែ​រត់គេច ទៅ​និរទេស​ខ្លួន នៅ​បរទេស នៅក្រោយ ក្រុមយោធា ធ្វើរដ្ឋប្រហារ​ទម្លាក់​ចេញពី​តំណែងនាយករដ្ឋមន្រ្តី កាលពី​ឆ្នាំ ២០១៤។

ថ្មីៗនេះ លោក​ប្រាយុទ្ធ ចាន់អូចា ដែល​បាន​ធ្វើ​រដ្ឋប្រហារ ដឹកនាំ​រដ្ឋាភិបាល​សឹក​ថៃ ៤ឆ្នាំមកហើយ និង​បន្ទាប់​ពី​ប្រកាស​លើកពេល​បោះឆ្នោត ជាច្រើនសា ទើប​បាន​ប្រកាស​រៀបចំ​ការបោះឆ្នោត​សភា នៅឆ្នាំក្រោយ។ របប​សឹក​ថៃ បាន​លើក​បម្រាម​មួយផ្នែក ដើម្បី​អនុញ្ញាត​ឲ្យ​គណបក្ស​នយោបាយ​អាច​ដំណើរការ​ឡើងវិញ ដើម្បី​ត្រៀម​ចូលរួម ក្នុង​ការបោះឆ្នោត នៅ​ចុងខែ​កុម្ភៈ​ឆ្នាំក្រោយ។

លោក​ប្រាយុទ្ធ​ចាន់អូចា វិញ ក៏​កំពុង​ត្រួសត្រាយ​ផ្លូវ ដើម្បី ចូលរួម នៅ​ក្នុង​ការបោះឆ្នោត ជ្រើសរើស​រដ្ឋាភិបាល​ស៊ីវិលដែរ។ ការបង្កើត​គណនី​ហ្វេសប៊ុក ផ្ទាល់ខ្លួន របស់​លោកចាន់អូចា ជា​ភស្តុតាងស្រាប់។ ម្យ៉ាងទៀត មន្រ្តី​សំខាន់ៗ ៤រូប​របស់​លោក កាលពី​ចុងខែ​កញ្ញា បានចេញ​ទៅ​បង្កើត​គណបក្ស​ថ្មី មួយ​ឈ្មោះថា ប៉ាឡង់ ប្រាចារ៉ាត់ ដែល​គេ​ជឿថា នឹង​បោះឆ្នោត ជ្រើសរើស​លោក​ប្រាយុទ្ធ ចាន់អូចា ឲ្យ​ធ្វើជា​បេក្ខជន​នាយករដ្ឋមន្រ្តី តំណាង​គណបក្ស។ នៅក្នុង​បទសម្ភាសន៍​កន្លងទៅ លោក​ប្រាយុទ្ធ ចាន់អូចា មិន​បាន​លាក់លៀម​ទេថា លោក​ចង់​នៅបន្ត ស្ថិតនៅ​ក្នុង​រដ្ឋាភិបាល ដើម្បី​ឲ្យ​ប្រាកដ​ក្នុង​ចិត្ត ថា ខ្សែបន្ទាត់​នយោបាយ ដែល​លោក​បាន​កំណត់ ត្រូវ​បាន​អនុវត្ត​ទាំងស្រុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI