អាមេរិក ៖ ប៉េកាំងចង់ពង្រឹងវត្តមានយោធានៅមហាសមុទ្ទអាកទិក
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ការពង្រឹងសកម្មភាពនិងវត្តមានរបស់ចិននៅតំបន់អាកទិកនាពេលនេះ អាចជាការបើកផ្លូវឱ្យប៉េកាំងដាក់វត្តមានយោធា ពង្រឹងកម្លាំងទ័ព និងពង្រាយនាវាចម្បាំងមុជទឹក ដើម្បីទប់ស្កាត់ការវាយប្រហារនុយក្លេអ៊ែរ នៅថ្ងៃមុខ។ នេះបើតាមរបាយការណ៍របស់មន្ទីរបញ្ចកោណអាមេរិក ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី ២មេសាម្សិលមិញ។
ការព្រមានស្តីអំពីការចង់ពង្រឹងវត្តមានយោធាចិននៅតំបន់មហាសមុទ្ទអាកទិក ជាសេចក្តីវិភាគដែលមានបញ្ជាក់នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការពារជាតិអាមេរិក សម្រាប់ដាក់ជូនសភា ឱ្យបានដឹងអំពីកម្លាំងរបស់យោធាចិន។
ចិនដែលកាលពីខែមិថុនាឆ្នាំ២០១៨ បានលើកឡើងអំពីនយោបាយនៅតំបន់អាកទិក ជាលើកដំបូងនៅក្នុងសៀវភៅសរបស់ខ្លួន។ ចិនបានពិពណ៌នាគម្រោងអភិវឌ្ឍន៍ផ្លូវសមុទ្ទនៅតំបន់ប៉ូល ដែលអាចប្រើប្រាស់បាន ដោយហេតុតែការឡើងកំដៅអាកាសធាតុនៃភពផែនដី សម្រាប់បង្កើតឱ្យក្លាយជាទៅជា “ផ្លូវសូត្រ” ប៉ែកប៉ូល។
ថ្វីបើមិនស្ថិតនៅជាប់តំបន់មហាសមុទ្ទអាកទិកមែន ប៉ុន្តែចិនមានសកម្មភាពកាន់តែសកម្មខ្លាំងឡើងៗ នៅតំបន់ប៉ូលខាងជើង រហូតបានក្លាយជាសមាជិកអង្កេតការណ៍នៃក្រុមប្រឹក្សាអាកទិក តាំងពីឆ្នាំ២០១៣។ វត្តមានដែលបានធ្វើឱ្យសមាជិកក្រុមប្រឹក្សា មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះកម្មវត្ថុយុទ្ធសាស្ត្រ និងយោធារបស់ចិន ទៅថ្ងៃអនាគត។
របាយការណ៍របស់ក្រសួងការពារជាតិអាមេរិកថ្ងៃនេះបានបញ្ជាក់ថា ដាណឺម៉ាក បានសម្តែងការព្រួយបារម្ភរបស់ខ្លួនហើយ នៅចំពោះការទាញយកផលប្រយោជន៍ពីតំបន់Groenland របស់ចិន។ ចិនបានស្នើរៀបចំស្ថានីយ៍ស្រាវជ្រាវ ស្ថានីយ៍ផ្កាយរណបលើដី ជួលជុលអាកាសយានដ្ឋាន និងអភិវឌ្ឍការរុករករ៉ែ។
ប៉ុន្តែការរុករាន ស្រាវជ្រាវស៊ីវិល អាចជាការលើកទឹកចិត្តឱ្យមានការពង្រឹងវត្តមានយោធា នៅតំបន់មហាសមុទ្ទអាកទិក។ ពង្រឹងវត្តមាន ដាក់ពង្រាយកងនាវាមុជទឹក ក្នុងតំបន់ ជាមធ្យោបាយកំញើញ ទល់នឹងការវាយប្រហារនុយក្លេអ៊ែរ។ នេះបើតាមការគូសបញ្ជាក់ក្នុងរបាយការណ៍ ដោយសង្កត់ធ្ងន់បន្ថែមទៀតថា យោធាចិន បានយកការធ្វើទំនើបកម្មនាវាចម្បាំង នាវាមុជទឹកជាអាទិភាពដ៏ចំបងរបស់ខ្លួន។ យោធាជើងទឹកចិនបានផលិតនាវាមុជទឹកបំពាក់ជើងបង្ហោះនុយក្លេអ៊ែរ ចំនួនបួនគ្រឿង នាវាមុជទឹកបំពាក់នុយក្លេអ៊ែរសម្រាប់ប្រយុទ្ធចំនួន៦គ្រឿង និង៥០គ្រឿងជានាវាចម្បាំងធម្មតា។ កំណើនកម្លាំងកងទ័ពជើងទឹក បានបន្ថយល្បឿនមែន តែចិននឹងត្រូវមាននាវាយោធាចំនួនប្រមាណពី៦៥ទៅ៧០គ្រឿង នៅឆ្នាំ២០២០។ នេះបើតាមការគូសបញ្ជាក់របស់របាយការណ៍ដដែល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ