អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

គម្រោង​​កិច្ចព្រមព្រៀង ស្វែង​​រកសន្តិភាព​​ឱ្យ​អាហ្វហ្កានីស្ថាន​​​​អាច​ប្រសូត ក្នុងពេល​ឆាប់​មែន​​ឬ ?

អន្តរការី​ពិសេស​អាមេរិក​លោក Zalmay Khalilzad ជួបប្រធានាធិបតី​អាហ្វហ្កានីស្ថាន ថ្ងៃទី​២៧មករា ២០១៩
អន្តរការី​ពិសេស​អាមេរិក​លោក Zalmay Khalilzad ជួបប្រធានាធិបតី​អាហ្វហ្កានីស្ថាន ថ្ងៃទី​២៧មករា ២០១៩ © Reuters
ដោយ៖ អៀង សុខម៉ិញ

ក្រោយមហា​​ភេរវកម្ម​​​ថ្ងៃទី ១១​កញ្ញា​២០១១ ​ដែល​ជំរុញ​ឱ្យ​​អាមេរិកចូល​ធ្វើ​អន្តរាគមន៍​​​នៅ​អាហ្វហ្កានីស្ថានមក វ៉ាស៊ីនតោន​និង​តាលីបង់​ ហាក់​កំពុង​ឈាន​ទៅ​សម្រេច​គម្រោង​កិច្ចព្រមព្រៀង​មួយ ដែល​នាំពួក​ឧទ្ទាម​នេះ​ឱ្យ​ចូលតុ​ចរចា​រក​សន្តិភាព​ឱ្យ​ប្រទេស​អាហ្វហ្កានីស្ថាន។ ជំនួប​ពិភាក្សា​លើក​ចុង​ក្រោយ​ អស់​រយៈ​ពេល​៦​ថ្ងៃ​នៅ​ទីក្រុង​ដូហា ប្រទេស​កាតា​ មាន​ភាព​ជឿន​លឿន​ច្រើន។ ប៉ុន្តែ​​ដំណើរ​ផ្លូវ​នៅវែង​ឆ្ងាយ​ទៀត​ណាស់ ! ហើយ​សម្រាប់​អាមេរិក​ ជំហរ​​ជា​អាទិភាពនៅ​​ដដែល​គឺ ​ត្រូវ​មាន​ការ​ចរចា​ដោយ​ផ្ទាល់​រវាង​អាហ្វហ្កានីស្ថាន​និង​អាហ្វហ្កានីស្ថាន។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​ ​របស់​ការិយាល័យ​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន នា​ថ្ងៃ​ចន្ទទី ២៨​មករា ២០១៩។

ផ្សាយពាណិជ្ជកម្ម

​​ជាង​១៧​ឆ្នាំ​ក្រោយ​អន្តរាគមន៍​អាមេរិក​ក្នុង​ទឹក​ដី​អាហ្វហ្កានីស្ថាន វ៉ាស៊ីនតោន​និង​តាលីបង់ ហាក់​ខិត​ចូល​ជិត​គ្នា​ខ្លាំង​គួរ​ឱ្យ​កត់​សម្គាល់។ ជំនួប​ពិភាក្សារវាង​ភាគី​ទាំង​ពីរ នៅ​ប្រទេស​កាតា ​បាន​បិទ​បញ្ចប់ ជាមួយ​នឹង​ក្តី​សង្ឃឹម​ច្រើន ជាង​សព្វ​ដង​។

តាំង​ពី​​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ តំណាង​អាមេរិក​និង តំណាង​តាលីបង់នៅ​កាតា​ បាន​ជួប​ពិភាក្សា​គ្នា​ជា​ច្រើន​លើក​ច្រើន​សា​។ វគ្គ​ចុងក្រោយ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ដូហា កាលពី​ថ្ងៃទី ចន្ទ​ទី ២១​មករា រហូត​ដល់​ថ្ងៃ​សៅរ៍​ទី ២៦​មករា សប្តាហ៍​មុន ជា​វគ្គ​ដ៏​វែង​ជាង​គេ​មិន​ធ្លាប់​មាន។ អារ៉ាប៊ីសាអូអី អេមីរ៉ាតអារ៉ាប់​រួម និង​ប៉ាគីស្ថាន ដែល​ជា​ប្រទេស​បី​គត់​ធ្លាប់​ទទួល​ស្គាល់​របប​​តាលីបង់​ក្នុង​ទសវត្សរ៍​ចុង​ឆ្នាំ​១៩៩០ ក៏​បាន​ចូល​រួម​ប្រជុំ​នេះ​ដែរ។ ឯរដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​កំពុង​កាន់​អំណាច​​​បច្ចុប្បន្ន គ្មាន​វត្តមាន​ទេ។

អ្វី​ជា​ការកត់​សម្គាល់​ខ្លាំង​ សម្រាប់​ជំនួប​ប្រជុំ​លើក​នេះ គឺ​ពួក​ឧទ្ទាម​តាលីបង់ ស្ថិត​ក្នុង​ជំហរ​មាន​ប្រៀប​ខ្លាំង​លើ​សមរភូមិ (​បង្ក​សកម្មភាព​ធ្វើ​ឱ្យ​បាត់បង់​ជីវិត​ខាង​រដ្ឋាភិបាល​ច្រើន) និង​មាន​កម្លាំងចិត្ត​ខ្លាំង​ព្រោះ​ឮ​សេចក្តី​ប្រកាស​​​លោក​ដូណាល់​ត្រាំ ចង់​ដក​កងទ័ព​អាមេរិក​ចេញ​ពី​អាហ្វហ្កានីស្ថាន​ចំនួន​ពាក់​កណ្តាល។

កម្មវត្ថុ​នៃ​ជំនួប​ចរចា ​គឺស្វែង​រក​មធ្យោបាយ​​​នាំ​ពួក​ឧទ្ទាម​តាលីបង់ ឱ្យ​ព្រម​ចូល​តុ​​ចរចា​ជាមួយ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ដើម្បី​បិទ​បញ្ចប់​សង្គ្រាម​។ ដើម្បី​សម្រេច​បំណង​នេះ ភាគី​ម្ខាងៗ​បាន​ដាក់​​​លក្ខខណ្ឌរៀងៗ​ខ្លួន ៖

ខាង​តាលីបង់ ចង់​បាន​កាលបរិច្ឆេទ​ច្បាស់​លាស់​នៃ​ការ​ដកកងទ័ព​បរទេស​ចេញ​អាហ្វហ្កានីស្ថាន ចំណែក​អាមេរិក​ចង់​បាន​ការ​ធានា​ពី​ពួក​ឧទ្ទាម​​ថា​មិន​បណ្តោយ​ឱ្យ​អាហ្វហ្កានីស្ថានក្លាយ​​ជា​ជម្រកលាក់​ខ្លួន​របស់​អ៊ីស្លាម​ជ្រុល​និយម​ រួច​ទៅ​វាយប្រហារ​ប្រទេស​ដទៃ។ បទ​ឈប់​បាញ់ ការ​ផ្តោះ​ប្តូរ​អ្នក​ទោស​ និង​បញ្ចូល​ក្រុម​តាលីបង់​ក្នុង​នយោបាយ​ ក៏​មាន​ចំណែក​ក្នុង​កិច្ចប្រជុំ​ដែរ។

តើ​កិច្ចប្រជុំ​សម្រេច​បាន​អ្វី​ខ្លះ?

អន្តរការី​ពិសេស​របស់​​អាមេរិក លោក ហ្សាល់ម៉េ ខាលីលហ្សាដ ដែល​ជា​អ្នក​ដឹកនាំ​ប្រជុំ​នៅ​កាតា​នេះ បាន​ធ្វើ​ដំណើ​រ​ទៅ​ក្រុង​កាប៊ូល ដើម្បី​រ៉ាយ​រ៉ាប់​ប្រាប់​អំពី​លទ្ធផល​នៃ​ជំនួប​ប្រជុំ​នេះ​ ឱ្យ​បាន​ល្អិត​ល្អន់​ ដោយ​បាន​​ចូល​ជួប​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន នៅ​ល្ងាច​មិញ។

បើ​តាម​តំណាង​អាមេរិក​រូប​នេះ កិច្ចពិភាក្សា​ពិត​ជា​មាន​លក្ខណៈ​ស្ថាបនា​ខ្លាំង បើ​ប្រៀប​ទៅ​នឹងជំនួបប្រជុំ​មុន។ គឺ​ជា​ការ​ជឿន​លឿន​ខ្លាំងមែនទែន ! ប៉ុន្តែ​​ក្នុង​ដំណាក់កាល​នេះ ពុំ​ទាន់​មានទេ​​ការព្រមព្រៀង​ជាក់​លាក់​ស្តី​អំពី​បទ​ឈប់​បាញ់ និង​ផែនការ​ដក​កងទ័ព​បរទេស ក្នុង​រយៈ​ពេល​១៨​ខែ​ ដូច​អ្វី​ប្រភព​ស្និទ្ធ​នឹង​តាលីបង់​បាន​លើក​ឡើង​កាលពី​ថ្ងៃ​សៅរ៍​នោះ​ឡើយ។ សម្រាប់​ភាគី​អាមេរិក ទាល់​តែ​មាន​ការ​ព្រមព្រៀង​ទាំង​ស្រុង​និង​លើ​គ្រប់​ចំណុច ដោយ​រាប់​បញ្ចូល​ទាំង​កិច្ច​ចរចា​រវាង​អាហ្វហ្កានីស្ថាន និ​ងអាហ្វហ្កានីស្ថាន (ជាមួយ​រដ្ឋាភិបាល​ស្របច្បាប់​កំពុង​កាន់​អំណាច និងបទ​ឈប់​បាញ់​ទាំង​ស្រុងផង ទើប​ហៅ​ថា​សម្រេច​គម្រោង​កិច្ចព្រមព្រៀង​បាន។

នៅក្នុង​ជំនួប​ប្រជុំ ​​អាមេរិកបាន​ប្រកាន់​ជំហរដ៏​​ច្បាស់លាស់​មួយ​ គឺ​ដំណោះស្រាយ​រក​សន្តិភាព​ឱ្យ​អាហ្វហ្កានីស្ថាន ត្រូវ​​តែជា​​ការ​ចរចា​រវាង​អាហ្វហ្កានីស្ថាន​និ​ងអាហ្វហ្កានីស្ថាន ពោល​គឺ​រវាង​ពួក​ឧទ្ទាម​តាលីបង់ និង​រដ្ឋាភិបាល​ក្រុង​កាប៊ូល ឯ​អាមេរិក​​គ្រាន់តែ​ជា​អ្នក​សម្របសម្រួល​។ នេះ​ការ​បញ្ជាក់​របស់​លោក​ខាលីសហ្សាដ ទៅ​កាន់​លោក ហ្កានី​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​ ដោយ​បាន​អះអាង​ថា បាន​លើក​អំពី​បញ្ហា​បង្កើត​រដ្ឋាភិបាល​អន្តរកាល​ទៀត។ ទាក់ទង​នឹង​ បទឈប់​បាញ់​ជាមួយ​តាលីបង់ វិញ ជំនួប​ពិភាក្សា​នៅ​ដូហា មិន​បាន​ផ្តល់​លទ្ធផល​អ្វី​ទាំង​អស់ ហើយ​ក៏​គ្មានការ​ជឿន​លឿន​ទៅ​មុខ​ដែរ។

ភាគី​ទាំង​ពីរ​ គ្រោងនឹង​ជួប​គ្នា​ជា​ថ្មី​ទៀត នៅ​ថ្ងៃទី ២៥​កុម្ភៈ​ខាង​មុខ នេះ​បើ​តាម​សេចក្តីប្រកាស​របស់​ក្រសួង​ការបរទេស​កាតា​ជា​ម្ចាស់​ផ្ទះ។

 

 

​ដំណើរការ​ចរចា​សន្តិភាព ជា​ផ្លូវ​ដ៏​វែង​ឆ្ងាយ

ថ្វីបើ​​សហរដ្ឋ​អាមេរិក និង​តាលីបង់ បាន​ខិត​ចូល​គ្នា កាន់​តែ​ជិត និងអាច​​ឈាន​ទៅ​សម្រេច​គម្រោងកិច្ចព្រមព្រៀងជា​មួយ​​គ្នា ក្នុង​ពេល​អនាគត​ដ៏ខ្លី​មែន តែ​ដំណើរផ្លូវ​នៅ​វែង​ឆ្ងាយ​ ហើយ​គេ​គ្រាន់តែ​ឈាន​ទៅ​ជិត​ដល់​ចំណុច​ចាប់​ផ្តើម​​តែ​ប៉ុណ្ណោះ។

​ឧបមា​ថា​មាន​ការ​ព្រមព្រៀង​គ្នា​ហើយ ក៏​ការ​ដក​កង​ទ័ពបរទេស​(អូតង់) ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក មិន​អាច​ដក​វឹង​ភ្លាម​ដែរ ព្រោះខ្លាច​​កម្លាំង​ទាហាន​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​រលំ​ការពារ​សន្តិសុខ​មិន​ជាប់។ ឯ​ការចរចា​រវាង​តាលីបង់​និង​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​​វិញ មិន​ខុស​ពីការ​ចរចា​សន្តិភាព​នានា​ឡើយ ​ត្រូវ​ប្រើ​ពេល​រាប់​ខែ ឬ​ដល់​រាប់​ឆ្នាំ​ផង។

តែ​សម្រាប់​​​​ថ្ងៃ​នេះ គេ​នៅ​មិន​ទាន់​ទាំង​រក​ឃើញ​កិច្ចព្រមព្រៀងសម្រាប់​​បើក​ការ​ចរចា​ផង។ ពួក​ឧទ្ទាម​តាលីបង់ នៅតែ​បដិសេធ​ដាច់​ខាត​មិន​ព្រម​និយាយ​ជាមួយ​រដ្ឋាភិបាល​ក្រុងកាប៊ូល ដោយ​សំអាង​ថា​រដ្ឋាភិបាល​នេះ​ជា​អាយ៉ង​របស់​វ៉ាស៊ីនតោន។ ចំណុច​នេះ​កំពុង​ខ្ទាស់​ខ្លាំង​។ អូស​ទាញពួក​តាលីបង់​ឱ្យ​ព្រម​ចរចា​ជាមួយ​រដ្ឋាភិបាលក្រុង​កាប៊ូល ជា​ដំណាក់កាល​ទី​មួយ​ដែល​គេ​ចាំបាច់​ត្រូវ​ឆ្លង​ឱ្យ​រួច ទើប​អាច​ដាក់​ឱ្យ​ដំណើរការ​កិច្ចចរចាសន្តិភាព​បាន។ បន្ទាប់​មក អាច​មាន​​ឧបសគ្គ​ដែលគេ​មើល​មិន​ឃើញ​ ជា​​ច្រើន​ទៀត​នឹង​លេច​ឡើង។

កាលពី​ឆ្នាំ​ទៅ ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​ធ្លាប់​បាន​ស្នើ​ផែនការ​សន្តិភាព​មួយ​ ​បញ្ជូល​បទ​ឈប់​បាញ់​និង​​​ក្រុម​តាលីបង់​ក្នុង​​​នយោបាយ​ តែ​ពួក​ឧទ្ទាម​នេះ​បាន​បដិសេធ។ ហើយ​​គេ​មិន​ជឿថា​ ពួក​តាលីបង់​អាច​ប្តូរ​ជំហរ​បាន​ដោយ​ងាយៗ​ទេ​នាពេល​នេះ។

តែ​បើ​អាមេរិក​និង​តាលីបង់ ​ត្រូវគ្នាតែ​ពីរ​នាក់ ដោយ​​គ្មាន​កម្លាំង​រដ្ឋាភិបាល​កំពុង​កាន់​អំណាច ក៏​ប្រទេស​មិន​អាច​មាន​សន្តិភាព​និង​ស្ថិរភាព​បានដែរ ព្រោះខាងរដ្ឋាភិបាល​ពិត​ជា​មុខ​សុខ​ចិត្ត នាំ​គ្នា​ក​ជា​ក្រុមជា​បក្ស​ប្រដាប់​​អាវុធ​ បែកខ្ញែក​តាម​ជាតិ​ពិន្ធុ នាំឱ្យ​​ផ្ទុះ​សង្គ្រាម​ស៊ីវិលដដែល​ជា​ដដែល។ រដ្ឋាភិបាល​ក្រុង​កាប៊ូល បាន​បញ្ជាក់រួច​ហើយថា ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​អាមេរិក​និងតាលីបង់ ចាំបាច់​ត្រូវ​មាន​ការ​យល់​ព្រម​ពី​ខាង​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ