តើលោក David Malpass ប្រធានថ្មីរបស់ធនាគារពិភពលោកជាអ្នកណា?
លោកដូណាល់ ត្រាំ នៅថ្ងៃសុក្រម្សិលមិញ បានតែងតាំងមនុស្សដ៏ស្មោះស្ម័គ្ររបស់លោក ម្នាក់ ឲ្យកាន់តំណែង ជាប្រធានថ្មីរបស់ធនាគារពិភពលោក។ បន្ទាប់ពីការតែងតាំងជាផ្លូវការនៅទីក្រុងវ៉ាស៊ីនតោន លោកដាវីដ ម៉ាលផាស David Malpass នឹងចូលកាន់តំណែងជាប្រធានធនាគារពិភពលោក ចាប់ពីថ្ងៃអង្គារសប្តាហ៍ក្រោយ។ តើលោក David Malpass ជាអ្នកណា?
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្នុងវ័យ ៦៣ឆ្នាំ លោកDavid Malpass មានតួនាទីបច្ចុប្បន្ន ជាអនុរដ្ឋមន្រ្តីសេដ្ឋកិច្ចអាមេរិក។ ក្នុងនាមជាបេក្ខជនឈរឈ្មោះតែម្នាក់គត់សម្រាប់តំណែង ប្រធានថ្មីរបស់ធនាគារពិភពលោក លោកMalpass ត្រូវបានលោកដូណាល់ ត្រាំ ជ្រើសតាំងឲ្យធ្វើជាប្រធានថ្មី របស់ធនាគារពិភពលោក ដែលមានតួនាទីលុបបំបាត់ចោល ភាពក្រីក្រ តាមរយៈការផ្តល់ឥណទាន សម្រាប់គម្រោងអភិវឌ្ឍ។
មានសញ្ញាប័ត្ររូបវិទ្យា និងសិក្សាបន្ថែម យកជំនាញសេដ្ឋកិច្ច លោក Malpass ដែលមានកាតសមាជិកគណបក្សសាធារណរដ្ឋ ធ្លាប់ធ្វើជាទីប្រឹក្សា អ្នកជំនួយការ នៅក្រសួងសេដ្ឋកិច្ចអាមេរិក នៅក្នុងអាណត្តិរបស់ប្រធានាធិបតីសាធារណរដ្ឋមុនៗ ដូចជាអាណត្តិរបស់លោកប៊ូស ជាដើម។
បន្ទាប់ពីធ្វើការឲ្យធនាគារឯកជនជាច្រើនឆ្នាំ លោក David Malpassបានចាប់អារម្មណ៍ធ្វើនយោបាយ ដោយបានចូលខ្លួនជាទីប្រឹក្សាសេដ្ឋកិច្ចរបស់ដូណាល់ ត្រាំ នៅក្នុងអំឡុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតី ឆ្នាំ ២០១៦។
ការតែងតាំងលោក David Malpass ឲ្យធ្វើជាប្រធានថ្មី ធនាគារពិភពលោកបានធ្វើឲ្យការជជែក តវ៉ា និងក្តីបារម្ភ ព្រោះថា លោក David Malpass ធ្លាប់ជាអ្នករិះគន់មិនសំចៃមាត់ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ដូចជាធនាគារពិភពលោក ហើយនិងមូលនិធិរូបិយវត្ថុអន្តរជាតិ IMF។ នៅឆ្នាំ ២០១៧ លោក David Malpass ធ្លាប់និយាយរិះគន់ជាសាធារណៈ ធនាគារពិភពលោកថា ជាស្ថាប័នដែលចាយលុយខ្ជះខ្ជាយ គ្មានប្រសិទ្ធិភាព ហើយនិង ពុករលួយ នៅក្នុងនយោបាយផ្តល់ប្រាក់កម្ចី។ លោក David Malpass បានបន្ទោសចំៗ ធនាគារពិភពលោក ដែលនៅបន្តផ្តល់ប្រាក់កម្ចី ដល់គម្រោងអភិវឌ្ឍន៍ នៅក្នុងប្រទេសដែល រីកចំរើន និងដែលមានសំបូរធនហិរញ្ញវត្ថុ ដូចជាចិន។ សម្រាប់ លោក Malpass ប្រទេសកំពុងអភិវឌ្ឍន៍ខ្លាំង ដូចជាចិន គួរបែរទៅរកធនាគារឯកជន ចំណែក ធនាគារពិភពលោកគួររក្សាមូលធនទុន សម្រាប់ផ្តោតជួយស្រោចស្រង់ ប្រទេសដែលក្រីក្របំផុត វិញប្រសើរជាង។
ថ្មីៗនេះ នៅពេលចោទសួរពីគោលដៅអាទិភាព របស់លោក បើសិនក្លាយជាប្រធានថ្មីរបស់ធនាគារពិភពលោក លោក David Malpass ឆ្លើយថា លោកនឹងប្រមូលផ្តុំបេសកកម្មទាំងអស់របស់ធនាគារ ដើម្បី ជួយស្រោចស្រង់ប្រទេសដែលក្រីក្រ បំផុត ប៉ុន្តែ ជាមួយគ្នានោះ នឹងអាចកាត់បន្ថយ ប្រាក់កម្ចីដល់ប្រទេសដែលកំពុងអភិវឌ្ឍរួចហើយ ដូចជាប្រទេសចិនជាដើម។ គេវាយតម្លៃថា លោក David Malpass ដែលចូលរួមសកម្ម ក្នុងការចរចា ដោះស្រាយជម្លោះពាណិជ្ជកម្មជាមួយចិន នឹងអាចឆ្លៀតប្រើធនាគារពិភពលោក ដើម្បី ដាក់សម្ពាធបន្ថែមទៀតលើទីក្រុងប៉េកាំង។ ប៉ុន្តែ នៅថ្ងៃសុក្រ ប្រធានថ្មីរបស់ធនាគារពិភពលោកបាននិយាយហើយថា លោកសង្ឃឹមចាប់ដៃសហការយ៉ាងជិតស្និទ្ធជាមួយចិន ព្រោះថា ទាំងចិន និងធនាគារពិភពលោកមានបេសកកម្មរួមគ្នា ដើម្បី កាត់បន្ថយភាពក្រីក្រក្នុងពិភពលោក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ