សកម្មជនថៃជាប់ចោទពីបទប្រមាថរបបរាជានិយម បីនាក់បាត់ខ្លួន
សកម្មជនថៃ ដែលជាប់ចោទពីបទជេរប្រមាថរបបរាជានិយម បានបាត់ខ្លួន តាំងពីមួយសប្តាហ៍មក។ នេះបើតាមអង្គការក្រៅរដ្ឋាភិបាលជាច្រើន ដែលបានសម្តែងកង្វល់យ៉ាងខ្លាំង ចំពោះហេតុការណ៍បាត់ដំណឹងយ៉ាងចម្លែកយ៉ាងដូច្នេះ ព្រោះកាលពីចុងឆ្នាំ២០១៨ មានករណីសកម្មជនផ្តាច់ខ្លួនថៃពីររូបបានបាត់ខ្លួន និងស្លាប់អណ្តែតទឹកក្នុងទន្លេមេគង្គ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សកម្មជនទាំងបីនេះមានឈ្មោះថា ជូជីព ជីវ៉ាស៊ុត (Chucheep Chivasut) សៀម ធីរ៉ាវុត (Siam Theerawut) និង គ្រីតសាណា ថាបថៃ (Kritsana Thapthai) ទំនងជាត្រូវបានចាប់ខ្លួន កាលពីដើមឆ្នាំ២០១៩ នៅពេលរត់គេចខ្លួន ពីប្រទេសឡាវ ដើម្បីចូលទៅសំងំជ្រកកោនក្នុងប្រទេសវៀតណាម ដោយខុសច្បាប់។ នេះបើតាម អង្គការការពារសិទ្ធិមនុស្ស (Human Right Watch) ដោយការបញ្ជាក់ទៀតថា រដ្ឋាភិបាលវៀតណាមទំនងជាបានប្រគល់សកម្មជនបីរូបមកឱ្យអាជ្ញាធរថៃ នៅក្នុងសប្តាហ៍នេះ ប៉ុន្តែតាំងពីពេលនោះមក គេបាត់ដាននិងដំណឹងពួកគេឈឹង។
មេដឹកនាំថៃ លំដាប់ទីពីរក្នុងជួររដ្ឋាភិបាល លោក ប្រាវីត វង់ស៊ុវ៉ាន់ (Prawit Wongsuwan)បានបដិសេធដំណឹងដែលថាសកម្មជនទាំងបីត្រូវជាប់ឃុំឃាំងនៅក្នុងពន្ធនាគារថៃ។ ចំណែកមេប៉ូលិសវិញ បានគូសបញ្ជាក់ថា គ្មានទទួលព័ត៌មានអ្វីទាំងអស់។
សូមបញ្ជាក់ថាសកម្មជនទាំងបីនាក់នេះ ត្រូវជាប់ចោទពីបទប្រមាថរបបរាជា ដោយបានរៀបចំផ្សាយក្នុងវិទ្យុអ៊ីនធ័រនែត នូវកម្មវិធីប្រឆាំងនឹងរបបរាជានិយម និងញុះញង់ឱ្យមានបាតុកម្មប្រឆាំងនឹងរបបនេះ។ ការប្រមាថរបបរាជានិយម ដោយរាប់ទាំងនិយម (ជេរ ឬប្រមាថព្រះមហាក្សត្រ និងក្រុមគ្រួសាររាជវង្សផង អាចនឹងត្រូវទទួលទោសជាប់ពន្ធនាគារពីបីទៅ១៥ឆ្នាំ។
ប៉ុន្តែក្តីព្រួយបារម្ភរបស់អង្គការក្រៅរដ្ឋាភិបាល កាន់តែរីកធំធាត់ខ្លាំងជាពិសេសទៅទៀត នៅពេលលែងទទួលដំណឹងពីសកម្មជនទាំងបី ដោយហេតុតែកាលពីចុងឆ្នាំ២០១៨ គេឃើញ សកម្មជនថៃពីរនាក់ដែលរត់ភៀសខ្លួនទៅប្រទេសឡាវ ក្រោយរដ្ឋប្រហារឆ្នាំ ២០១៤មក ក្លាយជាសាកសពអណ្តែតទឹកទន្លេមេគង្គ រុំជិតដោយស៊ីម៉ង់។ ហើយសកម្មជនម្នាក់ទៀតបន្តបាត់ខ្លួននៅឡើយ។
តាំងពីរបបសឹកឡើងកាន់អំណាច នៅឆ្នាំ ២០១៤មក បញ្ញវន្ត និងសកម្មជនប្រជាធិបតេយ្យជាច្រើនរូបបានរត់ភៀសខ្លួនទៅសំងំនៅប្រទេសជិតខាង នៅអឺរ៉ុប ឬសហរដ្ឋអាមេរិក។ ប៉ុន្តែរដ្ឋាភិបាលសឹកថៃ ដៃវែង អាចបង្ក្រាប និងឆ្លងព្រំដែនតាមចាប់ជនទាំងនោះបានទៀត។ នេះបើតាមការអះអាងរបស់អង្គការការពារសិទ្ធិមនុស្ស Human Right Watch។ អង្គការក្រៅរដ្ឋាភិបាល ព្រមទាំងអង្គការAmnesty International បានស្នើសុំសេចក្តីបំភ្លឺពីរដ្ឋាភិបាលថៃផង។
ការចាប់ខ្លួនសកម្មជនប្រជាធិបតេយ្យ ក្រោមលេសប្រមាថរាជានិយម បានកើតឡើងជាញឹកញាប់ ប៉ុន្តែតាំងពីឆ្នាំ២០១៧មក គេពុំឃើញមានករណីចាប់ខ្លួនថ្មី ក្រោមហេតុផលនេះទៀតទេ។ ហើយម្សិលមិញជាករណីដ៏កម្រ សកម្មជនប្រឆាំងនឹងរបបសឹកម្នាក់ ទើបត្រូវបានព្រះមហាក្សត្រលើកលែងទោស បន្ទាប់ពីបានជាប់ពន្ធនាគារអស់រយៈពេលជាពីរឆ្នាំ ពីបទប្រមាថស្តេច៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ