អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អព្ភូតហេតុ​នៃ​​សេដ្ឋកិច្ច​វៀតណាម​

សំឡេង ០៤:០២
ទីក្រុង​ហាណូយ​ប្រទេសវៀតណាម
ទីក្រុង​ហាណូយ​ប្រទេសវៀតណាម AFP
ដោយ៖ ឆន ឌីណា

កាល​ពី៣០​ឆ្នាំមុន វៀត​ណាម​ត្រឹម​ជា​រដ្ឋមួយ​ក្នុង​ចំណោមរដ្ឋ​​ក្រីក្រ​បំផុតនៅ​លើ​​ពិភពលោក។ ក៏​ប៉ុន្តែ  ដោយសារ​កំណើន​ថាម​ពល​សេដ្ឋ​កិច្ចយ៉ាង​​លឿន​រហ័ស​ វៀតណាម​​បានអភិវឌ្ឍ​​​ខ្លួនក្លាយ​ជា​ប្រទេស​​ដែល​មាន​ប្រាក់​ចំណូល​មធ្យម នាល​ពេល​បច្ចុប្បន្ន ដោយ​នៅ​​ឆ្នាំ​២០១៧ ចំណូល​ជាមធ្យម​​របស់​ពលរដ្ឋ​​វៀតណាម​ម្នាក់ៗ​កើន​ឡើងរហូត​ដល់ ២៣៤៣ ដុល្លារ​អាមេរិក​ ឬ​ស្មើ​នឹង​ ៦០០០ ដុល្លារ​អាមេរិក ​បើ​គិត​ទាំង​អំណាច​ទិញ​។ តើ​ប្រទេសអាស៊ីអាគ្នេយ៍​មួយ​នេះបាន​អភិវឌ្ឍខ្លួន​យ៉ាង​ដូចម្ដេច?

ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​បាន​ជាប់​ផុង​ក្នុង​ភ្នក់ភ្លើងសង្គ្រាម​​អស់​រយៈពេល​ជាង២០ឆ្នាំ និង​បាន​បញ្ចប់​នៅ​ឆ្នាំ​១៩៧៥ ​វៀតណាម​បាន​ចាប់​ផ្តើម​អភិវឌ្ឍ​ប្រទេស​របស់​ខ្លួន ក្នុង​នាម​ជា​ប្រទេស​មួយ​ក្រីក្រ​​បំផុត​ នៅ​ក្នុង​ពិភពលោក។ គិតត្រឹមពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៨០ ចំណូល​ពលរដ្ឋ​វៀតណាម​ម្នាក់​ៗ គិត​ជាមធ្យម នៅ​ជាប់គាំងត្រឹម​ចន្លោះពី ២០០ ទៅ៣០០​ដុល្លារ​អាមេរិក​ ប៉ុណ្ណោះ។ ប៉ុន្តែ ក្រោយ​មក អ្វីៗបានផ្លាស់ប្តូរ គឺ​នៅឆ្នាំ១៩៨៦ រដ្ឋាភិបាល​វៀតណាម​​បាន​ដាក់​ចេញ​ជាបន្តបន្ទាប់នូវ​នយោបាយ “Đổi Mới” សំដៅ​ដល់ នយោបាយ​កំណែទម្រង់សេដ្ឋកិច្ច និងនយោបាយ ។ ហើយ​វា​ក៏​​បាន​រុញ​ច្រានឱ្យ​ប្រទេស​មួយ​នេះ​ ​ក្លាយខ្លួន​​ជាប្រទេស​សង្គម​និយមដែល​មាន​សេដ្ឋកិច្ច​បែប​ទីផ្សារសេរី។

រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន វៀតណាម​បាន​ក្លាយ​ជា​ដួង​តារា​មួយ​ក្នុង​ចំណោម​ប្រទេស​​កំពុង​អភិវឌ្ឍ។ កំណើនសេដ្ឋកិច្ចរបស់ប្រទេស​មួយ​នេះ ​មាន​ល្បឿន​លឿន​ អាច​ប្រជែង​ជាមួយ​ប្រទេស​ចិន នៅ​ចន្លោះ ៦ទៅ​៧ភាគរយ ក្នុង​មួយ​ឆ្នាំ​ ខណៈ​ការ​នាំ​ចេញ​សរុប​មាន​បរិមាណ​ស្មើ​នឹង​ផលិត​ផល​ក្នុងស្រុក​សរុប។

ដោយសារ​ថាម​ពល​សេដ្ឋ​កិច្ចកើន​​លឿន​រហ័ស​បែប​នេះ វៀតណាម​បានអភិវឌ្ឍ​​​ខ្លួន ក្លាយ​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម ដោយ​ពលរដ្ឋ​វៀត​ណាម​ម្នាក់​ មាន​ចំណូល​ជា​ធម្យម​ នៅ​ឆ្នាំ​២០១៧ រហូត​ដល់ ២៣៤៣ ដុល្លារ​អាមេរិក​ ហើយ​បើ​គិត​ទាំង​អំណាច​ទិញ ចំណូល​នេះ​មាន​តម្លៃជាង ៦០០០ ដុល្លារ​អាមេរិក​។ ទំនិញ​នាំ​ចេញយីហោ​ម៉ាក​ល្បីៗ​បំផុត​របស់​ពិភពលោក រាប់​ពី សម្ភារៈកីឡា ម៉ាកNike ទៅទូរសព្ទ​ទំនើប ម៉ាក​Samsung សុទ្ធ​តែ​បាន​ផលិត និង​ដំឡើង​នៅ​ក្នុង​ប្រទេស​មួយ​នេះ។ ក្រុមហ៊ុនយក្ស​ផ្សេង​ៗទៀត ដូចជា ក្រុមហ៊ុន LG ក្រុមហ៊ុន Olympus ក្រុមហ៊ុន Pioneerហើយ​ក្រុមហ៊ុន​ផលិត​សម្លៀក​បំពាក់អឺរ៉ុប និងអាមេរិករាប់មិនអស់បានបង្កើតសាខា​នៅក្នុងប្រទេសមួយ​នេះ​។

តើអព្ភូតហេតុនៃ​វឌ្ឍនភាព​សេដ្ឋកិច្ច​រីកចម្រើន​របៀប​នេះ​កើតឡើងយ៉ាងដូចម្តេច? យោងតាម ការ​ចេញផ្សាយ​របស់ ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​វៀតណាមអាច ពន្យល់ដោយកត្តា​ចម្បង​ចំនួនបី ៖

កត្តា​ទីមួយពាក់ព័ន្ធ​ទៅនឹង​ការធ្វើពាណិជ្ជកម្មដោយសេរី។ នៅ​​រយៈពេល​ ២០​ឆ្នាំ​ចុង​ក្រោយ​ វៀត​ណាម​បាន​ចុះ​កិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន​ជា​មួយ​ពិភពលោក។ នៅឆ្នាំ១៩៩៥ វៀតណាមបានចូលរួមក្នុងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន។ នៅឆ្នាំ២០០០ ប្រទេសនេះបានចុះហត្ថលេខា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី​ជាមួយ​សហរដ្ឋ​អាមេរិក​​​ ហើយនៅឆ្នាំ២០០៧ វៀតណាម​បានចូលរួមជាមួយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។ ចាប់តាំងពីពេលនោះមក កិច្ចព្រមព្រៀងផ្សេង​ៗ​​របស់​អាស៊ាន​បានធ្វើ​ឡើង​ជាមួយ​​ប្រទេសចិន ឥណ្ឌា ជប៉ុន និងកូរ៉េខាង​ត្បូង។ ហើយនៅរយៈពេល​ចុង​ក្រោយ​នេះ វៀត​ណាម​​ក៏​ជា​ដៃគូ​ពាណិជ្ជកម្ម ក្នុង​គម្រោង​ ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP - Trans-Pacific Partnership) ទោះ​ជា​សហរដ្ឋអាមេរិក​បាន​ដក​ខ្លួន​ចេញ​ក៏ដោយ។

កត្តា​ទីពីរ​ វៀត​ណាម​បាន​ធ្វើ​កំណែទម្រង់​យ៉ាង​ចម្បង​ តាមរយៈ​ការ​កាត់​បន្ថយ​ ឬ​ការ​លុប​បំបាត់​តែម្ដង​ នូវ​ឧបសគ្គ​ទាំង​ឡាយណា​​រារំាង​ដល់​ការ​ធ្វើអាជីវកម្ម ឬ​ពាណិជ្ជកម្ម​​នៅ​វៀត​ណាម។ នៅឆ្នាំ១៩៨៦ វៀតណាម​បានបង្កើតច្បាប់លើកដំបូងស្តីអំពី ការ​វិនិយោគ​បរទេស​។ ចាប់តាំងពីពេលនោះមក ច្បាប់នេះត្រូវបានកែសម្រួលជាច្រើនដង ដើម្បី​សម្រួល​ដល់ការ​ធ្វើ​អាជីវកម្ម កាត់បន្ថយ​ការិយាធិបតេយ្យ​ និង​សម្រួល​ដល់​ការវិនិយោគបរទេស។ កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមបាន​ត្រូវ​កត់​សម្គាល់​នៅ​ក្នុង​ចំណាត់​ថ្នាក់​អន្តរជាតិ។ ជាឧទាហរណ៍​ បើ​យោង​តាម​ របាយការណ៍ប្រកួត​ប្រជែង​សាកល ​(Global Competitiveness Report) របស់​ វេទិកាសេដ្ឋកិច្ចពិភពលោក វៀតណាម​​បាន​បង្កើន​ចំណាត់​ថ្នាក់​របស់​ខ្លួន​ មក​លេខរៀង​ទី​៥៥ នៅ​ឆ្នាំ​២០១៧ ពី​លេខ​រៀង​ទី​៧៧ នៅឆ្នាំ​២០០៦។

កត្ដាចម្បង​ចុងក្រោយ វៀតណាមបានវិនិយោគយ៉ាងសកម្ម​លើធនធានមនុស្ស និង​ហេដ្ឋារចនាសម្ព័ន្ធ។ ប្រឈមមុខនឹងកំណើនប្រជាជនយ៉ាងឆាប់រហ័ស ដែល​សព្វថ្ងៃ​ប្រជាជន​វៀតណាម មាន​ប្រហែល ៩៥​លាននាក់ ហើយ​ជាង​ពាក់កណ្តាល​មាន​អាយុ​ក្រោម​​៣៥ឆ្នាំ វៀតណាមបានវិនិយោគយ៉ាង​សម្បើម​ នៅក្នុងវិស័យ​អប់រំ។ ផងដែរ វៀតណាមក៏បានវិនិយោគយ៉ាងខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស​ ការ​ធានាឱ្យ​មាន​លទ្ធភាពប្រើប្រាស់អ៊ីនធ័រនែត ដែល​មានតម្លៃ​ថោក។

ប្រាកដណាស់ វៀតណាមនៅបន្តជាប់ផុងយ៉ាងជ្រៅក្នុង ផ្នត់គំនិតសង្គមនិយម ដែលពិបាកនឹងអនុញ្ញាតឱ្យបុគ្គល​មានសមត្ថភាពពិតប្រាកដ ក្រៅពីអតីតសមាជិកបក្ស ទទួលបានតំណែងកំពូលៗ។ ហើយរឿងនេះអាចនឹងបន្តរាំងស្ទះ ដល់ការ​អភិវឌ្ឍ​សង្គម​វៀតណាម។ ទោះជាយ៉ាងណា បន្តិចម្ដងៗ វានឹងផ្លាស់ប្តូរ​ហើយសង្គ​ម​វៀតណាម​នឹង​កាន់​តែខ្លាំងខ្លា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ