បោះឆ្នោតថៃ៖ តើគណបក្សនយោបាយនីមួយៗមានគោលនយោបាយអ្វីខ្លះ ?
នៅសល់តែ១ថ្ងៃទៀតប៉ុណ្ណោះ ថៃនឹងបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តជាលើកទីមួយ ចាប់តាំងពីក្រោយរដ្ឋប្រហារឆ្នាំ២០១៤កន្លងទៅ។ កាលពីយប់ថ្ងៃពុធម្សិលមិញនេះ បណ្តាគណបក្សនយោបាយធំៗបាននាំគ្នាបើកធ្វើមិទ្ទិញទ្រង់ទ្រាយធំរៀងៗខ្លួន ដើម្បីជាការបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត។ គិតជាសរុបសង្ខេបនៃយុទ្ធនាការឃោសនាបោះឆ្នោតនេះ តើគណបក្សនយោបាយនីមួយៗមានគោលនយោបាយយ៉ាងណាខ្លះ?
ចុះផ្សាយនៅថ្ងៃ៖
ជាទូទៅ គេសង្កេតឃើញថា នៅក្នុងការបោះឆ្នោតថៃលើកនេះ គេនាំគ្នាផ្តោតខ្លាំងទៅលើចំណុចសំខាន់តែមួយ គឺបន្ត ឬបិទបញ្ចប់អំណាចមេដឹកនាំយោធា? ហេតុដូច្នេះហើយបានជា គេហាក់ដូចជាមិនសូវជាមានការចាប់អារម្មណ៍ច្រើន អំពីគោលនយោបាយរបស់គណបក្សនយោបាយ។
និយាយអំពីគោលនយោបាយនេះ បើយើងសង្កេតមើលជារួមទៅ យើងឃើញថា មានចំណុចរួមមួយ ដែលគណបក្សនយោបាយធំៗ សុទ្ធតែផ្តោតជាអាទិភាព គឺម្នាក់ៗសុទ្ធតែបានសន្យាថានឹងលើកកម្ពស់ជីវភាពរបស់ប្រជាជន, ជួយប្រជាជនក្រីក្រ និងកាត់បន្ថយវិសមភាពសង្គម គ្រាន់តែថា វិធានការដែលបេក្ខជន និងគណបក្សនីមួយៗចង់ដាក់ចេញ គឺវាខុសៗគ្នា។
លោកប្រាយុទ្ធ និងគណបក្សផាឡាំងប្រាឆារ៉ាត់របស់លោក ចង់ពង្រីកវិសាលភាពនៃជំនួយសង្គមកិច្ចរបស់រដ្ឋ មានន័យថា ចង់បង្កើនចំនួនប្រជាជនដែលមានសិទ្ធិទទួលជំនួយសង្គមកិច្ចប្រចាំខែពីរដ្ឋ ឲ្យបាន ១លាន ឬ២លាននាក់បន្ថែមទៀត ថែមពីលើ ១៤លាននាក់ដែលមានស្រាប់។ បន្ថែមពីលើនេះទៀត គណបក្សផាឡាំងប្រាឆារ៉ាត់សន្យាបន្តគម្រោងវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលរបបសឹកបានចាប់ផ្តើមធ្វើរួចមកហើយកាលពីពេលកន្លងមក ដោយអះអាងថា វាជាគម្រោងសំខាន់ ដើម្បីជំរុញវិស័យសេដ្ឋកិច្ច។
គណបក្សភឿថៃវិញ ដែលស្និទ្ធនឹងលោកថាក់ស៊ីន បានបង្ហាញពីជំហរប្រឆាំងនឹងគម្រោងហេដ្ឋារនាសម្ព័ន្ធមួយចំនួនរបស់របបសឹក ហើយចង់ផ្តោតអាទិភាពខ្លាំងទៅលើវិស័យកសិកម្ម រួមមានដូចជាការសន្យាថានឹងធ្វើឲ្យផលិតផលកសិកម្មមានទីផ្សារ និងតម្លៃកើនឡើង ដើម្បីបង្កើនចំណូលដល់ប្រជាកសិករ និងគ្រោងបង្កើតមូលនិធិ ជួយដល់កសិករឲ្យបង្កើនការដាំដុះផលិតផលសរីរាង្គ ដែលអាចមានតម្លៃខ្ពស់ និងទទួលប្រាក់ចំណេញច្រើន ទៅថ្ងៃអនាគត។
លោកអាភិស៊ីត និងគណបក្សប្រជាធិបតេយ្យវិញ ចង់ជួយប្រជាជនក្រីក្រ និងកាត់បន្ថយវិសមភាពសង្គម តាមរយៈការដំឡើងប្រាក់ឈ្នួលអប្បបរមា។ ក្រៅពីនេះ គណបក្សប្រជាធិបតេយ្យចង់បង្កើនការធ្វើវិមជ្ឈការនៅតាមទីក្រុងធំៗ ដើម្បីបង្កើនអំណាចដល់ថ្នាក់មូលដ្ឋាន។ នៅមានចំណុចមួយទៀត ដែលគួរឲ្យចាប់អារម្មណ៍ គណបក្សប្រជាធិបតេយ្យ គឺជាគណបក្សដ៏កម្រមួយ នៅក្នុងការបោះឆ្នោតថៃពេលនេះ ដែលបង្ហាញពីនយោបាយច្បាស់លាស់ ទាក់ទងនឹងវិស័យការបរទេស។ នយោបាយរបស់គណបក្សប្រជាធិបតេយ្យ គឺចង់ផ្តល់តម្លៃលើអាស៊ាន ចង់ឲ្យប្រទេសសមាជិកអាស៊ានបង្កើននូវការរួបរួមគ្នា ហើយចង់ឲ្យអាស៊ានធ្វើការចរចាជាប្លុកតែមួយ នៅក្នុងការចរចាមួយចិន ឬចរចាជាមួយក្រុមហ៊ុនអន្តរជាតិធំៗផ្សេងទៀត ដើម្បីឲ្យអាស៊ានមានឥទ្ធិពល និងអាចមានកម្លាំងក្នុងការចរចា ជាងការចរចាដាច់តែឯង ដោយប្រទេសសមាជិកនីមួយៗ។
ចំពោះគណបក្សអាណាខុតម៉ៃវិញ លោកថាណាថុន ដែលជាបេក្ខជននាយករដ្ឋមន្រ្តី ធ្លាប់បានលើកឡើងជារឿយៗថា អាទិភាពចម្បងបំផុតរបស់លោក និងគណបក្សអាណាខុតម៉ៃ នៅក្នុងការបោះឆ្នោតនេះ គឺមិនចង់ធ្វើការសន្យាអំពីគោលនយោបាយណាមួយនោះទេ តែចង់ផ្តោតទៅលើចំណុចមួយ ដែលលោកគិតថា ជាចំណុចសំខាន់បំផុត នៅក្នុងស្ថានភាពបច្ចុប្បន្ន គឺ “ការផ្លាស់ប្តូរ”។ ហេតុដូច្នេះហើយបានជាយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកផ្តោតអាទិភាពតែលើចំណុចមួយគត់ គឺប្រឆាំងនឹងកងទ័ព៖ ប្រឆាំងនឹងរបបសឹកបច្ចុប្បន្ននេះផង ហើយប្រឆាំងនឹងតួនាទីរបស់កងទ័ព នៅក្នុងឆាកនយោបាយជាទូទៅ ដែលបង្កើតឲ្យមានជារដ្ឋប្រហារមិនចេះឈប់ កាលពីពេលកន្លងមក។ វិធានការជាក់ស្តែង ដែលគណបក្សអាណាខុតម៉ៃចង់ដាក់ចេញ គឺកាត់បន្ថយថវិកាវិស័យការពារជាតិ កាត់បន្ថយចំនួនមន្រ្តីដឹកនាំកងទ័ពឲ្យនៅត្រឹមពាក់កណ្តាលនៃចំនួនបច្ចុប្បន្ន និងសើរើមើលឡើងវិញនូវកិច្ចសន្យាទិញរថក្រោះពីចិន។ ចំណុចសំខាន់មួយទៀត ដែលគណបក្សអាណាខុតម៉ៃចង់ធ្វើ ប៉ុន្តែ គេមិនដឹងថា តើអាចនឹងធ្វើយ៉ាងម៉េចបាន គឺចង់ឲ្យអំណាចទ័ពត្រូវស្ថិតនៅក្រោមការគ្រប់គ្រងដោយរដ្ឋាភិបាលស៊ីវិល ដើម្បីកុំឲ្យកងទ័ពចេះតែមានអំណាចមកផ្តួលរំលំរដ្ឋាភិបាលស៊ីវិល តាមតែចិត្តចង់ ដូចកាលកន្លងមក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ