យុវជនថៃ និងការបោះឆ្នោតសភាជាតិនៅថ្ងៃទី ២៤ មីនា
នៅថ្ងៃអាទិត្យទី២៤មីនានេះ ពលរដ្ឋថៃនឹងត្រូវធ្វើការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តរបស់ខ្លួន... ជាការបោះឆ្នោតលើកដំបូង ចាប់តាំងពីមានរដ្ឋប្រហារ កាលពីឆ្នាំ២០១៤ និងក្រោយពីថៃត្រូវស្ថិតក្រោមការដឹកនាំនៃរបបសឹកអស់រយៈពេល៥ឆ្នាំកន្លងទៅហើយ។ នៅក្នុងចំណោមប្រជាជនថៃសរុបប្រមាណជាជិត ៧០លាននាក់ មានជាង ៥០លាននាក់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយនៅក្នុងចំណោមនោះ គេសំឡឹងឃើញថា យុវជនថៃ ដែលទើបនឹងមានសិទ្ធិបោះឆ្នោតជាលើកទីមួយ អាចនឹងជាកម្លាំងនយោបាយដ៏សំខាន់មួយ នៅក្នុងការបោះឆ្នោតពេលនេះ។
ចុះផ្សាយនៅថ្ងៃ៖
នៅក្នុងចំណោមពលរដ្ឋទាំងជាង ៥០លាននាក់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានរហូតដល់ទៅប្រមាណជាជាង ៧លាននាក់ គឺជាយុវជន ដែលទើបនឹងគ្រប់អាយុមានសិទ្ធិបោះឆ្នោតជាលើកទី១។ យោងតាមការស្ទាបស្ទង់មតិ កាលពីពេលកន្លងមក ដោយវិទ្យាស្ថានព្រះបាទព្រះឆាធិប៉ុក (King Prajathipok Institute) យុវជនដែលទើបនឹងគ្រប់អាយុបោះឆ្នោតលើកទី១ ដល់ទៅ ៩០% គ្រោងនឹងចេញទៅបោះឆ្នោត នៅថ្ងៃអាទិត្យខាងមុខ ដែលជាអត្រាមួយដ៏ខ្ពស់ធៀបនឹងការបោះឆ្នោត កាលពីឆ្នាំ២០១១កន្លងទៅ។
ខ្ញុំទើបនឹងបានជួបសម្ភាសន៍យុវជនថៃម្នាក់ ឈ្មោះ “រ៉ក់” ដែលទើបនឹងមានសិទ្ធិបោះឆ្នោតជាលើកដំបូង នៅឆ្នាំនេះ។ រ៉ក់ ស្ថិតក្នុងចំណោមពលរដ្ឋថៃ ដែលត្រូវចេញទៅបោះឆ្នោតមុនគេ តាំងពីថ្ងៃអាទិត្យមុន ហើយរ៉ក់បានលើកឡើងថា ការបោះឆ្នោតនេះវាមានសារៈសំខាន់ ដោយសារតែវាជាលើកទី១ ដែលគាត់មានសិទ្ធិបោះឆ្នោត ហើយគាត់ចង់ប្រើសិទ្ធិនេះ ដើម្បីមានការផ្លាស់ប្តូរនៅក្នុងប្រទេស។
សម្រាប់អ្នកនៅក្រៅខេត្តខ្លួនឯង គេឲ្យបោះឆ្នោតមុន គឺ តាំងពីថ្ងៃសៅរ៍ (អាទិត្យបានត្រូវ) ទី១៧កន្លងមក ហើយដោយសារតែខ្ញុំជាអ្នកមកពីខេត្ត ខ្ញុំក៏បានទៅបោះឆ្នោតមុន កាលពីថ្ងៃអាទិត្យមុនហ្នឹងដែរ។
ខ្ញុំគិតថានេះគឺជាការបោះឆ្នោតមួយដ៏សំខាន់ ព្រោះថា ច្រើនឆ្នាំកន្លងទៅនេះ អត់បានបោះឆ្នោតទេ ព្រោះជារដ្ឋាភិបាលយោធា ហើយម្យ៉ាងទៀត ការបោះឆ្នោតលើកនេះ ក៏ជាលើកទីមួយដែរសម្រាប់ខ្ញុំ ដែលទើបនឹងគ្រប់អាយុមានសិទ្ធិបោះឆ្នោត។ ដូច្នេះ ខ្ញុំត្រូវប្រើសិទ្ធិនេះ ហើយខ្ញុំចង់ឃើញប្រទេសមានការផ្លាស់ប្តូរឲ្យបានល្អប្រសើរជាងមុន។
សំណួរ៖ ការបោះឆ្នោតនេះត្រូវរៀបចំធ្វើឡើងដោយរដ្ឋាភិបាលយោធា រដ្ឋធម្មនុញ្ញក៏តាក់តែងឡើងដោយរបបសឹក តើរ៉ក់គិតថា វានឹងជាការបោះឆ្នោតមួយដែលត្រឹមត្រូវនិងយុត្តិធម៌ដែរឬទេ?
ខ្ញុំក៏បារម្ភដែរ បារម្ភខ្លាចដំណើរការបោះឆ្នោតនេះវាមានភាពមិនប្រក្រតី ព្រោះបើតាមមើលព័ត៌មានបច្ចុប្បន្ននេះ គឺឃើញតែព័ត៌មានអវិជ្ជមាន ទាក់ទងនឹងរឿងខ្វះតម្លាភាពរបស់រដ្ឋាភិបាលបច្ចុប្បន្ន។ ម្យ៉ាងទៀត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក៏ធ្វើការខុសច្រើន ដូចជា ខុសឈ្មោះអ្នកបោះឆ្នោត ខុសលេខបេក្ខជន ជាដើម។ ដល់តែឃើញព័ត៌មានអ៊ីចឹងមក ខ្ញុំក៏បារម្ភទៅតាមហ្នឹងដែរ។
សំណួរ៖ តើរ៉ក់មានក្តីរំពឹងអ្វីខ្លះពីការបោះឆ្នោតហ្នឹង តើគិតថា វានឹងអាចបិទបញ្ចប់វិបត្តិនយោបាយបានដែរឬទេ?
រឿងនេះឆ្លើយមិនទាន់បាននៅឡើយទេ ព្រោះថា អ្នកដែលយើងបានបោះឆ្នោតឲ្យនោះ ក៏មិនទាន់ប្រាកដថាតើគេនឹងមានសមត្ថភាពអនុវត្តទៅតាមអ្វីដែលពួកគេបានតាំងចិត្ត (បានសន្យា?) ដែរឬក៏អត់។ ម្យ៉ាងទៀត យើងក៏មិនដឹងថា តើការណ៍ដែលមានលទ្ធិប្រជាធិបតេយ្យមកវិញនេះ ប្រជាជនថៃអាចនឹងមានសមត្ថភាព មានការយល់ដឹង ហើយអាចនឹងប្រើប្រាស់វាបានដោយត្រឹមត្រូវដែរឬក៏អត់។ ដូចជាកាលពីលើកមុនអ៊ីចឹង ដែលកើតមានជម្លោះនយោបាយ ធ្វើឲ្យប្រទេសថៃត្រូវវឹកវរ ហើយក៏នាំឲ្យមានរដ្ឋប្រហារកើតឡើង។
យុវជនថៃ ដែលទើបនឹងមានសិទ្ធិបោះឆ្នោតលើកដំបូង ដូចជា “រ៉ក់” ជាទូទៅ ច្រើនតែមានគំនិតចង់បានការផ្លាស់ប្តូរ ដោយមិនចូលចិត្តរបៀបដឹកនាំដែលមានសព្វថ្ងៃ... ពួកគេមិនចូលចិត្តរបបសឹក ហើយក្នុងពេលជាមួយគ្នា ក៏មិនចូលចិត្តជម្លោះនយោបាយ រវាង “អាវលឿង” និង “អាវក្រហម” ដូចដែលធ្លាប់កើតមានកាលពីពេលកន្លងមក។ លើសពីនេះទៅទៀត ខុសពីចាស់ៗជំនាន់មុន ដែលភាគច្រើនបោះឆ្នោតជ្រើសរើសគណបក្ស ឬបេក្ខជន ទៅតាមទម្លាប់ដែលធ្លាប់តែធ្វើពីមុន ឬធ្វើតាមគ្នា ទៅតាមខេត្ត តាមតំបន់ ដោយមិនសូវសំឡឹងមើលអំពីគោលនយោបាយ យុវជនជំនាន់ក្រោយវិញ (ដែលទទួលបានព័ត៌មានច្រើន តាមប្រព័ន្ធអ៊ីនធ័រនែត ជាពិសេស តាមបណ្តាញសង្គម) ភាគច្រើន ពួកគេចង់ធ្វើការជ្រើសរើសទៅតាមការយល់ឃើញដោយខ្លួនឯង ដោយមិនធ្វើតាមគ្នា ឬតាមទម្លាប់។
ហេតុដូច្នេះហើយបានជាគេឃើញថា យុវជនមួយផ្នែកធំ មានទំនោរទៅរកគណបក្សមួយ ដែលទើបនឹងបង្កើតថ្មី គឺគណបក្សឈ្មោះថា « អណាខុតម៉ៃ” ដែលមេដឹកនាំក៏មានវ័យក្មេងត្រឹម ៤០ឆ្នាំ ហើយទាំងគោលនយោបាយដែលផ្តោតលើ “ការផ្លាស់ប្តូរ” និងទាំងរបៀបធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ដែលសកម្មនៅតាមបណ្តាញសង្គម ក៏ត្រូវទៅតាមអ្វីដែលអ្នកបោះឆ្នោតវ័យក្មេងៗអស់ទាំងនេះចង់បាន។
សក្តានុពលដ៏ធំមួយទៀតរបស់អ្នកបោះឆ្នោតវ័យក្មេងៗអស់ទាំងនេះ គឺចំនួន! ជាង ៧លាននាក់ ក្នុងចំណោមអ្នកបោះឆ្នោតសរុបជាង ៥០លាននាក់ បើគិតជាភាគរយ គឺច្រើន... គឺស្មើនឹងសំឡេងឆ្នោតប្រមាណជា ១៤% នៃសំឡេងឆ្នោតសរុបទូទាំងប្រទេស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ