ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បារាំងកាន់​ដៃ​​ចិន​ រត់​ប្រណាំង​អាមេរិក ឡើង​ឋាន​ព្រះចន្ទ

សំឡេង ០៤:១៤
យាន​ Chang'e-3 ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ
យាន​ Chang'e-3 ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ China National Space Administration

អនុប្រធានាធិបតី​អាមេរិកលោក Mike Pence បាន​ប្រកាស​នៅ​ថ្ងៃអង្គារ​ទី ២៦​មីនា ថាសហរដ្ឋ​អាមេរិក​នឹង​ប្រើ​គ្រប់​មធ្យោបាយ​ដែល​មាន​ដើម្បី​បញ្ជូន​អវកាសយានិក​ទៅ​ឋាន​ព្រះ​ចន្ទ ឱ្យ​បាន​នៅ​រវាង​៥​ឆ្នាំ​ខាង​មុខ។ ចំណែក​បារាំង​និង​ចិន​វិញ ក៏​បាន​ចុះ​ហត្ថលេខា​រួម​គ្នា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​អវកាស​ ដោយ​គ្រោង​នឹង​បញ្ជូន​ឧបករណ៍​វិទ្យាសាស្ត្រ​បារាំង​ទៅ​បំពេញ​បេសកកម្ម​នៅ​ឋាន​ព្រះ​ចន្ទ​​ ជាមួយ​ចិន​ នៅ​អំឡុង​ឆ្នាំ ២០២៣-២០២៤។

ផ្សាយពាណិជ្ជកម្ម

“បារាំង​នឹង​ឡើង​ឋាន​ព្រះ​ចន្ទ​ជាមួយចិន” ! នេះ​ជា​ការ​ក្លែម​សំដី​របស់​ប្រធាន​ភ្នាក់ងារ​អវកាស​បារាំង បន្ទាប់ពី​បាន​ចុះ​ហត្ថលេខា​​លើ​កិច្ចព្រមព្រៀង​អវកាស​ជាមួយ​អនុប្រធាន​ភ្នាក់ងារអវកាស​ចិន នៅ​វិមាន​អេលីហ្សេ និង​ក្រោម​អធិបតីភាព​របស់លោក​​ប្រធានាធិបតីបារាំង​ អេម៉ាណុអែល ម៉ាក្រុង និង​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង។

បើតាម​កិច្ចព្រមព្រៀង នៅ​រវាង​ពី​ឆ្នាំ​២០២៣-២០២៤ យានអវកាស​ចិន Chang’e-៦ នឹង​ដឹក​ឧបករណ៍​វិទ្យាសាស្ត្រ​របស់​បារាំង ទម្ងន់ ១៥​គីឡូក្រាម ទៅ​បំពេញ​បេសកម្ម​ពិសោធន៍​អវកាស​នៅ​លើ​ឋាន​ព្រះចន្ទ។ ក្នុង​​កម្មវត្ថុ​ទៅ​ប្រមូល​យក​រ៉ែ​មក​ធ្វើ​ជា​អេសង់ទីយ៉ុង ឧបករណ៍​នោះ​មាន ​បំពាក់​ទៅ​ដោយ​ម៉ាស៊ីនថត ម៉ាស៊ីន​វិភាគ​​រ៉ែគីមី។

តាម​រយៈ​កិច្ចសហប្រតិបត្តិការ​នេះ ​បារាំងដែល​​មាន​សមត្ថភាព​ខ្ពស់យ៉ាង​ពិតៗ​ក្នុង​ការ​រុករកធនធាន​លើ​ភពផែនដី និង​ធ្លាប់​មាន​បទ​ពិសោធន៍​ទៅភព​អង្គារ​ជាមួយ​សហរដ្ឋ​អាមេរិក នឹងបាន​ឱកាស​ធ្វើ​ដំណើរ​ទៅ​ភព​ព្រះ​ចន្ទ​ [ជាមួយ​ចិន] ជា​លើក​ទី​មួយ​ក្នុង​ប្រវត្តិអវកាស​របស់​ខ្លួន។ ឯ​ចំណែក​ចិន​វិញ ក៏​បាន​សម្រេច​មហិច្ឆតា​អវកាស​​ដ៏​ធំធេង​របស់​ខ្លួនដែរ។ កាលពី​ដើម​ខែ​មករា ចិន​បាន​បង្ហោះ​ដោយ​ជោគ​ជ័យ​យាន ឆាងអ៊ឺ ទី​៤ ​Chang’e-៤ ទៅ​ផ្នែក​ម្ខាង​ទៀត​នៃ​ឋាន​ព្រះ​ចន្ទ ដែល​ពុំ​ធ្លាប់​មាន​នរណា​បាន​ទៅ​ដល់។ បេសកកម្ម​ ​ Chang’e-៥ នឹង​ទៅ​​ប្រមូល​អេសង់ទីយ៉ុង​ពី​ឋាន​ព្រះ​ចន្ទ​មក​ភព​ផែនដី ហើយ​បេសកកម្ម​Chang’e-៦ ក៏​មាន​កម្មវត្ថុ​នាំ​អេសង់ទីយ៉ុង​មក​ដែរ។

បារាំងពេល​នេះ​ ​បានក្លាយ​ជា​ប្រទេសដែល​​​កិច្ចសហប្រតិបត្តិការ​អវកាស​ជាមួយ​ចិន​ច្រើន​ជាង​គេ​ តែ​មួយ​គត់​នៅ​លើ​ពិភពលោក។ ​ម្ខាង​មាន​សមត្ថភាព​ ម្ខាង​មាន​លទ្ធភាព កិច្ចសហប្រតិបត្តិការ​អវកាស​បារាំង​-ចិន ជា​ប្រតិបត្តិការ​ឈ្នះ-ឈ្នះ​ បាន​ផល​ទាំង​សង​ខាង។ មិន​តែ​ប៉ុណ្ណោះ​ ភាគី​ទាំង​ពីរ​កំពុង​ពិចារណាចេញ​​បេសកកម្ម សង្កេត​ភពផែនដី ​រួម​គ្នា​ និង​គ្រោង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អវកាស​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ទៀត។ កិច្ចសហប្រតិបត្តិការ​អវកាស​ចិន​និង​បារាំង មិន​បញ្ចប់​ត្រឹម​ណេះ​ទេ ! បារាំង​និង​ចិនទំនង​​កំពុងចាប់​ដៃ​គ្នា​ ដើម្បី​​សម្រេច​បំណងរួម​ ​បញ្ចូន​មនុស្ស​ទៅ​ឋាន​ព្រះ​ចន្ទផង។ ការ​បញ្ជូន​អវកាសយានិក​បារាំង ទៅ​បំពេញ​​បេសកកម្ម​អវកាសរបស់​ចិន ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ជជែក​ចរចា​គ្នា។

សូម​បញ្ជាក់​ថា​ រហូត​មក​ទល់​នឹង​ពេល​នេះ ក្រៅ​ពី​អាមេរិក​ មាន​ប្រទេស​តែ​ពីរ​គត់​ដែល​អាច​បង្ហោះ​យាន​អវកាស​ទៅ​ចុះ​ចត​ដល់​ឋាន​ព្រះ​ចន្ទ​ នោះ​គឺ​រុស្ស៊ី​និង​ចិន តែ​ជា​ការ​​ដឹក​មនុស្ស​យន្ត​ និង​គ្មាន​មនុស្ស​ពិត​ជិះ​ទេ។​ មាន​តែ​​​អាមេរិកមួយ​គត់​ដែល​បាន​សម្រេច​បេសកកម្ម​បញ្ជូន​មនុស្ស​ទៅ​ឋាន​ព្រះ​ចន្ទ ជាមួយ​នឹង​កំណត់ត្រា​​ប្រវត្តិសាស្ត្រ​ឈ្មោះអវកាសយានិក​​ ​លោក​ឡងអាំស្ត្រង “​ជា​មនុស្ស​ដំបូង​គេ​ ដែល​បាន​ជាន់​ដី​ឋាន​ព្រះ​ចន្ទ” នៅ​ឆ្នាំ​១៩៦៩។ ក្នុង​ពេល​នោះ​អាមេរិក​បាន​សម្រេច​បេសកកម្ម អាប៉ូឡូ ​ចំនួន​៦​លើក នៅ​រវាង​ពី​ឆ្នាំ​ ១៩៦៩-១៩៧២។

ប៉ុន្តែ​ថ្ងៃ​នេះ ការ​​ប្រកួត​ប្រជែង​អវកាស​បាន​ផុស​ឡើង​វិញ និង​មាន​ទម្រង់​ដូច​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៦០។ មិនដឹង​ថា​ជា​ចៃដន្យ​ឬ​យ៉ាងណាទេ​ មួយ​ថ្ងៃ​ក្រោយ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចសហប្រតិបត្តការ​អវកាសរវាង​​ចិននិងបារាំង​ សហរដ្ឋ​អាមេរិកក៏​បាន​ប្រកាស​​ថា​នឹង​ប្រើ​គ្រប់​មធ្យោបាយ​ ដើម្បី​​បញ្ជូនមនុស្ស​ជា​ថ្មី​ទៅ​ឋាន​ព្រះ​ចន្ទ ក្នុង​រវាង​៥​ឆ្នាំ​ខាង​មុខ​នេះតែ​ម្តង។ អាមេរិក​នឹង​រក្សា​​វត្តមាន​ជា​អចិន្ត្រៃយ៍​នៅ​លើ​ឋាន​ព្រះចន្ទ និង​រៀប​ចំ​​បញ្ជូន​អវកាសយានិក​ទៅ​ភព​ព្រះ​អង្គារ​ទៀត។ នេះ​ជា​​ប្រសាសន៍​របស់​លោក​អនុប្រធានាធិបតី Mike Pence ដោយ​អះអាងថា​ដល់​វេលា​ដែល​អាមេរិក​ត្រូវ​បោះជំហានទៅ​មុខ​ជា​​ថ្មី​ !​

ប្រសាសន៍​នេះ​បាន​សបញ្ជាក់​ឱ្យ​ឃើញ​ថា អាមេរិក​កំពុង​ពន្លឿន​​កម្មវត្ថុ​បញ្ជូន​មនុស្ស​ទៅ​ឋាន​ព្រះ​ចន្ទ ឱ្យ​បាន​ឆាប់​ជាង​ការ​គ្រោង​ទុក​របស់​ភ្នាក់ងារ​អវកាស​អាមេរិក​ណាសា​ កាលពីដំបូង​​ទៅ​ទៀត។ ណាសា​ ធ្លាប់​បានកំណត់​កម្មវត្ថុ​ចង់​បញ្ជូន​មនុស្ស​ទៅស្ថានីយ៍​អវកាស Gateway ​ក្នុង​គន្លង​តារាវិថីរបស់​ភព​ព្រះ​ចន្ទ នៅឆ្នាំ ២០២៤សិន បន្ទាប់​មក​ទើប​រៀប​ចំ​បញ្ជូនមនុស្ស​ទៅ​ឋាន​ព្រះ​ចន្ទ ទៅ​តាម​ក្រោយ​ ​នៅ​ឆ្នាំ​២០២៨។ ចំណែក​បេសកកម្ម​បញ្ជូន​មនុស្ស​ទៅ​ភព​អង្គារ​ ទំនង​ជា​នឹង​ត្រូវ​សម្រេច​ជា​រូបរាង​នៅ​ពាក់កណ្តាល​ឆ្នាំ​២០៣០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI